top of page

​​​​​​​​​​​​ព្រះយេស៊ូវប្រោសមនុស្សម្នាក់ដែលមានជំងឺឃ្លង់

កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​យាង​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​កក‌កុញ​ដើរ​តាម​ទ្រង់ ក៏​ឃើញ​មាន​មនុស្ស​ឃ្លង់​ម្នាក់ មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន 

 

៨:១-២ បន្ទាប់ពីសេចក្តីបង្រៀននៅលើភ្នំ គ្រាដែលព្រះយេស៊ូវយាងទៅកាន់ក្រុងកាពើនិមនោះ មាន មនុស្សឃ្លង់ម្នាក់បានមកឯព្រះអង្គ។​ លោកលូកាប្រាប់យើងថាមនុស្សម្នាក់នេះ “កើតឃ្លង់ពេញទាំងខ្លួន” ​(លូកា ៥:១២)។ ​​មេរោគនេះ បានស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ ខ្លួនប្រាណព្រមទាំងជីវិតរបស់គាត់កំពុងតែផុយរលួយទៅហើយ។    គាត់បានមកឯព្រះយេស៊ូវ។ នៅក្នុងវប្បធម៌នេះ វាគឺជារឿងភ្ញាក់ផ្អើលដែលមនុស្សឃ្លង់ទៅជួបជាមួយនឹង អ្នកណាម្នាក់។  មនុស្សឃ្លង់ត្រូវបានរាប់ថាជាមនុស្ស “មិនស្អាត” ​មានន័យថាពួកគេត្រូវរស់នៅឆ្ងាយពីម នុស្សផ្សេងទៀត (លេវីវិន័យ ១៣:៤៥​-​៤៦)។  ​ដូច្នេះហើយ ពួកអ្នកកើតរោគឃ្លង់រងទុក្ខដោយសារមេរោគ របស់គេ ហើយពួកគេត្រូវរ ងទុក្ខដោយភាពឯកាដោយព្រោះតែការដាច់ឆ្ងាយពីសង្គម។   

គាត់បានលុតជង្គង់ជាសញ្ញាបង្ហាញពីការចុះចូលដោយការបន្ទាបខ្លួន។  គាត់មានសេចក្តីជំនឿថាព្រះយេស៊ូវមាន ព្រះចេស្តាក្នុងការព្យាបាលគាត់   ប៉ុន្តែគាត់មិនដឹងច្បាស់ថាព្រះអង្គទ្រង់សព្វព្រះទ័យព្យាបាលគាត់ឬអត់នោះទេ។  ​ពួកគ្រូសាសន៍យូដាភាគច្រើនស្អប់ពួកអ្នកកើតឃ្លង់ខ្លាំងណាស់ ហើយគេបង្រៀនថាពួកអ្នកកើតឃ្លង់មិនសមទទួល សេចក្តីអាណិតឬសេចក្តីមេត្តានោះឡើយ។ ពួកគេគិតថាជំងឺឃ្លង់គឺជាការដាក់ទោសរបស់ព្រះជាម្ចាស់ ចំពោះការ ជំនុំជំរះលើអំពើបាប (២ របាក្សត្រ ២៦:១៦-២១)។  ​ដោយព្រោះតែគេគិតថាព្រះបានបង្កើតអោយមានជំងឺឃ្លង់ នោះហើយ បានជាគេនិយាយថាគ្មានមនុស្សណាអាចព្យាបាលជំងឺនេះបានទេ។ យ៉ាងណាមិញ  វាគឺជាជំនឿ ដ៏មានប្រជាប្រិយនៅក្នុងចំណោមសាសន៍យូដាដែលថាព្រះមេស៊ីមានព្រះចេស្តាអាចប្រោសជំងឺឃ្លង់ ឲ្យជាបាន។

 

ទ្រង់​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់​ដោយ​បន្ទូល​ថា ខ្ញុំ​ចង់​ដែរ ចូរ​ឲ្យ​ជា​ស្អាត​ចុះ ស្រាប់​តែ​រោគ​ឃ្លង់​ក៏​ជា​ស្អាត​ភ្លាម 

 

៨:៣ ​សាសន៍យូដា នឹងមិនដែលប៉ះពាល់មនុស្សណាដែលមេរោគលើស្បែកឡើយ ដោយព្រោះតែការនោះនឹងធ្វើអោយគេទៅជាមិនស្អាត (លេវីវិន័យ ៥:៣)។  ​ប៉ុន្តែ ព្រះយេស៊ូវបានធ្វើអ្វី ដែលគ្រប់គ្នាចៀសវាង ក្នុងការធ្វើ គឺ ព្រះអង្គបានលូកព្រះហស្តហើយពាល់មនុស្សឃ្លង់នោះ។  ពេលព្រះយេស៊ូវធ្វើបែបនេះ ព្រះអង្គបានបង្ហាញពីព្រះទ័យក្តួលអាណិតរបស់ព្រះអង្គ។  ព្រះអង្គបានប្រឈមជាមួយនឹងភាពស្មោកគ្រោកដើម្បីប្រោសឲ្យគាត់បានជា​។ យ៉ាងណាមិញ មនុស្សឃ្លង់នោះមិនបានធ្វើឲ្យព្រះយេស៊ូវទៅជាមិនស្អាតនោះឡើយ តែផ្ទុយទៅវិញ ព្រះយេស៊ូវបា នធ្វើឲ្យមនុស្សឃ្លង់នោះទៅជាស្អាតវិញ។  ​

ព្រះយេស៊ូវអាចនឹងប្រោសគាត់ឲ្យជាដោយគ្រាន់តែមានព្រះបន្ទូលតែប៉ុណ្ណោះ។​ ប៉ុន្តែ ព្រះអង្គបានប្រោស មនុស្សឃ្លង់នោះដោយការពាល់គាត់ជាការបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅបំផុតថាគាត់ត្រូវបានប្រោស ឲ្យបានជាហើយព្រះអង្គបានទទួលគាត់ហើយ។ ​យើងបានឃើញថារបៀប (រវិធីសាស្ត្រ) នៃការប្រោសរបស់ ព្រះយេស៊ូវ  នោះមានភាពខុសប្លែកពីគ្នា សម្រាប់មនុស្សម្នាក់ៗ ហើយព្រះអង្គជ្រើសរើសយករបៀបដែល មានអត្ថន័យបំផុត សម្រាប់មនុស្សដែលព្រះអង្គប្រោសឲ្យបានជានោះ។​

