top of page

ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ

ក្រោយ​ថ្ងៃ​ឈប់​សំរាក កាល​រៀប​នឹង​ចូល​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នឹង​ម៉ារា​១​ទៀត ក៏​នាំ​គ្នា​ទៅ​មើល​ផ្នូរ 

 

២៨:១ ឱកាស​ដំបូង​នៅក្នុងការវិលត្រឡប់មកឯផ្នូរដើម្បីអប់សពព្រះយេស៊ូវគឺនៅព្រឹកព្រលឹមនៅព្រឹក ថ្ងៃអាទិត្យ។​

 

នោះ​មាន​កក្រើក​ដី​ជា​ខ្លាំង ដ្បិត​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ ចុះ​ពី​លើ​មេឃ​មក​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ ហើយ​ក៏​អង្គុយ​លើ 

 

២៨:២ ​ទេវតា​បានមកប្រមៀលថ្មចេញដើម្បីឲ្យស្រ្តីទាំងនោះបានឃើញថាផ្នូរនោះនៅទទេ។​ 

សណ្ឋាន​របស់​ទេវតា​នោះ​ដូច​ផ្លេក‌បន្ទោរ ហើយ​សំលៀក‌បំពាក់​ក៏​ស‌ស្គុស​ដូច​ហិមៈ ពួក​យាម​ល្បាត​ក៏​ញ័រ​រន្ធត់ ដោយ​ភ័យ​ខ្លាច​ទេវតា ហើយ​ត្រឡប់​ដូច​ជា​មនុស្ស​ស្លាប់ 

 

២៨:៣-៤​ សណ្ឋានដែលពេញដោយពន្លឺ ហើយនឹងសិរីល្អរបស់ទេវតាបានធ្វើឲ្យពួកអ្នកយាមមាន ការភ័យខ្លាច ហើយពួកគេបានដួលសន្លប់ (វិវរណៈ ១:១៧)។​

 

តែ​ទេវតា​និយាយ​នឹង​ស្ត្រី​២​នាក់​ថា កុំ​ឲ្យ​ភ័យ​អី ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះ‌យេស៊ូវ​ដែល​ត្រូវ​ឆ្កាង តែ​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ 

 

២៨:៥-៦ ​ពាក្យថាទេវតា មានន័យថា “អ្នកនាំសារ” ​ហើយសារ ដែលទេវតានេះនាំមកប្រកាសនោះគឺជា ដំណឹងដែលវិសេសជាទីបំផុតនៅក្នុងប្រវត្តិសាស្រ្តគ្រប់ទាំងអស់។ ព្រះយេស៊ូវត្រូវបានប្រោសឲ្យរស់ពីសុគត ឡើងវិញដោយព្រះ ដូចដែលព្រះអង្គបានមានបន្ទូលរួចថាព្រះអង្គនឹងត្រូវប្រោសឲ្យរស់ពីសុគតឡើងវិញ (១៦:២១; ១៧:៩, ១៧:២៣; ២០:១៩; ២៦:៣២)។

​ 

ការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតដែលមាននៅក្នុងពិភពលោក។​ ការរស់ពីសុគតឡើងវិញបង្ហាញយើងថា: ​

  • ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ (រ៉ូម ១:១-៤)

  • អំពើបាបរបស់យើងអាចទទួលបានការអត់ទោសដោយព្រោះតែព្រះជាម្ចាស់បានទទួលយញ្ញបូជារបស់ ព្រះយេស៊ូវ (ហេព្រើរ ១០:១២-១៤)

  • ព្រះយេស៊ូវទទួលបានជ័យជំនះលើសេចក្តីស្លាប់ (កិច្ចការ ២:២៤; រ៉ូម ៦:៩, ២​ធីម៉ូថេ ១:១០)

  • ព្រះយេស៊ូវមានព្រះជន្មរស់ជា​រៀង​រហូត  (វិវរណៈ១:១៧-១៨) 

  • យើងអាចរស់នៅអស់កល្បជានិច្ចនៅក្នុងព្រះគ្រីស្ទ (រ៉ូម ៨:១១; ១ កូរិនថូស ៦:១៤, ១ យ៉ូហាន ៥:១១-១២;​យ៉ូហាន ១១:២៥-២៦)។​

 

