top of page

ព្រះយេស៊ូវប្រោសមនុស្សខ្វិនឲ្យជា

ព្រះ‌យេស៊ូវ ទ្រង់​ក៏​យាង​ចុះ​ទូក ឆ្លង​ទៅ​ឯ​ក្រុង​របស់​ទ្រង់​វិញ 

 

៩:១ ព្រះយេស៊ូវវិលត្រឡប់ទៅក្រុងកាពើណិមវិញ។ ព្រះអង្គចាប់ផ្តើមបង្រៀននៅផ្ទះរបស់លោកពេត្រុស ហើយមានហ្វូងមនុស្សយ៉ាងធំបានមកឯទ្រង់ (ម៉ាកុស ២:១-២)។

នោះ​មាន​គេ​នាំ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​ឯ​ទ្រង់ កាល​ទ្រង់​ទត​ឃើញ​សេចក្ដី​ជំនឿ​របស់​ អ្នក​ទាំង​នោះ ក៏​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ បាប​ឯង​បាន​អត់​ទោស ​ឲ្យ​ឯង​ហើយ

 

៩:២ ព្រះយេស៊ូវបានឃើញពីសេចក្តីជំនឿរបស់ពួកគេ។ ពួកគេទាំងអស់គ្នា មានទំនុកចិត្តនៅក្នុងព្រះចេស្តា នៃព្រះយេស៊ូវក្នុងការប្រោសគាត់ឲ្យជា។  ប៉ុន្តែ ក្រោយមកក៏មានរឿងដែលមិននឹកស្មានបានកើតមានឡើង។  ​ជាជាងការប្រោសមនុស្សនោះឲ្យជា   ព្រះយេស៊ូវប្រាប់គាត់ថា​ “បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យឯងហើយ” ។  ព្រះយេស៊ូវមិនមែនមានន័យថា មនុស្សដែលពិការនោះមាន​អំពើបាប​ជាង​មនុស្ស​ដទៃ​នោះ​ទេ ឬដែលជំងឺរបស់គាត់បង្ករឡើង ដោយអំពើបាប នោះឡើយ។ ប៉ុន្តែ ព្រះយេស៊ូវជ្រាបថា សេចក្តីត្រូវការដ៏​ធំ​បំផុត​របស់មនុស្សគ្រប់គ្នាគឺ ការទទួលបាន ការអត់ទោសចំពោះបាបរបស់គេ។  

ដូច្នេះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា មនុស្ស​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ

 

៩:៣ មានតែព្រះប៉ុណ្ណោះដែលមានសិទ្ធិអំណាចក្នុងការអត់ទោសបាបបាន (និក្ខមនំ ៣៤:៧; អេសាយ ១:១៨, ៤៣:២៥)។ នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា អំពើបាបរបស់មនុស្សនោះត្រូវបានអត់ទោសហើយ   ពួកអាចារ្យដឹងថា ព្រះអង្គកំពុងតែប្រកាសថាព្រះអង្គមានសិទ្ធិអំណាចដែលជារបស់ផងព្រះតែមួយប៉ុណ្ណោះ។ ដូច្នេះហើយ ព្រះយេស៊ូវគឺជាព្រះ ឬព្រះអង្គគឺជាអ្នកដែលប្រមាថដល់ព្រះ។​

 

ឯ​ព្រះ‌យេស៊ូវ ទ្រង់​ឈ្វេង​យល់​គំនិត​គេ ក៏​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ ដ្បិត​ដែល​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង

 

៩:៤ ព្រះយេស៊ូវជ្រាបពីអ្វីដែលពួកគេកំពុងគិត   ទោះបីជាពួកគេមិនបាននិយាយចេញមកក៏ដោយ។  ​ដូច្នេះហើយ ព្រះអង្គសួរថា​   ​”ដ្បិត​ដែល​និយាយ​នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង?”​​។ ការងារទាំងពីរនេះ មនុស្សមិនអាចធ្វើបាននោះឡើយ   ប៉ុន្តែព្រះអាចធ្វើបាន។  ​ព្រះយេស៊ូវក្នុងនាមជា ព្រះរាជបុត្រានៃព្រះមាន ព្រះចេស្តាអាចធ្វើបានទាំងពីរ   ហើយដូចជាអ្វីដែលយើងនឹងឃើញ  ព្រះអង្គនឹងធ្វើបានការងារទាំងពីរនោះ។  

