top of page

លោកយ៉ូហាន-បាទីស្ទ រៀបចំផ្លូវ 

នៅ​គ្រា​នោះ យ៉ូហាន-បាទីស្ទ គាត់​មក​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា កំពុង​តែ​ប្រកាស​ថា ចូរ​ឲ្យ​ប្រែ​ចិត្ត​ចុះ ដ្បិត​នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ 

៣:១ ​នៅក្នុងឆ្នាំ ២៦ គ,ស (រយៈពេលសាមសិបឆ្នាំក្រោយពីព្រឹត្តិការណ៍ដែលមាននៅក្នុងជំពូក ២) នៅពេលដែលលោកយ៉ូហានចេញទៅទីរហោស្ថានស្រុកយូដាដើម្បីអធិប្បាយ។  ​លោកយ៉ូហានគឺជា បងជីដូនមួយរបស់ព្រះយេស៊ូវ។  ​គាត់មានអាយុច្រើនជាងព្រះយេស៊ូវប្រាំមួយខែ (លូកា ១:២៦-៣៦)។  

 

៣:២ សេចក្តីអធិប្បាយរបស់លោកយ៉ូហានគឺជាការហៅមនុស្សអោយបានធ្វើការ “ប្រែចិត្ត”។  ការប្រែចិត្ត (μετανοέω) ​មានន័យថា​ត្រូវ​ “ផ្លាស់ប្តូរគំនិត” ឬ “គិតរបៀបផ្សេងទៀតបន្ទាប់ពីនោះ”។  ​ការប្រែចិត្ត គឺជាការផ្លាស់ប្តូរគំនិតដែលនាំទៅកាន់ការផ្លាស់ប្តូរទិសដៅនៅក្នុងជីវិតអ្នក។  ជំនួសឲ្យការដើរចេញពីព្រះជាម្ចាស់ទៅរកអំពើបាប អ្នកបែរចេញ និងដើរចេញពីអំពើបាបទៅរកព្រះជាម្ចាស់វិញ។ ការនេះកើតឡើងនៅពេល ដែលមនុស្សម្នាក់ទទួលស្គាល់ថាគាត់ជាមនុស្សមានបាប ដឹងថាអំពើបាបរបស់គាត់បានញែកគាត់ចេញ ឆ្ងាយពីព្រះ ហើយបន្ទាប់មកសម្រេចចិត្តថា គាត់ចង់ទទួលបានភាពជិតស្និទ្ធជាមួយនឹងព្រះ ជាជាងដែល គាត់ចង់ធ្វើ​បាប។ ​

 
ពាក្យនៅក្នុងភាសាហេប្រឺសម្រាប់ ប្រែ​ចិត្ត (שׁוּב) ​មានន័យ “វិល​ត្រឡប់​មក”។ ​ការប្រែ​ចិត្តគឺជាការដែល ​ងាក​បែរ​ចេញ​ពីអំពើបាប ហើយវិលមករកព្រះវិញ។  ​គំរូដ៏ល្អមួយនោះគឺជា កូនពៅវង្វេង  (លូកា ១៥)។ គាត់បានចាកចេញពីឪពុករបស់គាត់ហើយបានធ្លាក់ទៅក្នុងការរស់នៅ ដែលពោរពេញដោយអំពើបាប។  ប៉ុន្តែពេលដែលគាត់បានដឹងខ្លួនថាគាត់បានខ្ជះខ្ជាយជីវិតរបស់គាត់នោះ គាត់បាន​ងាក​បែរ​ចេញ​ពីការរស់នៅ ដែលពេញដោយអំពើបាបរបស់គាត់ហើយបានត្រឡប់មករកឪពុករបស់គាត់វិញ។  ​ដូច្នេះហើយ តាមរយៈអធិប្បាយ​អំពី​ការ​ប្រែចិត្ត លោកយ៉ូហាន​កំពុងតែហៅមនុស្សឲ្យមានឥរិយាបទថ្មីមួយចំពោះ ព្រះហើយនឹងអំពើបាប ការវិលត្រឡប់មករកព្រះ ហើយអនុញ្ញាតឲ្យព្រះអង្គផ្លាស់ប្តូររបៀប នៃការរស់នៅរបស់គេ។  ​ហេតុផលសម្រាប់ការដែលត្រូវធ្វើដូច្នេះគឺដោយព្រោះ “នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ”។   ​ អធិប្បាយ​អំពី​ការ​ប្រែចិត្ត

នគរស្ថានសួគ៌គឺជាការសោយរាជ្យរបស់ព្រះ។​  នគរជិតមកដល់ហើយដោយព្រោះតែព្រះមហក្សត្រ បានមកដល់ផែនដីហើយព្រះអង្គរៀបនឹងចាប់ផ្តើមព័ន្ធកិច្ចរបស់ព្រះអង្គហើយ។  ​ប្រសិនបើរាជនគរ ជិតមកដល់ហើយនោះ មានន័យថាយើងត្រូវតែបានត្រៀមខ្លួនជាស្រេ​ចសម្រាប់ការមកដល់ (ម៉ាថាយ ៤:១៧; ១០:៧ ម៉ាកុស ១:១៥; លូកា ១០:៩-១១; ១១:២០; ២១:៣១)។  

