top of page

ព្រះយេស៊ូវនៅក្រុងយេរូសាឡឹម

គ្រា​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម​ហើយ ដល់​ភូមិ​បេត‌ផាសេ ខាង​ភ្នំ​ដើម​អូលីវ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​ឯ​ភូមិ​នៅ​ខាង​មុខ​នោះ អ្នក​នឹង​ឃើញ​មេ​លា​១​គេ​ចង​ទុក នឹង​កូន​វា​នៅ​ជា​មួយ​គ្នា ចូរ​ស្រាយ​ដឹក‌នាំ​វា​មក​ឯ​ខ្ញុំ បើ​អ្នក​ណា​ថា​អ្វី​ឲ្យ នោះ​ត្រូវ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ

 

២១:១-៣ នៅក្នុងពិធីបុណ្យរំលង សាសន៍យូដារាប់ពាន់នាក់ធ្វើដំណើរជាមួយគ្នាពីស្រុក កាលីឡេឆ្ពោះទៅកាន់ក្រុងយេរូសាឡិម។ ​តាមផ្លូវពីយេរីខូ (កន្លែងដែលព្រះយេស៊ូវបានប្រោសមនុស្សខ្វាក់ ពីរនាក់ឲ្យបានភ្លឺ)មកដល់ក្រុងយេរូសាឡិមចំងាយប្រមាណជា​២៤គីឡូម៉ែត្រ។ តាមផ្លូវនោះត្រូវធ្វើដំណើរកាត់ ទីរហោស្ថានប្រ​ហែល​ជា ប្រាំមួយទៅប្រាំបីម៉ោងដ៏លំបាកក្នុងការដើរឡើងឆ្លងកាត់ភ្នំ។ ​

 

បេតផាសេ គឺជាភូមិមួយដែលមានចំងាយពីរគីឡូម៉ែត្រែខាងក្រៅក្រុងយេរូសាឡិម។ ​ពេលដែលព្រះយេស៊ូវ យាងដល់ទីនោះ ព្រះអង្គបានរៀបចំគម្រោងសម្រាប់ការយាងចូលទៅក្នុងក្រុងយេរូសាឡិមរបស់ព្រះអង្គ។ ​ការដែលជ្រើសរើសសត្វនោះពិតជាសំខាន់ខ្លាំងណាស់។​ ពួកសាសន៍យូដាគ្រប់គ្នារំពឹងថា ព្រះមេស៊ីនឹង យាងចូល ក្រុងយេរូសាឡិមដោយគង់លើខ្នងសត្វលាដោយព្រោះតែជាសេចក្តីទំនាយ របស់លោកសាការី។​

ការ​ទាំង​នេះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ដែល​ជា​កូន​របស់​មេ​លា»

 

២១:៤-៥ ​សេចក្តីទំនាយរបស់ហោរាសាការីពីការយាងមករបស់ស្តេចដ៏សុចរិតមួយអង្គ ដែលនាំ សេចក្តីស​ង្រ្គោះ​​មក។ ស្តេចអង្គនេះ  “នឹង​មាន​បន្ទូល​ជា​សេចក្ដី​សន្តិ‌សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច ​គ្រប់‌គ្រង​របស់​ទ្រង់ នឹង​បាន​ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​ធំ រហូត​ដល់​ចុង​ផែនដី ​បំផុត” (សាការី ៩:៩-១០)។  

 

នៅពេលដែលស្តេចមួយអង្គទៅធ្វើសង្រ្គាម ព្រះអង្គគង់នៅលើសេះ។ ប៉ុន្តែពេលដែលស្តេចមួយ អង្គគង់នៅលើខ្នងសត្វលានោះបង្ហាញថា ព្រះអង្គយាងមកដោយសេចក្តីសុខសាន្ត។ ​ “ស្តេច” ​ដែលហោរាសាការីបានប្រកាសនោះគឺអំពីព្រះមែស្ស៊ី។ ព្រះយេស៊ូវបានយាងមកដល់ក្រុងយេរូសាឡិម ដោយគង់លើខ្នងកូនសត្វលា គ្រងព្រះពស្តធម្មតា ហើយមិនមានទាហាន ឬគ្រឿងសឹកនោះឡើយ គឺផ្ទុយពីគំនិតរបស់សាសន៍យូដាទូទៅបានគិតពីព្រះមែស្ស៊ីថាជាអ្នកចម្បាំងដែលនឹងគង់នៅលើខ្នងសេះយាងចូលក្រុងយេរូសាឡិមជាមួយនឹងទាហានរបស់ព្រះអង្គដើម្បីយកឈ្នះពួករ៉ូម៉ាំង។ ​ប៉ុន្តែហោរាសាការីបាន ប្រកាសថាព្រះមែស្ស៊ីនឹងយាងមកដោយការបន្ទាបខ្លួន ដោយសុភាព និងសេចក្តីសុខសាន្ត។ ​

 

សិស្ស​នោះ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេស៊ូវ ហើយ​នាំ​មេលា​នឹង​កូន​វា​មក រួច​ក្រាល​អាវ​ខ្លួន​លើ​ខ្នង​ថ្វាយ​ទ្រង់​គង់

 

២១:៦-៧ ​​ព្រះយេស៊ូវគង់លើកូនលាហើយបណ្តើរមេវាអមជាមួយគ្នាដើម្បីកុំឲ្យកូនលានោះកញ្រ្ជោល ដោយព្រោះហ្វូងមនុស្ស។ ​

 

ឯ​ហ្វូង​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​បាន​ក្រាល​អាវ​ខ្លួន​នៅ​ផ្លូវ ខ្លះ​ក៏​កាប់​មែក​ឈើ​យក​មក​រាយ​តាម​ផ្លូវ​ផង 

 

២១:៨ ​លោកម៉ាថាយ បានប្រើពាក្យ πλεῖστος នៅក្នុងកាបង្ហាញថា នេះជាហ្វូងមនុស្សដ៏ធំបំផុត នៅក្នុងព័ន្ធកិច្ចរបស់ព្រះយេស៊ូវ។ ​មានមនុស្សរាប់ពាន់នាក់ពីស្រុក កាលីឡេបានមកឯក្រុងយេរូសាឡិម ហើយបានប្រកាសថាព្រះយេស៊ូវជាព្រះមែស្ស៊ី! ហ្វូងមនុស្សបាននាំគ្នាធ្វើតាមទំលាប់ នៅពេលដែល ពួកគេក្រាលអាវរបស់ពួកគេនៅលើផ្លូវ។ ​ជាការទទួលស្គាល់ថា ព្រះយេស៊ូវគឺជា ស្តេចរបស់ពួកគេ​ (២ ពង្សាវតារក្សត្រ​ ៩:១៣)។ ពួកគេក៏បានកាច់មែកឈើក្រាលផងដែរ។​ នៅក្នុងជំនាន់នេះ មែកឈើគឺជា និមិត្តសញ្ញាអោយជ័យជំនះ។ ​ដូច្នេះហើយ ការដែលក្រាលអាវ និងមែកឈើលើផ្លូវនោះ មនុស្សទាំងនោះកំពុងតែលើកដំកើងព្រះយេស៊ូវថាជាព្រះមេស៊ី ជាស្តេចពេញដោយ ជ័យជំនះរបស់ពួកគេ (យ៉ូហាន ១២:១៣)។ យ៉ាងណាម៉ិញ ការទាំងនេះបង្ហាញថា ហ្វូងមនុស្ស នៅតែមានការយល់ខុសអំពីព្រះមែស្ស៊ី។ ​ពួកគេរំពឹងថា នឹងមានពិធីជប់លៀងពីជ័យជំនះ ពេលដែលពួកគេ ចូលដល់ក្រុងយេរូសាឡិម។ ​

ហ្វូងមនុស្សមិនបានយល់ពីសារៈសំខាន់នៃព្រះ​យេស៊ូ​វយាងចូលក្រុងយេរូសាឡិមដោយការបន្ទាបខ្លួននោះឡើយ។ ​គំនិតរបស់ពួកគេចំពោះព្រះមែស្ស៊ីគឺត្រូវបានឃុំគ្រងដោយបំណងប្រាថ្នាចង់បានអំណាច ឥទ្ធិពល និងការទម្លាក់អំណាចរបស់រ៉ូម៉ាំង ហើយនឹងការតាំងឡើងនៃរាជ្យនគររបស់អ៊ីស្រាអែល។ ​យ៉ាងណាម៉ិញ ព្រះមហាក្សត្របានយាងមកក្នុងនាម ជាអ្នកបំរើដែលទ្រង់នឹងប្រគល់ព្រះជន្មព្រះអង្គដើម្បីសង្រ្គោះមនុស្ស ពីអំពើបាប។ ​