 

ការអស្ចារ្យដំបូងបានកើតឡើងរួចហើយ។  ព្រះយេស៊ូវបានអត់ទោសបាបបុរសនោះរួចហើយ (ខ៥)   ប៉ុន្តែ មិនមែនគ្រប់គ្នាដែលនៅទីនោះទទួលស្គាល់ថាបានកើតឡើងហើយនោះទេ។  ​មនុស្សមិនអាចមើលឃើញថា បាបត្រូវបានអត់ទោសនោះឡើយ។  ​ដូច្នេះហើយ ព្រះយេស៊ូវនឹងធ្វើការអស្ចារ្យទីពីរ (ធ្វើឲ្យមនុស្សពិការដើរ) ជាសញ្ញាអោយបានឃើញពីការអស្ចារ្យទីមួយ (ដែលបានអត់ទោសបាបគាត់) ថាពិតជាបានកើតឡើងមែន។  ប្រសិនបើមនុស្សពិការពិតជាអាចក្រោកឡើងហើយដើរបានមែននោះជាការបញ្ជាក់ថាព្រះយេស៊ូវពិតជាមានសិទ្ធិអំណាចក្នុងការអត់ទោសបាបបាន។  ​

 

ហេតុអ្វីបានជាការព្យាបាលរូបកាយរបស់មនុស្សនេះបញ្ជាក់ដល់ពួកសាសន៍យូដាថាបាបរបស់គាត់ត្រូវបានអត់ទោសហើយ? ដោយព្រោះតែពួកសាសន៍យូដាគិតថាជំងឺរបស់មនុស្សម្នាក់តែងតែកើតមានឡើង ដោយព្រោះតែ អំពើបាបរបស់គាត់។។  ការនេះមិនមែនជាការពិតនោះឡើយ (យ៉ូហាន ៩:១​-​៣) ប៉ុន្តែវាគឺជាជំនឿទូរទៅរបស់ ពួកសាសន៍យូដា។  ដូច្នេះហើយសម្រាប់សាសន៍យូដា   ពិការភាពរបស់មនុស្សនោះបង្ហាញថាគាត់ពិតជាមាន បាបខ្លាំងណាស់។  ហេតុដូចនេះ ការប្រោសឲ្យបានជាពីពិការភាពអាចបញ្ជាក់ថាអំពើបាបរបស់គាត់ត្រូវបាន ដកចេញរួចហើយ។ 

 

ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា កូន​មនុស្ស​មាន​អំណាច នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន​ដែរ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​ឯង​ទៅ​ផ្ទះ​ទៅ 

 

៩:៦ ព្រះយេស៊ូវ​ធ្វើ​ការអស្ចារ្យ​នៃ​ការ​ប្រោស​ឲ្យ​ជានេះ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​ថា ទ្រង់​មានសិទ្ធិអំណាចនៅក្នុងការអត់ទោសបាបបាន។   ព្រះយេស៊ូវមានបន្ទូលថា “​ចូរក្រោកឡើង យកគ្រែឯងទៅផ្ទះទៅ”។ “​យកគ្រែឯងទៅផ្ទះទៅ” គឺជាបង្គាប់ដល់មនុស្សនោះពីអ្វីដែលគាត់ត្រូវធ្វើបន្ទាប់ពីការប្រោសឲ្យបានជា។ ប៉ុន្តែ “ចូរក្រោកឡើង” (Ἐγερθεὶς) មានន័យថាមានអ្វីមួយបានធ្វើសម្រាប់គាត់រួចហើយ (មិនមែនជាអ្វីដែលគាត់ធ្វើនោះឡើយ)។ ​ជាព្រះចេស្តានៃព្រះដែលនឹងលើកគាត់ឡើង។​  វាគឺជាពេលវេលាដ៏អស្ចារ្យ។  គ្រប់​គ្នា​បាន​មើល ដោយ​ដឹង​ថា ប្រសិន​បើ​ព្រះចេស្ដា​នៃ​ព្រះ​​ឲ្យ​បុរស​នោះសមត្ថភាពក្នុងការ​​ក្រោក​ឡើង (ធ្វើ​តាម​ការ​បង្គាប់​របស់​ព្រះ​យេស៊ូវ) ការនេះនឹងបញ្ជាក់ថា ព្រះយេស៊ូវមានសិទ្ធិអំណាចនៅក្នុងការអត់ទោសបាបបាន។   