ព្រះយេស៊ូវមានព្រះជន្មរស់! ម្សិលម៉ិញ ថ្ងៃនេះ និងជារៀងរហូត។​ ការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ គឺជា ជ័យជំនះដ៏អស្ចារ្យលើអំពើបាប សេចក្តីស្លាប់ សាតាំង និងសេចក្តីអាក្រក់។ ​យើងមិនចាំ​បាច់​មាន ការភ័យខ្លាច ចំពោះសេចក្តីស្លាប់នោះឡើយ ឬមិនដឹងច្បាស់ថានឹងមានអ្វីកើតឡើងបន្ទាប់ពីយើងស្លាប់ ទៅនោះឡើយ។ ដោយព្រោះតែព្រះយេស៊ូវ យើងអាចចូលទៅក្នុងរាជនគរនៃព្រះជាម្ចាស់ក្នុងពេលនេះ រស់នៅក្នុងជីវិតដែល ព្រះទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅដោយព្រះវិញ្ញាណរបស់ព្រះអង្គ ហើយរីករាយក្នុងជីវិតអស់កល្បជានិច្ច ជាមួយនឹងព្រះជារៀងរហូត។ ពួកសិស្សបានយល់ពីសេចក្តីពិត ទាំងនេះ ហើយការនេះបានផ្លាស់ប្រែពួកគេ ពីមនុស្សដែលភ័យខ្លាចទៅជាសាក្សីដ៏មានអំណាច ដែលនាំយកដំណឹងល្អទៅពាសពេញពិភពលោក។​

 

ព្រះយេស៊ូវត្រូវបានប្រោសអោយរស់នៅថ្ងៃនៃផលផ្លែដំបូង ជាពិធីទីបីនៅក្នុងឆ្នាំនិមួយៗ ដែលត្រូវបានប្រារព្ធពី ការប្រទានពររបស់ព្រះជាម្ចាស់សម្រាប់ជីវិតថ្មីនៅក្នុងពេលដែលផលផ្លែដំបូង បំផុតនៅក្នុងរដូវថ្មីបានលេចពន្លកឡើង។ ​ដូចដែលព្រះយេស៊ូវបានសម្រេចកន្លែងនៃកូនចៀមនៃពិធីបុណ្យរំលងយ៉ាងល្អឥតខ្ចោះនោះ ព្រះអង្គ បានសម្រេចនូវតួនាទីនៃ “ផលផ្លែដំបូង” ​នៃការបង្កើតថ្មី។ ​ព្រះអង្គគឺជាមនុស្សដំបូងបង្អស់ដែលបានយកឈ្នះ សេចក្តីស្លាប់ហើយទទួលបានជីវិតថ្មីជាមួយនឹងរូបកាយនៃការរស់ឡើងវិញ។ ​ដោយព្រោះតែព្រះយេស៊ូវរស់ពី សុគតឡើងវិញ អស់អ្នកដែលជឿនឹងរស់ឡើងវិញដូចគ្នាដែរ។​ ព្រោះ ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់ ​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ តែ​គ្រប់​គ្នា ​តាម​លំដាប់​រៀង​ខ្លួន គឺ​ព្រះ‌គ្រីស្ទ​ជា​ផល​ដំបូង រួច​ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ ក្នុង​កាល​ដែល​ទ្រង់​យាង​មក (១ កូរិន‌ថូស ១៥:២២-២៣)

 

ដើម្បីរស់ឡើងវិញគឺត្រូវបានប្រោសឱ្យមានជីវិតរស់ពីស្លាប់ជាមួយរូបកាយដែលមានសិរីរុងរឿងថ្មី មិនស្លាប់ទៀតឡើយ។ មានតែមួយអង្គគត់នៅក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោកនេះ ដែលត្រូវបានប្រោស ឱ្យមានព្រះជន្មរស់ឡើងវិញគឺ ព្រះយេស៊ូវ។ ព្រះអង្គគឺជាភ័ស្តុតាងបញ្ជាក់ថាការរស់ឡើងវិញពិតជា អាចកើតឡើងបាន (១ កូរិន‌ថូស ១៥:១២)។ ពួកអ្នកជឿទាំងអស់នឹងបានរស់ពីស្លាប់ឡើងវិញពេល ដែលព្រះអង្គយាងត្រឡប់មកវិញជាលើកទីពីរ ដូចដែលព្រះអង្គបានសន្យា​ (យ៉ូហាន ៦:៣៩-៤០, ៦:៤៤, ៦:៥៤, ១១:២៥-២៦)។​

