កម្មករចម្ការទំពាំងបាយជូរ
ដ្បិតនគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលចេញទៅពីព្រលឹម ដើម្បីនឹងជួលជើងឈ្នួល ឲ្យមកធ្វើការក្នុងចំការទំពាំងបាយជូររបស់ខ្លួន
២០:១ ព្រះយេស៊ូវមានបន្ទូលពីការប្រៀបប្រដូចនៅក្នុងការពន្យល់ពីការដែលអ្នកនៅក្រោយទៅជាមុន (១៩:៣០)។ នៅអំឡុងពេលច្រូតកាត់ ជើងឈ្នួលឈរនៅទីផ្សារតាំងពីព្រឹកព្រលឹម រង់ចាំឱ្យគេជួលទៅធ្វើការ។ ម៉ោងធ្វើការ ចាប់ផ្ដើម នៅម៉ោង ៦ព្រឹក និងបញ្ចប់នៅម៉ោង ៦ល្ងាច។
កាលបានព្រមគ្នានឹងបើកឲ្យ២កាក់ម្នាក់ក្នុង១ថ្ងៃហើយ នោះក៏បញ្ជូនឲ្យទៅធ្វើក្នុងចំការ
២០:២ ម្ចាស់ចំការទំពាំងបាយជូរបានរកឃើញអ្នកធ្វើការមួយក្រុមដំបូងប្រហែលជាម៉ោង ៦ព្រឹក ហើយយល់ព្រមក្នុងការធ្វើការក្នុងមួយថ្ងៃ ១ ឌីណារីប្រាក់កាក់ ដែលជាថ្លៃឈ្នួលទូទៅសម្រាប់ អ្នកស៊ីឈ្នួលកសិកម្ម។
ដល់ពេលម៉ោង៩ព្រឹក គាត់ចេញទៅឃើញមនុស្សខ្លះទៀតឈរទំនេរនៅទីផ្សារ ក៏ប្រាប់គេថា ចូរអ្នកទាំងឡាយ នាំគ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ ខ្ញុំនឹងបើកឲ្យ តាមត្រឹមត្រូវ គេក៏ទៅ ដល់ថ្ងៃត្រង់ ហើយពេលម៉ោង៣រសៀល គាត់ក៏ចេញទៅធ្វើដូច្នោះទៀត
២០:៣-៥ ដល់ម៉ោង ៩ព្រឹក បីម៉ោងក្រោយមក គាត់បានចេញទៅរកអ្នកធ្វើការបន្ថែមទៀត។ គាត់សន្យានឹងពួកគេថា “បង់ឱ្យយ៉ាងត្រឹមត្រូវ” ហើយទើបពួកគេធ្វើការសម្រាប់គាត់។ នេះបង្ហាញថា ពួកគេជឿ ទុកចិត្តម្ចាស់ចំការ។ ពួកគេដឹងថា គាត់នឹងយុត្តិធម៌ ទើបពួកគេមិនជជែកដើម្បីកំណត់ថ្លៃ ឈ្នួលនោះទេ។ ដូចគ្នាជា មួយនឹងអ្នកធ្វើការ ដែលម្ចាស់ចំការជួលនៅម៉ោង ១២ និង ម៉ោង ៣។
លុះដល់ពេលម៉ោង៥ គាត់ចេញទៅឃើញមានមនុស្សខ្លះទៀតនៅទំនេរ ក៏សួរគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរនៅទីនេះ តាំងពីព្រលឹមមកដូច្នេះ គេឆ្លើយថា ពីព្រោះគ្មានអ្នកណាជួលយើងខ្ញុំ រួចគាត់ប្រាប់ថា ចូរអ្នករាល់គ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ នោះអ្នកនឹងទទួលឈ្នួលតាមត្រឹមត្រូវ
២០:៦-៧ ពេលនេះម៉ោង ៥ល្ងាចហើយ។ ជើងឈ្នួលទាំងនេះ មិនអាចរកការងារធ្វើបានទេនៅក្នុងថ្ងៃនោះ។ មូលហេតុដែលពួកគេនៅឈរ នៅទីនោះ គឺព្រោះ គ្មាននរណាចង់ជួលពួកគេនោះឡើយ។ ពួកគេមិនបានខ្ជិលច្រអូសទេ។ ពួកគេ ត្រៀមខ្លួនជាស្រេច និងមានបំណង ចង់ធ្វើការ។ ពួកគេនៅឈរនៅកន្លែងត្រឹមត្រូវ ឱ្យគេមករកទៅ ធ្វើការ។ ពួកគេមិនបានមកយឺតទេ គឺពួកគេបានឈរ ចាំនៅទីផ្សារនោះពេញមួយថ្ងៃ ជាជាងត្រឡប់ទៅផ្ទះវិញ។ ការនេះបង្ហាញថាពួកគេគឺពិតជាត្រូវការការងារខ្លាំងណាស់។ ពេលនេះ ពួកគេនឹងទទួលយកការងារណាមួយដែលគេអាចរកបាន។
ដល់ល្ងាច ថៅកែចំការនោះប្រាប់ទៅនាយដំរួតការថា ចូរហៅពួកជើងឈ្នួលមកបើកឈ្នួលឲ្យគេ ចាប់តាំងពីមនុស្សក្រោយបង្អស់ រៀងទៅដល់អ្នកមុនដំបូង