 

អ្នក​នោះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ​ឯ​ផ្ទះ 8កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​នោះ គេ​កើត​មាន​សេចក្ដី​អស្ចារ្យ ក៏​សរសើរ​ដំកើង​ដល់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​អំណាច​យ៉ាង​នេះ មក​មនុស្ស​លោក។

 

៩:៧-៨ ​នៅពេលដែលបុរសនោះក្រោកឡើង  គ្រប់គ្នាដែលនៅក្នុងហ្វូងនោះមាន​ភស្តុតាងថា ​ព្រះយេស៊ូវ ពិតជាបាន មានបន្ទូលពីសេចក្តីពិតមែន។ ការអស្ចារ្យគឺមិនមែនគ្រាន់តែជាការប្រោសមនុស្សនោះឲ្យជានោះឡើយ ប៉ុន្តែក៏ជាការបញ្ជាក់ដល់ គាត់ថាអំពើបាបរបស់គាត់ត្រូវបានអត់ទោសឲ្យហើយ ហើយជាចម្លើយដែលចោទចំពោះការប្រមាថដែរ។ ​ជាធម្មតាបន្ទាប់ពីព្រះយេស៊ូវធ្វើការអស្ចារ្យហើយ យើងបានឃើញថាហ្វូងមនុស្សមានការអស្ចារ្យ។ ប៉ុន្តែនៅក្នុងពេលនេះ ពួកគេមានការស្ញែងខ្លាច (ἐφοβήθησαν)។ ការស្ញែងខ្លាចគឺជាប្រតិកម្មទូទៅ នៅពេលដែលយើងបានដឹងខ្លួនថាកំពុងស្ថិតនៅក្នុងវត្តមាននៃអំណាចដ៏អស្ចារ្យ (១៧:៦, ២៧:៥៤; ម៉ាកុស ៤:៤១, ៥:១៥។ល។)។ សូមចំណាំថាការស្ញែងខ្លាចដ៏ត្រឹមត្រូវចំពោះព្រះនឹងនាំទៅរកការសរសើរដំកើងព្រះអង្គ។​

 

ព្រះយេស៊ូវត្រាស់ហៅម៉ាថាយ

លុះ​ព្រះ‌យេស៊ូវ​យាង​ហួស​ពី​ទី​នោះ​ទៅ ទ្រង់​ក៏​ទត​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ នោះ​ទ្រង់​មាន​បន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់​ទៅ

 

៩:៩ ព្រះយេស៊ូវបានបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអង្គនៅក្នុងការអត់ទោសបាប។ ពេលនេះព្រះអង្គ ត្រាស់ហៅមនុស្សម្នាក់ដែល ត្រូវបានរាប់ថាជាមនុស្សមានបាបពីពួកសាសន៍យូដា ដោយសារតែការងាររបស់គាត់។ ​លោកម៉ាថាយគឺជាអ្នកប្រមូលពន្ធ។  ​អ្នកប្រមូលពន្ធត្រូវបានស្អប់នៅក្នុងសង្គមរបស់សាសន៍យូដា ហើយត្រូវបានរាប់ថាជា:

  • ពួកក្បត់   ​ ដោយព្រោះតែពួកគេធ្វើការអោយរដ្ឋាភិបាលរ៉ូម៉ាំង​ជាសាសន៍ដទៃ។  ​មនុស្សម្នាក់ដែលប្រែ ក្លាយជាអ្នកយកពន្ធដោយការបង់ប្រាក់អោយពួករ៉ូម៉ាំងដើម្បីទទួល បានដំណែងនោះ។  បន្ទាប់មកទើប អាចប្រមូលពន្ធបាន។  ​