រាជនគរត្រូវបានទំនាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ (ដានីយ៉ែល ២:៤៤;  ៧:១៣-១៤;  យេរេមា ២៣:៥-៦)។    រាជនគរ “ជិតដល់”  ពេលដែលព្រះយេស៊ូវយាងមក (ម៉ាថាយ ៣:២; ​៤:១៧; ១០:៧)។  ​ពេ​លនេះ រាជនគរកំពុងតែមានវត្តមានក្នុងអស់អ្នកណាដែលមានព្រះយេស៊ូវគ្រីស្ទ ជាស្តេចដែលសោយរាជ្យនៅក្នុងជីវិតរបស់គេ (លូកា ១៧:២១)។  រាជនគរនឹងត្រូវបានតាំងឡើង យ៉ាងពេញលេញនៅលើផែនដីនៅពេលដែលព្រះយេស៊ូវយាងមកជាលើកទីពីរ ដើម្បីសោយរាជ្យរយៈពេល ១០០០ ឆ្នាំ (វិវរណៈ ២០)។  ក្រោយពេលនេះ រាជនគរនឹង​មាន​ជា​រៀង​រហូត​នៅ​ក្នុង​ផែនដី​ថ្មី (វិវរណៈ ២១ និង ២២)។ 


ប្រយោគដែលថា “នគរស្ថានសួគ៌” គឺមានតែនៅក្នុងដំណឹងល្អម៉ាថាយតែប៉ុណ្ណោះ។  ​ពួកអ្នកកត់ត្រា ដំណឹងល្អផ្សេងទៀតបានប្រើប្រយោគថា​ “នគរនៃព្រះ”។  ​​លោកម៉ាថាយបានកត់ត្រាសម្រាប់ ពួកអ្នកអានសាសន៍យូដាហើយពួកសាសន៍យូដាតែងតែព្យាយាមដោយមិនប្រើពាក្យថា “ព្រះ” ដោយព្រោះតែពួកគេមិនចង់មានគ្រោះថ្នាក់នៅក្នុងការដែលប្រើព្រះនាម ព្រះជាអសារឥតកា។  

 

គឺ​ពី​អ្នក​នេះ​ហើយ​ដែល​ហោរា​អេសាយ​បាន​ទាយ​ថា «មាន​សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ»


៣:៣ បេសកកម្មរបស់លោកយ៉ូហានត្រូវបានចែងនៅក្នុងសេចក្តីទំនាយតាំងពីប្រាំមួយសតវត្សមុនដោយ ហោរាអេសាយ  (អេសាយ ៤០:៣-៥)។  ហោរាអេសាយបានកត់ត្រាអំពី “សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន”។   លោកម៉ាថាយបង្ហាញថា “សម្លេង” នោះដែលបានប្រកាសដោយ ហោរាអេសាយគឺជា លោកយ៉ូហាន បាទីស្ទ។  ​នៅក្នុងសេចក្តីទំនាយរបស់ហោរាអេសាយ សម្លេងដែលថា ចូររៀបចំ “ផ្លូវ​ទទួលព្រះអម្ចាស់” ដែលជា យ៉ាវេហ៍។  ពេលនេះសូមពិចារណា: តើលោកយ៉ូហាន-បាទីស្ទ រៀបចំផ្លូវ​ទទួលអ្នកណា? ​ចម្លើយនោះគឺជាព្រះយេស៊ូវពីស្រុកណាសារ៉ែត។  ​ដោយការដកស្រង់ចេញពី សេចក្តីទំនាយ អេសាយថាបានសម្រេចហើយ លោកម៉ាថាយកំពុងតែបញ្ជាក់ពីលក្ខណៈរបស់ព្រះយេស៊ូវ ជាមួយនឹង ពាក្យថា “ព្រះអម្ចាស់”។  ការដែលបង្ហាញពីលក្ខណៈរបស់ព្រះយេស៊ូវជាមួយនឹងយ៉ាវេហ៍ គឺជា ចំនុចដ៏សំខាន់ជាទីបំផុត។  ​ជាការដែលមានដូចគ្នានៅក្នុងព្រះគម្ពីរសញ្ញាថ្មី  (ដូចជាមាននៅក្នុង និក្ខមនំ ១៣:២១ និង ១ កូរិនថូស ១០:៤;  អេសាយ ៦:១ និងយ៉ូហាន ១២:៤១) ហើយបង្ហាញដល់យើងពី ភាពជាព្រះរបស់ព្រះយេស៊ូវ ដែលព្រះអង្គគឺតែមួយជាមួយនឹងព្រះវរបិតា (យ៉ូហាន ១០:៣០)។  