រួច​ទៅ​ឲ្យ​ឆាប់ ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ មើល ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នាៗ​នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ នែ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ

 

២៨:៧ ពួកស្ត្រីទាំងនោះត្រូវបានប្រាប់អោយទៅប្រាប់ដំណឹងដល់ពួកសិស្សថាពួកគេនឹងបានឃើញ ព្រះយេស៊ូវនៅកាលីឡេដូចដែលព្រះអង្គបានមានបន្ទូល (១៤:២៨)។ 

 

ស្ត្រី​២​នាក់​នោះ​ក៏​ដើរ​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់​ទាំង​ភ័យ ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ផង ក៏​រត់​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់ 

 

២៨:៨ ពួកស្រ្តីទាំងនោះបានរត់យ៉ាងប្រញាប់ទៅប្រាប់ដល់អ្នកផ្សេងទៀតពីដំណឹងល្អនោះ។​ ដូចគ្នានេះដែរ ពួកអ្នកជឿក្នុងពេលបច្ចុប្បន្នត្រូវតែចេញទៅប្រាប់ដល់មនុស្សពីដំណឹងល្អដែលថា ព្រះយេស៊ូវបានយកឈ្នះ សេចក្តីស្លាប់ហើយ។​ 

តែ​កាល​នាង​កំពុង​តែ​ទៅ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ជួប​នឹង​នាង មាន​បន្ទូល​ថា ជំរាប​សួរ រួច​អ្នក​ទាំង​២​ក៏​ចូល​ទៅ​ឱប​ព្រះ‌បាទ​ថ្វាយ‌បង្គំ​ទ្រង់ 

 

២៨:៩ កាលពួកស្រ្តីបានរត់ទៅប្រាប់ដល់​ពួក​សិស្ស​ពីការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវនោះ ព្រះយេស៊ូវបានជួបនឹងពួកគាត់។ ព្រះអង្គបានជំរាបសួរដល់ពួកគេជាមួយនឹងពាក្យដែលមានន័យថា “អរ​សប្បាយ” (χαίρω)។ វត្តមានរបស់ព្រះយេស៊ូវបានប្រែសេចក្តីភ័យខ្លាចរបស់ពួកគេទៅជា ការថ្វាយបង្គំវិញ។ ​ការដែលឱបព្រះបាទាព្រះអង្គគឺជារបៀបនៃការបង្ហាញពីការចុះចូល គោរព និងថ្វាយបង្គំ។ ​ក៏ជាការបង្ហាញថា រូបកាយរស់ឡើងវិញរបស់ព្រះអង្គ គឺ​​រឹង​មាំ ​និង​ពិត  ហើយព្រះអង្គមិនមែនជាខ្មោចឡើយ។​

នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា កុំ​ខ្លាច​អី ចូរ​ទៅ​ប្រាប់​ដល់​បង​ប្អូន​ខ្ញុំ​ផង ឲ្យ​គេ​ទៅ​ឯ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ស្រុក​នោះ​ហើយ។

 

២៨:១០​​ ព្រះយេស៊ូវបានមានបន្ទូលពីពាក្យដែលទេវតាបានប្រកាស​ម្ដង​ទៀត ប៉ុន្តែមានការលំអិតបន្ថែម មួយ។​ ព្រះអង្គហៅសិស្សរបស់ព្រះអង្គថា “បងប្អូនខ្ញុំ” ។​ ពួកគេបានបោះបង់ចោលព្រះអង្គ ហើយបានបដិសេធ ព្រះអង្គ ប៉ុន្តែព្រះអង្គនៅតែស្មោះត្រង់ចំពោះពួកគេ ហើយនៅតែរាប់សិស្ស របស់ព្រះអង្គដូចជាសមាជិកនៃគ្រួសារព្រះអង្គ (១២:៤៩-៥០; ហេព្រើរ ២:១១)។​

 

កាល​នាង​កំពុង​តែ​ទៅ នោះ​ពួក​យាម​ល្បាត​ខ្លះ​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង ជំរាប​ដល់​ពួក​សង្គ្រាជ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក រួច​កាល​អ្នក​ទាំង​នោះ នឹង​ពួក​ចាស់‌ទុំ​បាន​ប្រជុំ ហើយ​ពិគ្រោះ​គ្នា នោះ​គេ​យក​ប្រាក់​ជា​ច្រើន​ទៅ​សូក​ដល់​ពួក​ទាហាន 