  • ចោរ    ដោយព្រោះតែបន្ទាប់ពីគាត់បានប្រមូលពន្ធតាមចំនួនដែលរ៉ូម៉ាំងបានកំណត់ហើយ   គាត់ត្រូវបានអនុញ្ញាតអោយរក្សាទុកប្រាក់ដែលនៅសល់សម្រាប់ខ្លួនគាត់។  ​ដូច្នេះហើយពួកគេ ក្លាយជាអ្នកមានដោយការយកប្រាក់ពីអ្នកដទៃ។  

  • ជាមនុស្សមានបាប    ដោយព្រោះតែពួកគេមានទំនាក់ទំនងជាមួយនឹងសាសន៍ដទៃ ហើយជាមនុស្ស ដែល “មិនស្អាត”។  

 

​ការនេះធ្វើអោយពួកត្រូវបានបដិសេធពីមនុស្សក្នុងសង្គមដែលមនុស្សជាច្រើន ចៀសឆ្ងាយពីគេ។ ដូច្នេះហើយ   ​​នៅពេលដែលព្រះយេស៊ូវហៅ អ្នកយកពន្ធឲ្យដើរតាមព្រះអង្គក្នុងនាមជាសិស្សព្រះអង្គនោះ   វាគឺជាការភ្ញាក់ផ្អើលសម្រាប់មនុស្សនៅក្នុងវប្បធម៌មួយនេះ។  ​

 

ការត្រាស់ហៅរបស់ព្រះយេស៊ូវចំពោះលោកម៉ាថាយឲ្យបានដើរតាមព្រះអង្គគឺកើតឡើងភ្លាមៗ ប៉ុន្តែគាត់បានត្រៀម ខ្លួនសម្រាប់ឆ្លើយតបរួចហើយ។  ​គាត់បានលះបង់គ្រប់យ៉ាងដើម្បីដើរតាមព្រះយេស៊ូវ (លូកា ៥:២៨)។  វាគឺជាការសម្រេចចិត្តដ៏ធំ។  បន្ទាប់ពីលះបង់ដំណែងរបស់គាត់ជាអ្នកប្រមូលពន្ធរួចហើយ គាត់មិនអាចវិល ត្រឡប់ទៅវិញបានទេ។  គាត់បានបាត់បង់ការងាររបស់គាត់ដែលគាត់អាចរកប្រាក់ បានជាច្រើន ប៉ុន្តែគាត់ ទទួលបានជីវិតអស់កល្បជានិច្ច (ម៉ាកុស ១០:២៩​-​៣០)។  

 

កាល​ព្រះ‌យេស៊ូវ​កំពុង​គង់​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ នោះ​មាន​ពួក​អ្នក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប​ជា​ច្រើន បាន​មក​អង្គុយ​ជា​មួយ​នឹង​ទ្រង់ នឹង​ពួក​សិស្ស​ទ្រង់​ផង 

 

៩:១០ លោកម៉ាថាយបានអបអរ​ការសម្រចចិត្តរបស់គាត់នៅក្នុងការដើរតាមព្រះយេស៊ូវដោយការរៀបចំ អាហារពេលល្ងាចថ្វាយព្រះយេស៊ូវ។ គាត់បានអញ្ជើញមិត្តភក្តិរបស់គាត់អោយមកជួបនឹងព្រះយេស៊ូវ។ ដោយព្រោះតែ លោកម៉ាថាយជា អ្នកយកពន្ធដូច្នេះហើយរាប់ថាជា “មនុស្សមានបាប” មនុស្សដែលជប់លាង ឬរួមតុជាមួយគាត់បានមានតែអ្នកយកពន្ធ និងមនុស្សមានបាបផ្សេងទៀត តែប៉ុណ្ណោះ។ ពាក្យ ​“មនុស្សមានបាប” ត្រូវបានប្រើដោយពួកអាចារ្យ សម្រាប់មនុស្ស ដែលមិនព្យាយាម ស្តាប់តាមច្បាប់របស់ថាល់ម៉ាដ​ទាំងប៉ុន្មាន។  ​ជាលទ្ធផល ពួកគេជាមនុស្សដែលត្រូវបានបណ្តេញ ចេញពីសាលាប្រជុំ។ ព្រះយេស៊ូវហើយនឹងសិស្សរបស់ ព្រះអង្គបានបរិភោគអាហារជាមួយនឹងមនុស្ស មានបាបទាំងនេះ។ ​នៅក្នុងវប្បធម៌នេះការ ដែលបរិភោគជាមួយគឺ ជានិមិត្តសញ្ញានៃការចងមិត្តភាព។