 

ហើយ​បណ្តា​មនុស្ស​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសា‌ណា ដល់​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ព្រះ‌អង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ហូសា‌ណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត 

 

២១:៩ ហូសាណាមានន័យថា “សង្រ្គោះពេលនេះ”។​ ពាក្យនេះត្រូវបានប្រើសម្រាប់ការស្វែងរកជំនួយ ហើយនឹងការ ការពារពីស្តេចមួយអង្គ (២ ​សាំយ៉ូអែល ១៤:៤; ២ ពង្សាវតារក្សត្រ ៦:២៦)។ នៅក្នុងទំនុកដំកើង ១១៨:២៥ ពាក្យនេះ ត្រូវបានស្រែកអង្វរទៅព្រះសម្រាប់ការសង្រ្គោះប្រជារាស្តព្រះអង្គពីសត្រូវរបស់ពួកគេ។ ​ត្រង់នេះ ហ្វូងមនុស្សស្រែក អង្វរព្រះសូមអោយបានប្រោសគេអោយបានរួចពីរ៉ូមាំងពេលនេះ ដែលព្រះមេស៊ី បានយាងមកហើយនោះ។ 

 

“​ព្រះ‌អង្គ​ដែល​យាង​មក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​” គឺជាព្រះនាមមួយរបស់ ព្រះមេស៊ី។ ​ជាការដកស្រង់ចេញពី ខទី ២៦ នៅក្នុងទំនុកដំកើង ១១៨។ ​លោកយ៉ូហានប្រាប់យើងថា ពួកផារិស៊ីបានខឹងសម្បាយ៉ាងខ្លាំង ហើយបាននិយាយថា “ឃើញ​ឬ​ទេ លោកីយ៍​ទាំង​ស្រុង​ទៅ​តាម​អ្នក​នោះ ​ហើយ!” (យ៉ូហាន ១២:១៩)។ ប្រសិនបើព្រះយេស៊ូវបានយាងមកដើម្បីធ្វើជាអ្នកដឹកនាំនយោបាយនោះ នេះគឺជាឳកាសសម្រាប់ព្រះអង្គនៅក្នុង ការប្រមូលផ្តុំអំណាចហើយ។​

 

រួច​កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​កើត​មាន​សេចក្ដី​ជ្រួល‌ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា ហ្វូង​មនុស្ស​ឆ្លើយ​ឡើង​ថា នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ។ 

 

២១:១០-១១ ​ថ្ងៃដែលព្រះអង្គយាងចូលក្រុងយេរូសាឡិមគឺជាថ្ងៃអាទិត្យ ជាថ្ងៃទីប្រាំបួននៅក្នុងខែនីសាន ឆ្នាំ ៣០គស។ ពេលដែលព្រះយេស៊ូវយាងចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ហើយ "នោះ​កើតមាន​សេចក្ដី​ជ្រួល‌ជ្រើម​ពេញ​ទី​ក្រុង" (ἐσείσθη) គឺថា បានរង្គោះរង្គើ ហើយញាប់ញ័រ ដោយព្រោះតែការនេះ (ដូច ម៉ាថាយ ២:៣)។ ​

 

ពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការដែលកត់សម្គាល់ថា ប្រជារាស្រ្តនៅក្នុងក្រុងយេរូសាឡិម មិនបានចូលរួមនៅក្បួនដង្ហែនេះនោះឡើយ។ ​ព្រឹត្តិការណ៏នៅក្នុងខទី៨ និងខ៩ បានកើតឡើង ខាងក្រៅកំផែងក្រុង។ ហ្វូងមនុស្សបានស្រែកហៅព្រះយេស៊ូវថា “ជាវង្សហ្លួងដាវីឌ” ជាមនុស្ស ដែលមកពីស្រុកកាលីឡេ ជាពួកអ្នកដែលបានឃើញការអស្ចារ្យរបស់ព្រះយេស៊ូវ ហើយពេលនេះ បាននាំហោរារបស់ពួកគេ ចូលទៅក្នុងក្រុងយេរូសាឡិម។ ​យ៉ាងណាម៉ិញ ព្រឹត្តិការណ៏នេះមិនមែនមានន័យថា ក្រុងយេរូសាឡិមទទួលស្គាល់ព្រះយេស៊ូវថា ជាព្រះមែស្ស៊ី របស់គេនោះឡើយ។ ផ្ទុយទៅវិញ មនុស្សនៅក្នុងក្រុងយេរូសាឡិម​មានការញាប់ញ័រ ("មាន​សេចក្ដី ​ជ្រួល‌ជ្រើម​ពេញ​") ដោយព្រោះតែគេដឹងថា ស្តេចសាសន៍យូដាមួយអង្គអាចជាបញ្ហាជាមួយនឹងរ៉ូម៉ាំង ហើយហោរាមួយគឺជាការគំរៀមកំហែងដល់សិទ្ធិអំណាចរបស់អ្នកដឹកនាំសាសនារបស់គេ។  ​

 

ព្រះ‌យេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ក៏​បណ្តេញ​អស់​ទាំង​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​នៃ​ពួក​អ្នក​ដូរ​ប្រាក់ នឹង​ជើងម៉ា​របស់​ពួក​អ្នក​លក់​ព្រាប 

 

២១:១២ ការនេះបានកើតឡើងនៅត្រង់ទីធ្លាខាងក្រៅព្រះវិហារជាកន្លែងដែលហៅថាសាលរបស់ សាសន៍ដទៃ។ វាគឺជាផ្នែកតែមួយនៅក្នុងព្រះវិហារ ដែលសាសន៍ដទៃត្រូវបានអនុញ្ញាតឱ្យចូល។ កន្លែងនោះត្រូវទុកជាកន្លែង ដែលសាសន៍ដទៃអាចអធិស្ឋានបាន ប៉ុន្តែពួកអ្នកដឹកនាំនៅក្នុងព្រះវិហារ បានធ្វើឲ្យកន្លែងនោះទៅជាកន្លែងលក់ ដូរទៅវិញ។​

 

ពួកបុរសដែលជាសាសន៍យូដាទាំងអស់ត្រូវតែបង់ពន្ធដល់ព្រះវិហារជាមួយនឹងប្រាក់ដែលនៅក្នុងដំបន់នោះ។ ពួកសាសន៍យូដាបានមកពីគ្រប់ដំបន់នៅក្នុងពិភពលោកហើយមានមនុស្សជាច្រើនមានតែប្រាក់ពី ប្រទេសក្រៅតែប៉ុណ្ណោះ។​ ពួកអ្នកប្តូរប្រាក់នៅក្នុងព្រះវិហារគិតថ្លៃខ្ពស់ខ្លាំងពេក។ ​ប្រជាជនក៏ត្រូវ ថ្វាយយញ្ញបូជានៅក្នុងព្រះវិហារដែរ។​ សត្វព្រាបគឺជាយញ្ញបូជាសម្រាប់ពួកអ្នកក្រ អ្នកពិការនិងស្រ្តី (លេវីវិន័យ ១២:៨)។ ​ជាជាងការដែលធ្វើ អោយតម្លៃសត្វព្រាបជា អ្វីដែលអាចទ្រាំទ្របាននោះ ពួកអ្នកលក់នៅក្នុងព្រះវិហារបានគិតតម្លៃគុណជាបីលើសពី តម្លៃធម្មតានៅក្នុងពិធីបុណ្យរំលង។ ​ទោះបីជា មានមនុស្សដែលនាំយកដង្វាយសម្រាប់យញ្ញបូជាពីផ្ទះមកក៏ដោយ ក៏ពួកសង្ឃតែងតែស្វែងរកកំហុស ចំពោះដង្វាយនោះហើយទាមទារអោយគេទិញសត្វផ្សេងទៀតដែរ។ ​ពួកសង្ឃជាពួកអ្នកដែលទទួលខុស ត្រូវចំពោះការជួញដូរនៅក្នុងព្រះវិហារទាំងនេះ។ 

 

ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ «ដំណាក់​អញ​ត្រូវ​ហៅ​ថា ជា​ទី​សំរាប់​អធិស្ឋាន» តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​វិញ