 

របៀបដែលសម្លេងនោះរៀបចំផ្លូវថ្វាយព្រះអម្ចាស់នោះគឺ “ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ។ ចំនុចនេះរៀបរាប់ អំពីការរៀបចំទីកន្លែងសម្រាប់ការយាងមករបស់ស្តេច។ នៅពេលដែលស្តេចទ្រង់យាងទៅទតទីក្រុង ណាមួយនោះ ពួកពលបរិវាគឺត្រូវបានចាត់ឲ្យទៅជាមុន។ ពួកគេមានភារកិច្ចពីរសម្រាប់ធ្វើ។​ ទីមួយ ពួកគេត្រូវតែប្រាកដថាផ្លូវនោះ មានភាពរៀបរយដើម្បីអោយស្តេចទ្រង់យាងមកឯប្រជារាស្រ្តទ្រង់បាន។ ​ទីពីរ ពួកគេត្រូវធ្វើសេចក្តីប្រកាសថា ព្រះអង្គទ្រង់នឹងយាងមកដើម្បីអោយប្រជារាស្រ្តត្រៀមខ្លួនស្វាគមន៏ព្រះអង្គ។ នៅក្នុងរបៀបដូចគ្នា កិច្ចការរបស់លោកយ៉ូហានគឺជាការហៅមនុស្សឲ្យ​ជម្រះ​រាល់ឧបសគ្គ​ទាំងឡាយ ចេញ​ពី​ជីវិត​របស់​ពួកគេ ដែលអាចជាហេតុដែលបង្ខាំងគេពីការទទួលព្រះអម្ចាស់  ហើយឲ្យបានត្រៀមខ្លួន សម្រាប់ការយាងមកដល់ របស់ព្រះមហាក្សត្រ ដែលព្រះអង្គនឹងនាំយកនគរនៃព្រះមកកាន់ផែនដី។  ​

ឯ​យ៉ូហាន​នេះ គាត់​ពាក់​អាវ​រោម​អូដ្ឋ ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ក៏​មាន​កណ្តូប នឹង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ។  

 

៣:៤ លោកយ៉ូហានបានរស់នៅយ៉ាងសាមញ្ញបំផុតនៅក្នុងទីរហោស្ថាន។ គាត់បានស្លៀកសំលៀកបំពាក់ គ្រើម ដូចជាលោកហោរា អេលីយ៉ាហើយបានបរិភោគកណ្តូបនិងទឹកឃ្មុំ​ព្រៃ​ជា​អាហារ (២ ពង្សា‌វតារ‌ក្សត្រ ១:៨)។ ការរស់នៅដោយការបន្ទាបខ្លួន របស់គាត់ត្រូវជាមួយនឹងសេចក្តីដែលគាត់ប្រកាស។​ អាវរោមអូដ្ឋ គឺជាសម្លៀកបំពាក់ដែលមានតម្លៃថោកជាងគេ។ សត្វកណ្តូបគឺជាប្រភេទសត្វល្អិត ដែលក្រឹត្យវិន័យ អនុញ្ញាតឲ្យមនុស្សអាចបរិភោគបាន (លេវីវិន័យ ១១:២២)។   ​

នោះ​ពួក​ក្រុង​យេរូ‌សាឡិម នឹង​ពួក​ស្រុក​យូដា​ទាំង​អស់ ព្រម​ទាំង​មនុស្ស​ដែល​នៅ​ក្រវល់​ជុំ‌វិញ​ទន្លេ​យ័រដាន់ គេ​ចេញ​មក​ឯ​គាត់ ក៏​លន់‌តួ​បាប ហើយ​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ ក្នុង​ទន្លេ​យ័រដាន់​ទាំង​អស់​គ្នា 

៣:៥ ទីនោះមានចំងាយ ៣០គីឡូម៉ែត្រក្នុងការដើរកាត់ទីរហោស្ថានពីយេរូសាឡិមទៅដល់ទន្លេយ័រដាន់។ ប៉ុន្តែ ពួកហ្វូងមនុស្សបានទៅដោយព្រោះតែគេដឹងថាពួកគេត្រូវការវិលត្រឡប់ទៅរកព្រះវិញ។

