ការដាស់តឿនអំពីពុតត្បុត
គ្រានោះ ព្រះយេស៊ូវទ្រង់មានបន្ទូលនឹងហ្វូងមនុស្ស ហើយនឹងពួកសិស្សទ្រង់ថា
២៣:១ មុននេះព្រះយេសូវបានដាស់តឿនសិស្សរបស់ព្រះអង្គអំពីសេចក្តីបង្រៀនរបស់ពួកផារិស៊ី (១៦:៥-១២)។ ពេលនេះ ប្រហអង្គដាស់តឿនដល់ហ្វូងមនុស្សហើយនឹងសិស្សរបស់ព្រះអង្គអំពីពុតត្បុត របស់ពួកអាចារ្យនិងពួកផារិស៊ី។
ពួកអាចារ្យ នឹងពួកផារិស៊ី គេបានតាំងខ្លួនគេ អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ
២៣:២ លោកម៉ូសេបានបង្ហាត់បង្រៀនអ៊ីស្រាអែលពីក្រិត្យវិន័យរបស់ព្រះ។ ដូច្នេះហើយ ការដែល “អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ” ជាការដែលមានសិទ្ធិអំណាចនៅក្នុងការបង្ហាត់បង្រៀនមនុស្ស ពីក្រិត្យវិន័យ។ ប៉ុន្តែពួកអាចារ្យ នឹងពួកផារិស៊ី "គេបានតាំងខ្លួនគេ" អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ បញ្ជាក់ពីការពិតថានោះជាសិទ្ធិអំណាចក្លែងក្លាយដែលពួកគេបានប្រកាសពីខ្លួនគេ ជាជាងតួនាទីដែល ត្រូវបានប្រទានឲ្យគេពីព្រះមក។
ដូច្នេះ គ្រប់ទាំងសេចក្ដីណាដែលគេប្រាប់ឲ្យអ្នករាល់គ្នាកាន់តាម នោះចូរកាន់ ហើយប្រព្រឹត្តតាមចុះ ប៉ុន្តែកុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ
២៣:៣ ពួកអាចារ្យនិងពួកផារិស៊ីមិនបានធ្វើតាមអ្វីដែលគេបានបង្រៀនដល់អ្នកដទៃនោះឡើយ ហើយមិនអាចនឹងរក្សាច្បាប់ទំលាប់របស់ខ្លួនគេបានផង។ ហេតុនេះហើយបានជាពួកគេជាមនុស្សមាន ពុតត្បុត។
ពីព្រោះគេចងបន្ទុកយ៉ាងធ្ងន់ ដាក់លើស្មាមនុស្ស ជាបន្ទុកដែលពិបាកទទួល តែខ្លួនគេមិនព្រមទាំងយកម្រាមដៃឆ្កឹះបន្ទុកនោះផង
២៣:៤ ពួកអាចារ្យ និងពួកផារិស៊ីបានធ្វើការសម្រេចចំពោះក្រិត្យវិន័យដែលគេចង់ឲ្យអ្នកផ្សេងកាន់តាម ប៉ុន្តែពួកគេមិនអាចនឹងប្រព្រឹត្តតាមអ្វីដែលគេបានបង្រៀនហើយមិនអាចនឹងជួយអ្នកផ្សេងទៀតឲ្យធ្វើការនោះបានឡើយ។ ពាក្យដែលប្រើសម្រាប់ “ចង” (δεσμεύουσιν) ត្រូវបានប្រើសម្រាប់ ការដាក់ច្រវ៉ាក់អ្នកទោស (លូកា ៨:២៩; កិច្ចការ ២២:៤) ហើយ “បន្ទុកយ៉ាធ្ងន់” (φορτία) ត្រូវបានប្រើសម្រាប់ពេលដែលមនុស្សដាក់ផ្ទុកអីវ៉ាន់ធ្ងន់លើសត្វអោយដឹក (ម៉ាថាយ ១១:២៨-៣០)។ ចំនុចសំខាន់នោះគឺថាពួកអ្នកដឹកនាំសាសនាមិនមានសេចក្តីស្រឡាញ់ចំពោះមនុស្សនោះឡើយ (លូកា ១១:៤៦; កិច្ចការ ១៥:១០) ប៉ុន្តែបានដាក់បន្ទុកលើគេដោយច្បាប់ជាច្រើនវិញ។ នេះជាភាពខុសគ្នាពី ព្រះយេស៊ូវដែលព្រះអង្គប្រទានឲ្យមានការសម្រាកដល់អស់អ្នកដែលនឿយព្រួយហើយផ្ទុកធ្ងន់ (១១:២៨-៣០)។
គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ គឺគេធ្វើស្លាកធំៗកត់ក្រិត្យវិន័យ នឹងរំយោលអាវគេឲ្យវែងៗ
២៣:៥ សាសនារបស់ពួកអាចារ្យនិងពួកផារិស៊ីគឺប្រៀបដូចជាតួរសំដែងធ្វើការសំដែងសម្រាប់អ្នកផ្សេង ទៀតបានមើល។ ពួកគេត្រូវបានជំរុញដោយបំណងប្រាថ្នាដើម្បីធ្វើអោយមនុស្សស្ងើច (ហើយទទួលបាន ការសាទរ ការកោតសរសើរ និងឲ្យរង្វាន់ទៅគេ) ជាជាងការដែលថ្វាយការសរសើរដល់ព្រះ (ម៉ាថាយ ៦:២, ៥, ១៦)។