២០:៨ យោងតាមក្រឹត្យវិន័យ ពួកជើងឈ្នួលគឺត្រូវទទួលប្រាក់ឈ្នួលរបស់ខ្លួននៅចុងបញ្ចប់នៃក្នុង ថ្ងៃនិមួយៗ (លេវីវិន័យ ១៩:១៣; ចោទិយកថា ២៤:១៥; ម៉ាឡាគី ៣:៥)។ ម្ចាស់ចំការបានហៅពួកជើងឈ្នួលឲ្យមកឯគាត់រាប់ចាប់ពីអ្នកដែលគាត់បានជួលក្រោយ គេបង្អស់ (ម៉ោង៥ល្ងាច) ហើយរហូតអ្នកដែលបានជួលមុនគេបង្អស់ (ម៉ោង ៦ព្រឹក)។
កាលពួកអ្នកដែលគាត់ជួលពីម៉ោង៥បានមកដល់ នោះគេបើកបាន២កាក់ម្នាក់ៗ
២០:៩ ម្ចាស់ចំការមានចិត្តសប្បុរសខ្លាំងណាស់ ទៅកាន់ជើងឈ្នួលទាំងនេះ។ ពួកគេបានធ្វើការត្រឹមតែមួយម៉ោងប៉ុណ្ណោះប៉ុន្តែគេបានទទួលប្រាក់ឈ្នួលពេញមួយថ្ងៃ! នេះពិតជាធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលណាស់!
រួចកាលពួកមុនបង្អស់បានមកដល់ គេស្មានថា នឹងបានលើសជាងនោះទៅទៀត តែអ្នកទាំងនោះក៏បានទទួល២កាក់ម្នាក់ដូចគ្នាដែរ គ្រាបានបើកប្រាក់ស្រេចហើយ នោះគេត្អូញត្អែរនឹងថៅកែថា ពួកអ្នកដែលមកក្រោយនេះ គេធ្វើការតែ១ម៉ោងសោះ ហើយលោកបានឲ្យគេស្មើនឹងយើងខ្ញុំ ដែលទ្រាំធ្វើការធ្ងន់ទាំងហាលថ្ងៃ តាំងពីព្រលឹមមកដែរ
២០:១០-១២ ពួកជើងឈ្នួលដែលត្រូវបានជួលឲ្យធ្វើការមុនគេបង្អស់បានគិតថាគេនឹងទទួលបានប្រាក់ ច្រើនលើសពីអ្វីដែលបានយល់ព្រមគ្នាទៅទៀតដោយព្រោះតែពួកអ្នកដែលបានធ្វើការតិចម៉ោងបានទទួល ចំនួននោះ។ ពេលដែលពួកគេមិនបានទទួលប្រាក់ច្រើនជាងពួកជើងឈ្នួលផ្សេងទៀត ពួកគេចាប់ផ្តើមត្អូញត្អែរ។
តែគាត់ឆ្លើយទៅម្នាក់នោះថា សំឡាញ់អើយ ខ្ញុំមិនធ្វើខុសនឹងអ្នកទេ តើអ្នកមិនបានសុខចិត្តព្រមទទួលតែ២កាក់ទេឬអី ដូច្នេះ ចូរយកប្រាក់របស់អ្នកទៅៗ ខ្ញុំបានសំរេចនឹងឲ្យដល់ពួកអ្នកដែលមកក្រោយនេះ ដូចជាបានឲ្យដល់អ្នកដែរ 15តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងរបស់ខ្ញុំ តាមអំពើចិត្តទេឬអី តើភ្នែកអ្នកឃើញអាក្រក់ ពីព្រោះខ្ញុំល្អឬអី
២០:១៣-១៥ គ្មានអ្នកណាម្នាក់ដែលទទួលបានការដែលអយុត្ដិធម៌នោះឡើយ។ ពួកជើងឈ្នួលមួយក្រុមដំបូង បានទទួលប្រាក់ឈ្នួលរបស់គេតាមអ្វីដែលគេបានព្រមព្រៀង ហើយជាថ្លៃឈ្នួលដែលត្រឹមត្រូវសម្រាប់ ជើងឈ្នួលម្នាក់ៗ។ ដូច្នេះហើយគ្មានអ្នកណាម្នាក់ទទួលបានតិចជាងការដែលគេសក្តិសមនឹងទទួល នោះឡើយ។ ប៉ុន្តែមានអ្នកខ្លះបានទទួលលើសពីអ្វីដែលគេសក្តិសមនឹងទទួល។ នេះហើយជាព្រះគុណ។ ព្រះគុណគឺជាការដែលបានទទួលលើសពីអ្វីដែលអ្នកសមនឹងទទួល។
ម្ចាស់ចំការទំពាំងបានជូរបានបង្ហាញពីសេចក្តីសប្បុរសដល់អ្នកដែលគាត់បានបង់ថ្លៃឲ្យលើសថ្លៃឈ្នួល។ ការនេះមិនមែនជាការខាតបង់របស់អ្នកដែលគាត់បានបង់ថ្លៃឲ្យពេញថ្ងៃហើយត្រឹមត្រូវសម្រាប់ថ្លៃឈ្នួលធ្វើការនោះឡើយ។ ប៉ុន្តែគឺជាសិទ្ធរបស់គាត់នៅក្នុងការបង្ហាញសេចក្តីសប្បុរសរបស់គាត់ដល់អ្នកធ្វើការ ផ្សេងទៀតប្រសិនបើគាត់ចង់ធ្វើ។ នេះជាចំនុចសំខាន់នៅក្នុងការប្រៀប្រដូចនេះ៖ គ្រប់ទាំងអស់គឺស្រេចលើ ការបំណងចិត្តរបស់ម្ចាស់ចំការទំពាំងបាយជូរ។