 

រួច​ព្រះ‌យេស៊ូវ​ទ្រង់​ហាម​ថា នែ កុំ​ប្រាប់​អ្នក​ឯ​ណា​ឲ្យ​សោះ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​ដង្វាយ​តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ។

 

៨:៤ ​ព្រះយេស៊ូវគោរពតាមក្រឹត្យវិន័យលោកម៉ូសេនៅពេលដែលព្រះអង្គបញ្ជូនមនុស្សនោះឲ្យទៅជួប នឹងពួកសង្ឃដើម្បីធ្វើការពិនិត្យ។  ប្រសិនបើគ្មានការបញ្ជាក់ពីសង្ឃទេនោះ មនុស្សនឹងមិនទទួលស្គាល់ថា អ្នកកើតឃ្លង់នោះបានជា “ស្អាត” ជាផ្លូវការនោះឡើយ។  បន្ទាប់ពីបានធ្វើតាមពិធីត្រឹមត្រូវហើយនោះ   គាត់អាចរស់នៅជាមួយនឹងមនុស្សជាថ្មីឡើងវិញបាន (លេវីវិន័យ ១៤)។  ​​

 

អំពើបាបគឺប្រៀបដូចជាជំងឺឃ្លង់ដោយព្រោះតែវាបំផ្លាញជីវិតរបស់អ្នកដែលស្ថិតក្រោយឥទ្ធិពលរបស់វា វាធ្វើឲ្យមនុស្សដែលរងគ្រោះដោយសារវាត្រូវ គេបដិសេធ គ្មានទីពឹង ហើយគ្មានសង្ឃឹម។ ​មនុស្សឃ្លង់ (ដូចជាមនុស្សជាតិដែលបានធ្លាក់ចុះ) គ្មានសេចក្តីសង្ឃឹមទាល់តែសោះរហូតដល់គាត់បានជួបជាមួយនឹង ព្រះយេស៊ូវដែលបានធ្វើអោយគ្រប់យ៉ាងត្រឡប់ទៅជាថ្មីទាំងស្រុង។​ ដូចដែលព្រះយេស៊ូវលូកព្រះហស្តទៅ ពាល់មនុស្សឃ្លង់នោះ ព្រះយេស៊ូវបានលូកព្រះហស្តទៅដល់មនុស្សមានបាបដើម្បីសង្រ្គោះយើងទាំងអស់ គ្នា។ ​មនុស្សឃ្លង់ត្រូវបានជាស្អាតដោយសារព្រះយេស៊ូវ។ ​ដូចគ្នានេះដែរ ព្រះយេស៊ូវសង្រ្គោះអស់អ្នកដែល ចូលមកឯព្រះអង្គដោយសេចក្តីជំនឿឲ្យបានរួចពីបាប។​

 

សេចក្តីជំនឿរបស់មេទ័ពម្នាក់

កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម​ហើយ នោះ​មេ​ទ័ព​ម្នាក់​មក​ឯ​ទ្រង់​ទូល​អង្វរ​ថា ព្រះ‌អម្ចាស់​អើយ បាវ​ទូលបង្គំ​វា​ស្លាប់​ដៃ​ស្លាប់​ជើង ដេក​នៅ​ផ្ទះ​វេទនា​ខ្លាំង​ណាស់

 

៨:៥-៦ មនុស្សដែលត្រូវគេបដិសេធខ្លាំងបំផុតនៅក្នុងសង្គមរបស់សាសន៍យូដាគឺមនុស្សឃ្លង់និងមន្ត្រី ទាហានរ៉ូម៉ាំង។ លោកម៉ាថាយបង្ហាញថាព្រះយេស៊ូវទទួលយកទាំងពីរ។​

មេទ័ពគឺជាមន្ត្រីទាហានរ៉ូម៉ាំងម្នាក់ដែលអាចបញ្ជាមនុស្សបានមួយរយនាក់។ ​មេទ័ពម្នាក់នេះមានឥរិយាបទ ខុសពីគេចំពោះបាវបម្រើរបស់គាត់។​ នៅក្រោមច្បាប់របស់រ៉ូម៉ាំង ចៅហ្វាយម្នាក់អាចមានសិទ្ធសម្លាប់ បាវបម្រើរបស់ខ្លួន ហើយគេចង់ឃើញគាត់ធ្វើដូច្នេះប្រសិនបើបាវបម្រើរបស់គាត់ឈឺធ្ងន់ហើយមិនអាច ធ្វើការបាន។ ​ប៉ុន្តែផ្ទុយទៅវិញ គាត់បានសូមអង្វរព្រះយេស៊ូវអោយប្រោសគាត់ឲ្យបានជាទៅវិញ។​ ការនេះ បង្ហាញថា គាត់បានផ្តល់តម្លៃយ៉ាងវិសេសដល់បាវបម្រើរបស់គាត់ (លូកា ៧:២)។

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ខ្ញុំ​នឹង​ទៅ​ប្រោស​ឲ្យ​ជា តែ​មេ​ទ័ព​ទូល​ប្រកែក​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​មិន​គួរ​នឹង​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ សូម​ទ្រង់​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ‌ឱស្ឋ​មក​ប៉ុណ្ណោះ នោះ​បាវ​ទូលបង្គំ​នឹង​បាន​ជា​ហើយ 

 

៨:៧-៨ ​មេទ័ពនោះគាត់បានទទួលស្គាល់ថាព្រះយេស៊ូវមានសិទ្ធិអំណាច ហើយព្រះអង្គអាចធ្វើឲ្យ គ្រប់យ៉ាង កើតមានឡើងបានដោយគ្រាន់តែបង្គាប់មួយព្រះឳស្ឋតែប៉ុណ្ណោះ។​