 

២១:១៣ ​ព្រះ​យេស៊ូ​វបាន​ដក​ស្រង់​ចេញ​ពី​ អេសាយ ៥៦:៧ ដើម្បី​មានបន្ទូល​អំពី​អ្វី​ដែល​ព្រះ​វិហាររបស់ព្រះ​គួរ​ជា។  វាគួរតែជា​​ដំណាក់​​ជាទីអធិស្ឋាន។ 

 

បន្ទាប់មកព្រះយេស៊ូវបានដកស្រង់ចេញពី យេរេមា ៧:១១​ អំពីការដែលព្រះវិហារ ដែលគួរតែជាកន្លែង ដែលបរិសុទ្ធ បានប្រែក្លាយទៅជា “រោងចោរ”។ ព្រះអង្គនិយាយសំដៅទៅពួកអាចារ្យដែលបានប្រើប្រាស់ ព្រះវិហារនៃព្រះជាកន្លែង ដែលពួកគេបោកបញ្ឆោតមនុស្សដើម្បីទទួលបានកម្រៃ។​

 

ឯ​ពួក​មនុស្ស​ខ្វាក់ នឹង​មនុស្ស​ខ្វិន គេ​ក៏​មក​ឯ​ទ្រង់​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់ 

 

២១:១៤ ​ការដែលប្រោសមនុស្សខ្វាក់ឲ្យភ្លឺ (អេសាយ ២៩:១៨, ៣៥:៥-៦, ៤២:៧, ៤២:១៦; យេរេមា ៣១:៨) និងមនុស្សខ្វិន (អេសាយ ៣៥:៥-៦, ៤០:១១; យេរេមា ៣១:៨; មីកា ៤:៦; សេផានា ៣:១៩) ឲ្យបានជានោះគឺជាទីសំគាល់ពីព្រះមែស្ស៊ី។

 ​

ពួក​អ្នកគ្រប់គ្រងសាសន៍យូដាបានហាមឃាត់មនុស្សទាំងអស់ដែលខ្វិន ខ្វាក់ ថ្លង់ ឬគ មិនឲ្យថ្វាយ យញ្ញបូជា ឬបង្ហាញខ្លួននៅចំពោះព្រះនៅក្នុងដំណាក់របស់ព្រះអង្គឡើយ។ ​ប៉ុន្តែព្រះយេស៊ូវប្រោស ពួកគេឲ្យបានជា ដូច្នេះហើយការនេះអាចធ្វើឲ្យគេត្រូវបានទទួលនៅក្នុងទីធ្លានៃព្រះវិហារ។ ​តាមរយៈការនេះ ព្រះអង្គបង្ហាញពីព្រះចេស្តាព្រះអង្គនៅក្នុងការធ្វើឲ្យមានភាពបរិសុទ្ធដល់អស់អ្នកដែលចង់ថ្វាយបង្គំព្រះ។ នេះជាអ្វីដែលព្រះយេស៊ូវទ្រង់បានធ្វើសម្រាប់អស់ពួកអ្នកដែលជឿ។ ​ព្រះអង្គបានសំអាតយើង ដើម្បីឲ្យ យើងអាចចូលមកឯព្រះបាន។ ​ការនេះបង្ហាញថាព្រះអង្គវិសេសជាងព្រះវិហារ (១២:៦)  ដែលមិនអាច បង្កើតឲ្យមានភាពបរិសុទ្ធពិតប្រាកដនៅក្នុងមនុស្ស (២១:១៣) ។

 

តែ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​មាន​ចិត្ត​គ្នាន់‌ក្នាញ់​ណាស់ ដោយ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ទ្រង់​ធ្វើ នឹង​ឮ​កូន​ក្មេង​ទាំង​ប៉ុន្មាន​ស្រែក​ក្នុង​ព្រះ‌វិហារ​ថា ហូសា‌ណា ដល់​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​ដូច្នោះ 

 

២១:១៥ ​ពួកកូនក្មេងបានឃើញពីការអស្ចារ្យនៃការប្រោសឲ្យជារបស់ព្រះយេស៊ូវហើយការនេះបានធ្វើឲ្យ គេស្រែកឡើងថា “ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ” ​ដូចជាហ្វូងមនុស្សបានស្រែកនៅក្នុង ខ៩)។  ​កូនក្មេងបានស្គាល់ថា​នោះ “ការ​អស្ចារ្យ​ដែល​ទ្រង់​ធ្វើ” បានបញ្ជាក់ថា ព្រះអង្គជាព្រះមែស្ស៊ី! ​ កូនក្មេងតូចៗទាំងនេះបានស្គាល់ពីសេចក្តីពិតខាងវិញ្ញាណជាង “ពួក​អ្នក​ប្រាជ្ញ” ដឹកនាំសាសនា ទៅទៀត (១១:២៥-២៦, ១៩:១៣-១៥)។ 

 

ហើយ​គេ​ទូល​ទ្រង់​ថា តើ​អ្នក​ឮ​ពាក្យ​ដែល​ក្មេង​ទាំង​នេះ​ថា​ឬ​ទេ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ឮ​ហើយ តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​សេចក្ដី​ទេ​ឬ​អី ដែល​ថា «ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​សរសើរ​បាន​គ្រប់​លក្ខណ៍ ដោយ​នូវ​មាត់​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ»

 

២១:១៦ ​ព្រះយេស៊ូវបញ្ជាក់ថា ការសរសើររបស់កូនក្មេងគឺជាការដែលអាចទទួលយកបាន ដោយ បានដកស្រង់ចេញពី ទំនុកដំកើង ៨។ ​សូមកត់សម្គាល់ថា ទំនុកដំកើងនេះ គឺជាការសរសើរដំកើងដល់ព្រះ ហើយព្រះយេស៊ូវបានលើកឡើងពីការនោះទៅចំពោះព្រះអង្គទ្រង់។ ​

 

រួច​ទ្រង់​លះ​ចោល​គេ​យាង​ចេញ​ទៅ​ឯ​ភូមិ​បេថានី​ទៅ ក៏​ផ្ទំ​នៅ​ទី​នោះ​១​យប់។ 

 

២១:១៧ ​ដោយព្រោះតែក្រុងយេរូសាឡិមពេញដោយមនុស្សនៅក្នុងពិធីបុណ្យរំលងនោះ មានមនុស្ស ជាច្រើនដែលបានស្នាក់នៅក្នុងភូមិខាងក្រៅទីក្រុង។ ​ព្រះយេស៊ូវគង់នៅភូមិ បេថានី (មានចំងាយ បីគីឡូម៉ែត្រពីក្រុងយេរូសាឡិម) នៅផ្ទះឡាសា ម៉ារី និងម៉ាថា (យ៉ូហាន ១២:១-១០)។ 

 

ដល់​ព្រលឹម​ឡើង កំពុង​ដែល​ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ នោះ​ទ្រង់​ក៏​ឃ្លាន ទ្រង់​ទត​ឃើញ​ដើម​ល្វា​១​តាម​ផ្លូវ ក៏​យាង​ទៅ​ដល់ ឃើញ​មាន​តែ​ស្លឹក​ទទេ នោះ​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ ស្រាប់​តែ​ដើម​ល្វា​នោះ​ក្រៀម​ទៅ

 

២១:១៨-១៩ ដើមល្វាមួយនោះខុសពីប្រក្រតីដោយព្រោះតែធម្មតាវាបញ្ចេញផ្លែមុនពេលវាបញ្ចេញស្លឹក។ ​ពេលនេះជាពេលរំហើយជាពេលដែលក្តឹបផ្លែឈើមិនទាន់បញ្ចេញពន្លកនៅឡើយ។ ​ព្រះយេស៊ូវបានទតឃើញ ស្លឹកវាហើយទ្រង់ក៏រកមើលផ្លែប៉ុន្តែមិនមានផ្លែនោះឡើយ។ ​ព្រះអង្គបានប្រើឳកាសនោះនៅក្នុងការបង្ហាញពី ការកាត់ទោសចំពោះសាសនាអ៊ីស្រាអែល។

 