 

កាល​ពួក​ផារិស៊ី​បាន​ឃើញ​ដូច្នោះ គេ​ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​នឹង​ពួក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប​ដូច្នេះ

 

៩:១១ ពួកផារិស៊ីគឺជាពួកអ្នកដែលមានឥទ្ធិពលបំផុតនៅក្នុងសាសនាយូដា។ ពាក្យថា ផារិស៊ីមានន័ថាយ “បែងចែក”។ ពួកគេព្យាយាមបែងចែកខ្លួនគេចេញពីឥទ្ធិពលអាក្រក់របស់អ្នកដទៃ ជាពិសេសមនុស្សមានបាប។ ពួកគេ សួរព្រះយេស៊ូវសំនួរនេះ ដោយព្រោះតែគេគិតថាព្រះអង្គមិនគួរបរិភោគជាមួយនឹងពួកមនុស្សមានបាបឡើយ។

 

តែ​ព្រះ‌យេស៊ូវ​ទ្រង់​ក៏​បាន​ឮ ហើយ​ទ្រង់​មាន​បន្ទូល​តប​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ គឺ​ជា​ពួក​ដែល​មាន​ជំងឺ​វិញ​ទេ​តើ 

 

៩:១២ ពួកផារិស៊ីមិនយល់ពីគោលបំណងនៃបេសកកម្មរបស់ព្រះយេស៊ូវនោះឡើយ។ ព្រះយេស៊ូវបានយាងមក ក្នុង ពិភពលោកនេះ ដើម្បីហៅពួកមនុស្សមានបាបអោយធ្វើការប្រែចិត្ត (លូកា​៥:៣២)។ ដូចដែលអ្នកចង់អោយវេជ្ជបណ្ឌិត បានជួបជាមួយនឹងអ្នកជំងឺដើម្បីអាចជួយព្យាបាលគេយ៉ាងណានោះ វាជារឿងធម្មតាដែលព្រះអង្គសង្រ្គោះត្រូវតែ បានជួបជាមួយនឹងមនុស្សមានបាប ជាពួកអ្នកដែលព្រះអង្គ យាងមកដើម្បីសង្រ្គោះគេចេញពីបាបរបស់គេ។ អំពើបាបប្រៀប បានដូចជាជំងឺ ការអត់ទោសបាបជាការ​ព្យាបាល ហើយព្រះយេស៊ូវជាគ្រូពេទ្យដែលអាចប្រោសអោយមនុស្សបានជាសះស្បើយ។

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រៀន​ន័យ​បទ ដែល​ថា «អញ​ចង់​បាន​សេចក្ដី​មេត្តា‌ករុណា មិន​មែន​យញ្ញ‌បូជា​ទេ» ពី​ព្រោះ​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប ឲ្យ​ប្រែ​ចិត្ត​វិញ។

 

៩:១៣ ​ព្រះយេស៊ូវបានដកស្រង់ចេញពីបទគម្ពីរ ហូសេ ៦:៦ ដើម្បីបង្ហាញថាព្រះជាម្ចាស់សព្វព្រះទ័យ   ឲ្យមនុស្សមានចិត្តល្អ ពេញដោយសេចក្តីមេត្តាករុណា ជាជាងការថ្វាយយញ្ញបូជាតែមួយ។​ សេចក្តីមេត្តាករុណាគឺជាការបង្ហាញនូវសេចក្តីសប្បុរសដល់អ្នកដែលមានសេចក្តីត្រូវការ។ ព័ន្ធកិច្ចរបស់ព្រះយេស៊ូវចំពោះមនុស្សមានបាបគឺជាការបង្ហាញនូវសេចក្តីមេត្តាករុណា ហើយការនេះជាការដែលសព្វព្រះទ័យដល់ព្រះជាជាងការថ្វាយយញ្ញបូជារបស់ពួកផារិស៊ីទៅទៀត។​ 