ដ្បិត​ទូលបង្គំ​ជា​មនុស្ស​នៅ​ក្រោម​បង្គាប់​គេ​ដែរ ហើយ​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូលបង្គំ បើ​ទូលបង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ នោះ​វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ នោះ​វា​ក៏​ធ្វើ​តាម 

 

៨:៩ ​មេទ័ពនោះយល់ច្បាស់ពីប្រភពរបស់សិទ្ធិអំណាច។​ សូមចំណាំថាគាត់មិនបាននិយាយថា គាត់ជាអ្នក ដែលមាន សិទ្ធិអំណាចនោះឡើយ ប៉ុន្តែជាម្នាក់ដែលនៅក្រោមបង្គាប់គេដែរ។ ​ដោយព្រោះតែមេទ័ព នៅក្រោម សិទ្ធិអំណាចរបស់អធិរាជរ៉ូម៉ាំងដែរ ហើយថាគាត់មានសិទ្ធិអំណាចរបស់អធិរាជលើទាហាន របស់គាត់ដែរ។​ ចំនុច សំខាន់នៃសេចក្តីជំនឿដ៏អស្ចារ្យរបស់គាត់នោះគឺជាការដែលគាត់ទទួលស្គាល់ថា ព្រះយេស៊ូវក៏ស្ថិតក្រោមសិទ្ធិអំណាចដែរ - សិទ្ធិអំណាចព្រះចេស្តានៃព្រះ - ដែលជាការប្រទានដល់ ព្រះអង្គនូវសិទ្ធិអំណាចព្រះចេស្តានៃព្រះ លើគ្រប់ទាំងអស់។ ដូច្នេះហើយ គាត់ដឹងថាព្រះយេស៊ូវអាច គ្រាន់តែបង្គាប់មួយព្រះឳស្ឋតែប៉ុណ្ណោះការនោះ នឹងបានសម្រេច។​ 

 

កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ពាក្យ​នោះ​ហើយ ទ្រង់​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ព្រះ‌ហឫទ័យ រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ជំនឿ​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​ទាំង​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល​ផង

 

៨:១០ សេចក្តីជំនឿរបស់មេទ័ពនេះគឺខ្លាំងជាងសេចក្តីជំនឿដែលព្រះយេស៊ូវបានឃើញនៅក្នុងពួកសាសន៍ យូដាទៅទៀត,រួមទាំងពួកសិស្សរបស់ព្រះអង្គផង(ខ២៦)។ ពាក្យថា “អស្ចារ្យ” (ἐθαύμασεν) ជាធម្មតា រៀបរាប់ពីប្រតិកម្មរបស់មនុស្សចំពោះព្រះយេស៊ូវ (៨:២៧; ៩:៣៣; ១៥:៣១; ២១:២០; ២២:២២; ២៧:១៤) ប៉ុន្តែត្រង់នេះគឺជាព្រះយេស៊ូវដែលមានសេចក្តីអស្ចារ្យ។​ ព្រះយេស៊ូវមានសេចក្តីអស្ចារ្យចំពោះសេចក្តីជំនឿដែលសាសន៍ដទៃនេះមាន។ ​មានតែពេលមួយទៀតតែ ប៉ុណ្ណោះដែលបានប្រាប់យើងថាព្រះយេស៊ូវមានសេចក្តីអស្ចារ្យនោះគឺជាការដែលមិនជឿរបស់ពួកសាសន៍ យូដា (ម៉ាកុស ៦:៦)។​

 

ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត នឹង​ទិស​ខាង​លិច មក​អង្គុយ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប នៅ​ក្នុង​នគរ​ស្ថាន‌សួគ៌ 

 

៨:១១ ​សេចក្តីជំនឿរបស់សាសន៍ដទៃនេះបានផ្តល់ឳកាសឲ្យព្រះយេស៊ូវប្រកាសថា នឹងមានពួកសាសន៍ ដទៃនៅក្នុងនគរស្ថានសួគ៌ (អេសាយ ២៥:៦-៩; ម៉ាឡាគី ១:១១; លូកា ១៣:២២-៣០)។! ​ពាក្យទាំងនេះជាសេចក្តីទំនាយអំពីការរីកចំរើនរបស់ពួកជំនុំនៅជុំវិញពិភព លោកនាពេលអនាគត។​ 

 

ព្រះយេស៊ូវបានបើកសំដែងថានឹងមានពួកអ្នកជឿពាសពេញពិភពលោក (“នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត នឹង​ទិស​ខាង​លិច”)។​ ពួកអ្នកដែលជឿលើព្រះជាម្ចាស់ ទាំងអស់  (អស់អ្នកដែលនៅក្រោមសេចក្ដី​សញ្ញាចាស់ដែលព្រះបានតាំងជាមួយនឹងអ៊ីស្រាអែល ហើយនឹងអស់អ្នកដែលនៅក្រោមសេចក្ដី​សញ្ញាថ្មីដែលព្រះយេស៊ូវបាននាំមកក្នុងពិភពលោក) នឹងបានមកទាំងអស់គ្នានៅក្នុងនគរស្ថានសួគ៌។  ព្រះយេស៊ូវមានបន្ទូលពីលោកអ័ប្រាហាំ អ៊ីសាក់ និងយ៉ាកុបថា ពួកគាត់បានរស់នៅក្នុងនគរស្ថានសួគ៌។ ការនេះបង្ហាញថាពួកអ្នកជឿនឹងបានរស់ឡើង វិញបន្ទាប់ពីស្លាប់ពីជីវិតនេះទៅ ដែលជាការប្រកបជាមួយព្រះ ហើយនឹងអ្នកជឿផ្សេងទៀត។​