 

២៨:១១-១២ ពួកអ្នកយាមល្បាតបាននាំយកដំណឹងទៅប្រាប់ដល់ពួកសំដេចសង្ឃ ដែលសូកប៉ាន់ ពួកគេឲ្យនិយាយកុហក។​

ដោយ​ពាក្យ​ថា ចូរ​ឯង​រាល់​គ្នា​និយាយ​ថា ក្នុង​កាល​ដែល​យើង​ខ្ញុំ​កំពុង​តែ​ដេក​លក់ នោះ​ពួក​សិស្ស​របស់​វា បាន​មក​លួច​យក​ខ្មោច​វា ទាំង​យប់​បាត់​ទៅ​ហើយ 

 

២៨:១៣ ពួកគេបានព្យាយាមលាក់បាំងចំពោះអ្វីដែលបានកើតឡើងដោយពាក្យកុហក ប៉ុន្តែពាក្យកុហករបស់ពួកគេមិនគួរឲ្យជឿនោះឡើយ។​

  • គឺមិនទំនងថាពួកអ្នកយាមទាំងអស់បានដេកលក់ទាំងអស់គ្នាក្នុងពេលតែមួយពេលដែលគេកំពុងមានភារៈកិច្ចយាមនោះឡើយ ពីព្រោះទោសសម្រាប់ការដែលដេកលក់ពេលដែលកំពុងបំពេញភារៈកិច្ច នោះនឹងត្រូវប្រហារជីវិត (កិច្ចការ ១២:១៩)។​

  • វាមិនទំនងទេដែលពួកគេនៅតែដេកលង់លក់ពេល ដែលមានសំលេងរបស់ពួកចោរមួយក្រុមមក ការប្រមៀលថ្មដ៏ធំ ហើយនឹងសែងសាកសព ចេញពីផ្នូរ បាននោះឡើយ។​

  • ប្រសិនបើគេដេកលក់ តើពួកគេបានដឹងដោយរបៀបណាថាជាពួកសិស្សជាអ្នកលួចសព ព្រះអង្គទៅ?​

  • វាមិនទំនងទេថា ពួកសិស្សដែលបានរត់ចេញដោយការភ័យខ្លាចនៅក្នុងសួនច្បារកេតសេមានី កាលពីបីថ្ងៃមុន នឹងសុខចិត្តប្រថុយជីវិតពួកគេដើម្បីនឹងលួចយកសាកសពនោះ។​

  • ពួកសិស្សគ្មាន​ហេតុផលលួចយកសាកសពព្រះអង្គ ហើយការដែលធ្វើពុតថាព្រះយេស៊ូវបានរស់ពី សុគតឡើងវិញ។ ពួកគេមិនទទួលបានប្រយោជន៍អ្វីពីប្រកាសពីការរស់ពីសុគតឡើងវិញរបស់ ព្រះយេស៊ូវ។ ​ តាមការពិតទៅ ពួកគេត្រូវបានបៀតបៀន ហើយត្រូវបានសម្លាប់ដោយសារ​ ការប្រកាសថា ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ។​ ដោយសារសេចក្តីពិតនេះ ពួកគេមិនខ្លាច ស្លាប់ទៀតឡើយ។ ហេតុអ្វី? ពីព្រោះពួកគេដឹងថាអ្នកជឿនឹងត្រូវបានប្រោសឱ្យរស់ឡើងវិញ បន្ទាប់ពីយើងស្លាប់ទៅ។ 

 

បើ​សេចក្ដី​នោះ​ឮ​ទៅ​ដល់​លោក​ចៅហ្វាយ នោះ​យើង​នឹង​ទៅ​ពន្យល់​លោក ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​ទោស 

 

២៨:១៤ ​​​​​​ពួកសំដេចសង្ឃបានសន្យាថា នឹងជួយឲ្យបានរួចពីការដាក់ទោសរបស់លោកពីឡាត់ (ដែលយើងបានឃើញរួចហើយថា ពួកគេក៏មានឥទ្ធិពលលើគាត់ផងដែរ)។​

 