នៅក្នុងខទី ១៥ គឺជាចំនុចស្នូលរបស់ពាក្យប្រៀបប្រដូច។ “តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងរបស់ខ្ញុំ តាមអំពើចិត្តទេឬអី តើភ្នែក អ្នកឃើញអាក្រក់ ពីព្រោះខ្ញុំល្អឬអី”។ ព្រះមានសិទ្ធនៅក្នុងការធ្វើកិច្ចការ តាមបំណងព្រះហឫទ័យព្រះអង្គ (ទំនុក តម្កើង
១១៥:៣ ដានីញ៉ែល ៤:៣៥ និង រ៉ូម ៩ និង១០)។ ព្រះពររបស់ព្រះជាម្ចាស់ត្រូវបានប្រទានមក មិនមែនដោយព្រោះតែគេ ត្រូវទទួលបានពីមនុស្ស ដោយកិច្ចការដែលគេបានធ្វើនោះឡើយ ប៉ុន្តែដោយព្រោះតែព្រះអង្គជាព្រះ ដ៏ពេញដោយព្រះគុណ។ ប្រសិនបើព្រះអង្គសម្រេចព្រះទ័យនៅក្នុងការប្រទានព្រះគុណដល់មនុស្ស តើមានអ្នកណាម្នាក់អាចបន្ទោស ព្រះអង្គចំពោះការនេះបានដែរទេ? ពេលដែលព្រះប្រទានព្រះគុណដល់ អ្នកណាម្នាក់ អ្នកដទៃដែលបានឆ្លងកាត់បទពិសោធន៍នៃព្រះគុណព្រះអង្គមិនគួរអាក់អន់ចិត្តនោះឡើយ។
គឺយ៉ាងនោះដែលអស់អ្នកក្រោយនឹងបានទៅជាមុន ហើយពួកអ្នកមុននឹងទៅជាក្រោយវិញ ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។
២០:១៦ ព្រះយេស៊ូវបញ្ចប់ការបង្រៀន ជាមួយនឹងប្រយោគថា “គឺយ៉ាងនោះដែលអស់អ្នកក្រោយនឹងបានទៅ ជាមុន ហើយពួកអ្នកមុននឹងទៅជាក្រោយវិញ។” នេះទាក់ទងនឹងភាពស្មើគ្នា របស់មនុស្សនៅក្នុងនគរព្រះ។ បើអ្នកមុនក៏ជាក្រោយ ហើយអ្នកក្រោយ ទៅជាមុន ដែលមានន័យថាគ្រប់គ្នាបញ្ចប់ ដូចគ្នា! ចូរចាំថា ការរអ៊ូនៅខរ ១២ គឺ “អ្នកបានធ្វើឱ្យពួកគេ ស្មើគ្នាជាមួយយើង!”។ គ្រប់អ្នកជឿទាំងអស់នឹងទទួល ភាពស្មើគ្នានៅក្នុងនគរព្រះ។ យើងត្រូវដឹងថា យើងបានចូលទៅក្នុងនគរនៃព្រះគុណ ដោយព្រះគុណ និងព្រោះតែព្រះនៃព្រះគុណ។ យើងត្រូវសង្គ្រោះដោយព្រះគុណ ហើយយើងបម្រើដោយព្រះគុណ។
គ្រប់ទាំងព្រះពរនៃនគរនៃព្រះគឺដោយសារព្រះគុណ។ ប្រិសនបើអ្នកបានទទួលព្រះគុណនោះ អ្នកក៏នៅក្នុងកម្រិតជាមួយនឹងអ្នកផ្សេងទៀតដែលបានទទួលព្រះគុណដូចគ្នាដែរ។ យ៉ាងណាម៉ិញ ប្រសិនបើអ្នកបដិសេធព្រះគុណហើយទាមទារយុត្តិធម៌នោះ អ្នកនឹងបានឃើញថាអ្នកនឹងទទួលតិចជាង អ្នកដែលបានទទួលព្រះគុណ។ ហេតុអ្វី? ដោយព្រោះតែព្រះគុណនៃព្រះនោះវិសេសលើសជាងអ្វី ដែលយើងសមនឹងទទួលដោយសេចក្តីយុត្តិធម៌ទៅទៀត។