តែ​អស់​ទាំង​មនុស្ស​របស់​នគរ​នោះ នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​សេចក្ដី​ងងឹត​ខាង​ក្រៅ​វិញ នៅ​ទី​នោះ​នឹង​មាន​យំ ហើយ​សង្កៀត​ធ្មេញ 

 

៨:១២ ការពិតដែលថាពួកសាសន៍យូដាហើយនឹងសាសន៍ដទៃនឹងបានអង្គុយតុជាមួយគ្នានៅក្នុងពិធីស៊ី លៀងនៃនគរស្ថានសួគ៌បានធ្វើឲ្យមានការភាន់ភាំងនិងភ្ញាក់ផ្អើលដល់សាសន៍យូដា (ដែលព្យាយាមចៀស ចេញពីការប្រកបទាក់ទងជាមួយនឹងសាសន៍ដទៃ)។​ ពួកសាសន៍យូដាបានគិតថាពួកគេទាំងអស់គ្នានឹង បាននៅក្នុងនគរស្ថានសួគ៌ ហើយថាគ្មានសាសន៍ដទៃណានៅកន្លែងនោះឡើយ។ ​ព្រះយេស៊ូវកែតម្រូវគំនិត ទាំងពីរនេះនៅក្នុងខគម្ពីរទាំងនេះ។​ “មនុស្សរបស់នគរនោះ” គឺជាពួកសាសន៍យូដា ដែលគិតថាក្នុងនាមជា ពូជពង្សរបស់លោកអ័ប្រាហាំពួកគេគឺជាកម្មសិទ្ធរបស់នគរនោះពីកំណើតគេមក​ (៣:៩-១០)។ ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលថាមនុស្សរបស់នគរនោះនឹងត្រូវបោះចោលទៅខាងក្រៅទៅក្នុងសេចក្តីងងឹតវិញ។​ "សេចក្ដី​ងងឹត​ខាង​ក្រៅ"​ គឺជាទីកន្លែងដែលនៅឆ្ងាយក្រៅពីពន្លឺចែងចាំងរបស់ទីក្រុង។​​ ការយំគឺជាដំណាងឲ្យ សោកសង្រេង សង្រ្កៀតធ្មេញជាដំណាងឲ្យការអស់សង្ឃឹម។​ 

 

ហេតុអ្វីបានជាគេត្រូវបោះចោលទៅខាងក្រៅពីពិធីស៊ីលៀង?​ ចំឡើយនោះគឺដោយការខ្វះសេចក្តីជំនឿ (ខ៩)។ ព្រះយេស៊ូវបង្រៀនថាការដែលចូលទៅក្នុងនគរស្ថានសួគ៌គឺដោយសារសេចក្តីជំនឿនៅក្នុងព្រះអង្គ មិនមែនជាឰយុកោរបស់សាសន៍យូដានោះឡើយ។​ ព្រះយេស៊ូវនឹងបង្រៀនបន្ថែមអំពីការនេះនៅក្នុង ការប្រៀបធៀបពីរនៅក្នុង ២១:៣៣-៤៤និង ២២:១-១៤។​

 

រួច​ទ្រង់​មាន​បន្ទូល​ទៅ​មេ​ទ័ព​នោះ​ថា ចូរ​ទៅ​ចុះ ឲ្យ​បាន​ដូច​សេចក្ដី​ជំនឿ​របស់​អ្នក​ចុះ បាវ​គាត់​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។

 

៨:១៣ ព្រះយេស៊ូវបានប្រោសបាវបម្រើឲ្យជាដោយព្រះបន្ទូល ដូចជាមេទ័ពនោះបានជឿយ៉ាងនោះដែរ។​ ការប្រោសឲ្យបានជាពីចំងាយតែមួយផ្សេងទៀត ដែលមាននៅក្នុងដំណឹងល្អម៉ាថាយមួយទៀតនោះ ក៏ពាក់ព័ន្ធនឹងពួកសាសន៍ដទៃ ​(១៥:២១-២៨)។​ លោកម៉ាថាយកំពុងតែបង្ហាញដល់អ្នកអានថា ព្រះយេស៊ូវប្រោសអ្នកដែលនៅ ជិត (សាសន៍យូដា) អ្នកត្រូវគេបោះបង់ចោល (មនុស្សឃ្លង់) ហើយនឹងអស់អ្នកដែលនៅឆ្ងាយ (សាសន៍ដទៃ) ឲ្យបានជា។​

 

ព្រះយេស៊ូវប្រោសមនុស្សជាច្រើននៅផ្ទះលោកពេត្រុស

លុះ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ទៅ​ក្នុង​ផ្ទះ​របស់​ពេត្រុស​ហើយ នោះ​ឃើញ​ម្តាយ​ក្មេក​គាត់​កំពុង​តែ​ដេក​គ្រុន រួច​ទ្រង់​ពាល់​ដៃ​នាង នោះ​គ្រុន​ក៏​បាត់​ទៅ ហើយ​នាង​ក្រោក​ឡើង​បំរើ​ទ្រង់។ 

 

៨:១៤ បន្ទាប់ពីការអស្ចារ្យ ព្រះយេស៊ូវហើយនឹងសិស្សរបស់ព្រះអង្គបានយាងទៅ ផ្ទះរបស់លោកពេត្រុស។  ​លោកពេត្រុសបានរៀបការរួចហើយ ហើយគាត់ជាមួយនឹងអនទ្រេរស់នៅក្នុងផ្ទះ តែមួយជាមួយនឹងប្រពន្ធរបស់លោកពេត្រុសនិងម្តាយក្មេករបស់គាត់ (១ កូរិនថូស ៩:៥)។ ​

៨:១៥ ជាធម្មតាមនុស្សនមានអារម្មណ៍ថាអស់កម្លាំង ដោយព្រោះតែគេឈឺ។  ប៉ុន្តែព្រះយេស៊ូវ បានប្រោសគាត់ឲ្យជាទាំងស្រុងដែលគាត់អាចក្រោកឡើង ហើយរៀបចំ អាហារ។  គាត់បានឆ្លើយតបតាមរបៀប ដែលយើងទាំងអស់គ្នាគួរតែមាននៅពេលដែលព្រះយេស៊ូវប្រទានពរ ដល់យើងទាំងអស់គ្នា: គាត់បានក្រោកឡើង ភ្លាមហើយបំរើព្រះអង្គដោយព្រោះតែការដឹងគុណរបស់គាត់។ 