ដើមល្វាគឺជាតំណាងអោយអ៊ីស្រាអែល (ហូសេ ៩:១០; ណាហ៊ូម ៣:១២; សាការី ១០:២)។ ស្លឹកល្វាគឺជាតំណាងអោយសាសនា។ ​ដូចដែល ព្រះយេស៊ូវរកមើលផ្លែប៉ុន្តែមិនអាចរកបានពីដើមល្វានោះ ព្រះទ្រង់ទតសម្លឹងមើលផលផ្លែនៃសេចក្តីសុចរិតពី អ៊ីស្រាអែលប៉ុន្តែមិនមាននោះឡើយ (យេរេមា ៨:១៣; ហូសេ ៩:១០; មីកា ៧:១​-​៦)។​  ពួកគេបានគ្របបាំងខ្លួនគេជាមួយ នឹងស្លឹក (ដែលជាសាសនា) ប៉ុន្តែពួកគេមិនបាន ស្តាប់តាមព្រះនោះឡើយ (លោកុប្បត្តិ ៣:៧)។

 

ព្រះបន្ទូលរបស់ព្រះយេស៊ូវថា​  "កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ" នោះគឺ​ជា​សេចក្តីទំនាយ។ សែសិបឆ្នាំក្រោយមក ពួករ៉ូម៉ាំងបាន បំផ្លាញព្រះវិហារហើយនៅក្នុងការដែលធ្វើដូច្នោះ បានបញ្ចប់នូវប្រព័ន្ធ សាសនាដែលគ្មានផលផ្លែនោះ។

កាល​ពួក​សិស្ស​បាន​ឃើញ​ដូច្នោះ នោះ​គេ​មាន​សេចក្ដី​អស្ចារ្យ​ថា ដើម​ល្វា​នេះ​ក្រៀម​ទៅ​ជា​១​រំពេច​យ៉ាង​ណា​ហ្ន៎ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​មាន​សេចក្ដី​ជំនឿ​ឥត​សង្ស័យ​សោះ នោះ​អ្នក​រាល់​គ្នា​នឹង​អាច​ធ្វើ​បាន មិន​ត្រឹម​តែ​ការ​ដែល​កើត​ឡើង​ដល់​ដើម​ល្វា​ប៉ុណ្ណោះ​ទេ គឺ​ទោះ​បើ​អ្នក​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ឲ្យ​ឯង​រើ​ចេញ​ពី​ទី​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​វិញ នោះ​គង់​តែ​នឹង​បាន​កើត​ដូច្នោះ​ដែរ 

 

២១:២០-២១ ការដែលរើភ្នំចេញ គឺជាប្រយោគដែលសាសន៍យូដាប្រើនៅក្នុងការយកឈ្នះបញ្ហាធំ ណាមួយ។ ​បញ្ហាធំៗ ដែលអាចដកចេញបានដោយព្រះនៅពេលដែលយើងមានសេចក្តីជំនឿនៅក្នុងព្រះអង្គ ដ្បិត​គ្មាន​អ្វី​ដែល​ព្រះជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ។​ ការឆ្លើយតបចំពោះសេចក្តីអធិស្ឋានអាស្រ័យលើ សេចក្តីជំនឿដែលមានក្នុងព្រះ។ ​យើងអធិស្ឋានដោយសេចក្តីជំនឿពេលដែលយើងអធិស្ឋានទុកចិត្ត លើលក្ខណៈ ការប្រទាន ព្រះបន្ទូល ហើយនឹងបំណងព្រះហឫទ័យនៃព្រះ។ អ្វីដែលផ្ទុយពីនេះគឺជា ការសង្ស័យលើព្រះ។ ​ដែលមានការសង្ស័យ (διακρίνω) មានន័យថា “ជាការសន្មតចុះឡើង”។ ជាការដែលយើងជឿលើព្រះ ក្នុងពេលមួយ ហើយអត់ក្នុង ពេលមួយ។​ នៅពេលយើងអធិស្ឋាន យើងត្រូវតែមានទំនុកចិត្តថាព្រះទ្រង់មានគ្រប់ ទាំងព្រះចេស្តាហើយព្រះអង្គទ្រង់នឹងឆ្លើយតប។

 

ហើយ​គ្រប់​ទាំង​សេចក្ដី​អ្វី ដែល​អ្នក​រាល់​គ្នា​នឹង​អធិស្ឋាន​សូម ដោយ​មាន​ចិត្ត​ជឿ នោះ​នឹង​បាន​សំរេច​ទាំង​អស់។ 

 

២១:២២ ​ការនេះមិនមែនមានន័យថាមនុស្សម្នាក់អាចធ្វើការអស្ចារ្យកើតមានឡើងដោយពាក្យសំដី របស់គេបាននោះឡើយ។ ការនោះវាគឺជាវេទមន្ត មិនមែនជាជំនឿនោះឡើយ។ ​ផ្ទុយទៅវិញ ការដែល “មានសេចក្តីជំនឿ” មានន័យថាទុកចិត្តដល់ព្រះ ហើយសេចក្តីជំនឿរបស់យើងត្រូវបានបង្ហាញដោយ ការស្តាប់បង្គាប់តាមបំណងព្រះហឫទ័យព្រះអង្គ។ ប្រសិនបើយើងអធិស្ឋានសម្រាប់អ្វីមួយដែលមិនមែនជា បំណងព្រះហឫទ័យនៃព្រះនោះ ចម្លើយរបស់ព្រះអង្គចំពោះសេចក្តីអធិស្ឋាននោះគឺ “ទេ” (១ យ៉ូហាន ៥:១៤) ។ ​ប៉ុន្តែប្រសិនបើយើងអធិស្ឋាន ដោយសេច​ក្តីជំនឿនៅក្នុងព្រះ សម្រាប់អ្វីដែលត្រូវនឹងព្រះហឫទ័យព្រះនោះ នោះយើងអាចដឹងយ៉ាងច្បាស់ថាព្រះអង្គនឹងប្រទានឲ្យយើង នូវអ្វីដែលយើងបានសូមជាមិនខាន!​ 

 

ព្រះយេស៊ូវបានដាក់បណ្តាសាដើមល្វានោះដើម្បីបង្ហាញពីការជំនុំជម្រះរបស់ព្រះលើសាសនា ដែល មិនបង្កើតផលផ្លែរបស់អ៊ីស្រាអែល។ ​ប៉ុន្តែនៅក្នុងខនេះ ព្រះអង្គបានប្រទាននូវសេចក្តីសន្យាដ៏អស្ចារ្យពី ព្រះចេស្តាដែលមានសម្រាប់សិស្សរបស់ព្រះអង្គនៅក្នុងការរស់នៅដោយការបង្កើតផលផ្លែនៅក្នុងជីវិត។ សិស្សរបស់ព្រះយេស៊ូវអាចមានទំនុកចិត្តថា យើងទាំងអស់គ្នាអាចសម្រេចគ្រប់យ៉ាង ដែល ព្រះសព្វព្រះទ័យឲ្យយើងសម្រេចដោយព្រះចេស្តារបស់ព្រះអង្គដែលទ្រង់បានប្រទានមកយើងទាំងអស់គ្នា។ ​ប្រសិនបើព្រះសព្វព្រះទ័យឲ្យយើងរើ “ភ្នំ” ចេញ ហើយយើងមានសេចក្តីជំនឿថា ព្រះអង្គអាចធ្វើបាននោះ នោះព្រះទ្រង់នឹងប្រទានព្រះចេស្តាសម្រាប់ការនោះ ដើម្បីអាចសម្រេចបាន។

 

កាល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ហើយ នោះ​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន គេ​មក​ឯ​ទ្រង់ ដែល​កំពុង​តែ​បង្រៀន ហើយ​ទូល​កាត់​សួរ​ថា អ្នក​ធ្វើ​ការ​ទាំង​នេះ តើ​អាង​អំណាច​អ្វី តើ​អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក 

 

២១:២៣ ​ព្រះយេស៊ូវបានយាងចូលទៅក្នុងព្រះវិហារវិញនៅថ្ងៃបន្ទាប់ពីព្រះអង្គសំអាតព្រះវិហារ។ ​ពួកសង្រ្គាជ ពួកអាចារ្យនិងពួកចាស់ទុំ បានមកឯព្រះយេស៊ូវសួរថា តើព្រះអង្គបានសិទ្ធិអំណាចមកពីណាក្នុងការធ្វើការទាំងនោះ ការអស្ចារ្យ សេចក្តីបង្រៀន ហើយការដែលព្រះអង្គយាងចូលក្រុងយេរូសាឡិមក្នុងនាមជាព្រះមេស៊ី ហើយជាពិសេសនោះ ការបោសសំអាត ទីធ្លាព្រះវិហារ។​