 

ព្រះយេស៊ូវយាងមកក្នុងពិភពលោកដើម្បីសង្រ្គោះមនុស្សពីអំពើបាប។​ ព្រះអង្គត្រាស់ហៅមនុស្សឲ្យមកឯ សេចក្តីសង្រ្គោះ ហើយដើម្បីទទួលបានសេចក្តីសង្រ្គោះ មនុស្សត្រូវតែទទួលស្គាល់ថាគេត្រូវការ សេចក្តីសង្រ្គោះនោះ។​ ដំណឹងល្អគឺជាការត្រាស់ហៅមនុស្សមានបាបអោយធ្វើការប្រែចិត្តដើម្បីទទួលបានការអត់ទោសបាប។ ព្រះយេស៊ូវ មិនមែនយាងមកដើម្បីហៅមនុស្សសុចរិតនោះទេ ដោយព្រោះតែគ្មានអ្នកណាម្នាក់សុចរិតទាល់តែសោះ (រ៉ូម ៣: ១០-១២)។ យើង ទាំងអស់គ្នាបានធ្វើបាប ដូច្នេះហើយយើងទាំងអស់គ្នាគឺជាមនុស្សមានបាបដែលត្រូវការ ការអត់ទោសបាប (រ៉ូម ៣:២៣)។ បញ្ហាដ៏ធំបំផុតរបស់មនុស្សគឺជាអំពើបាប ហើយនៅក្នុងព្រះយេស៊ូវយើងមាន ដំណោះស្រាយតែមួយ ដោយព្រោះ តែព្រះយេស៊ូវមានសិទ្ធិអំណាចនៅក្នុងការអត់ទោសបាប (ខ៩-១២)។

 

ប៉ុន្តែពួកផារិស៊ីបានគិតថាពួកគេជាមនុស្សសុចរិតដោយព្រោះតែគេបានរក្សាទំនៀមទំលាប់នៃសាសនារបស់គេ។​ ដោយព្រោះតែពួកផារិស៊ីគិតថាគេជាមនុស្សជានោះ ពួកគេបានគិតថា ពួកគេមិនត្រូវការគ្រូពេទ្យ នោះឡើយ។​ ផ្ទុយទៅវិញ ពួកអ្នកយកពន្ធហើយនឹងមនុស្សបាបបានដឹងថាគេជាមនុស្សដែលមានជំងឺ ហើយបានមកឯព្រះយេស៊ូវ។​ មេរៀននោះគឺថាសេចក្តីសង្រ្គោះមិនអាចមកដល់អស់អ្នកដែលគិតថាខ្លួនគេ សុចរិតនោះឡើយ។​ អស់អ្នកដែលមិនទទួលស្គាល់ហើយមិនធ្វើការផ្លាស់ប្រែអំពើបាបរបស់គេនោះមិនអាច ទទួលសេចក្តីសង្រ្គោះបានឡើយ។​ ប៉ុន្តែអស់អ្នកដែលសម្លឹងទៅព្រះដើម្បីឲ្យបានសង្រ្គោះ គេនឹងបានទទួល សេចក្តីសង្រ្គោះរបស់ព្រះអង្គ។​

អំពីការតមអាហារ

នៅ​គ្រា​នោះ ពួក​សិស្ស​របស់​យ៉ូហាន ក៏​មក​ឯ​ទ្រង់​ទូល​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ នឹង​ពួក​ផារិស៊ី តម​តែ​ញយៗ តែ​ពួក​សិស្ស​ទ្រង់​មិន​ដែល​តម​សោះ​ដូច្នេះ 

 