ហ្វាយឡេកថឹរី គឺជាហឹបព្រះគម្ពីរគឺជាហឹបស្បែកដែលមានបទគម្ពីរចំនួនបួនពីក្រត្យវិន័យ (និក្ខមនំ ១៣:១-១០, ១៣:១១-១៦; ចោទិយកថា ៦:៤-៩, ១១:១៣-២១) ដែលត្រូវពាក់នៅលើដើមដៃ ឬចងនៅលើថ្ងាសក្នុងការអធិស្ឋាន។ ហឹបព្រះគម្ពីរនោះគឺត្រូវបានប្រើដើម្បីជួយ ដល់មនុស្សដែលពាក់ហឹប ទាំងនោះឲ្យបានសញ្ចឹងគិតពីព្រះពេលដែលគេពាក់។ ប៉ុន្តែពួកអាចារ្យ និងពួកផារិស៊ីបានធ្វើអោយមាន (ហ្វាយឡេកថឹរី) ហឹបព្រះគម្ពីរធំៗដើម្បីទាញចំណាប់អារម្មណ៏ មកលើខ្លួនគេហើយនឹងដើម្បីបង្ហាញ ដល់មនុស្ស! ពួកសាសន៍យូដាទាំងអស់ពាក់ “រំយោល” (ជាជាយពណ៌ ខៀវនៅចុងអាវវែងរបស់គេ) ដើម្បីរំលឹកគេពីក្រឹត្យវិន័យ (ជនគណនា ១៥:៣៧-៤១)។ អ្វីដែលជា បញ្ហានោះគឺពួកអាចារ្យ និងពួកផារិស៊ីបានធ្វើអោយរំយោលពួកគេវែងជាងរំយោលរបស់អ្នកផ្សេងទៀត។
គេគាប់ចិត្តនឹងកន្លែងលេខ១ក្នុងការស៊ីលៀង នឹងកន្លែងដែលមុខគេក្នុងសាលាប្រជុំ ព្រមទាំងគាប់ចិត្តឲ្យមនុស្សគំនាប់ខ្លួននៅទីផ្សារ ហើយឲ្យគេហៅខ្លួនថា លោកគ្រូៗផង
២៣:៦-៧ នៅក្នុងពិធីជប់លៀង ពួកគេអង្គុយកន្លែងកិត្តិយសនៅក្បែរ ម្ចាស់កម្មវិធីដើម្បីអោយពួកគេ អាចបរិភោគអាហារដែលល្អបំផុត។ នៅក្នុងសាលាប្រជុំ ពួកគេអង្គុយនៅកៅអីខាងមុខប្រអប់ ដែលមានក្រាំងក្រឹត្យវិន័យនិងសេចក្តីទំនាយហោរា។ កៅអីនេះបែរមុខទៅរកមនុស្ស។ ពួកគេចូលចិត្តអង្គុយ នៅកន្លែងនេះដោយព្រោះតែមនុស្ស គ្រប់គ្នាអាច នឹងសម្លឹងឃើញពួកគេ។នៅក្នុងថាល់ម៉ាដ (ដែលត្រូវបានបង្កើតឡើងដោយពួកអាចារ្យ) បង្រៀនថាមនុស្ស ទាំងអស់ត្រូវតែឈរនៅក្នុងវត្តមាន របស់អាចារ្យណាមួយ ដូច្នេះហើយ ពួកអាចារ្យអង្គុយ ក្នុងពេលដែលមនុស្ស ផ្សេងទៀតត្រូវតែឈរ។ ពួកគេចង់បានការគោរពពីមនុស្ស ហើយរំពឹងថានឹងត្រូវបានគេហៅថា “រ៉ាប់បាយ” ដែលមានន័យថា “លោកគ្រូខ្ញុំអើយ” ឬ “លោកម្ចាស់ដ៏អស្ចារ្យខ្ញុំអើយ”។ ទាំងអស់នេះបង្ហាញពី បំណងប្រាថ្នា របស់គេចំពោះកេរ្តិ៏ឈ្មោះ និងការគោរយ៉ាងវិសេស។ ព្រះយេស៊ូវបានថ្កោលទោសពួកគេចំពោះ ការចង់បានការគោរពសម្រាប់ខ្លួនគេ ជាជាងសរសើរដំកើងដល់ព្រះដែលពួកគេប្រកាសថាគេបម្រើនោះ។
ប៉ុន្តែ ឯអ្នករាល់គ្នាវិញ មិនត្រូវឲ្យអ្នកដទៃហៅខ្លួនជាលោកគ្រូឡើយ ដ្បិតអ្នករាល់គ្នាមានសាស្តាតែ១ ហើយជាបងប្អូននឹងគ្នាទាំងអស់ ក៏កុំឲ្យហៅអ្នកណាជាឪពុក នៅផែនដីនេះដែរ ដ្បិតមានឪពុកតែ១ប៉ុណ្ណោះ គឺជាព្រះដែលគង់នៅស្ថានសួគ៌
២៣:៨-៩ ព្រះយេស៊ូវបានប្រទាននូវការដាស់តឿនមួយគឺមិនត្រូវធ្វើតាមពួកអាចារ្យនិងពួកផារិស៊ីដែលចង់ ឲ្យគេហៅខ្លួននូវឈ្មោះ (ដូចជា “រ៉ាប់បាយ” ឬ “លោកឪពុក”) ដោយព្រោះតែគេចង់បានកេរ្តិ៍ឈ្មោះ។ បំណងប្រាថ្នាចំពោះកេរ្តិ៍ឈ្មោះ(ជាអ្វីដែលមនុស្សក្នុងពិភពលោកចង់បាន)មិនត្រូវក្លាយជាលក្ខណៈរបស់ពួកអ្នកដើរតាមព្រះយេស៊ូវនោះឡើយ (២០:២៥-២៦)។ តែផ្ទុយទៅវិញ ពួកអ្នកដើរតាមព្រះយេស៊ូវ គួរតែចងចាំថាយើង “ទាំងអស់គ្នាជាបងប្អូននឹងគ្នា”។