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​១​ដែរ បើ​អ្នក​ឆ្លើយ​ប្រាប់​ខ្ញុំ នោះ​ខ្ញុំ​ក៏​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​អំណាច​ដែល​ខ្ញុំ​អាង ដើម្បី​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ណា ពី​ស្ថាន‌សួគ៌ ឬ​ពី​មនុស្ស នោះ​គេ​ក៏​រិះ‌គិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​វា​នឹង​សួរ​យើង​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​តាម​គាត់ 

 

២១:២៤-២៥ ព្រះយេស៊ូវមិនបានឆ្លើយតបជាមួយនឹងពួកគេភ្លាមនោះឡើយ។ តែផ្ទុយទៅវិញ ព្រះអង្គបានសួរ ពួកគេនូវសំនួរមួយអំពីសិទ្ធិអំណាចរបស់លោកយ៉ូហានបាប់ទីស្ទ ដែលគាត់បានធ្វើទាំងប៉ុន្មាន។​ ប្រសិនបើពួកគេឆ្លើយត្រឹមត្រូវនោះ ពួកគេនឹងទទួលបានចម្លើយ សម្រាប់សំនួរបស់ពួកគេជាមិនខាន។​ ការល្បងលសម្រាប់ ពួកអ្នកដឹកនាំ សាសនាទាំងនេះ គឺថាតើពួកគេអាចស្គាល់សិទ្ធិអំណាចដែលមកពីព្រះដែរឬយ៉ាងណានៅពេល ដែលពួកគេបានឃើញនោះ។​

 

ប៉ុន្តែពួកគេមិនអាចឆ្លើយបាននោះឡើយ។ បេសកកម្មរបស់លោកយ៉ូហាន​គឺជាការប្រកាសពីការ យាងមករបស់ព្រះមេស៊ីដែល​មកពីព្រះ។​ ប្រសិនបើគេទទួលស្គាល់ថា សិទ្ធិអំណាចរបស់ លោកយ៉ូហានមកពីព្រះ នោះ ពួកគេត្រូវតែទទួលស្គាល់ថា សិទ្ធិអំណាចរបស់ព្រះយេស៊ូវក៏ដូចគ្នាដែរ។ ​នេះជាការពិត ប៉ុន្តែពួកអ្នកដឹកនាំ សាសនាមិនចង់ទទួលស្គាល់ការនោះឡើយ។
 

តែ​បើ​យើង​ថា មក​ពី​មនុស្ស​វិញ នោះ​ខ្លាច​ហ្វូង​មនុស្ស ដ្បិត​គេ​រាប់​យ៉ូហាន​ទុក​ជា​ហោរា​ទាំង​អស់​គ្នា 

 

២១:២៦ ប៉ុន្តែពួកគេមិនអាចនិយាយថាលោកយ៉ូហានធ្វើការនោះដោយសិទ្ធិអំណាចរបស់ខ្លួនលោក នោះឡើយ ដោយព្រោះតែលោកយ៉ូហានមានប្រជាប្រិយភាពខ្លាំងណាស់ ហើយការដែលបង្ហាញពី ការមិនគោរព ដល់គាត់នោះអាចនឹង ធ្វើអោយហ្វូងមនុស្សមានកំហឹងលើពួកគេ។ ​ហ្វូងមនុស្ស អាចនឹងចោលគេនឹងថ្ម ចំពោះការប្រមាថដោយព្រោះតែមិនព្រមទទួលហោរានៃព្រះ (លូកា ១០:៦)។

 

រួច​គេ​ទូល​ឆ្លើយ​ថា យើង​មិន​ដឹង​ទេ ហើយ​ទ្រង់​ក៏​មាន​បន្ទូល​តប​ថា ដូច្នេះ ខ្ញុំ​ក៏​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​អំណាច​ដែល​ខ្ញុំ​អាង​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។  

 

២១:២៧ ពួកអ្នកដឹកនាំសាសនាដឹងថាការដែលប្រាប់ការពិតនឹងត្រូវបង្ខំពួកគេអោយទទួលស្គាល់ពី សិទ្ធិអំណាច របស់ព្រះយេស៊ូវ ហើយការដែលកុហកនោះនឹងធ្វើអោយហ្វូងមនុស្សមានកំហឹង ដូច្នេះហើយពួកគេមិនបានឆ្លើយ នោះឡើយ។​ ដោយព្រោះតែពួកគេមិនបានឆ្លើយនឹងសំនួរព្រះអង្គនោះ ព្រះយេស៊ូវមិនបានឆ្លើយនឹងសំនួររបស់ ពួកគេនោះឡើយ។​ ព្រះបានប្រទានសិទ្ធិអំណាចដល់លោកយ៉ូហាន ប៉ុន្តែពួកអ្នកដឹកនាំសាសនាបានបដិសេធមិនព្រមជឿគាត់។ ដូច្នេះហើយគ្មានប្រយោជន៍អ្វីដែលព្រះយេស៊ូវ មានបន្ទូលនឹងពួកគេអំពីសិទ្ធិអំណាចព្រះអង្គផ្ទាល់នោះឡើយ។ 

ព្រះយេស៊ូវបានសំអាតព្រះវិហារហើយបានដាក់បណ្តាសាដើមល្វាជាទីសំគាល់នៃ ការបដិសេធរបស់ព្រះ ចំពោះការដឹកនាំសាសនារបស់សាសន៍យូដា។ ​ការបដិសេធនេះដោយព្រោះតែ ពួកគេបានបដិសេធអ្នកនាំ សារបស់ព្រះ ព្រះរាជបុត្រាព្រះអង្គ ហើយនឹងការត្រាស់ហៅរបស់ព្រះអង្គ។ ពេលនេះព្រះយេស៊ូវមានបន្ទូល ពីការប្រៀបប្រដូចបីអំពីការនេះ។ 

 

  • ការប្រៀបប្រដូចអំពីកូនប្រុសទាំងពីរ (២១:២៨-៣២) គឺអំពីការបដិសេធអ្នកនាំសាររបស់ព្រះ យ៉ូហានបាប់ទីស្ទ។ 

  • ​ការប្រៀបប្រដូចអំពីអ្នកជួលចំការ  (២១:៣៣-៤៦) គឺអំពីការបដិសេធព្រះរាជបុត្រានៃព្រះ ព្រះយេស៊ូវ។ ​

  • ការប្រៀបប្រដូចអំពីពិធីមង្គលការ  (២២:១-១៤) គឺអំពីការបដិសេធការត្រាស់ហៅរបស់ព្រះ ឲ្យចូលទៅក្នុងរាជ្យនគររបស់ព្រះអង្គ។ 

 

ការប្រៀបប្រដូចទាំងបីនេះសំដៅលើការបរាជ័យរបស់អ្នកដឹកនាំសាសនាសាសន៍យូដាក្នុងការឆ្លើយតបចំពោះការត្រាស់ហៅរបស់ព្រះ ហើយបង្ហាញពីលទ្ធផលនៃការនេះថា ព្រះនឹងត្រាស់ហៅអ្នកដទៃឲ្យជំនួស គេឲ្យបានធ្វើជារាស្ត្រ​របស់​ព្រះ​។ ​​អ៊ីស្រាអែលពិតប្រាកដក្នុងពេលនេះគឺត្រូវបានរកឃើញនៅក្នុងព្រះយេស៊ូវ ហើយគឺ​ជាអស់អ្នកដែលដើរតាមព្រះអង្គ រួមទាំងសាសន៍យូដា និងសាសន៍ដទៃ។ 

 

ប៉ុន្តែ អ្នក​រាល់​គ្នា​គិត​ដូច​ម្តេច មាន​មនុស្ស​ម្នាក់​មាន​កូន​ប្រុស​២ គាត់​ទៅ​ប្រាប់​កូន​ច្បង​ថា កូន​អើយ ថ្ងៃ​នេះ ចូរ​ឯង​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​អញ​ទៅ កូន​នោះ​ប្រកែក​ថា ខ្ញុំ​មិន​ទៅ​ទេ ដល់​ក្រោយ​មក​វា​ប្រែ​ចិត្ត​ជា​ទៅ​វិញ គាត់​ក៏​ទៅ​ប្រាប់​ដល់​កូន​ពៅ​ដូច​គ្នា ឯ​កូន​នោះ​វា​ទទួល​ថា ខ្ញុំ​ទៅ លោក​ឪពុក ប៉ុន្តែ​វា​មិន​បាន​ទៅ​ទេ 