ដល់​ពេល​ព្រលប់ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ដេញ​អារក្ស​ដោយ‌សារ​ព្រះ‌បន្ទូល ឯ​អស់​អ្នក​ដែល​មាន​ជំងឺ​រោគា ទ្រង់​បាន​ប្រោស​ឲ្យ​ជា​គ្រប់​គ្នា​ដែរ

៨:១៦ ពួកអាចារ្យបានដាក់កំណត់ពីចំងាយដែលមនុស្សអាចដើរបាននៅក្នុងថ្ងៃសប្ប័ទ (ប្រហែលជា​ ១.២គម)។   ពួកគេក៏បាននិយាយថាការដែលសែងហើយនឹងព្យាបាលគឺជាកិច្ចការដែលត្រូវបានហាមឃាត់នៅក្នុងថ្ងៃសប្ប័ទផងដែរ។ ហេតុនេះហើយបានជាមនុស្សរង់ចាំរហូតដល់ថ្ងៃសប្ប័ទកន្លងផុតទៅពេលថ្ងៃលិច ហើយក្រោយមកក៏បាន នាំពួកអ្នកដែលឈឺឬមានអារក្សចូលមកផ្ទះលោកពេត្រុស។  ​

ដើម្បី​ឲ្យ​បាន​សំរេច តាម​ទំនាយ​ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា «ទ្រង់​បាន​ទទួល​អស់​ទាំង​រោគា ហើយ​ផ្ទុក​អស់​ទាំង​ជំងឺ​របស់​យើង​រាល់​គ្នា នៅ​លើ​ព្រះ‌អង្គ​ទ្រង់»។

៨:១៧ ព្រះយេស៊ូវបានបង្ហាញព្រះចេស្តាព្រះអង្គលើជំងឺ ហើយនឹងមេរោគជាច្រើននៅក្នុងព័ន្ធកិច្ចនៃ ការប្រោសឲ្យបានជារបស់ព្រះអង្គដែលជាការសម្រេចសេចក្តីទំនាយ អេសាយ ៥៣:៤។​ នៅពេលដែល យើងអានបទគម្ពីរអេសាយទាំងមូលយើងរៀនបានថាអ្នកបម្រើបានទទួលយកជំងឺ ហើយនឹងបាបរបស់ អ្នកដទៃ ដោយសារការរងទុក្ខនិងការសុគតរបស់ព្រះអង្គទ្រង់។​

តម្លៃនៃការដើរតាមព្រះយេស៊ូវ

កាល​ព្រះ‌យេស៊ូវ ទ្រង់​ឃើញ​ហ្វូង​មនុស្ស​កក‌កុញ​នៅ​ជុំ‌វិញ​ទ្រង់ នោះ​ទ្រង់​បង្គាប់​ឲ្យ​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​ទៅ 

 

៨:១៨ ព្រះយេស៊ូវបានបង្គាប់ដល់សិស្សរបស់ព្រះអង្គឲ្យចុះទូកហើយចេញទៅត្រើយម្ខាងនៃសមុទ្រ កាលីឡេ។​ “ត្រើយម្ខាង” ​គឺជាប៉ែកខាងកើតនៃបឹង។ ពួកសាសន៍យូដាកម្រនឹងធ្វើដំណើរទៅដំបន់នេះ ណាស់ដោយព្រោះតែជាដំបន់ដែលសាសន៍ដទៃរស់នៅ។​

ខណៈ​នោះ មាន​អាចារ្យ​ម្នាក់​ចូល​មក​ទូល​ទ្រង់​ថា លោក​គ្រូ​អើយ ខ្ញុំ​នឹង​តាម​លោក​ទៅ​ដែរ ទោះ​បើ​លោក​ទៅ​ឯ​ណា​ក៏​ដោយ 

 

៨:១៩ ​ព្រះយេស៊ូវរៀបនឹងចាកចេញពីហ្វូងមនុស្សសាសន៍យូដា ហើយទៅឯត្រើយម្ខាង ជាកន្លែងដែល សាសន៍ដទៃរស់នៅ ពេលដែលអាចារ្យម្នាក់នោះនិយាយថាគាត់ចង់ដើរតាមព្រះយេស៊ូវទៅកន្លែងនោះដែរ។​

 

ព្រះ‌យេស៊ូវ​ទ្រង់​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ 

៨:២០ ចម្លើយរបស់ព្រះយេស៊ូវគឺមិនមែនសំដៅលើការជិះទូកនៅក្នុងពេលនេះទេ ប៉ុន្តែលើការរស់នៅ ដែលសិស្សរបស់ព្រះអង្គនឹងមានក្នុងពេលខាងមុខ។​ ពួកអ្នកដើរតាមព្រះអង្គនឹងប្រៀបដូចជា “​ពួក​ប្រទេស​ក្រៅ ហើយ​ដូច​ជា​ពួក​អ្នក ដែល​គ្រាន់​តែ​សំណាក់​នៅ​” នៅក្នុងពិភពលោកវិញ (១ ពេត្រុស ២:១១) ដូចជាព្រះអង្គដែរ។ ​ព្រះយេស៊ូវ សព្វព្រះទ័យឲ្យអាចារ្យនោះដឹងពីការចាប់ផ្តើមថា នឹងមានសភាព យ៉ាងណាចំពោះការដើរតាមព្រះអង្គ។​

 