ពួកអ្នកជឿទាំងអស់មានភាពស្មើគ្នានៅចំពោះព្រះនេត្រព្រះ។ យើងទាំងអស់គ្នាទទួលបាន សេចក្តីសង្រ្គោះទាំងស្រុងដោយសារព្រះគុណរបស់ព្រះអង្គដើម្បីជាសិរីល្អរបស់ព្រះអង្គ។ ដូច្នេះហើយ យើងត្រូវតែប្រុងប្រយ័ត្នចៀសពីការបង្កើតឲ្យមានមុខដំណែង ឋានៈ ឬក៏ការបែងចែង នៅក្នុងចំណោមពួកអ្នកជឿ (រ៉ូម ៣:២២; ១ កូរិនថូស ១២:១២-១៣; កាឡាទី ៣:២៨; កូឡុស ៣:១១)។ ការនេះមានន័យថាយើងមិនគួរត្រូវបានហៅឈ្មោះណាមួយ ដែលធ្វើឲ្យឡើងខ្ពស់ជាងអ្នកដទៃហើយធ្វើឲ្យ យើងមើលទៅដូចជាអស្ចារ្យចំពោះបងប្អូនយើងនោះឡើយ។
ព្រះយេស៊ូវបាននាំសិស្សរបស់ព្រះអង្គឲ្យបានមានទំនាក់ទំនងជាមួយនឹងព្រះក្នុងនាមជាព្រះវរបិតានៃយើង (ម៉ាថាយ ៦:៩; ១២:៤៨-៥០)។ ព្រះគឺជាព្រះវរបិតាចំពោះអស់អ្នកជឿទាំងអស់គ្នា ហើយព្រះយេស៊ូវគឺជាសាស្តារបស់យើងទាំងអស់គ្នា។ ព្រះយេស៊ូវដាស់តឿនយើងទាំងអស់គ្នាមិនត្រូវ លើកដំកើងអ្នកដឹកនាំ សាសនារបស់យើងឲ្យមានអំណាចខ្ពស់ដល់កម្រិត ដែលពួកគេជំនួសកន្លែង ដែលមានតែព្រះប៉ុណ្ណោះដែលសក្តិសមនោះឡើយ។ (សូមកត់សម្គាល់ថា ព្រះយេស៊ូវមិនមែនហាមឃាត់ កូនណាមួយពីការដែលហៅឪពុកគេថា “លោកឪពុក” នោះឡើយ ប៉ុន្តែការដែលប្រើពាក្យថា “លោកឪពុក” ចំពោះអ្នកដឹកនាំទៅវិញទេ)។
ហើយកុំឲ្យអ្នកណាហៅខ្លួនជាសាស្តាឡើយ ដ្បិតមានសាស្តាតែ១ប៉ុណ្ណោះ គឺជាព្រះគ្រីស្ទ
២៣:១០ ព្រះយេស៊ូវគឺជា “សាស្តា” (καθηγητής) របស់យើង។ ពាក្យនៅក្នុងភាសាក្រិចមានន័យថាគ្រូដ៏ធំបំផុត។ ព្រះយេស៊ូវតែមួយប៉ុណ្ណោះដែលជាគ្រូដ៏ធំបំផុត។ អស់អ្នកដែលមានព័ន្ធកិច្ចបង្រៀននៅក្នុងពួកជំនុំដែលមានការទទួលខុសត្រូវនៅក្នុងការជួយឲ្យមនុស្សបានយល់ពីព្រះបន្ទូលរបស់ព្រះយេស៊ូ វដែលជាសាស្តារបស់យើង (២៨:១៩-២០)។
តែអ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ
២៣:១១ សិស្សរបស់ព្រះយេស៊ូវចង់ធ្វើជាអ្នកធំ (១៨:១) និងចង់បានមុខដំណែងខ្ពង់ខ្ពស់ (២០:២១) នៅក្នុងរាជ្យនគរព្រះអង្គ ហេតុនេះហើយព្រះយេស៊ូវមានបន្ទូលប្រាប់ពួកគេពីរបៀបធ្វើដូច្នោះ។ ពួកគេត្រូវតែ បំរើដល់អ្នកដទៃ។ នៅក្នុងរាជ្យនគរនៃព្រះ ភាពធំឧត្ដមគឺត្រូវបានបង្ហាញដោយការបម្រើអ្នកដទៃ មិនមែនជាការដែលយើងទទួលបាននូវការបំរើផ្គាប់ផ្គុន និងគោរពនោះឡើយ។ សូមមើលចំនុចនៅ ម៉ាថាយ ២០:២៥-២៨។
អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។
២៣:១២ ផ្ទុយពីការស្វែងរកកេរ្តិ៏ឈ្មោះសម្រាប់ខ្លួនគេ សិស្សរបស់ព្រះយេស៊ូវគួរតែបន្ទាបខ្លួន ហើយបំរើអ្នកដទៃ។ ប្រសិនបើយើងព្យាយាមលើកដំកើងខ្លួនយើង ព្រះទ្រង់នឹងបន្ទាបយើងចុះ។ ប៉ុន្តែប្រសិនបើយើងបន្ទាប់ខ្លួនយើងនៅចំពោះព្រះវិញនោះ ព្រះអង្គនឹងដំកើងយើងឡើង (យ៉ូប ២២:២៩; សុភាសិត ២៩:២៣; លូកា ១៤:១១; ១៨:១៤;យ៉ាកុប ៤:៦; ១ ពេត្រុស ៥:៥)។