 

២១:២៨-៣០​​ ព្រះយេស៊ូវបង្រៀនពីការប្រៀបប្រដូចមួយ។ ​កូនមួយបាននិយាយពាក្យមិនត្រឹមត្រូវ ប៉ុន្តែដឹងថាខ្លួនខុសនៅពេលក្រោយ ហើយបានសម្រេចិត្តធ្វើអ្វីដែលត្រឹមត្រូវ។ កូនម្នាក់ទៀតនិយាយពាក្យ ដែលត្រឹមត្រូវ ប៉ុន្តែមិនបានធ្វើអ្វីដែលត្រឹមត្រូវនោះឡើយ។ 

 

ដូច្នេះ បណ្តា​កូន​ទាំង​២​នោះ តើ​កូន​ណា​បាន​ធ្វើ​តាម​ចិត្ត​របស់​ឪពុក គេ​ឆ្លើយ​ថា កូន​ច្បង ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពួក​អ្នក​យក​ពន្ធ នឹង​ពួក​ស្រី​សំផឹង គេ​ចូល​ទៅ​ក្នុង​នគរ​ព្រះ​មុន​អ្នក​រាល់​គ្នា 

 

២១:៣១ ​ចំនុចសំខាន់នៃការប្រៀបប្រដូចនេះច្បាស់ណាស់។ ​អ្វីដែលសំខាន់នោះគឺជាការស្តាប់បង្គាប់ មិនមែនគ្រាន់តែនិយាយពាក្យសំដីដែលត្រឹមត្រូវនោះឡើយ (៧:២១-២៧; យ៉ាកុប​ ១:២២)។ 

 

នៅក្នុងការប្រៀប្រដូច ឪពុកគឺដូចជាព្រះ កូនប្រុសទាំងពីរគឺជាពួកអ្នកដឹកនាំសាសនារបស់អ៊ីស្រាអែល និងអ្នកមានបាប។ ​ពួកអ្នកដឹកនាំសាសនា (ដូចជាកូនទីពីរ) ដែលប្រកាសថាខ្លួន បានរស់នៅដោយការស្តាប់បង្គាប់ចំពោះក្រឹត្យវិន័យរបស់ព្រះ (ពួកគេឆ្លើយថា “បាទ/ចាស”ចំពោះព្រះ)  ប៉ុន្តែពួកគេមិនបានធ្វើតាមបំណងព្រះហឫទ័យព្រះនោះឡើយ។ ​ពួកស្រីសំផឹងនិងអ្នកយកពន្ធបានបែរចេញ ពីព្រះ (ពួកគេនិយាយថា “ទេ”ចំពោះព្រះ)  ប៉ុន្តែពេលនេះគេបានប្រែចិត្ត ហើយធ្វើតាមបំណងរបស់ ព្រះវរបិតា (ដូចជាកូនទីមួយ)  ហើយចូលទៅក្នុងរាជ្យនគរបស់ព្រះអង្គ។ ដូច្នេះហើយ អ្នកមានបាប ដែលធ្វើការប្រែចិត្តបានចូលទៅក្នុងរាជ្យនគរនៃព្រះមុនពួកអ្នកដឹកនាំសាសនា (ជាគំរូមួយទៀតពីអ្នក ដែលក្រោយនឹងទៅជាមុខ ហើយអ្នកមុននឹងទៅជាក្រោយ  ២០:១៦) ។ 

 

ដ្បិត​យ៉ូហាន​បាន​មក​ឯ​អ្នក​រាល់​គ្នា​ក្នុង​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​តាម​គាត់​ទេ ឯ​ពួក​យក​ពន្ធ នឹង​ពួក​ស្រី​សំផឹង គេ​បាន​ជឿ​តាម​គាត់​វិញ លុះ​កាល​អ្នក​រាល់​គ្នា​បាន​ឃើញ​ដូច្នោះ នោះ​ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត​ជឿ​តាម​គាត់​ដែរ។ 

 

២១:៣២ លោកយ៉ូហាបានប្រកាសពីភាពចាំបាច់នៃការប្រែចិត្ត និងសេចក្តីជំនឿសម្រាប់សេចក្តីសុចរិត ហើយចង្អុរបង្ហាញផ្លូវចូលទៅក្នុងរាជ្យនគរ (១១:១២) ដែលអ្នកមានបាបពេលនេះបានចូលទៅ (ខ៣១)។  ប៉ុន្តែពួកអ្នកដឹកនាំសាសនាមិនបានជឿលោកយ៉ូហានទោះបីជា គេបានឃើញថាពួកអ្នកយកពន្ធ និងស្រីសំផឹងបានផ្លាស់ប្រែដោយសេចក្តីប្រកាសរបស់គាត់ក៏ដោយ។ ​

 

ចូរ​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត មាន​ថៅកែ​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ ហើយ​សង់​ប៉ម ក៏​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ 

 

២១:៣៣ ព្រះយេស៊ូវមានបន្ទូលពីពាក្យប្រៀបប្រដូច ដែលជាចំលើយចំពោះសំនួរអំពីសិទ្ធិអំណាចរបស់ ព្រះអង្គ (ខ២៣)។ ការប្រៀបប្រដូចនោះបានដាស់តឿនដល់ពួកអ្នកដែលស្តាប់ព្រះយេស៊ូវអំពី អេសាយ ៥:១-៧ ជាបទគម្ពីរអំពីកាកាត់ទោស។ នៅក្នុងការប្រៀបប្រដូចរបស់ព្រះយេស៊ូវ

 

  • មនុស្សដែលជាម្ចាស់ចំការទំពាំងបាយជូរជាតំណាងឲ្យព្រះ។​

  • ទំពាំងបាយជូរគឺជាប្រជារាស្រ្តរបស់ព្រះ។​

  • ពួក​អ្នក​ធ្វើ​ចំការជាពួកអ្នកដឹកនាំសាសនាអ៊ីស្រាអែល។​

  • ពួកបាវគឺជាពួកហោរា។​

  • កូនម្ចាស់ចំការជាព្រះយេស៊ូវ។​

 

ព្រះយេស៊ូវបានរៀបរាប់ពីអ្វីដែលម្ចាស់ចំការបានធ្វើដើម្បីធ្វើឲ្យចំការទំពាំងបាយជូរបានជោគជ័យ។ គាត់បានធ្វើរ បងព័ទ្ធជុំវិញដើម្បីការពារកុំអោយសត្វចូលបាន កន្លែងបញ្ជាន់ទំពាំងបាយជូរដែលទំពាំង បាយជូរអាចកៀបយក ទឹកបាន ហើយប៉មយាមដើម្បីឃ្លាំមើលកុំឲ្យមានចោរចូល។ ទាំងអស់នេះគឺជា តំណាងឲ្យអ្វីដែលព្រះ​បានប្រទាន ដល់ប្រជារាស្រ្តរបស់ព្រះអង្គគឺអ៊ីស្រាអែល (ដូចជាក្រឹត្យវិន័យ ហើយនឹងព្រះវិហារ) ដើម្បីជួយពួកគេ​អោយ បានបង្កើតផលផ្លែនៃជីវិតដែលបរិសុទ្ធ។ ​ក្រោយមក ពួកអ្នកជួលចំការត្រូវបានផ្តល់ឲ្យនូវការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងចំការទំពាំងបាយជូរ ដូចដែលព្រះបានប្រទានឲ្យពួកអ្នកដឹកនាំសាសនាការទទួលខុសត្រូវ ក្នុងការដឹកនាំអ៊ីស្រាអែល ដូច្នោះដែរ។​

 

កាល​ជិត​ដល់​រដូវ​បេះ​ផ្លែ​ហើយ នោះ​ក៏​ប្រើ​បាវ​ខ្លួន​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ទាំង​នោះ ដើម្បី​នឹង​ទទួល​ផល ជា​ចំណែក​របស់​ខ្លួន តែ​ពួក​ធ្វើ​ចំការ គេ​ចាប់​បាវ​ទាំង​នោះ​វាយ​ម្នាក់ សំឡាប់​ម្នាក់ ហើយ​ម្នាក់​ទៀត​ចោល​នឹង​ថ្ម​វិញ ថៅកែ​ក៏​ប្រើ​បាវ​ដទៃ​ជា​ច្រើន​ជាង​មុន​ឲ្យ​ទៅ​ទៀត តែ​គេ​ប្រព្រឹត្ត​នឹង​បាវ​ទាំង​នោះ​បែប​ដូច​គ្នា