“កូនមនុស្ស” គឺជាឈ្មោះដែលព្រះយេស៊ូវសព្វព្រះទ័យនៅក្នុងការហៅព្រះអង្គទ្រង់បំផុត។ ព្រះអង្គបានប្រើឈ្មោះនេះចំនួន ៨៣ ដងនៅក្នុងដំណឹងល្អ(សរុបមាន​៣៣ដងនៅក្នុង ម៉ាថាយ)។​ ឈ្មោះនេះរួមបញ្ចូលទាំងភាពជាមនុស្ស និងភាពជាព្រះរបស់ព្រះយេស៊ូវ។​ ឈ្មោះថា “កូនមនុស្ស” ​អាចមានន័យថា “មនុស្សម្នាក់” (ទំនុកដំកើង ៨:៤, អេសេគាល ២:១ ។ល។) ប៉ុន្តែ សម្រាប់អ្នកដែលស្គាល់ បទគម្ពីរដឹងថាមានអត្ថន័យលើសពីនេះទៅទៀត។​ នៅក្នុងដានីយ៉ែល ៧:១៣-១៤ ហោរាឃើញ ម្នាក់ដែលដូចជាកូនមនុស្ស ដែលបានមកជាមួយនឹងពពក នៃស្ថានសួគ៌មកចំពោះព្រះ ហើយទទួលបានគ្រប់គ្រង អស់កល្បជានិច្ច សិរីរុងរឿង និងរាជ្យនគរដែលមិនត្រូវបំផ្លាញ។ ​ព្រះយេស៊ូវគឺជាកូនមនុស្សនេះ ដែលបានចែងដោយ ហោរាដានីយ៉ែល។​

 

មាន​សិស្ស​ទ្រង់​ម្នាក់​ទៀត​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ បាន​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន 

 

៨:២១ មនុស្សម្នាក់នេះក៏ចង់ដើរតាមព្រះយេស៊ូវដែរ ប៉ុន្តែដំបូងបំផុតនោះគាត់ចង់កប់ខ្មោចឪពុកគាត់ សិន។ ​ការនេះមិនមែនមានន័យថាឪពុករបស់គាត់បានស្លាប់ទៅហើយនោះទេ។​ ឃ្លាដែលថា “កប់ខ្មោចឪពុកខ្ញុំសិន” មានន័យថារង់ចាំទាល់តែ ឪពុករបស់អ្នកស្លាប់ទៅហើយអ្នកនឹងទទួលបានកេរ្តិ៍ មរដករបស់អ្នក។ ​ដូច្នេះហើយ វាអាចនឹងចំណាយពេលជាច្រើនឆ្នាំមុនពេលដែលគាត់អាចដើរតាម ព្រះយេស៊ូវ។​ មនុស្សម្នាក់នេះអាចនឹងមានការខ្វល់ខ្វាយថាគាត់នឹងបាត់បង់មរដក ឬខ្វល់ខ្វាយចំពោះ ការដែលដើរតាមព្រះអង្គដោយគ្មានសុវត្ថិភាពហិរញ្ញវត្ថុជាមុនសិន។

តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​មក​តាម​ខ្ញុំ​វិញ ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ។

 

៨:២២ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថាកុំឲ្យរង់ចាំសម្រាប់ស្ថានភាពដែលងាយស្រួលណាមួយក្នុង ការដើរតាមព្រះអង្គនោះឡើយ។ ថ្ងៃនេះគឺជាថ្ងៃនៃសេចក្តីសង្រ្គោះហើយ (២ កូរិនថូស ៦:២)។​ “ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ” មានន័យថាមនុស្សម្នាក់នោះគួរតែទុកឲ្យពួកអ្នកដែលមិន      ចង់ដើរតាមព្រះយេស៊ូវ (ស្លាប់ខាងព្រលឹងវិញ្ញាណ) កប់ខ្មោចអ្នកស្លាប់ (ខាងសាច់ឈាមទៅ)។​ ប៉ុន្តែ ប្រសិនបើមនុស្សនោះចង់ដើរតាមព្រះយេស៊ូវ ហើយទទួលបានជីវិតខាងព្រលឹងវិញ្ញាណនោះ គាត់គួរតែធ្វើការនោះភ្លាមៗ។​

 

មនុស្សទាំងពីរនេះបាននិយាយថាគេចង់ដើរតាមព្រះយេស៊ូវ ប៉ុន្តែពួកគេមិន​យល់ថាមានន័យ យ៉ាងណានោះឡើយ។ មនុស្សទីមួយមិនបានពិចារណាពីការថ្លៃចំពោះការដើរតាមព្រះយេស៊ូវនោះឡើយ; មនុស្សទីពីរមិនបានទទួលស្គាល់ពីអាទិភាពនៅក្នុងការដើរតាមព្រះយេស៊ូវនោះឡើយ។ ​ការឆ្លើយតបរបស់ព្រះយេស៊ូវចំពោះពួកគាត់ប្រាប់យើងទាំងអស់គ្នាពីប្រភេទនៃការសម្រេចចិត្តដែលសិស្ស ព្រះអង្គគួរតែមាន។ ​​យើងគួរតែបានដឹងពីការថ្លៃ ហើយនឹងអាទិភាពនៅក្នុង ការដើរតាមព្រះយេស៊ូវ ហើយបន្ទាប់មកសម្រេចចិត្តនៅក្នុងការដើរតាមព្រះអង្គទៅគ្រប់ទីកន្លែង ដែលព្រះអង្គនាំយើង។

 

ព្រះយេស៊ូវធ្វើអោយខ្យល់ស្ងប់

កាល​ទ្រង់​បាន​យាង​ចុះ​ទូក​ហើយ នោះ​ពួក​សិស្ស​ក៏​តាម​ទ្រង់​ទៅ ឯ​សមុទ្រ​ក៏​កំរើក​ឡើង​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​រលក​ឡើង​គ្រប​លើ​ទូក តែ​ទ្រង់​ផ្ទំ​លក់ 

 