៣:៦ ​កិច្ចការរបស់លោកយ៉ូហាននោះគឺត្រូវរៀបចំមនុស្សឲ្យបានត្រៀមខ្លួនទទួលព្រះមែស្ស៊ី ដែលនឹងជួយសង្រ្គោះមនុស្សពីអំពើបាបរបស់ពួកគេ។ (ម៉ាថាយ ១:២១)។  ដូច្នេះហើយ ការដែលត្រៀមខ្លួនជាស្រេចទទួលព្រះអង្គនោះ ការដែលមនុស្សត្រូវធ្វើគឺ:  (១) ទទួលស្គាល់ថា គេជាមនុស្សមានបាប ហើយ (២) ចង់ទទួលបានសេចក្តីសង្រ្គោះពីអំពើបាប។  ដូច្នេះហើយ លោកយ៉ូហាន​បានធ្វើការជ្រមុជទឹកអោយមនុស្សសម្រាប់ការប្រែចិត្តជានិមិត្តសញ្ញានៃការ​ងាក​បែរ​ចេញ​ពី អំពើបាប។  មុនពេលដែលមនុស្សទទួលពិធីជ្រមុជទឹកពួកគេប្រកាស (εξομολογουμενο) ពីអំពើបាបរបស់គេ។  ​ការនេះមានន័យថាពួកគេបាននិយាយដោយឮៗពីអំពើបាបដែលគេបាន ប្រែចិត្តចេញនោះ។  ​

 

តែ​កាល​គាត់​ឃើញ​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ជា​ច្រើន​ដែរ នោះ​ក៏​សួរ​គេ​ថា ឱ​ពូជ​ពស់‌វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ចេញ ពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ 

៣:៧ ​ពួកផារិស៊ីនឹងពួកសាឌូស៊ីគឺជាក្រុមដ៏មានឥទ្ធិពលទាំងពីរក្រុមនៅក្នុងសាសនាសាសន៍យូដា។  ពួកផារិស៊ី (មានន័យថា “ម្នាក់ដែលញែកដោយឡែក”) គឺជាក្រុមមួយដែលមានសមាជិកជាបុរស ប្រមាណ ៦០០០នាក់ដែលបានរស់នៅស្របតាមទំនៀមទម្លាប់ដែលជួនកាលទាស់ជាមួយនឹងព្រះបន្ទូលនៃព្រះ។  ពួកសាឌូស៊ីគឺជាពួកអភិជនដែលមានទ្រព្យសម្បត្តិច្រើនដែលគ្រប់គ្រងព្រះវិហារនៅក្នុងក្រុងយេរូសាឡិម។  ​ពួកគេបានទិញសិទ្ធនៅក្នុងការគ្រប់គ្រងនេះពីរ៉ូម៉ាំងហើយក្រោយមកបានប្រើព្រះវិហារជាកន្លែងជួញដូរដើម្បីបានកម្រៃវិញ។  ​​ពួកអ្នកដឹកនាំ​នៃប្រជារាស្រ្តនៃព្រះ មិនបានដើរតាមព្រះឡើយ ប៉ុន្តែគេធ្វើការអាក្រក់ ដែលហេតុនេះហើយបានជាលោកយ៉ូហានហៅពួកគេថា​”ពូជពស់វែក”។  

យើងបានឃើញនៅក្នុងដំណឹងល្អទាំងអស់ថា ពួកមនុស្សទាំងពីរក្រុមនេះចង់ឲ្យមនុស្សសម្លឹងមើលមក ពួកគេថាជាមនុស្សដែលសុចរិត។  ដូច្នេះហើយ ពួកគេបានទៅចូលរួមជាមួយនឹងហ្វូងមនុស្ស ដែលមក ឯលោកយ៉ូហាន​នោះ ដែលមនុស្សម្នាបានស្គាល់ថាគាត់ជាហោរាម្នាក់របស់ព្រះជាម្ចាស់។  ​ប៉ុន្តែ លោកយ៉ូហានបានដឹងពីបំណងដ៏ពិតរបស់ពួកគេ។  ​គាត់បានស្តីបន្ទោសដល់ពួកអ្នកដឹកនាំ ដែលសំដែងថា ខ្លួនមានបំណងចង់បានព្រះមែស្ស៊ីនោះ ប៉ុន្តែមិនមែនជាការប្រែចិត្តពិតប្រាកដនោះឡើយ។  ដូច្នេះហើយ ពួកគេនឹងទទួលការជំនុំជំរះ  (“សេចក្តីក្រោធដែលនឹងមកដល់”)។  ​ហោរានៅក្នុងព្រះគម្ពី រសញ្ញាចាស់បានបង្ហាញយ៉ាងច្បាស់ថាថ្ងៃនៃព្រះអម្ចាស់នឹង​ជាថ្ងៃនៃការជំនុំជំរះ (អេសេគាល ៧:១៩; សេផានា​១:១៨;  អេម៉ុស ២:៤-៥) ប៉ុន្តែពួកសាសន៍យូដាបានគិតថាសេចក្តីក្រោធរបស់ព្រះនោះ សម្រាប់តែពួកសាសន៍ដទៃតែប៉ុណ្ណោះ។  លោកយ៉ូហានបង្ហាញយ៉ាងច្បាស់ថាគំនិតនោះគឺជាគិតខុស។  មនុស្សទាំងអស់ដែលមិនធ្វើការប្រែចិត្តនឹងត្រូវប្រឈមមុខជាមួយនឹងសេចក្តីជំនុំជំរះ។ 