គេ​ទទួល​ប្រាក់​នោះ ហើយ​ក៏​ធ្វើ​តាម​បង្គាប់ បាន​ជា​រឿង​នោះ​ឮ​ខ្ចរ‌ខ្ចាយ ទួទៅ​គ្រប់​ក្នុង​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

 

២៨:១៥ ទំនងជា ​លោកម៉ាថាយបានកត់ត្រាដំណឹងល្អនេះចន្លោះឆ្នាំ គ,ស ៥៥  និង គ,ស ៦៥។ ដូច្នេះហើយ ការកុហកនេះ បានសាយភាយយ៉ាងហោចណាស់ក៏អស់រយៈពេល សាមសិបឆ្នាំមកហើយ ដែរ។ ​ការពិតដែលពួកសង្ឃ បានសម្រេចចិត្តផ្សាយពីការកុហនោះបញ្ជាក់ថាផ្នូរពិតជានៅទទេមែន។ ​សូម្បីតែពួកសត្រូវនៃដំណឹងល្អក៏មិនអាចបដិសេធបានដែរ។​

ឯ​ពួក​សិស្ស​ទាំង​១១​នាក់ គេ​ទៅ​ឯ​ស្រុក​កាលី‌ឡេ ដល់​ភ្នំ​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រាប់ កាល​គេ​ឃើញ​ទ្រង់ នោះ​ក៏​ថ្វាយ‌បង្គំ តែ​មាន​អ្នក​ខ្លះមាន​សេ​ចក្ដី​សង្ស័យ 

 

២៨:១៦-១៧ ព្រះយេស៊ូវបានជួបជាមួយសិស្សព្រះអង្គនៅកាលីឡេដូចដែលព្រះអង្គបានមានបន្ទូល ហើយ។ ​ពួកគេ បានថ្វាយបង្គំព្រះយេស៊ូវ ប៉ុន្តែមានពួកគេខ្លះបាន “សង្ស័យ” (ἐδίστασαν)។ ពាក្យនៅក្នុងភាសាក្រិច សំដៅលើ​ភាពស្ទាក់ស្ទើរ មិនមែនមិនជឿនោះឡើយ។ មានន័យថា មិនច្បាស់លាស់ដោយព្រោះតែ គេមានគំនិតពីរក្នុងពេលតែមួយ។​ ជាពាក្យដូចគ្នាដែលត្រូវបានប្រើ នៅពេលដែលពេត្រុសដើរលើទឹក (១៤:៣១)។ ​លោកពេត្រុស បានសម្លឹងមើលព្រះយេស៊ូវ មានជំនឿ ហើយបានដើរពីលើទឹក។​ ប៉ុន្តែក្រោយមកគាត់បានសម្លឹងមើលទៅរលកសមុទ្រ ហើយមានចិត្តស្ទាក់ស្ទើរ ដោយព្រោះតែគាត់បានគិតថា វាមិនអាចទៅរួចទេ!”។ ពេលនេះ ពួកសិស្សមួយចំនួនក៏មានអារម្មណ៏ ដូចជាលោកពេត្រុស ​ពេល​គាត់​ដើរ​លើ​ទឹក។ ​ពួកគេបានសម្លឹងមើលទៅព្រះយេស៊ូវ ដែលបានរស់ពីសុគតឡើងវិញហើយជឿ ប៉ុន្តែក្រោយមកពួកគេមានចិត្តស្ទាក់ស្ទើរដោយព្រោះតែពួកគេ បានគិតថា “ការនេះមិនអាចទៅរួចទេ”។ ហេតុអ្វី?​ ដោយព្រោះតែគ្មានអ្នកណាម្នាក់បានរស់ឡើងវិញពីមុន មកនោះឡើយ!​

 

ឯ​ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​មាន​បន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​លើ​ផែនដី​ផង 

 

២៨:១៨ ក្នុងគ្រាដែលទ្រង់គង់នៅលើផែនដី ព្រះយេស៊ូវបានបង្ហាញពីសិទ្ធិអំណាចព្រះអង្គនៅក្នុង ព្រះបន្ទូល ហើយនឹងការប្រព្រឹត្តរបស់ព្រះអង្គ។​ ពេលនេះ បេសកកម្មរបស់ព្រះអង្គបានសម្រេចហើយ ព្រះអង្គត្រូវបានលើកដំកើងដោយព្រះលើអស់ទាំងរបស់ដែលបានបង្កើតមកទាំងប៉ុន្មាន (ភីលីព ២:៩–១១) ហើយគ្រប់ទាំងសិទ្ធិអំណាចនៅក្នុងស្ថានសួគ៌ និងលើផែនដី ត្រូវបានប្រទានមកព្រះអង្គ (ម៉ាថាយ ១១:២៧; យ៉ូហាន ៣:៣៥; ១៣:៣; អេភេសូរ ១:២០-២២; កូល៉ុស ១:១៦-១៩; ២:១០; ពេត្រុសទី១ ៣:២២)។។​