សេចក្ដីពិតនោះគឺ យើងគ្រប់គ្នា សុទ្ធតែជា ជើងឈ្នួលដែលចាប់ផ្ដើមយឺត តែយើងនៅតែទទួលរង្វាន់ពេញលេញ។ មានតែព្រះយេស៊ូវ ប៉ុណ្ណោះ ដែលធ្វើការកិច្ច ការរបស់ព្រះពេញលេញ និងទាំងស្រុង។ ហើយយ៉ាងណា យើងត្រូវបានចាត់ ទុកដូចជាយើងបានរស់នៅដូចជា ព្រះយេស៊ូវយ៉ាងអ៊ីចឹង ដោយមិនរាប់គុណវិបត្តិ និងភាពបរាជ័យរបស់ យើងឡើយ។ យើងចូលទៅក្នុងនគរព្រះ ក្នុង នាមជាបុត្ររបស់ព្រះ គឺដូចជាព្រះយេស៊ូវដែរ។ នៅពេល យើងយល់ការនេះ យើងមិនរអ៊ូរទាំនៅពេលយើងឃើញព្រះបង្ហាញភាពសណ្ដោសទៅកាន់អ្នកដទៃទេ។ ផ្ទុយទៅវិញ យើងនឹងអបអរព្រះគុណដ៏អស្ចារ្យរបស់ទ្រង់វិញ។
កាលព្រះយេស៊ូវ ទ្រង់កំពុងតែឡើងទៅឯក្រុងយេរូសាឡិម នោះទ្រង់យកពួកសិស្សទាំង១២នាក់ ទៅដោយឡែកតាមផ្លូវ ហើយមានបន្ទូលថា មើល យើងរាល់គ្នាឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅដល់ពួកសង្គ្រាជ នឹងពួកអាចារ្យ ដែលគេនឹងកាត់ទោសលោកដល់ជីវិត រួចនឹងបញ្ជូនទៅដល់ពួកសាសន៍ដទៃ ឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងលោក ក្រោយ៣ថ្ងៃមក លោកនឹងមានជីវិតរស់ឡើងវិញ។
២០:១៧-១៩ ព្រះយេស៊ូវយាងទៅយេរូសាឡិមដែលព្រះអង្គជ្រាបថានឹងមានអ្វីកើតឡើងចំពោះព្រះអង្គ។
នេះគឺជាលើកទីបីដែលព្រះយេស៊ូវប្រាប់សិស្សរបស់ព្រះអង្គអំពីការសុគតនិងការរស់ពី សុគតឡើងវិញរបស់ព្រះអង្គ (១៦:២១, ១៧:២២-២៣)។ ព្រះអង្គរៀបរាប់យ៉ាងលំអិតមុនពេល ដែលរឿងនោះកើតមានឡើង រួមទាំងការដែលព្រះអង្គត្រូវបញ្ជូនទៅអោយពួកសាសន៍ដទៃ (ដែលជាពួករ៉ូម៉ាំង) ឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងព្រះអង្គ។ ព្រះយេស៊ូវជ្រាបថាព្រះវរបិតានឹងប្រោសព្រះអង្គឲ្យរស់ពីសុគតឡើងវិញ។
វាពិតជាមានការលំបាកខ្លាំងណាស់ចំពោះពួកសិស្សនៅក្នុងការយល់ពីការដែលព្រះយេស៊ូវត្រូវសុគត។ ពួកគេនៅតែមានគំនិតដូចជាសាសន៍យូដាទូទៅថាព្រះមែស្ស៊ីនឹងយាងមកដោយជ័យជំនះ។ ការដែលខ្វះការយល់ដឹងនេះគឺបង្ហាញនៅក្នុងការឆ្លើយតបរបស់យ៉ាកុបនិងយ៉ូហាននៅក្នុងខបន្ទាប់ទៀត។
គ្រានោះ ប្រពន្ធរបស់សេបេដេ គាត់នាំកូនទាំង២មកឯទ្រង់ ក្រាបថ្វាយបង្គំទូលសូមសេចក្ដីមួយ ទ្រង់មានបន្ទូលសួរថា តើអ្នកចង់បានអ្វី គាត់ទូលថា សូមអនុញ្ញាតឲ្យកូនខ្ញុំម្ចាស់ទាំង២នេះបានអង្គុយ ១ខាងស្តាំ១ខាងឆ្វេងទ្រង់ ក្នុងនគររបស់ទ្រង់
២០:២០-២១ កូនប្រុសរបស់សេបេដេគឺជា យ៉ាកុប និងយ៉ូហាន។ ម្តាយរបស់ពួកគេគឺជា សាឡូម៉េ (២៧:៥៦;ម៉ាកុស ១៥:៤០)។ សំណូមពររបស់ពួកគេបង្ហាញថាគេមិនបានយល់ពីបេសកកម្មរបស់ ព្រះយេស៊ូវ និងលក្ខណៈនៃរាជ្យនគររបស់ព្រះអង្គនោះឡើយ។ ព្រះអង្គទើបតែមានបន្ទូលប្រាប់ពួកគេថាព្រះអង្គត្រូវតែរងទុក្ខហើយសុគតនៅ យេរូសាឡិម។ ភ្លាមបន្ទាប់ពីការនោះពួកគេបានមកសូមព្រះអង្គឲ្យបានអង្គុយនៅក្បែព្រះអង្គក្នុងរាជ្យនគររបស់ព្រះអង្គ! ពួកគាត់បានគិតថាព្រះយេស៊ូវកំពុងតែយាងទៅក្រុងយេរូសាឡិមដើម្បីធ្វើជាស្តេច ហើយពួកគេចង់បានដំណែងសំខាន់ៗ នៅក្នុងរាជនគររបស់ព្រះអង្គ។ “នៅខាងស្តាំ” និង “ខាងឆ្វេង” គឺជាតំណែងដែលនៅក្បែព្រះមហាក្សត្រ ដូច្នេះហើយគឺជាដំណែងបន្ទាប់នៃមុខដំណែងដ៏ខ្ពង់ខ្ពស់ កិត្តយសនិងអំណាច។ ពួកគាត់ចង់បានដំណែងដែលគ្រប់គ្នានឹងបម្រើពួកគាត់ ប៉ុន្តែពួកគាត់បាន បរាជ័យនៅក្នុងការស្វែងយល់ពីសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ (១៨:១-៤)។ សិស្សរបស់ព្រះយេស៊ូវ ត្រូវតែដឹងថា ការដែលបាននៅជាមួយនឹងព្រះយេស៊ូវនៅក្នុងសិរីល្អនាពេលអនាគត គឺដំបូងត្រូវនៅជាមួយព្រះអង្គក្នុងការរងទុក្ខ និងសេចក្តីស្លាប់ជាមុនសិន។
តែព្រះយេស៊ូវមានបន្ទូលតបថា អ្នករាល់គ្នាមិនយល់សេចក្ដីដែលអ្នកសូមទេ តើអ្នកអាចនឹងផឹកអំពីពែង ដែលខ្ញុំរៀបនឹងផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ គេទូលឆ្លើយថា ទទួលបាន នោះទ្រង់មានបន្ទូលថា អ្នករាល់គ្នានឹងផឹកពីពែងខ្ញុំ ហើយនឹងទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន តែដែលអង្គុយខាងស្តាំឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសំរាប់តែអ្នកណា ដែលព្រះវរបិតាខ្ញុំបានរៀបចំទុកឲ្យវិញ
២០:២២-២៣ ពាក្យថា “អ្នក” នៅក្នុងខទី ២១មួយគឺឯកវចនៈ ដែលបង្ហាញថា ព្រះយេស៊ូវមានបន្ទូល ទៅកាន់ម្តាយរបស់ពួកគេ ប៉ុន្តែនៅក្នុងខនេះគឺជាពហុវចនៈ ដែលបង្ហាញថាព្រះយេស៊ូវកំពុងមានបន្ទូល ទៅកាន់យ៉ាកុបនិងយ៉ូហាន។ លោកយ៉ាកុបហើយនឹងយ៉ូហានមិនយល់ថាពួកគេកំពុងតែសូមអ្វីនោះឡើយ។ ពាក្យថា “ពែង” គឺជា ការប្រៀបប្រដូចរបស់សាសន៍យូដានៅក្នុងការប្រើប្រាស់ពីការបង្ហាញពីការកាត់ទោស ហើយការចាក់បង្ហូរ សេចក្តីក្រោធនៃព្រះ។ ចំពោះព្រះយេស៊ូវ ពែងមានន័យថាព្រះអង្គទទួលរងសេចក្តីក្រោធនៃព្រះជំនួសអំពើបាប របស់យើងគ្រប់យ៉ាង។
លោកយ៉ាកុប ហើយនឹងយ៉ូហានមិនបានរំពឹងថាពួកគាត់នឹងត្រូវរងទុក្ខនោះឡើយ។ ពួកគាត់បាន និយាយថា “យើងខ្ញុំអាចទទួលបាន” ប៉ុន្តែពួកគេបានរត់ចេញពេលដែលពួកទាហានចាប់ខ្លួនព្រះយេស៊ូវ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ពួកគាត់ពិតជាបានរងទុក្ខមែន។ លោកយ៉ាកុបត្រូវបានគេកាត់ក្បាលតាមការបញ្ជារ របស់ស្តេចហេរ៉ូឌ អ័គ្រីបប៉ា( កិច្ចការ ១២:២)។ លោកយ៉ូហានត្រូវបាននិរទេសទៅកោះនៅប៉ាត់ម៉ុសជា កន្លែងដែលពួករ៉ូម៉ាំងបញ្ចូនឧក្រិដ្ឋជនឲ្យទៅធ្វើការនៅក្នុងរ៉ែ (វិវរណៈ១:៩)។
ព្រះយេស៊ូវតែងតែចុះចូលចំពោះព្រះហឫទ័យនៃព្រះវរបិតា។ ព្រះវរបិតាបានជ្រើសរើសអ្នក ណាដែលត្រូវអង្គុយក្នុងដំណែងនេះរួចទៅហើយ។ កាល១០នាក់ឯទៀតបានឮសេចក្ដីនោះហើយ គេក៏តូចចិត្តនឹងបងប្អូនទាំង២នាក់នោះ