៩:១៤ ​ការតមអាហារគឺជារបៀបដ៏ល្អមួយនៅក្នុងការផ្តោតលើជីវិតខាងព្រលឹងវិញ្ញាណរបស់អ្នក។ ព្រះយេស៊ូវ បានតមអាហាររយៈពេល ​៤០ ថ្ងៃ ពេលដែលព្រះអង្គនៅក្នុងទីរហោសា្ថន។ ព្រះជាម្ចាស់តម្រូវអោយពួកសាសន៍​ យូដាទាំងអស់ តមអាហារមួយថ្ងៃក្នុងមួយឆ្នាំនៅថ្ងៃតែងតាំង (លេវីវិន័យ ១៦:២៩)។ យ៉ាងណាមិញ ពួកផារិស៊ីបានធ្វើការបន្ថែមលើ ក្រឹត្យវិន័យរបស់ព្រះហើយធ្វើការតមអាហារពីដងក្នុងមួយសប្តាហ៏ (លូកា ១៨: ១២)។ សិស្សលោកយ៉ូហាន បាប់ទី ស្ទក៏បានតមអាហារជាប្រចាំ ប៉ុន្តែព្រះយេស៊ូវមិនបានបង្គាប់ដល់សិស្ស របស់ព្រះអង្គអោយធ្វើដូច្នោះនោះឡើយ។ ដូច្នេះហើយពួកសិស្សរបស់លោកយ៉ូហាន​សួរថា ហេតុអ្វី? ព្រះយេស៊ូវឆ្លើយជាមួយពួកគេជាមួយនឹងការប្រៀបប្រដូចបី ដើម្បីបង្ហាញពួកគេពីលក្ខណៈនៃសេចក្តីអំណរ របស់សេចក្តីជំនឿគ្រីស្ទាន។

 

ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា កំពុង​ដែល​ប្ដី​ថ្មោង‌ថ្មី​នៅ​ជា​មួយ​គ្នា នោះ​តើ​សំឡាញ់​នៃ​គាត់​នឹង​ធ្វើ​ទឹក​មុខ​ព្រួយ​បាន​ឬ​ទេ ប៉ុន្តែ​នឹង​មាន​គ្រា​មក​ដល់ ដែល​ប្ដី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ នៅ​គ្រា​នោះ ទើប​គេ​នឹង​តម​អាហារ​វិញ 

 

៩:១៥ លោកយ៉ូហាន​បាប់ទីស្ទបានរៀបរាប់ពីព្រះយេស៊ូវថា “កូនកំលោះ” ​(យ៉ូហាន ៣:២៩, គកស16) ហើយព្រះយេស៊ូវ បានប្រើរូបភាព ដូចគ្នាត្រង់ចំនុចនេះ។ ​សិស្សរបស់ព្រះយេស៊ូវប្រៀបបានដូចជាមិត្តសម្លាញ់ របស់ប្តីនៅក្នុងពិធីមង្គលការមួយ ។ ​ពិធីមង្គលការ របស់សាសន៍យូដាមានរយៈពេលប្រាំពី រថ្ងៃហើយជា ពេលវេលានៃការប្រារព្ធដ៏វិសេសមួយ។ ​សូម្បីតែពួកផារិស៊ីក៏មិនធ្វើការតមអាហារនៅពេល ដែលពួកគេចូលរួមក្នុង ពិធីមង្គលការដែរដោយព្រោះតែ​ថាល់ម៉ាដចែងថាវាគឺជាកាតព្វកិច្ចនៅក្នុងកាប្រារព្ធពិធីមង្គលការ។ ដូច្នេះ ព្រះយេស៊ូវឆ្លើយនឹងសំនួរនោះ ដោយការមានព្រះបន្ទូលថា លើក​នេះ ជា​មួយ​ពួក​សិស្ស​របស់​ទ្រង់ ដូចជា គប្រារព្ធពិធីមង្គលការ ហើយមិនមានការតមអាហារនៅក្នុងពិធីមង្គលការនោះឡើយ!​

 

ព្រះយេស៊ូវជ្រាបថាថ្ងៃមួយព្រះអង្គនឹងត្រូវយក​ចេញពីមិត្តសម្លាញ់ព្រះអង្គហើយនឹងត្រូវគេធ្វើគត់។ ពេលនោះ សិស្សរបស់ព្រះអង្គនឹងតមអាហារ។ ការនេះបង្ហាញថាព្រះយេស៊ូវជ្រាបថានឹងមានអ្វីកើតឡើង ចំពោះព្រះអង្គ។