៨:២៣-២៤ ​ពួកសិស្សដើរតាមព្រះអង្គហើយពួកទ្រង់ក៏បានចាប់ផ្តើមធ្វើដំណើរឆ្លងកាត់សមុទ្រកាលីឡេ។ ភ្លាមនោះក៏មានព្យុះនៅក្នុងសមុទ្រកាលីឡេ។ ព្យុះរំពេចទាំងនេះកើតឡើងនៅលើងសមុទ្រកាលីឡេ ដោយព្រោះតែ វាមានជម្រៅ ២០០ ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រ ហើយមានភ្នំដែលព័ទ្ធជុំវិញ។ ភ្លាមៗ ក៏មានខ្យល់បក់គំហុកតាមជ្រលងមកយ៉ាងខ្លាំង - ដូចជាការរញ្ជួយផែនដីដ៏ធំ។​  ​សិស្សរបស់ព្រះយេស៊ូវ មួយចំនួនជាអ្នកនេសាទដែលបានធ្វើការនៅក្នុងសមុទ្រ ដូច្នេះហើយពួកគេបានស្គាល់ ព្យុះទាំងនេះ។ ពួកគេ ដឹងថាទូកនឹងត្រូវលិចទៅយ៉ាងឆាប់រហ័សប៉ុណ្ណា។​

 

ពួក​សិស្ស​ក៏​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ផង យើង​ខ្ញុំ​វិនាស​ហើយ ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​អ្នក​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​ភ័យ​ដូច្នេះ រួច​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់​នឹង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ

៨:២៥-២៦ យើងបានឃើញពីភាពខុសគ្នារវាងសេចក្តីភ័យខ្លាចរបស់ពួកសិស្សហើយនឹងភាពស្ងប់របស់ ព្រះយេស៊ូវ។​ សំនួរ​របស់ព្រះអង្គបានបង្ហាញថា គ្មានហេតុអ្វីដែលសិស្សរបស់ព្រះអង្គត្រូវមានការភ័យខ្លាច នោះឡើយ។​

ព្រះយេស៊ូវបានបង្គាប់ភ្លាមដែលធ្វើអោយមានស្ងប់ស្ងាត់យ៉ាងខ្លាំងនៅក្នុងសមុទ្រ។​ ព្រះអង្គបានបង្គាប់ ដល់ខ្យល់ហើយនឹងសមុទ្រ! វាគឺជាការបង្ហាញសិទ្ធិអំណាចដ៏អស្ចារ្យរបស់ព្រះអង្គ។ ​ព្រះយេស៊ូវមានសិទ្ធិអំណាច លើធម្មជាតិដោយព្រោះតែព្រះអង្គបានបង្កើតមក។​ “គ្រប់ទាំងអស់… កើត​មក​ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់ ​ទាំង​អស់​ផង”​​ (កូឡុស ១:១៥-១៦)​ និង​ព្រះអង្គ “ទ្រទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយសារ​ព្រះបន្ទូល​ដ៏​មាន ​ព្រះចេស្តា​នៃ​ទ្រង់” ​(ហេព្រើរ ១:២-៣)។​ ​គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះបន្ទូល (យ៉ូហាន ១:៣) ។ ​ខ្យល់និងរលកស្គាល់សម្លេងរបស់ព្រះដ៏ជាអ្នកបង្កើតហើយស្តាប់តាមព្រះអង្គ។ ​

អ្នក​ទាំង​នោះ​មាន​សេចក្ដី​អស្ចារ្យ ហើយ​និយាយ​គ្នា​ថា តើ​មនុស្ស​នេះ​បែប​យ៉ាង​ណា បាន​ជា​ទាំង​ខ្យល់ នឹង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។

៨:២៧ នៅពេលដែលព្យុះបានឈប់ក្រោមការបង្គាប់របស់ព្រះយេស៊ូវនោះ ពួកគេមាន​សេចក្ដី​អស្ចារ្យ។ ​តើមនុស្សនេះជានរណាដែលអាចបញ្ជារខ្យល់និងទឹករលក ដោយសារតែពាក្យគាត់បាន? អ្នកកត់ត្រាទំនុកដំកើងបានផ្តល់ចំលើយសម្រាប់យើងទាំងអស់គ្នាថា ​​គឺជាព្រះ ដែលធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់‌ស្ងៀម​ដែរ (ទំនុកដំកើង ៦៥:៥-៧, ៨៩:៩, ១០៧:២៨-៣០)។ ពួកសិស្សនៅមិនទាន់បានដឹងថា ព្រះយេស៊ូវជាព្រះនៅឡើយទេ។​

ព្រះយេស៊ូវប្រោសមនុស្សពីរនាក់ដែលមានអារក្សចូលសណ្ឋិត

កាល​ទ្រង់​បាន​ដល់​ស្រុក​គេរ៉ា‌ស៊ីន នៅ​ត្រើយ​ម្ខាង​ហើយ នោះ​មាន​មនុស្ស​២​នាក់ ដែល​មាន​អារក្ស​ចូល គេ​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​នឹង​ទ្រង់ វា​សាហាវ​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​ផ្លូវ​នោះ​ទេ 

 

៨:២៨ បន្ទាប់ពីព្យុះស្ងប់ទៅ ព្រះយេស៊ូវហើយនឹងសិស្សរបស់ព្រះអង្គបានមកដល់ប៉ែកខាងកើតនៃសមុទ្រកាលីឡេ (ផ្នែកខាងសាសន៍ដទៃ) នៅក្បែរភូមិមួយដែលហៅថា ​គេរ៉ាសា នៅក្នុងដំបន់កាដារ៉ីន។ ពួកទ្រង់បានជួបជាមួយនឹងមនុស្សពីរនាក់ដែលមានអារក្សចូលសណ្ឋិត។ អារក្សគឺជាវិញ្ញាណអាក្រក់ (លូកា ៤:៣៣) ដែលអាចចូលសណ្ឋិតហើយនឹងបំផ្លាញជីវិតមនុស្សជាតិ (១២:៤៥; ម៉ាកុស ៩:១៧-១៨; លូកា ១៣:១១-១៦)។​

 