២០:២៤ ពួកសិស្សផ្សេងទៀតបានខឹងដោយព្រោះតែសំណូមពររបស់យ៉ូហាននិងយ៉ាកុប។ មើលទៅហាក់ បីដូចជាពួកគាត់ចង់បានដំណែងនោះដែរ។ អំណួតបានធ្វើអោយគ្រប់គ្នាប្រកួតប្រជែងជាមួយនឹងគ្នា។ ព្រះយេស៊ូវសព្វព្រះទ័យប្រោសពួកគេ (ហើយនឹងសិស្សព្រះអង្គទាំងអស់) ឲ្យរួចពីបំណងប្រាថ្នាអាត្មានិយម។ ដូចនេះព្រះអង្គបង្រៀនពួកគេពី ការលើកឡើងផ្ទុយគ្នា (ប្រតិមតិ) អំពីរាជនគរ អ្នកបំរើនឹងប្រែក្លាយជា អ្នកធំវិញ។
តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកចៅហ្វាយនៃសាសន៍ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ
២០:២៥-២៦ គុណតម្លៃរបស់បងប្អូនទាំងពីរនេះឆ្លុះបង្ហាញពីគុណតម្លៃរបស់លោកីយ មិនមែនជាអ្នក ដែលនៅក្នុងនគរនៃព្រះនោះឡើយ។ ព្រះយេស៊ូវបង្រៀនសិស្សរបស់ព្រះអង្គអំពីភាពជាអ្នកធំពិតប្រាកដ។ នៅក្នុងចក្រភពរ៉ូម ភាពជាអ្នកធំគឺជាអំណាចហើយនឹងឥទ្ធិពលលើអ្នកដទៃទៀត ប៉ុន្តែនៅក្នុងរាជនគរនៃព្រះ មនុស្សដែលជាអ្នកធំគឺជាអ្នកដែលបម្រើអ្នកដទៃទៀតវិញ (ម៉ាថាយ ២៣:១១;ម៉ាកុស ៩:៣៥)។ ភាពដ៏ធំដ៏ពិតប្រាកដនោះមិនមែនជាការដែលទទួលបានមុខដំណែង ដែលអាចផ្តល់អំណាចឲ្យអ្នកមានលើអ្នកដទៃនោះឡើយ ប៉ុន្តែគឺជាការដែលស្ម័គ្រចិត្ត នៅក្នុងការបម្រើ គេវិញនោះទេ។
ហើយអ្នកណាក្នុងពួកអ្នក ដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ
២០:២៧ ព្រះយេស៊ូវបង្រៀនថាដើម្បីធ្វើជាអ្នកធំគឺត្រូវជាអ្នកបម្រើ ប៉ុន្តែដើម្បីធ្វើជាអ្នកលេខមួយត្រូវធ្វើ ជាបាវបំរើវិញ។ យើងទាំងអស់គួរតែសួរខ្លួនយើងថាតើយើងជាអ្នកបម្រើ បាវបំរើ ឬព្យាយាមចង់អោយមនុស្ស មកបម្រើយើងវិញ?
តើអ្វីជាភាពខុសគ្នារវាងអ្នកបម្រើហើយនឹងបាវបំរើម្នាក់? ទាំងពីនេះបំរើ ប៉ុន្តែអ្នកបំរើមានការងារធ្វើ ហើយបាវបំរើ មានចៅហ្វាយ។ អ្នកបម្រើម្នាក់ជ្រើសរើសនៅក្នុងការធ្វើកិច្ចការសម្រាប់អ្នកដទៃ ប៉ុន្តែបាវបំរើគឺមិនមានសិទ្ធនៅក្នុង ការជ្រើសរើសនោះឡើយគឺធ្វើតាមតែបំណងរបស់ចៅហ្វាយខ្លួនតែប៉ុណ្ណោះ។ បាវបំរើជាកម្មសិទ្ធរបស់ម្ចាស់ដែលគេបំរើ។ អ្នកបម្រើធ្វើកិច្ចការដែលពួកគេបានយល់ព្រមនៅ ក្នុងការធ្វើហើយបន្ទាប់មកនឹងទទួលបានថ្លៃឈ្នួល។ ប៉ុន្តែ បាវបំរើតែងតែត្រៀមខ្លួនជាស្រេចនៅក្នុងការធ្វើតាម អ្វីដែលចៅហ្វាយប្រាប់អោយធ្វើ។ ប្រសិនបើយើងចង់ធ្វើជាលេខមួយនៅក្នុងរាជនគរ យើងមិនត្រូវព្យាយាម ចង់បានមុខ ដំណែងនិងឋានៈក្នុងពេលនេះនោះឡើយ ប៉ុន្តែបន្ទាបខ្លួនដូចជាបាវបំរើវិញ។ ព្រះយេស៊ូវគឺជាគំរូ របស់យើង ទាំងអស់គ្នា។ យើងបានអានអំពីព្រះទ័យនៃការចុះចូលនៅក្នុងភីលីព ២:៥-១១។ ដោយព្រោះតែ ព្រះយេស៊ូវ “បានយករូបភាពជាបាវបំរើ” (ខ៧) ព្រះ “បានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យ មាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាម” (ខ៩)។
ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។