វេទនា ទាំងប្រាំពីរ
នៅក្នុងបទគម្ពីរនេះព្រះយេស៊ូវបានមានបន្ទូលក្នុងនាមជាហោរាហើយបានប្រកាសពី “ទុក្ខវេទនា” ចំនួនប្រាំពីរលើពួកអាចារ្យនិងពួកផារិស៊ី។ ពាក្យថា “វេទនា” ត្រូវបានប្រើដោយពួកហោរានៅក្នុង ការប្រកាសពីការជំនុំជំះរបស់ព្រះចំពោះអស់អ្នកណាដែលបានប្រព្រឹត្ត និងមានឥរិយាបទទាស់នឹងព្រះ ហើយនឹងបំណងព្រះទ័យព្រះអង្គ។
វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាបិទនគរស្ថានសួគ៌នៅមុខមនុស្ស ខ្លួនអ្នករាល់គ្នាមិនព្រមចូល ហើយក៏មិនបើកដល់អស់អ្នកដែលកំពុងតែចូល ឲ្យគេចូលដែរ
២៣:១៣ វេទនាទីមួយគឺ ដោយព្រោះតែពួកអាចារ្យនិងពួកផារិស៊ីបានធ្វើឲ្យមានការលំបាកដល់ មនុស្សក្នុងការចូលទៅក្នុងនគរនៃព្រះ។ ពួកគេមានការទទួលខុសត្រូវនៅក្នុងការជួយអ្នកដទៃឲ្យបានរស់នៅ តាមព្រះបន្ទូលនៃព្រះ ប៉ុន្តែពួកគេបានបង្រៀនមនុស្សពីទំនៀមទម្លាប់ទៅវិញ នេះហើយជាហេតុផល ដែលបង្ខាំងមនុស្សមិនឲ្យបានស្គាល់បំណងព្រះហឫទ័យព្រះ (ដែលត្រូវបានបើកសំដែងនៅក្នុងព្រះបន្ទូល ព្រះអង្គ)។ពួកគេបាន “បិទនគរស្ថានសួគ៌នៅមុខមនុស្ស” ដោយព្រោះតែគេមិនបានធ្វើអ្វី ដែលត្រឹមត្រូវជាមួយនឹងព្រះ (៥:២០) ហើយពួកគេបាននាំអ្នកផ្សេងទៀតឲ្យវង្វេង ដោយសេចក្តីបង្រៀនរបស់ពួកគេ (១៥:១៤)។ ការនេះបង្ខាំងអស់អ្នកដែលដើរតាមគេពីការធ្វើអ្វី ដែលត្រឹមត្រូវនៅចំពោះព្រះដូចជាគេដែរ។
វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាខំសូត្រធម៌ឲ្យច្រើន ដើម្បីឲ្យបានឆស៊ីផ្ទះពួកមេម៉ាយ ហេតុដូច្នោះ អ្នករាល់គ្នានឹងត្រូវទោសធ្ងន់ជាងទៅទៀត វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដើរជុំជើងទឹក ជើងគោក ដើម្បីនឹងនាំមនុស្សតែម្នាក់ឲ្យចូលកាន់សាសនា តែកាលណាគេចូលកាន់ហើយ នោះអ្នករាល់គ្នាតែងធ្វើឲ្យគេទៅជាគួរធ្លាក់ទៅនរក ជាជាងខ្លួន១ជា២ផង
២៣:១៥ វេទនាទីពីរ គឺដោយព្រោះតែសាសនារបស់ពួកគេបានធ្វើឲ្យមនុស្សកាន់តែអាក្រក់ថែមទៀត មិនមែនឲ្យបានប្រសើរឡើយ។ មនុស្ស “ចូលសាសនា" គឺជាសាសន៍ដទៃដែលបានផ្លាស់ប្រែចូលកាន់ សាសនាសាសន៍យូដា។ ពួកអាចារ្យ និងពួកផារិស៊ីចង់ផ្លាស់ប្រែមនុសឲ្យចូលទៅក្នុងសាសនារបស់ពួកគេ ប៉ុន្តែសេចក្តីបង្រៀនខុសឆ្គងរបស់គេបានធ្វើឲ្យមនុស្សដែលគេបានផ្លាស់ប្រែនោះទៅជា មនុស្សដែលធ្លាក់ ទៅនរក។ ដូច្នេះហើយ ពួកគ្រូបង្រៀនក្លែងក្លាយបានបិទនគរស្ថានសួគ៌នៅចំពោះមុខមនុស្ស ហើយបានបើកស្ថាននរកដល់គេវិញ។
វេទនាដល់អ្នករាល់គ្នា ពួកកង្វាក់ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាថា បើអ្នកណាស្បថនឹងព្រះវិហារ នោះមិនជាអ្វីទេ តែបើស្បថនឹងមាសរបស់ព្រះវិហារ នោះត្រូវជាប់សម្បថខ្លួនហើយ ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ
២៣:១៦-១៧ វេទនាទីបី គឺដោយព្រោះតែពួកគេបានបង្រៀនមនុស្សឲ្យធ្វើសេចក្តីសម្បថខុស។ ពួកអាចារ្យបានបង្កើតឲ្យមានរបៀបរបបនៃការស្បថដ៏ស្មុគស្មាញមួយ ខ្លះក៏បានចងទុកហើយខ្លះទៀត មិនបានចងទុកឡើយ។ ជារបៀបដែលគេនិយាយកុហកតែមើលទៅហាក់បីដូចជាមនុស្សសុចរិត។
ហើយក៏ថា បើអ្នកណាស្បថនឹងអាសនា នោះមិនជាអ្វីទេ តែបើស្បថនឹងដង្វាយនៅលើអាសនា នោះត្រូវជាប់សម្បថខ្លួនហើយ ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង ដង្វាយ ឬអាសនាដែលធ្វើឲ្យដង្វាយនោះបានបរិសុទ្ធ
២៣:១៨-១៩ សូមកត់សម្គាល់ថា ពួកគេឲ្យតម្លៃលើសំភារៈ (មាសហើយនឹងដង្វាយផ្សេងៗ) ហើយមិនឲ្យតម្លៃលើរបស់ខាងព្រលឹងវិញ្ញាណ (ដែលជាព្រះវិហារនិងអាសនា) ជាអ្វីដែលពួកគ្រូក្លែងក្លាយ តែងតែធ្វើ។
ដូច្នេះ អ្នកណាដែលស្បថនឹងអាសនា នោះឈ្មោះថាស្បថនឹងអាសនា ហើយនឹងរបស់ទាំងអស់ដែល នៅលើអាសនានោះ ឯអ្នកណាដែលស្បថនឹងព្រះវិហារ នោះឈ្មោះថាស្បថនឹងព្រះវិហារ ហើយនឹងព្រះដែលគង់នៅក្នុងព្រះវិហារនោះដែរ ហើយអ្នកណាដែលស្បថនឹងស្ថានសួគ៌ នោះឈ្មោះថាស្បថនឹងបល្ល័ង្កនៃព្រះ ហើយនឹងព្រះដែលគង់លើបល្ល័ង្កនោះផង
២៣:២០-២២ ព្រះយេស៊ូវបានបង្ហាញយ៉ាងច្បាស់ថាគ្រប់ទាំងការស្បថទាំងអស់គឺសំខាន់ណាស់។ ប្រសិនបើយើងស្បថ យើងត្រូវតែស្មោះត្រង់ហើយព្យាយាមធ្វើតាមអ្វីដែលយើងបាននិយាយថានឹងធ្វើនោះ ទោះបីជាការនោះលំបាកក៏ដោយ។ ហេតុនេះហើយ វាជាការដែលប្រសើរជាងនៅក្នុងការចៀសចេញពី ការស្បថទាំងឡាយ (៥:៣៣-៣៧)។
វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ នឹងល្ងផង តែបានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យ វិញ ដូចជាសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា នឹងសេចក្ដីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង ឱពួកមនុស្សកង្វាក់ ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាត្រងសុចចេញ តែលេបសត្វអូដ្ឋវិញ
២៣:២៣ វេទនាទីបួនគឺ ដោយព្រោះតែគេបានវៀរបង់ចោលសេចក្តីដ៏សំខាន់ជាងនៅក្នុងក្រិត្យវិន័យ។ ពួកគេបានរាប់អស់ទាំងគ្រឿងទេសដែលតូចបំផុតនៅក្នុងការថ្វាយមួយភាគក្នុងដប់ដល់ព្រះ ប៉ុន្តែគេបានវៀរបង់សេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា នឹងសេចក្ដីជំនឿ ជាចំនុចដ៏សំខាន់ ដែលមានឥទ្ធិពលក្នុងអស់ទាំងក្រិត្យវិន័យ។
២៣:២៤ ព្រះយេស៊ូវបានប្រើប្រយោគយ៉ាងប៉ិនប្រសប់នៅក្នុងការដែលថាគេបានយកចិត្តទុកដាក់ ចំពោះការតូចបំផុតប៉ុន្តែបានរំលងចោលអ្វីដែលសំខាន់វិញ។ នៅក្នុងភាសាអារ៉ាប់ ពាក្យដែលប្រើសម្រាប់ សត្វសុចត្រូវបាននិយាយ “កាលម៉ា” និងសត្វអូដ្ឋត្រូវបាននិយាយ “កាមឡា”។ សត្វទាំងពីរនេះ ត្រូវបានរាប់ថាជាសត្វដែល “មិនស្អាត” (លេវីវិន័យ ១១:៤, ២០, ២៣, ៤២) ហេតុនេះហើយ ពួកសាសន៍យូដាបានចៀសវាងការបរិភោគសត្វទាំងនេះ។ ពួកផារិស៊ីនឹងត្រងទឹក របស់ពួកគេ ដោយប្រើក្រណាត់ដើម្បីប្រាកដថាពួកគេមិនលេបសត្វសុចចូលទៅដោយចៃដន្យ (ដែលជាសត្វដែល មិនស្អាតតូចបំផុត)។ ប៉ុន្តែពួកគេបានរំលងនូវសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា នឹងសេចក្ដីជំនឿ ដែលគឺដូចជាការលេបសត្វអូដ្ឋ ដែលជាសត្វមិនស្អាតដែលធំបំផុតវិញ!
វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាលាងចានលាងថាស តែខាងក្រៅ ឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ នឹងសេចក្ដីហួសខ្នាតទទេ ឱពួកផារិស៊ីកង្វាក់អើយ ចូរលាងចានលាងថាសខាងក្នុងជាមុន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ
២៣:២៥ វេទនាទីប្រាំគឺដោយព្រោះតែគេយកចិត្តទុកដាក់ចំពោះតែការប្រព្រឹត្តតែប៉ុណ្ណោះ ជាជាងអ្វីដែល មាននៅក្នុងចិត្តរបស់គេវិញ។ តើអ្នកណាដែលចង់ផឹកពីពែងដែលបានលាងសំអាតតែពីខាងក្រៅ ប៉ុន្តែនៅខាងក្នុងនៅកខ្វក់? ប៉ុន្តែពួកផារិស៊ីបានរស់នៅហាក់បីដូចជាគេល្អពីខាងក្រៅ ដែលមានភាពសំខាន់ ជាជាងសេចក្តីសុចរិតចេញពីខាងក្នុងមក។
២៣:២៦ ចិត្តគឺជាប្រភពនៃគុណតម្លៃ គំនិត ការជំរុញ និងការប្រព្រឹត្តរបស់មនុស្សម្នាក់។ ប៉ុន្តែពួកអាចារ្យនិងពួកផារិស៊ីយកចិត្តទុកដាក់ចំពោះតែការប្រព្រឹត្តតែប៉ុណ្ណោះ។ ព្រះយេស៊ូវមិនបានមាន បន្ទូលថា យើងត្រូវតែជ្រើសរើសអ្នកដែលសុចរិតខាងក្រៅ (ដែលជាការប្រព្រឹត្ត) ឬសេចក្តីសុចរិតខាងក្នុង (ដែលជាចិត្តរបស់យើង) នោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គមានបន្ទូលថា យើងត្រូវតែយកចិត្តទុកដាក់ទាំងពីរចំនុច ប៉ុន្តែយកចិត្តទុកដាក់ពីខាងក្នុងមុនដំបូងបង្អស់។ សេចក្តីសុចរិតដ៏ពិតប្រាកដចាប់ផ្តើមពីខាងក្នុងមក។ ពេលដែលចិត្តរបស់មនុស្សម្នាក់ស្អាតនោះ ការប្រព្រឹត្តរបស់គាត់ក៏នឹងបានស្អាតដូចគ្នាដែរ។
វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច នឹងសេចក្ដីស្មោកគ្រោកគ្រប់មុខវិញ អ្នករាល់គ្នាក៏បែបដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្ដីកំពុត នឹងសេចក្ដីទទឹងច្បាប់ទទេ
២៣:២៧-២៨ វេទនាទីប្រាំមួយគឺដោយព្រោះតែពួកគេបានស្លាប់ពីខាងក្នុងមក។ ពួកសាសន៍យូដាលាបថ្នាំពណ៌លើផ្នូរ របស់ឰយុកោរបស់គេពណ៌សដោយព្រោះតែមើលទៅស្អាត។ ពួកអ្នកដឹកនាំសាសនាគឺប្រៀបដូចជាផ្នូរដែលបានលាបពណ៌យ៉ាងនោះដែរ។ពួកគេមើលទៅល្អនៅខាងក្រៅ ប៉ុន្តែបានស្លាប់នៅខាងក្នុងវិញ។
សាកសពនិងឆ្អឹងខ្មោចត្រូវបានរាប់ថាមិនស្អាតដោយពួកសាសន៍យូដា ហេតុនេះហើយ ប្រសិនបើ មនុស្សម្នាក់ប៉ះពាល់របស់ទាំងនេះគេនឹងប្រែទៅជាមិនស្អាតដូចគ្នាដែរ។ ហេតុនេះហើយ ព្រះយេស៊ូវមានបន្ទូលថាពួកអាចារ្យនិងពួកផារិស៊ីមើលទៅហាក់បីដូចជាសុចរិត ប៉ុន្តែពួកគេគឺជាហេតុយ៉ាង ពិតដែលនាំឲ្យមនុស្សទៅជាមិនស្អាតដោយព្រោះតែពុតត្បុតនិងការទទឹងច្បាប់របស់ពួកគេ។
វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាធ្វើម៉ុងពួកហោរា ហើយតាក់តែងផ្នូររបស់ពួកមនុស្សសុចរិត ដោយថា បើយើងបានរស់នៅក្នុងជំនាន់ពួកឰយុកោយើង នោះយើងមិនបានចូលដៃនឹងគាត់ ដើម្បីកំចាយឈាមពួកហោរាទេ ដូច្នេះ អ្នករាល់គ្នាធ្វើជាបន្ទាល់ទាស់នឹងខ្លួនថា អ្នករាល់គ្នាជាកូនរបស់ពួកអ្នកដែលបានសំឡាប់ហោរាទាំងនោះ ឯអ្នករាល់គ្នា ចូរបំពេញរង្វាល់របស់ពួកឰយុកោនៃអ្នករាល់គ្នាចុះ ឱសត្វពស់ ឱពូជពស់វែកអើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន
២៣:២៩-៣៣ វេទនាទីប្រាំពីរនិងចុងក្រោយគឺដោយព្រោះតែពួកគេបានសម្លាប់ពួកហោរា។ ពួកអាចារ្យនិងពួកផារិស៊ីបានតាំងខ្លួនធ្វើដូចជាគោរពដល់ពួកហោរាដោយការសង់ផ្នូរហើយតាក់តែងលើផ្នូររំលឹកដល់ពួកគេ។ ពួកគេថ្លែងថាប្រសិនបើពួកគេបានរស់នៅក្នុងជំនាន់សញ្ញាចាស់នោះពួកគេនឹង មិនសម្លាប់ពួកហោរានោះឡើយ ប៉ុន្តែពេលនេះគេកំពុងតែរៀបគម្រោងដើម្បីធ្វើគតព្រះមែស្ស៊ី (ម៉ាកុស ៣:៦; យ៉ូហាន ១១:៤៧-៥៣)! ហេតុនេះហើយ ពួកគេជា “សត្វពស់” ដូចជាឪពុករបស់ពួកគេដែលជា អារក្សយ៉ាងនោះដែរ (យ៉ូហាន ៨:៤៤) ដែលគេនឹងត្រូវជាប់ទោសនៅក្នុងស្ថាននរកដូចជាវាដែរ។
ដោយហេតុនោះបានជាខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ នឹងពួកអាចារ្យ ឲ្យមកឯអ្នករាល់គ្នាៗនឹងសំឡាប់ ហើយឆ្កាងខ្លះ ក៏វាយខ្លះនឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ហើយធ្វើទុក្ខបៀតបៀនគេ ពីក្រុង១ទៅដល់ក្រុង១
២៣:៣៤ សេចក្តីទំនាយអំពីការបៀតបៀននេះត្រូវបានសម្រេចនៅក្នុងជំនាន់របស់ពួកជំនុំដំបូង ដែលយើងបានអាននៅក្នុងបទគម្ពីរកិច្ចការ។ ដូចជាឪពុករបស់ពួកអាចារ្យនិងពួកផារិស៊ីបានសម្លាប់ ពួកហោរាដែលព្រះបានចាត់មកក្នុងព្រះគម្ពីរសញ្ញាចាស់នោះ ឆាប់ៗនេះពួកអាចារ្យ និងពួកផារិស៊ីនឹងធ្វើគត ហើយបៀតបៀនដល់ពួកអ្នកនាំសាររបស់ព្រះយេស៊ូវ។
ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅផែនដី បានធ្លាក់មកលើអ្នករាល់គ្នាវិញ តាំងពីឈាមរបស់អេបិល ជាអ្នកសុចរិត ដរាបដល់សាការី ជាកូនបារ៉ាគា ដែលអ្នករាល់គ្នាបានសំឡាប់នៅកណ្តាលព្រះវិហារ ហើយនឹងអាសនា
២៣:៣៥ មនុស្សសុចរិតដំបូងបំផុតដែលត្រូវបានសម្លាប់គឺជាអេបិល (លោកុប្បត្តិ ៤:៨-១១)។ សាការីគឺជាមនុស្សចុងក្រោយបង្អស់ដែលត្រូវបានសម្លាប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ (២ របាក្សត្រ ២៤: ២០-២២; សូមចំណាំថាព្រះគម្ពីរ ២ របាក្សត្រ គឺជាបទគម្ពីរចុងក្រោយនៅក្នុងព្រះគម្ពីរភាសាហេប្រឺ)។ ដូច្នេះហើយលោកអេបិលនិងលោកសាការីគឺជាមនុស្សសុចរិតដែលបានស្លាប់មុនគេនិងក្រោយគេបង្អស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់។