ដូច្នេះ ចូរ​ទៅ​បញ្ចុះ‌បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ ដោយ​នូវ​ព្រះ‌នាម​ព្រះវរ‌បិតា ព្រះ‌រាជ‌បុត្រា នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ

 

២៨:១៩ ដោយព្រោះតែសិទ្ធិអំណាចនេះ ព្រះយេស៊ូវមានសិទ្ធិនៅក្នុងការបង្គាប់ឲ្យអ្នកដើរតាមព្រះអង្គ ចេញទៅ ​ហើយព្រះអង្គមានព្រះចេស្តានៅក្នុងការជួយពួកគេឲ្យធ្វើតាមអ្វីដែលព្រះអង្គបានបង្គាប់។  យើងអាចចេញទៅជាមួយនឹងទំនុកចិត្តដោយព្រោះតែយើងបានដឹងថា ព្រះអម្ចាស់របស់យើងមាន អធិបតេយ្យដ៏ដាច់ស្រេចលើគ្រប់ទាំងអស់ ទាំងនៅស្ថានសួគ៌និងនៅលើផែនដី។​

នៅលើមូលដ្ឋាននៃសិទ្ធិអំណាចរបស់ព្រះអង្គ សិស្សរបស់ព្រះយេស៊ូវត្រូវបានចាត់ឲ្យចេញទៅ “បង្កើតសិស្ស”។ ការដែល “បង្កើតសិស្ស” ​គឺជាការដែលនាំឲ្យមនុស្សមកឯព្រះយេស៊ូវ ក្នុងនាមជាព្រះអម្ចាស់របស់គេ។ ​សិស្សរបស់ព្រះយេស៊ូវម្នាក់ៗស្គាល់ព្រះអង្គ ចុះចូលចំពោះព្រះអង្គ ហើយធ្វើតាមព្រះអង្គ។​ យើងបានជោគជ័យក្នុងការធ្វើឲ្យអ្នកណាម្នាក់ប្រែក្លាយជាសិស្សរបស់ព្រះយេស៊ូវ ពេលដែលពួកគេបានស្តាប់ឮ ស្តាប់តាម ហើយធ្វើតាមព្រះយេស៊ូវ (១២:៤៦-៥០; យ៉ូហាន ១០:២៧-២៨)។​

 

ការដែល​បង្កើត​ឲ្យ​មាន​សិស្ស​មានបីចំនុច៖ ចេញទៅ ធ្វើពិធីជ្រមុជទឹកឲ្យ និងបង្រៀន។​

 

ចេញទៅ: បេសកកម្មដែលព្រះយេស៊ូវប្រទានទៅឲ្យពួកសិស្សព្រះអង្គគឺចេញទៅគ្រប់ទាំងសាសន៍។ ​វា​គឺ​ដោយព្រោះតែគ្រប់ទាំងសិទ្ធិអំណាចនៅលើផែនដីត្រូវបានប្រទានឲ្យព្រះយេស៊ូវ ដែលព្រះអង្គចាត់ឲ្យ យើងចេញទៅ “គ្រប់ទាំងសាសន៍”។ ពេលដែលយើងចេញទៅ យើងគួរតែចងចាំថាព្រះអង្គចាត់ឲ្យយើង ចេញទៅកន្លែងដែលព្រះអង្គមានសិទ្ធិអំណាច។​ គ្មានកន្លែងណាមួយនៅលើផែនដីដែលព្រះយេស៊ូវមិនមាន សិទ្ធិអំណាចនោះឡើយ។​ 

 