២០:២៨ គំរូដ៏អស្ចារ្យបំផុតនោះនៃភាពជាអ្នកបម្រើម្នាក់សម្រាប់ពួកសិស្សនោះគឺជាព្រះយេស៊ូវ។ សិស្សរបស់ព្រះយេស៊ូវត្រូវបានហៅឲ្យធ្វើតាមគំរូរបស់ព្រះអង្គហើយឲ្យបានបំរើ។ យើងអាចនឹងប្រែក្លាយជា “អ្នកមុន”ដោយការដែលធ្វើឲ្យខ្លួនយើងទៅជា”ក្រោយគេ”ហើយការនេះអាចកើតឡើងបានតែពេលដែលយើងធ្វើតាមគំរូរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ។ ព្រះយេស៊ូវបានលើកឡើងពីបេសកកម្ម របស់ព្រះអង្គក្នុងការយាងមកក្នុងផែនដី។
១) ព្រះយេស៊ូវបានយាងមកបំរើ។ ពេលដែលព្រះរាជបុត្រានៃព្រះយាងមកក្នុងពិភពលោក ព្រះអង្គ មានសិទ្ធគ្រប់ទាំងអស់នៅក្នុងការដែលឲ្យគេបំរើព្រះអង្គ ប៉ុន្តែផ្ទុយទៅវិញព្រះអង្គបានបម្រើគេវិញ។ ព្រះយេស៊ូវបម្រើដោយការបង្រៀន ប្រោសជំងឺឲ្យជា ហើយនឹងចំអែត មនុស្សស្រេកឃ្លាន។ យ៉ាងណាមិញ គំរូដ៏វិសេសនៃការបំរើនោះគឺជាការសុគតរបស់ព្រះអង្គសម្រាប់យើង ទាំងអស់គ្នា។ ព្រះអង្គត្រូវបានគេក្បត់ វាយដំ ប្រមាថនិងជាប់ឆ្កាង ទាំងអស់នេះគឺដើម្បីសង្រ្គោះមនុស្សមានបាប។ គ្មានអ្នកណាម្នាក់ដែលនឹងធ្វើយ៉ាងច្រើនដូចនេះសម្រាប់មនុស្សជាច្រើននោះឡើយ។ ការបង្ហាញដ៏អស្ចារ្យរបស់ព្រះអង្គគឺតាមរយៈអ្វីដែលព្រះអង្គបានធ្វើសម្រាប់អ្នកដទៃក្នុងការស្តាប់បង្គាប់ តាមបំណងព្រះហឫទ័យនៃព្រះ។
២) ព្រះយេស៊ូវបានយាងមកដើម្បីឲ្យព្រះជន្មព្រះអង្គ។ ព្រះរាជបុត្រានៃព្រះបានយាងមកក្នុងផែនដីដើម្បី សុគតជំនួសអំពើបាបរបស់យើង។ ពួករ៉ូម៉ាំងមិនបានយកជីវិត របស់ព្រះអង្គនោះឡើយ ព្រះអង្គបានប្រទានឲ្យដោយស្ម័គ្រព្រះទ័យ។ វាគឺជាការបង្ហាញនៃសេចក្តីស្រឡាញ់ ដ៏ធំបំផុត ដែលអ្នកលះបង់ជីវិតខ្លួនឯង ដើម្បីមិត្តភក្តិរបស់អ្នក (យ៉ូហាន ១៥:១៣)
៣) ព្រះជន្មរបស់ព្រះយេស៊ូវត្រូវបានប្រទានដើម្បីជាការបង់ថ្លៃលោះដល់មនុស្សជាច្រើន។ ការបង់ថ្លៃលោះគឺជាតម្លៃដែលបង់ដើម្បីលោះ ហើយដោះលែង អ្នកទោស បាវបំរើ ហើយនឹងពួកឈ្លើយ អោយមានសេរីភាព (ម៉ាថាយ ២០:២៨; ទីតុស ២:១៣-១៤; ១ ពេត្រុស ១:១៨)។ មនុស្សទាំងអស់គ្នាជាអ្នកទោស បាវបំរើហើយជាប់ចំណងនៃអំពើបាប។ មានតម្លៃដែលត្រូវបង់ថ្លៃសម្រាប់អំពើបាប ហើយព្រះយេស៊ូវបានបង់ថ្លៃដោយការរងទុក្ខ ហើយនឹង សុគតនៅលើឈើងឆ្កាង។ ការដែលធ្វើដូច្នេះ ព្រះអង្គប្រោសលោះប្រជារាស្រ្តរបស់ព្រះអង្គ ហើយបានរំដោះគេចេញពីចំណងនៃអំពើបាបហើយនឹងលទ្ធផលនៃការជំនុំជំរះ។ នៅលើឈើឆ្កាង ព្រះយេស៊ូវបានសុគតជំនួសយើង ក្នុងនាមយើង ដោយការដែលជំនួសកន្លែងឲ្យយើង។ នេះជាការដែលកូនមនុស្សបានបំរើ “មនុស្សជាច្រើន” មនុស្សដែលទទួលបានការប្រោសលោះ ហើយនឹងបានសង្រ្គោះពីអំពើបាបរបស់គេដោយការសុគតរបស់ព្រះអង្គ (ម៉ាថាយ ១:២១)។
កាលកំពុងតែចេញពីក្រុងយេរីខូរមក នោះមានមនុស្សមីរដេរដាសដើរតាមទ្រង់ទៅ