 

២១:៣៤-៣៦ ការប្រៀបប្រដូចនេះគឺអំពីរបៀបដែលពួកអ្នកដឹកនាំអ៊ីស្រាអែលបានធ្វើដាក់អ្នកប្រកាស របស់ព្រះជាម្ចាស់ ហើយពីរបៀបដែលពួកគេនឹងធ្វើដាក់ព្រះរាជបុត្រានៃព្រះ។​ ម្ចាស់ចំការបានចាត់បាវបម្រើ អោយ ទទួលផលចំណែករបស់គាត់ ប៉ុន្តែអ្នកជួលចំការបានវាយហើយសម្លាប់ពួកគេ។​ អំពើហិង្សារបស់ ពួកគេពិតជាគួរឲ្យព្រឺខ្លាច។ ​ពួកបាវបម្រើទាំងនោះគឺដូចជាពួកហោរាដែលព្រះបានចាត់ឲ្យមកឯប្រជារាស្រ្ត របស់ព្រះអង្គ ប៉ុន្តែពួកគេមិនព្រមស្តាប់តាមអ្នកទាំងនោះ ហើយបានបៀតបៀនព្រមទាំងសម្លាប់ពួកគេ ថែមទៀត។​


ដល់​ក្រោយ​បង្អស់ គាត់​ចាត់​កូន​ខ្លួន​ឲ្យ​ទៅ​ដោយ​គិត​ថា គេ​នឹង​កោត‌ខ្លាច​ដល់​កូន​អញ 

 

២១:៣៧ នៅទីបំផុត ​ម្ចាស់ចំការបានចាត់កូនប្រុសរបស់គាត់។ ពួកអ្នកស្តាប់ព្រះយេស៊ូវទាំងប៉ុន្មា នគួរតែបានដឹងថាចំការនោះជាអ៊ីស្រាអែល ហើយម្ចាស់ចំការជាព្រះ នោះពួកគេក៏ឆ្ងល់ថា តើអ្នកណាជា កូនរបស់ម្ចាស់ចំការនោះ? ​យើងបានដឹងថាកូនប្រុសនៅក្នុងការប្រៀបប្រដូចនោះគឺជាតំណាងឲ្យ ព្រះយេស៊ូវដែលព្រះបានចាត់មក។​ ព្រះរាជបុត្រាគឺជាអ្នកប្រកាសជាលើកចុងក្រោយបង្អស់។​ ប្រសិនបើពួកអ្នក ដឹកនាំសាសនាបដិសេធព្រះអង្គនោះ គ្មានឳកាសនៃសេចក្តីសង្រ្គោះណាទៀត នោះឡើយ។​

 

ប៉ុន្តែ កាល​ពួក​ចំការ​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក​ហើយ ចូរ​យើង​សំឡាប់​វា​ចេញ​ទៅ រួច​យើង​នឹង​ដណ្តើម​យក​មរដក​របស់​វា 

 

២១:៣៨ ម្ចាស់ចំការនិងបានបដិសេធភាពជាម្ចាស់របស់គាត់ថែមទៀត។​ ពួកគេជឿថាម្ចាស់ចំការ នៅឆ្ងាយ ឬបានស្លាប់ហើយ ហើយដូច្នេះហើយពួកគេមិនបានជំពាក់អ្វីដល់គាត់ ហើយគេអាចធ្វើអ្វីតាមតែ ចិត្តរបស់គេ។ ដូចគ្នានេះដែរ ពួកអ្នក ដឹកនាំសាសន៍យូដាកំពុងតែមាន​ឥរិយា​ដូច​ជា​ថា ព្រះទ្រង់នៅឆ្ងាយ ឬសុគតបាត់ហើយ ហើយថាអ៊ីស្រាអែលជាកម្មសិទ្ធរបស់ពួកគេ។ ​ពួកគេបានធ្វើអោយអ៊ីស្រាអែលវង្វេង ឃ្លាតឆ្ងាយចេញពីព្រះដោយការបង្កើតច្បាប់ដោយខ្លួនគេ ដែលទាស់នឹង ព្រះបន្ទូលនៃព្រះ ហើយប្រើប្រាស់ ដំណាក់ព្រះអង្គសម្រាប់ការបានផលកម្រៃដ៏ អាត្មានិយមរបស់គេ។ ពួកគេរៀបគម្រោងសម្លាប់កូនប្រុសនោះ (ព្រះយេស៊ូវ) ដោយព្រោះតែ ពួកគេឃើញថាគាត់ជា ការគំរាមកំហែងចំពោះភាពជាម្ចាស់ចំការ (អ៊ីស្រាអែល) របស់ពួកគេ។

 

គេ​ក៏​ចាប់​កូន​នោះ បោះ​ចោល​ទៅ​ខាង​ក្រៅ​ចំការ ហើយ​សំឡាប់​ចោល​ទៅ 

 

២១:៣៩ នេះជាការប្រកាសមួយផ្សេងទៀតរបស់ព្រះយេស៊ូវអំពីការសុគតរបស់ព្រះអង្គ។​

 

ដូច្នេះ កាល​ណា​ថៅកែ​ចំការ​មក​ដល់ តើ​គាត់​នឹង​ធ្វើ​អ្វី​ដល់​ពួក​អ្នក​ដែល​ធ្វើ​ចំការ​ទាំង​នោះ គេ​ទូល​ឆ្លើយ​តប​ថា គាត់​នឹង​សំឡាប់​ពួក​កំណាច​ទាំង​នោះ​យ៉ាង​អាក្រក់​ណាស់ រួច​នឹង​ប្រវាស់​ចំការ​ទៅ​ឲ្យ​ពួក​ឯ​ទៀត​វិញ ដែល​គេ​នឹង​ឲ្យ​ផល​ដល់​គាត់​តាម​រដូវ

 

២១:៤០-៤១ ព្រះយេស៊ូវសួរថាតើម្ចាស់ចំការនឹងធ្វើយ៉ាងណាចំពោះអ្នកជួលចំការ (ដែលជាតំណាង ពួកអ្នកដឹកនាំសាសន៍យូដា) ហើយពួកអ្នកដឹកនាំសាសន៍យូដាកាត់ទោសខ្លួនគេ។ ​កាត់សេចក្តីរបស់គេ ចំពោះអ្នកជួលចំការអាក្រក់នោះ  (“គាត់​នឹង​សំឡាប់​ពួក​កំណាច​ទាំង​នោះ​យ៉ាង​អាក្រក់​ណាស់ រួច​នឹង​ប្រវាស់​ចំការ​ទៅ​ឲ្យ​ពួក​ឯ​ទៀត​វិញ ដែល​គេ​នឹង​ឲ្យ​ផល​ដល់​គាត់​តាម​រដូវ”) ការនឹងក៏ជាកាត់សេចក្តី របស់ព្រះយេស៊ូវទាស់នឹងគេដែរ (ខ៤៣)។ ការដែលបដិសេធព្រះរាជបុត្រា ដោយពួកអ្នកដឹកនាំសាសនាគឺជាកិច្ចការចុងក្រោយដែលនាំយក សេចក្តីក្រោធនៃព្រះលើពួកគេ។ រាជ្យនគរនិងអស់អ្នកអត្ថប្រយោជន៍ខាងព្រលឹងវិញ្ញាណ ត្រូវបានប្រទានឲ្យអ៊ីស្រាអែល ពេលនេះនឹងត្រូវប្រទានទៅឲ្យ​” អ្នកជួលផ្សេងទៀត”  (ពួកជំនុំ)។

 

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​ក្នុង​គម្ពីរ​ទេ​ឬ​អី ដែល​ថា «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ការ​នោះ​គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ធ្វើ ហើយ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ភ្នែក​យើង​ខ្ញុំ»

 