ការបៀតបៀនចំពោះអ្នកប្រកាសដែលព្រះយេស៊ូវចាត់ឲ្យចេញទៅ ដោយពួកអាចារ្យនិងពួកផារិស៊ី នឹងបញ្ជាក់ថាពួកគេដូចជាឪពុករបស់ពួកគេដែលបានសម្លាប់ពួកហោរាដែលបានចាត់មកដោយព្រះដែរ (ខ៣០)។ ហេតុនេះហើយ ភាពដឹកនាំនៃសាសនាសាសន៍យូដានឹងមិនត្រឹមតែជាប់ទោសដោយព្រោះព្រះ លោហិតរបស់ព្រះយេស៊ូវ និងអស់អ្នកដែលព្រះអង្គចាត់ឲ្យទៅតែប៉ុណ្ណោះទេ ប៉ុន្តែក៏អាចនឹងត្រូវជាប់ទោស ដោយព្រោះតែឈាមរបស់ពួកហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលត្រូវបានសម្លាប់ដោយឪពុករបស់ពួកគេផងដែរ។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អំពើទាំងនោះនឹងធ្លាក់មកលើមនុស្សដំណនេះវិញ។
២៣:៣៦ ការដាក់ទោសដែលជំនាន់នេះនឹងត្រូវឆ្លងកាត់គឺជាការបំផ្លិចបំផ្លាញក្រុងយេរូសាឡិមនៅក្នុងឆ្នាំ ៧០ គ,ស។
ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ ឯងដែលសំឡាប់ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់មកឯឯង តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ
២៣:៣៧ ក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធជាកន្លែងដែលព្រះបើកសំដែងសិរីល្អរបស់ព្រះអង្គ នៅក្នុងព្រះវិហារ បានប្រែក្លាយជាទីក្រុងដែលបានសម្លាប់ហោរារបស់ព្រះវិញ។ មេមាន់ប្រមូលក្រុង កូនមាន់នៅក្រោមស្លាបនៅក្នុងពេលដែលមានគ្រោះថ្នាក់។ ការនេះរៀបរាប់ពីការ ឃុំគ្រងនិងការពារ ដែលព្រះ ទ្រង់សព្វព្រះទ័យនៅក្នុងការប្រទានដល់ប្រជារាស្រ្តរបស់ព្រះអង្គ ប៉ុន្តែគេមិនចង់បានយ៉ាងនោះ ឡើយ។
មើល ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង
២៣:៣៨ ប៉ុន្មានថ្ងៃមុននោះ ព្រះយេស៊ូវបានមានបន្ទូលសំដៅទៅព្រះវិហារថា “ដំណាក់នៃព្រះ វរបិតាខ្ញុំ”(២១:១៣)។ប៉ុន្តែពេលនេះ ព្រះអង្គសំដៅថា “ផ្ទះឯង” ។ហេតុអ្វី?ដោយព្រោះតែព្រះវិហារនឹងត្រូវ “ទុកចោលស្ងាត់” វិញ ដែលមិនមែនគ្រាន់តែត្រូវបានបំផ្លាញតែប៉ុណ្ណោះទេ (២៤:២) ប៉ុន្តែនឹងត្រូវបោះបង់ចោលដោយព្រះជាម្ចាស់វិញ។ ព្រះវិហារគឺជានិមិត្តសញ្ញានៃទំនាក់ទំនងរបស់ ព្រះជាម្ចាស់ជាមួយនឹងប្រជារាស្រ្តរបស់ព្រះអង្គ គឺអ៊ីស្រាអែល។ ពេលដែលមនុស្សបដិសេធ ព្រះរាជបុត្រានៃព្រះ ទំនាក់ទំនងត្រូវបានខូច ហើយព្រះបានបោះបង់ចោលព្រះវិហារ។
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ដរាបដល់កាលណាអ្នករាល់គ្នានិយាយថា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ។
២៣:៣៩ នេះគឺជាការដកស្រង់ចេញពី ទំនុកដំកើង ១១៨:២៦-២៧ ដែលហ្វូងមនុស្សមកពីស្រុកកាលីឡេបានស្រែកឡើង ពេលដែលព្រះយេស៊ូវយាងចូលក្នុងក្រុងយេរូសាឡិម ដើម្បីប្រកាសថាពីព្រះអង្គថាជា ព្រះមែស្ស៊ី (២១:៩)។ មានតែពេលដែលក្រុងយេរូសាឡិម ត្រៀមខ្លួននៅក្នុងការស្វាគមន៍ព្រះអង្គក្នុងនាមជាព្រះមែស្ស៊ីរបស់គេតែប៉ុណ្ណោះដែលពួកគេអាចសង្ឃឹមថា នឹងបានឃើញព្រះយេស៊ូវជាថ្មីទៀត។