បើ​យ៉ាង​នេះ ចូរ​អ្នក​រាល់​គ្នា​បង្កើត​ផល​ដែល​សំណំ​នឹង​សេចក្ដី​ប្រែ​ចិត្ត​នោះ​ចុះ

៣:៨  ការប្រែចិត្តពិតប្រាកដគឺជាការផ្លាស់ប្តូរនៅក្នុងចិត្តដែលបង្កើតឲ្យមានការផ្លាស់ប្តូរជីវិត។  ​ដូច្នេះហើយ ការបញ្ជាក់ពីការប្រែចិត្តបានកើតមានឡើងនៅក្នុងជីវិតថ្មីមួយដែលបង្កើតឲ្យមានឥរិយាបទដែលសុចរិត (លូកា ៣:៩-១៤;  កិច្ចការ ២៦:២០) ដូចជាដើមឈើមួយដើមដែលបង្កើតផលផ្លែ។  ​ប៉ុន្តែប្រសិនបើ គ្មានផលផ្លែដែលល្អទេនោះ ការនេះបង្ហាញថាគ្មានការផ្លាស់ប្តូរពិតប្រាកដនៅក្នុងចិត្ត និងនៅក្នុងជីវិត នោះឡើយ ដូច្នេះហើយគឺមិនដែលមានការប្រែចិត្តដែលត្រឹមត្រូវនោះឡើយ។  ផលផ្លែនៃការប្រែចិត្តរួមមាន ទាំងសេចក្តីស្រឡាញ់ថ្មីមួយថ្វាយព្រះជាម្ចាស់ ហើយនឹងសម្រាប់មនុស្ស; ការរីកចំរើននៅក្នុងភាពបរិសុទ្ធ ឥរិយាបទល្អ និងជ័យជំនះលើអំពើបាប; ហើយនឹងសេចក្តីស្រេកឃ្លានចំពោះសេចក្តីអធិស្ឋាន និងព្រះបន្ទូលនៃព្រះ។  ​លោកយ៉ូហានគាត់និយាយថា ពួកអ្នកដឹកនាំសាសនាអ៊ីស្រាអែលត្រូវតែបបង្ហាញ ពីការប្រព្រឹត្តិរបស់ពួកគេថាពួកគេបាន​ងាក​បែរ​ចេញ​ពីអំពើបាបរបស់ពួកគេហើយ។  ​

ហើយ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​ខ្លួន នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ

៣:៩ ពួកគ្រូបង្រៀនសាសន៍យូដាបានបង្រៀនថា ការដែលលោកអ័ប្រាហាំបានធ្វើនោះគ្រប់គ្រាន់ សម្រាប់ជាសេចក្តីសង្រ្គោះដល់សាសន៍យូដាគ្រប់គ្នាហើយ។  ​ពួកគេជឿថាការដែលបានធ្វើជាកូនចៅរបស់ លោកអ័ប្រាហាំនោះ (គឺជាសមាជិកនៃប្រជារាស្រ្តជ្រើសរើសរបស់ព្រះហើយ) ដែលការនោះធ្វើអោយពួកគេ ទទួលបាននូវសុវត្ថិភាពខាងព្រលឹងវិញ្ញាណពីការកាត់ទោស។  ​ប៉ុន្តែកូនរបស់លោកអ័ប្រាហាំពិតប្រាកដ នោះគឺជាពួកអ្នកដែលមានសេចក្តីជំនឿដូចលោកទៅវិញទេ ដោយការដែលជឿលើព្រះដូចដែលលោកបាន ជឿ (រ៉ូម ២:២៨-២៩, ៤:១១-១៦, ៩:៨; កាឡាទី ៣:៧, ៣:២៩)។  ដូច្នេះហើយលោកយ៉ូហាន ដាស់តឿនពួកគេថាគេត្រូវតែប្រែចិត្ត ហើយបង្កើតផលផ្លែ ហើយមិនត្រូវទុកចិត្តលើមរដកនៃសាសន៍ យូដារបស់គេនោះឡើយ។  ​

ប៉ុន្តែ ឥឡូវ​នេះ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​កើត​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើងឮ

៣:១០ ​គ្រាដែលរាជនគរជិតមកដល់ហើយនោះ សេចក្តីជំនុំជំរះក៏ជិតមកដល់ដែរ។  ​ប្រសិនបើមនុស្សមិន ធ្វើការប្រែចិត្តទេនោះ ពួកគេនឹងត្រូវប្រឈមជាមួយនឹងសេចក្តីជំនុំជំរះ។  ពូថៅបានដាក់ដល់គល់របស់ ដើមឈើហើយ (អេសាយ ១០:៣៣-៣៤; យេរេមា ៤៦:២២)។  ការដែលកាប់ដល់គល់នោះបង្ហាញពី ការដកដើមឈើនោះចេញជាលើកចុងក្រោយបង្អស់មានន័យថានឹងត្រូវបំផ្លាញបង់ទៅ។  ​