នោះ​វា​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​អើយ តើ​យើង​ហើយ​នឹង​ទ្រង់​មាន​ការ​អ្វី​នឹង​គ្នា តើ​ទ្រង់​បាន​យាង​មក​ទី​នេះ ដើម្បី​នឹង​ធ្វើ​ទុក្ខ​ដល់​យើង​មុន​កំណត់​ឬ​អី 

 

៨:២៩ អារក្សស្គាល់ថាព្រះយេស៊ូវជានរណា ហើយសូម្បីតែពួកសិស្សក៏មិនបានដឹង (ខ២៧)។ អស់ទាំង ជីវិតខាងពិភពព្រលឹងវិញ្ញាណស្គាល់ថាព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ហើយមានគ្រប់ទាំងព្រះចេស្តា ហើយនឹងសិទ្ធិអំណាច (យ៉ាកុប ២:១៩)។ ព្រះអង្គទ្រង់ជាចៅក្រមលើរបស់ដែលបានបង្កើតមកទាំងអស់។ ​អារក្សទាំងនេះដឹងថាមានពេលដែលបានកំណត់សម្រាប់ព្រះយេស៊ូវនៅក្នុងការជំនុំជំរះពួកវា ប៉ុន្តែ ពួកវាភ័យខ្លាចថាព្រះអង្គនឹងដាក់ទោសពួកវាភ្លាមនោះ។​

រីឯ​នៅ​ទី​ដែល​ឆ្ងាយ​ពី​វា នោះ​មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ​កំពុង​តែ​រក​ស៊ី ហើយ​ពួក​អារក្ស​នោះ​ក៏​ទូល​អង្វរ​ទ្រង់​ថា បើ​ទ្រង់​បណ្តេញ​យើង សូម​អនុញ្ញាត​ឲ្យ​យើង​ចូល​ទៅ​នៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ 

 

៨:៣០-៣១  អារក្សវាមិនចង់នៅដោយឥតមានផ្ទះនោះឡើយ (ម៉ាថាយ ១២:៤៣-៤៥) ដូច្នេះ ហើយវាបានអង្វរព្រះអង្គដើម្បីចូលទៅក្នុងហ្វូងជ្រូកវិញ។​

ទ្រង់​មាន​បន្ទូល​តប​ថា ទៅ​ចុះ វា​ក៏​ចេញ​ទៅ​ចូល​ក្នុង​ហ្វូង​ជ្រូក រួច​ជ្រូក​នាំ​គ្នា​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ

 

៨:៣២ ​ព្រះយេស៊ូវបានអនុញ្ញតតាមការទទូចអង្វររបស់ពួកវាដើម្បីបង្ហាញដល់សិស្សរបស់ព្រះអង្គថាវិញ្ញាណ អាក្រក់គឺពិតប្រាកដមែន ពួកវាមានគ្នាច្រើន ហើយពួកវាចង់ចូលទៅសណ្ឋិតនិងបំផ្លាញរបស់ដែលមានជីវិត។​ 

ឯ​ពួក​អ្នក​ដែល​ឃ្វាល​វា គេ​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង​រ៉ាយ‌រ៉ាប់​ប្រាប់​ពី​គ្រប់​ការ​ទាំង​នោះ ហើយ​ពី​មនុស្ស​២​នាក់​ដែល​មាន​អារក្ស​ចូល​ផង

៨:៣៣ ពួកសាសន៍យូដាមិនចិញ្ចឹមជ្រូកទេ ដោយព្រោះតែក្រឹត្យវិន័យចែងថាពួកគេមិនត្រូវបរិភោគសាច់ជ្រូក សោះឡើយ (លេវីវិន័យ ១១:៧)។ ​ដូច្នេះហើយ ម្ចាស់របស់ជ្រូកទាំងនោះជាសាសន៍ដទៃ។​ ពួកអ្នកគង្វាល បានរត់ទៅប្រាប់ដល់ មនុស្សម្នាពីអ្វីដែលបានកើតឡើងហើយមនុស្សក្នុងក្រុងទាំងអស់បានចេញមកមើល ដោយខ្លួនគេផ្ទាល់។​

ចំណែក​ពួក​អ្នក​ក្រុង​នោះ​ទាំង​អស់​គ្នា ក៏​ចេញ​មក​ឯ​ព្រះ‌យេស៊ូវ កាល​បាន​ឃើញ​ទ្រង់ គេ​ក៏​អង្វរ​ឲ្យ​ទ្រង់​យាង​ចេញ​ពី​ក្រវល់​ស្រុក​គេ​ទៅ។

 

៨:៣៤ មនុស្សទាំងនោះមិនមែនឆ្លើយតបដោយអំណរនោះឡើយដែលបុរសម្នាក់នោះត្រូវបានប្រោសឲ្យរួចពីអំណាចនៃវិញ្ញាណអាក្រក់ ឬដោយកំហឹងដោយព្រោះតែជ្រូកទាំងនោះងាប់អស់។ ផ្ទុយទៅវិញ មនុស្សបានមានការភ័យខ្លាចចំពោះព្រះចេស្តារបស់ព្រះយេស៊ូវ (ម៉ាកុស ៥:១៥)។ មនុស្សឃ្លង់បានសូមឲ្យព្រះយេស៊ូវប្រោសគាត់អោយបានជា ពួកអារក្សបានសូមអង្វរព្រះយេស៊ូវអោយចាត់ ពួកវាចូលទៅក្នុងហ្វូងជ្រូក; ប៉ុន្តែមនុស្សទាំងនេះសូមអង្វរព្រះយេស៊ូវឲ្យចាកចេញពីដំបន់របស់ពួកគេវិញ។ ព្រះសង្រ្គោះនៃពិភពលោកបាននៅជាមួយនឹងពួកគេ ទ្រង់មានគ្រប់ទាំងព្រះចេស្តានៅក្នុងការប្រោសពួកគេ ហើយជួយគេ តែពួកគេបានសូមឲ្យព្រះអង្គចាកចេញ! នេះជាខគម្ពីរមួយដែលសោកសង្រេងបំផុត នៅក្នុង ព្រះគម្ពីរទាំងមូល។

 

bottom of page