ព្រះយេស៊ូវចាត់ឲ្យយើងទៅប្រកាសដំណឹងល្អ នៅពាសពេញពិភពលោក។​ ទំហំនៃវាលបេសកកម្មរបស់យើង (ផែនដីទាំងមូល!) ត្រូវគ្នាជាមួយនឹងសិទ្ធិអំណាចដ៏គ្មាន ដែនកំណត់របស់ទ្រង់នៅលើផែនដីនេះ។ ដូច្នេះហើយ មហាបេសកកម្ម មិនមែនអាស្រ័យទៅសមត្ថភាពដ៏អស្ចារ្យរបស់យើងទេ តែទៅលើអំណាចដ៏អស្ចារ្យរបស់ទ្រង់វិញ។​ មនុស្សគ្រប់ជាតិ សាសន៍ទាំងអស់ត្រូវផ្តល់ឳកាសឲ្យបានប្រែក្លាជាសិស្សរបស់ព្រះយេស៊ូវ។ ព្រះបានសន្យាថា តាមរយៈលោកអ័ប្រាហាំគ្រប់គ្រួសារទាំងអស់នៅលើផែនដីនឹង បានព្រះពរហើយពេលនេះកំពុងតែ បានសម្រេចហើយ (លោកុប្បត្តិ ១២:៣)!

 

ពិធីជ្រមុជទឹក: មនុស្សទទួលពិធីជ្រមុជទឹកជាសញ្ញាបង្ហាញពីសេចក្តីជំនឿចំពោះអ្វីដែលព្រះយេស៊ូវបានធ្វើ សម្រាប់គេ។ ​ពិធីជ្រមុជទឹកគឺជានិមិត្តសញ្ញានៃការស្លាប់នៅក្នុងជីវិតចាស់ដែលបដិសេធព្រះ ហើយរស់ឡើងវិញនៅក្នុងជីវិតថ្មី ក្នុងព្រះគ្រីស្ទ។ តាមរយៈពិធីជ្រមុជទឹក សិស្សថ្មីបង្ហាញថា ពួកគេបានរួបរួមជាមួយនឹងព្រះយេស៊ូវ នៅក្នុង ការសុគតរបស់ព្រះអង្គ  ត្រូវបានកប់របស់ព្រះអង្គ និងការរស់ពីសុគតឡើងរបស់ព្រះអង្គវិញ ហើយប្រកាសជាសាធារណៈថា ពេលនេះគាត់បានប្រែ ជាសិស្សរបស់ព្រះយេស៊ូវពេញមួយជីវិតហើយ។​ 

 

អស់អ្នកដែលបានប្រែក្លាយជាសិស្សបានទទួលជ្រមុជទឹក “ដោយ​នូវ​ព្រះ‌នាម​ព្រះវរ‌បិតា ព្រះ‌រាជ‌បុត្រា នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ”។ មាន “ព្រះនាម”​ តែមួយប៉ុណ្ណោះ (ὄνομα ពាក្យនៅក្នុង ភាសាក្រិចគឺជា ឯកវចនៈមិនមែនជាពហុវចនៈទេ)។​ ការនេះបង្ហាញសេចក្តីរួបរួមនៃភាពជាព្រះទាំងបីអង្គ។ ចំនុចសំខាន់នៃភាពជាសិស្សគឺត្រូវឲ្យបានស្គាល់ព្រះនៅក្នុងភាពជាព្រះទាំងបីព្រះអង្គនេះ។  គ្រីស្ទានស្គាល់ ហើយ ស្រឡាញ់ព្រះក្នុងនាមជាព្រះវរបិតារបស់យើង ព្រះយេស៊ូវជាព្រះអម្ចាស់របស់យើង ហើយនឹង ព្រះវិញ្ញាណបរិសុទ្ធជាព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​របស់យើង។​​

 

ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។:៚

 

២៨:២០ បង្រៀន: គ្រប់គ្នាដែលបានស្តាប់ឮដំណឹងល្អហើយបានឆ្លើយតបដោយការជឿលើព្រះយេស៊ូវ ត្រូវតែបានទទួលសេចក្តីបង្រៀនពី របៀបកាន់​តាមគ្រប់យ៉ាងដែលព្រះអង្គបានបង្គាប់មក (កិច្ចការ ២:៤៤; ៤:៣២; ៥:១៤; ៦:១, ៧; ១១:២៦)។ ពួកសិស្សមិន​ត្រឹម​តែ​ត្រូវ​បាន​បង្រៀន​ពី​អ្វី​ដែល​ត្រូវ​ជឿ​ប៉ុណ្ណោះ​ទេ ប៉ុន្តែពី​របៀប​ដែល​ត្រូវស្តាប់បង្គាប់ផងដែរ។ 