ឯ​ខ្ញុំ ពិត​មែន​ជា​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ពី​ព្រោះ​មាន​សេចក្ដី​ប្រែ​ចិត្ត តែ​ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​កាន់​សុព័ណ៌‌បាទ​ទ្រង់​ទេ ព្រះ‌អង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ភ្លើង​វិញ 

៣:១១ លោកយ៉ូហានបន្ទាបខ្លួនហើយគាត់បានស្គាល់ពីតួនាទីរបស់គាត់។ នៅពេលដែលភ្ញៀវចូលមក ក្នុងផ្ទះ   វាគឺជាតួនាទីរបស់ទាសករដែលមានឋានៈទាបបំផុតនៅក្នុងការស្រាយខ្សែស្បែកជើងរបស់ភ្ញៀវ។ លោកយ៉ូហាននិយាយថាគាត់មិនសមនឹងធ្វើជាទាសករដ៏ទាបបំផុតរបស់ស្តេចដែលត្រូវយាងមកនោះផង។​  ​ដូចដែលព្រះយេស៊ូវលើសជាងលោកយ៉ូហានយ៉ាងណានោះ ពិធីជ្រមុជដែលព្រះយេស៊ូវប្រទាន មកនោះវិសេសជាងពិធីជ្រមុជដែលលោកយ៉ូហានបានផ្តល់ឲ្យលើសទៅទៀត។  លោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែព្រះយេស៊ូវធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណនឹងភ្លើងវិញ។ ការជ្រមុជទឹករបស់ លោកយ៉ូហានដែលជ្រមុជដោយទឹកបង្ហាញថាមនុស្សចង់​ងាក​បែរ​ចេញ​ពីអំពើបាបរបស់គេ ប៉ុន្តែ ការនោះ មិនអាចផ្តល់អំណាចអោយគេរស់ក្នុងជីវិតថ្មីមួយដែលបរិសុទ្ធបាននោះឡើយ។ ពិធីជ្រមុជទឹករបស់ ព្រះយេស៊ូវជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វីដែលអាចផ្តល់កំណើតថ្មីអោយមនុស្សហើយនឹងអំណាចនៅក្នុងការរស់នៅក្នុងជីវិតបរិសុទ្ធមួយ (យ៉ូហាន​ ៣:៣-៦;កាឡាទី ៥:១៦-២៥)។  ដូច្នេះហើយ ​លោកយ៉ូហានកំពុងតែប្រកាសថានឹងមានការលាងសំអាតដ៏ពិតប្រាកដកើតឡើងមក ដែលខុសពីនិមិត្ត សញ្ញានៃការលាងសំអាតរបស់គាត់ដោយបុណ្យជ្រមុជទឹកនោះ។  

សេចក្តីសន្យាដែលព្រះនឹងធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធមាននៅក្នុងសេចក្តីទំនាយរបស់ ពួកហោរា  (អេសាយ ៣២:១៥,  ៤៤:៣; អេសេគាល ៣៦:២៦-២៧;  ៣៩:២៩, យ៉ូអែល ២:២៨-២៩) ដែលនិយាយពីការចាក់បង្ហូរនៃព្រះវិញ្ញាណបរិសុទ្ធនៃព្រះ។  នេះបានពិពណ៌នាអំពីពេលវេលានៃ ការបន្តធ្វើជាថ្មីខាងព្រលឹងវិញ្ញាណ ដែលនាំទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធ និងស្តាប់បង្គាប់កាន់តែ ច្រើនជាមួយព្រះ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ការនេះត្រូវបានសន្យាថាកា រចាក់បង្ហូរនៃព្រះវិញ្ញាណ ដែលព្រះជាម្ចាស់ទ្រង់នឹងធ្វើដោយព្រះអង្គទ្រង់ផ្ទាល់។  ​ពេលនេះ លោកយ៉ូហាន កំពុងតែប្រកាសថាមួយអង្គដែលកំពុងតែយាងមកនោះដែលព្រះអង្គនឹងធ្វើកិច្ចការនេះ។  ​ម្តងទៀត ព្រះយេស៊ូវត្រូវបានប្រកាសថារួមតែមួយជាមួយនឹងយ៉ាវេហ៍។  ​ 

បុណ្យជ្រមុជដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ភ្លើង​ គឺពិធីជ្រមុជតែមួយ ដែលនឹងសំអាតអោយបាន បរិសុទ្ធ និងការជំនុំជំរះ។  ​ព្រះវិញ្ញាណបរិសុទ្ធនឹងបន្សុទ្ធ​ប្រជារាស្រ្តរបស់ព្រះដូច​ជា​ភ្លើង (អេសេគាល ៣៧: ១៤; កិច្ចការ ២;  ១​ កូរិនថូស ១២:១៣; អេសាយ ៤:៤; សាការី ១៣:៩; ម៉ាឡាគី ៣:២-៣)។  ពួកអ្នកដែលមិនធ្វើការប្រែចិត្តក៏នឹងបានឆ្លងកាត់ភ្លើងដែរ ប៉ុន្តែគឺជាភ្លើងនៃការដាក់ទោសដ៏អស់កល្បជានិច្ច (ខ១២)។  

ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​នឹង​ប្រមូល​ស្រូវ​ទ្រង់ មក​ដាក់​ក្នុង​ជង្រុក តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន​វិញ។  

៣:១២ នៅក្នុងចំរូត ពួកអ្នកចំការប្រើស្ននៅក្នុងការបោះស្រូវសាឡីហើយនឹងអង្កាមឡើងទៅក្នុងខ្យល់។  ខ្យល់នឹងបក់អង្កាមអោយរសាត់ទៅ ហើយស្រូវ (ដែលមានទំងន់ធ្ងន់ជាង)នឹងធ្លាក់ទៅលើដី។  ​ស្រូវនឹងត្រូវបានប្រមូលមកហើយដាក់ក្នុងជង្រុក ប៉ុន្តែអង្កាមនឹងត្រូវបោសសំអាត​ហើយដុតចោលទៅ។  ​ដូចគ្នានេះដែរ ព្រះយេស៊ូវនឹងប្រមូលប្រជារាស្រ្តរបស់ព្រះអង្គ​ (“ស្រូវរបស់ទ្រង់”) (ម៉ាកុស ១៣:២៦-២៧); ប៉ុន្តែពួកអ្នកដែលមិនបានប្រែចិត្ត (“អង្កាម”) នឹងត្រូវចំនុំជំរះដែលជាលទ្ធផលនឹងធ្លាក់ទៅក្នុងស្ថាននរក (ជា “ភ្លើងដែលពន្លត់មិនបាន” ​អេសាយ​៣៤:១០,៦៦:២៤; យេរេមា ៧:២០; ម៉ាថាយ ៥:២៩)។  

បុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ 


នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលី‌ឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ 
 

៣:១៣ ​នៅក្នុងអំឡុងឆ្នាំ ២៦ គ.ស។ លោកយ៉ូហានបានធ្វើការបង្រៀន និងពិធីជ្រមុជទឹកអស់រយៈពេល ​៦ខែ នៅពេលដែលព្រះយេស៊ូវយាងមកពីណាសារ៉ែត ជាស្រុកកំណើតព្រះអង្គ។ ព្រះយេស៊ូវបានយាង ថ្មើរជើងជាង ​១០០ គីឡូម៉ែត្រដើម្បីទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។ ចំនុចនេះបង្ហាញថា ការនេះ សំខាន់យ៉ាងណាចំពោះព្រះអង្គ។

 

តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជពី ​ទ្រង់​វិញ​ទេ​តើ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី ​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ 

៣:១៤ លោកយ៉ូហានមានការស្ទាក់ស្ទើរនៅក្នុងការធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវដោយព្រោះតែ គាត់បានដឹងថា ព្រះយេស៊ូវគ្មានអំពើបាបនោះឡើយ។  ​គាត់បានដឹងថាវាគឺជារឿងត្រឹមត្រូវដែល ព្រះយេស៊ូវធ្វើបុណ្យជ្រមុជអោយគាត់ទៅវិញទេ។  ​

៣:១៥ ព្រះយេស៊ូវមិនត្រូវការជ្រមុជទឹកនោះឡើយដោយព្រោះតែព្រះអង្គឥតមានអំពើបាបនោះឡើយ (ហេព្រើរ ៤:១៥; ១ ពេត្រុស ២:២២; ១ យ៉ូហាន ៣:៥) ប៉ុន្តែព្រះអង្គធ្វើដូច្នោះដើម្បីសម្រេចនូវអស់ទាំង សេចក្តីសុចរិត (ម៉ាថាយ​ ៣:១៥) នោះ​គឺ​ដើម្បី​ធ្វើ​អ្វីទាំងអស់​ដែល​ព្រះ​បាន​បង្គាប់។ ព្រះយេស៊ូវតែងតែធ្វើតាមបំណងព្រះហឫទ័យនៃព្រះវរបិតា (យ៉ូហាន ៨:២៩) ហើយការដែល ធ្វើដូច្នោះ ព្រះអង្គបានសម្រេចនូវសេចក្តីសុចរិតដែលយើងទាំងអស់គ្នាខ្វះ (យេរេមា ២៣:៥-៦)។  ពិធីបុណ្យជ្រមុជទឹករបស់ ទ្រង់បានសម្គាល់ការចាប់ផ្តើមនៃកិច្ចការរបស់ទ្រង់។ ព្រះយេស៊ូវ​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ​នៅ​ពេល​នេះ (លូកា ៣:២៣)។
 

កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ 

៣:១៦ ស្ថានសួគ៌បានបើកចំហរប្រៀបបានដូចជាក្រណាត់ (អេសាយ ៦៤:១) ហើយព្រះវិញ្ញាណបរិសុទ្ធ បានយាងមកសណ្ឋិតលើ ព្រះមេស៊ីដូចដែលព្រះបានសន្យា (អេសាយ ១១:១-២‚ ៤២:១‚ ៦១:១-៣)។ ព្រះវិញ្ញាណបរិសុទ្ធក៏​រេរា​ពី​លើ​ផ្ទៃ​ទឹកដូចដែលព្រះអង្គធ្វើនៅក្នុងការបង្កើត (លោកុប្បត្តិ ១:២); សត្វព្រាប រំលឹកយើងទាំងអស់គ្នាពីជំនាន់លោកណូអេផងដែរ (លោកុប្បត្តិ ៨:១០)។  ​ព្រឹត្តិការណ៍ទាំងពីរនេះ គឺជាការចាប់ផ្តើមនៃជីវិតថ្មី។  

 

ព្រះវិញ្ញាណបរិសុទ្ធបានយាងមកភ្លាមៗបន្ទាប់ពីព្រះយេស៊ូវយាងឡើងពីទឹកមក។  ​ការនេះបង្ហាញពីសារៈ សំខាន់នៃពិធីជ្រមុជទឹក​។  ដូចដែលស្តេចទាំងអស់ត្រូវបានតែងតាំងដោយការចាក់ប្រេងតាំងនៅក្នុង ព្រះគម្ពីរសញ្ញាចាស់ជាការបង្ហាញថាពួកទ្រង់ត្រូវទទួលបានការជ្រើសរើសពីព្រះនោះ ត្រង់នេះព្រះជាម្ចាស់បានចាក់ប្រេងតាំងលើព្រះរាជបុត្រាព្រះអង្គដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុង ការប្រកាសពីព្រះអង្គថាជាស្តេចរបស់យើង​។  ​ព្រះយេស៊ូវ ដែលនឹងធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណ (៣:១១) ដែលត្រូវបានដឹកនាំនិងប្រទានឲ្យមានព្រះចេស្តាដោយព្រះវិញ្ញាណ (៤:១) ហើយចាប់ផ្តើម នៅក្នុងជំនាន់នៃព្រះវិញ្ញាណ (១២:១៨-២១) ហើយពេលនេះទទួលបានការចាក់ប្រេង តាំងដោយព្រះវិញ្ញាណបរិសុទ្ធសម្រាប់ព័ន្ធកិច្ចរបស់ព្រះអង្គ។  ​

នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។  

 

៣:១៧ សម្លេងមកពីស្ថានសួគ៌គឺជាព្រះ‌សូរ‌សៀងនៃព្រះវរបិតា។ ​ព្រះយេស៊ូវគឺជាព្រះរាជបុត្រជាទីស្ងួនភ្ងា របស់ព្រះ (ទំនុកដំកើង ២:៧) ហើយជា “​អ្នក​បម្រើ​រ” នៃព្រះអម្ចាស់ ដែលព្រះទ្រង់សព្វព្រះហឫទ័យ (អេសាយ ៤២:១)។  តួនាទីទាំងពីរនេះគឺជាចំនុច នៅសំខាន់នៅក្នុង ការស្វែងយល់ពីបេសកកម្មរបស់ព្រះអង្គ។  ​ព្រះរាជបុត្រានឹងបម្រើព្រះដោយ ធ្វើកិច្ចការដែលព្រះបានប្រទានដល់ព្រះអង្គ។  

ព្រះរាជបុត្របានយាងមកដើម្បីសម្រេចបំណងព្រះហឫទ័យនៃព្រះវរបិតាដែលចាត់ទ្រង់ឲ្យមក (២៦:៣៩,​ ២៦:៤២) ហើយគឺជាព្រះវិញ្ញាណបរិសុទ្ធដែលដឹកនាំព្រះអង្គនៅក្នុងការធ្វើកិច្ចការនោះ។  ​ដោយសារការ ដែលរស់នៅក្នុងនាមជាមនុស្សនៅក្នុងព្រះចេស្តានៃព្រះវិញ្ញាណ ព្រះយេស៊ូវបានប្រទាននូវគំរូដ៏ល្អឥតខ្ចោះ ពីរបៀបដែលមនុស្សត្រូវរស់នៅជាបែបយ៉ាងណា គឺថា រស់នៅក្នុងព្រះចេស្តានៃព្រះវិញ្ញាណ។  ​សូមឲ្យយើងទាំងអស់គ្នាបានជួបប្រទះជាមួយនឹងផលផ្លែនៃជី​វិតមួយដែលរស់នៅដោយការបន្ទាបខ្លួន ហើយពឹងអាង លើព្រះវិញ្ញាណនៃព្រះជាម្ចាស់។  ​

bottom of page