២១:៤២ ព្រះយេស៊ូវបានដកស្រង់ចេញពី​ ទំនុកដំកើង ១១៨:២២-២៣ ជាទំនុកដំកើងអំពីព្រះមេស៊ី។  នេះគឺជាទំនុកដំកើង ដែលហ្វូងមនុស្សបានស្រែកស្វាគមន៏ពេលដែលព្រះអង្គយាងចូលក្នុងក្រុង យេរូសាឡិម។ ​ព្រះយេស៊ូវគឺជា ថ្មជ្រុងយ៉ាងឯក (អេសាយ​២៨:១៦;កិច្ចការ ៤:១១-១២) ពួកអ្នកដឹកនាំសាសន៍យូដាគឺជា ពួក​ជាង​សង់​ផ្ទះ។ ពួកគេបានគិតថាថ្មនោះគ្មានតម្លៃនោះឡើយ ដូច្នេះហើយពួកគេបានចោលទៅ។​​ ប៉ុន្តែដោយ ថ្មនោះបានក្លាយជាថ្ម ដែលសំខាន់បំផុតនៅក្នុងសំណង់។ ថ្មជ្រុងយ៉ាងឯកនោះជាការផ្សាភ្ជាប់ជញ្ជាំង ដែលជាគ្រឹះនៃសំណង់ទាំងមូល។ ​ជាថ្មដែលសំណង់ទាំងមូល ពឹងផ្អែក។ ​ព្រះយេស៊ូវគឺជាថ្មជ្រុងយ៉ាងឯករបស់ ពួកជំនុំ (ដែលជា ប្រជារាស្រ្តនៃព្រះ) ដែលជាព្រះវិហារ នៃព្រះ ​(១ ពេត្រុស ២:៤-៨; ១ កូរិនថូស ៣:១៦-១៧; ២ កូរិនថូស ៦:១៦; អេភេសូរ ២:១៩-២២)។​​  

 

 ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នគរ​ព្រះ​នឹង​ត្រូវ​ហូត​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​១​ទៀត ដែល​គេ​នឹង​បង្កើត​ផល​របស់​នគរ​នោះ

 

២១:៤៣ សេចក្តីទំនាយពីរដែលព្រះយេស៊ូវបានលើកឡើង នៅត្រង់នេះគឺជាការពិតនៅក្នុងប្រវត្តិសាស្រ្ត។​ ព្រះបានបំផ្លាញអំណាចពួកអ្នកដឹកនាំសាសនាយូដាតាមរយៈ   ការបំផ្លាញព្រះវិហារនៅក្នុងឆ្នាំ ៧០ គ.ស ហើយបានប្រទានការទទួលខុសត្រូវចំពោះការដឹកនាំប្រជារាស្រ្តរបស់ ព្រះអង្គ (ពួកជំនុំ) ទៅឲ្យដល់ ពួកសាវ័កវិញ។​

 

​យ៉ាងណាម៉ិញ វាមិនមែនជាបញ្ហាដែលសាសន៍យូដាត្រូវបានជំនួស ដោយសាសន៍ដទៃ។ ផ្ទុយទៅវិញ សង្គមថ្មីមួយនៃប្រជារាស្រ្តនៃព្រះកំពុងតែត្រូវបានបង្កើត។ ​ដែលជាពួកជំនុំ (១៦:១៨)  ដែលជាប្រជារាស្រ្តនៃព្រះដែលមកពីគ្រប់ជាតិសាសន៍ទាំងអស់។ ​ពួកជំនុំគឺជាការរួបរួមនៃពួកអ្នកជឿ (សាសន៍យូដានិងសាសន៍ដទៃ) ក្នុងនាមជា “ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ” ​ (១ ពេត្រុស ២:៩)។ ពួកគេនឹងត្រូវ​​បាន​កំណត់​លក្ខណៈ (មិនដោយព្រោះតែ កុលសម្ព័ន្ធឬជាតិសាសាន៍) គឺដោយសេចក្តីពិតនៃព្រះវិញ្ញាណនៃព្រះគង់នៅក្នុងគេគ្រប់គ្នា ហើយព្រះអង្គបង្កើតផលផ្លែនៅក្នុងជីវិត របស់ពួកគេម្នាក់ៗ​ (៣:៨, ៧:១៥–២០; ១២:៣៣–៣៧; ១៣:៨, ១៣:២៦; ២១:១៨–២០; យ៉ូហាន ១៥:១–៥; កាឡាទី ៥:២២–២៣)។ ​​

 

អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នោះ នឹង​ត្រូវ​បាក់​បែក តែ​អ្នក​ណា​ដែល​ត្រូវ​ថ្ម​នោះ​ធ្លាក់​មក​លើ​ខ្លួន នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ

 

២១:៤៤ ​នៅក្នុងផ្នែកទីមួយនៃខនេះ ថ្មនៅលើដី។ ផ្នែកទីពីរ ថ្មនោះមកពីខាងលើវិញ។ ការនេះតំណាងឲ្យការយាងមកទាំងពីររបស់ព្រះយេស៊ូវ។ ​ពេលដែលព្រះអង្គយាងមកលើកទីមួយ ពួកអ្នកដឹកនាំសាសន៍យូដាធ្លាក់លើព្រះអង្គ។ ព្រះយេស៊ូវគឺជា “តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្មដា ​ដែល​បង្អាក់បង្អន់ចិត្ត” ​ដល់ពួកអ្នកដែលមិនជឿ (អេសាយ ៨:១៤;​ ១ ពេត្រុស ២:៦-៨) ។

 

ពេលដែលព្រះយេស៊ូវយាងមកជាលើកទីពីរ ព្រះអង្គនឹងយាងមកក្នុងការជំនុំជំរះហើយកិនសត្រូវរបស់ ព្រះអង្គ។ ហោរាដានីយ៉ែលបានរៀបរាប់ពីព្រះអង្គថាជាថ្មយ៉ាងធំដែលធ្លាក់មកលើនគរទាំងប៉ុន្មាន នៅក្នុងពិភពលោក ហើយក៏​បំបាក់​បំបែក​ខ្ទេច‌ខ្ទី​ទៅ (ដានីយ៉ែល ២:៣៤,  ២:៤៤-៤៥)។ ពាក្យថាដែលប្រើសំរាប់ “កិន​ខ្ទេច‌ខ្ទី​”  (λικμάω)  មានន័យថា “កំទេច” ឬ “កំចាត់កំចាយ”។ ​​​ព្រះយេស៊ូវនឹងធ្វើដូច្នេះនៅក្នុងការជំនុំជំរះ ដូចដែលលោកយ៉ូហានបាប់ទីស្ទបានប្រកាស  (៣:២១) ។ ​ 

ព្រះយេស៊ូវគឺជាកូនប្រុសនៅក្នុងការប្រៀប្រដូចនិងថ្មនៅក្នុងខនេះ។ ដូចជាកូនប្រុសនោះ ព្រះយេស៊ូវនឹងត្រូវគេធ្វើគត ប៉ុន្តែដូចជាថ្ម ព្រះអង្គនឹងកំទេចអស់អ្នកដែលប្រឆាំងទាស់នឹងព្រះអង្គ។ ​

 

កាល​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​ប្រៀប​ប្រដូច​ទាំង​នោះ​ហើយ គេ​ក៏​ដឹង​ថា ទ្រង់​មាន​បន្ទូល​ឆ្ពោះ​ខ្លួន​គេ 46រួច​គេ​រក​ហេតុ​នឹង​ចាប់​ទ្រង់ ប៉ុន្តែ​គេ​ខ្លាច​ហ្វូង​មនុស្ស ពី​ព្រោះ​បណ្តា​មនុស្ស​ទាំង‌ឡាយ​រាប់​ទ្រង់​ទុក​ជា​ហោរា។ 

 

២១:៤៥-៤៦ ពួកសង្រ្គាជនិងពួកផារិស៊ីមិនបានធ្វើការផ្លាស់ប្រែចិត្តចំពោះការមកដល់នៃរាជ្យនគរ នៃព្រះនោះឡើយ។ ​ផ្ទុយទៅវិញ ពួកគេបានបដិសេធព្រះរាជបុត្រានៃព្រះ ដែលបាននាំយករាជ្យនគរ នៃព្រះមកលើផែនដី ហើយបានរៀបចំគម្រោងធ្វើគតព្រះអង្គវិញ។ ​ព្រះយេស៊ូវបានដាស់តឿនដល់អស់អ្នក ដែលទាស់នឹងព្រះអង្គថាគេនឹងត្រូវកំទេច។ ប៉ុន្តែផ្ទុយពីការទទួលយកការដាស់តឿន ហើយប្រែចិត្តនោះ គេបានរកឳកាសក្នុងការចាប់ព្រះអង្គវិញ។ ​ប៉ុន្តែដោយព្រោះតែគេខ្លាចចំពោះហ្វូងមនុស្សតែប៉ុណ្ណោះ ដែលគេមិនអាចធ្វើការនេះបានក្នុងពេលឥលូវនេះ។ ​

bottom of page