 

ការដែលធ្វើជាសិស្សម្នាក់របស់ព្រះយេស៊ូវគឺត្រូវ​កាន់​តាម​សេចក្តីបង្រៀនរបស់ព្រះអង្គ។ ត្រូវធ្វើតាមអ្វីដែលព្រះអម្ចាស់បានមានបន្ទូល។​ ប្រសិនបើយើងមិនធ្វើដូច្នេះទេ យើងមិនមែនជាសិស្សរបស់ ព្រះអង្គពិតប្រាកដនោះឡើយ (៧:២៤-២៧)។ ភាពជាសិស្សគឺជាការដែលឲ្យបានប្រែក្លាយដូចជា ព្រះយេស៊ូវដោយការស្តាប់តាមព្រះបន្ទូលព្រះអង្គ។ ហេតុនេះហើយ ពួកអ្នកបង្កើតសិស្សមាន ការទទួលខុសត្រូវនៅក្នុងការបង្រៀនពីសេចក្តីទាំងប៉ុន្មានដែលព្រះយេស៊ូវបានបង្គាប់ដល់អស់អ្នកដែលត្រូវបានជ្រើសរើសឲ្យបានធ្វើជាសិស្សរបស់ព្រះអង្គ។ ពាក្យដែលបកប្រែមកថា “កាន់តាម” (τηρέω) ក៏មានន័យថា “រក្សាទុក ថែរក្សា ឬការពារ”។ ​ការនេះមានន័យថាយើងមិនផ្លាស់ប្តូរសេចក្តីបង្រៀនរបស់ ព្រះអង្គដើម្បីតម្រូវជាមួយនឹងគុណតម្លៃតាមជំនាន់ឬវប្បធម៌ណាមួយនោះឡើយ។​ ផ្ទុយទៅវិញ យើងការពារ ថែរក្សាហើយនឹងរក្សាទុកនូវសេចក្តីបង្រៀនរបស់ព្រះអង្គដើម្បីឲ្យយើងអាចនឹងផ្តល់បន្តទៅឲ្យជំនាន់ក្រោយទៀតយ៉ាងត្រឹមត្រូវ និងស្មោះត្រង់។​

 

ដំណឹងល្អម៉ាថាយបញ្ចប់ជាមួយនឹងសេចក្តីសន្យារបស់ព្រះយេស៊ូវដែលថា ព្រះអង្គនឹងគង់នៅជាមួយយើង  ក្នុងពេលដែលយើងធ្វើបេសកកម្មដែលព្រះអង្គបានប្រទានមកឲ្យយើង។ ​ព្រះយេស៊ូវត្រូវបានហៅថា​ អេម៉ាញូអែល (ដែល​ប្រែ​ថា ព្រះ‌អង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ) ពេលដែលព្រះអង្គប្រសូត្រ (១:២៣) ហើយព្រះអង្គបានសន្យាថានឹងគង់នៅជាមួយយើងអស់កល្បជានិច្ច។ យើងធ្វើការថ្វាយព្រះយេស៊ូវ ប៉ុន្តែអ្វីដែលលើសពីនោះ យើងធ្វើការជាមួយនឹងព្រះយេស៊ូវ។ ​យើងដើរតាមព្រះដ៏មានព្រះជន្មរស់ ដែលតែងតែគង់នៅជាមួយយើង។ ព្រះអង្គនៅជាមួយយើង “ដរាប​ដល់​បំផុត​កល្ប ” នៅពេលដែល រាជ្យនគរនៃព្រះនឹងត្រូវបានតាំងឡើងយ៉ាងពេញបរិបូរ៍ពេលដែលព្រះអង្គយាងត្រឡប់មកវិញជាលើកទីពីរ។ ​រហូតដល់ពេលនោះ ព្រះអង្គបានបង្គាប់យើងទាំងអស់គ្នាឲ្យបង្កើតសិស្សនៅគ្រប់ទាំងសាសន៍។ ​ជាមួយនឹងព្រះវត្តមានរបស់ព្រះអង្គហើយនឹងព្រះចេស្តាយើងទាំងអស់គ្នាប្រាកដជាអាចធ្វើបាន!

bottom of page