២០:២៩ ក្រុងយេរីខូរ មានចំងាយប្រមាណ ២៤គីឡូម៉ែត្រពីក្រុងយេរូសាឡិម។ ព្រះយេស៊ូវកំពុងតែធ្វើដំណើរ ជាចុងក្រោយជាមួយនឹងហ្វូងមនុស្សទាំងនេះដែលកំពុងតែដើរទៅ ក្រុងយេរូសាឡិមដើម្បីប្រារព្ធពិធីបុណ្យរំលង។
ក៏ឃើញមានមនុស្សខ្វាក់២នាក់ អង្គុយនៅក្បែរផ្លូវ គេឮថាព្រះយេស៊ូវទ្រង់យាងតាមទីនោះ ក៏ស្រែកឡើងថា ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង
២០:៣០ សេចក្ដីជំនឿកើតឡើងដោយឮ (រ៉ូម ១០:១៧) មានអ្នកណាម្នាក់បានប្រាប់ ដល់មនុស្សខ្វាក់ទាំងនេះថាព្រះយេស៊ូវជិតមកដល់ ហើយការនោះបានផ្លាស់ប្តូរជីវិត របស់ពួកគេជារៀងរហូត។ ពួកគេបានហៅព្រះយេស៊ូវថា “ព្រះវង្សហ្លួងដាវីឌ” ដែលជា ឈ្មោះមួយរបស់ព្រះមេស៊ី ហើយគេបានដឹងថាគេត្រូវការ អាណិតមេត្តាពីព្រះអង្គ។ លោកម៉ាកុសប្រាប់យើងពីឈ្មោះរបស់មនុស្សខ្វាក់ម្នាក់ក្នុងចំណោមនោះគឺ៖ បារទីមេ (ម៉ាកុស ១០:៤៦)។
ឯបណ្តាមនុស្ស គេហាមអ្នកទាំង២នោះ កុំឲ្យមាត់ តែគេស្រែករឹតតែខ្លាំងឡើងថា ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង
២០:៣១ ហ្វូងមនុស្សបានប្រាប់ពួកគេឲ្យឈប់ស្រែកទៅ។ ពួកគេគិតថាមនុស្សខ្វាក់ដ៏តូចទាបនេះ មិនមានសារៈសំខាន់ ហើយមិនគួររំខានព្រះយេស៊ូវនោះឡើយ។ ដូចជាពួកសិស្សដែរ ពួកគេមិយល់ថា ព្រះមែស្ស៊ីបានយាងមកដើម្បីបំរើនោះឡើយ។ យ៉ាងណាម៉ិញ មនុស្សទាំងនោះនៅតែខំប្រឹងស្រែកហៅរក ព្រះយេស៊ូវកាន់តែខ្លាំងឡើង។
នោះព្រះយេស៊ូវទ្រង់ឈប់ ក៏ហៅអ្នកទាំង២នោះមកមានបន្ទូលសួរថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក គេទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺឡើងផង
២០:៣២-៣៣ ពិតជាអស្ចារ្យខ្លាំងណាស់ ស្តេចនៃស្ថានសួគ៌ក្លាយជាអ្នកបំរើ ដល់អ្នកសុំទានខ្វាក់ភ្នែកម្នាក់។ គាត់បានសួរថាតើគេចង់ឲ្យព្រះអង្គធ្វើអ្វីសម្រាប់ពួកគេ ហើយពួកគេបានសូមឲ្យ បានមើលឃើញ។ ទោះបីជាព្រះអង្គកំពុងតែយាងទៅទី ក្រុងយេរូសាឡិមដើម្បីនឹងរងទុក្ខ ហើយនឹង សុគតក៏ដោយ ព្រះអង្គបានឆ្លើយត បដោយព្រះទ័យក្តួលអាណិតចំពោះការស្រែកហៅរបស់អ្នក ដែលត្រូវការ ព្រះអង្គបំរើដែរ។
ទ្រង់មានសេចក្ដីក្តួលក្នុងព្រះហឫទ័យ ក៏ពាល់ភ្នែកគេ ស្រាប់តែភ្នែកបានភ្លឺឡើង រួចគេដើរតាមទ្រង់ទៅ។
២០:៣៤ កូនមនុស្សដែលបានមកដើម្បីបំរើបានបង្ហាញពីភាពអស្ចារ្យនៃការបំរើដោយការបំពេញ សេចក្តីត្រូវការរបស់អ្នកដទៃ។ ភាពអស្ចារ្យរបស់ព្រះអង្គត្រូវបានមើលឃើញនៅក្នុងការពិត ដែលព្រះអង្គបានផ្លាស់ប្រែ និងកែប្រែជីវិតរបស់មនុស្សដែលនៅជុំវិញព្រះអង្គ។ មនុស្សទាំងពីរនាក់នោះ បានប្រើអំណោយទានថ្មីរបស់ពួកដែលភ្នែកគេបានភ្លឺនោះនៅក្នុងការដើរតាមព្រះយេស៊ូវភ្លាម។