 

គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​សំពត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ដ្បិត​កំណាត់​ថ្មី​នោះ នឹង​ហែក​អាវ​ចាស់​ចេញ ហើយ​រំហែក​នោះ​នឹង​រឹង‌រឹត‌តែ​អាក្រក់​ជាង​ទៅ​ទៀត 

 

៩:១៦ អ្នកមិនអាចប្រើក្រណាត់ថ្មីដើម្បីប៉ះសំលៀកបំពាក់ចាស់បាននោះឡើយ។ វានឹងមានភាពតឹងខ្លាំង ហើយអាចនឹងធ្វើអោយរហែកដល់សំលៀកបំពាក់ចាស់ហើយអាក្រក់ជាមុនទៅទៀត។ ​សេចក្តីបង្រៀនរបស់ ព្រះយេស៊ូវជាអ្វីដែលថ្មី ហើយខុសប្លែកពីទំនៀមទម្លាប់របស់ពួកផារិស៊ី។ ព្រះអង្គមិនបានព្យាយាមធ្វើការ ប៉ះប៉ូវទំនៀមទម្លាប់ដែលមនុស្សបង្កើត ហើយនឹងសាសនារបស់ពួកគេនោះឡើយ។
 

ក៏​មិន​ដែល​មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ថង់​ស្បែក​នឹង​ធ្លាយ ហូរ​ស្រា​ទំពាំង‌បាយ‌ជូរ​ចេញ​អស់ ហើយ​ទាំង​ថង់​នោះ​ក៏​ត្រូវ​ខូច​ខាត​ដែរ គឺ​គេ​តែង​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទើប​ទាំង​២​បាន​គង់​នៅ។

 

៩:១៧ នៅពេល​នោះ មនុស្សភាគច្រើនរក្សាស្រាទំពាំងបាយជូរនៅក្នុងថង់ស្បែកដែលធ្វើពីស្បែកពពែ។ ស្រាទំពាំងបាយជូរដែលថ្មីវានឹង ធ្វើអោយថង់ស្បែកចាស់រហែក។ ថង់ស្បែកថ្មីអាចនឹងមានភាពយឺត ប៉ុន្តែថង់ស្បែកចាស់នឹងដាច់រហែក។ ស្រាទំពាំងបាយជូរនឹងហូរអស់ហើយថង់ស្បែកក៏ខូចអស់។ ​ម្តងទៀត សេចក្តីបង្រៀនអំពីអ្វីដែលថ្មីមិនអាចលាយឡំជាមួយ របស់ចាស់បានឡើយ។

 

នៅពេលដែលព្រះប្រទានឲ្យមានជីវិតថ្មី យើងមិនអាចប្រកាន់ខ្ជាប់តាមទំនៀម​ទម្លាប់ចាស់របស់មនុស្ស បានឡើយ ។ សេចក្តីសញ្ញាថ្មី ដែលព្រះយេស៊ូវបាននាំមករវាងព្រះជាម្ចាស់ជាមួយនឹងអ្នកជឿដូចជា ស្រាទំពាំងបាយជូរថ្មី ការរៀបមង្គលការ ឬសំលៀកបំពាក់ថ្មីនោះដែរ។ ​សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ហើយនឹងព្រះចេស្តា នៃព្រះវិញ្ញាណបរិសុទ្ធអាចនឹងប្រទាន អោយមានសេរីភាពនៅក្នុងការបម្រើព្រះជាម្ចាស់ដោយសេចក្តីអំណរ មិនមែនដោយច្បាប់ ​និងពិធី​សាសនាដូចជាពួកផារិស៊ីបង្រៀននោះឡើយ។

 

ព្រះ‌យេស៊ូ​ប្រោស​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ​ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរូស​ឲ្យ​រស់​ឡើង​វិញ

កំពុង​ដែល​ទ្រង់​មាន​បន្ទូល​នឹង​គេ ពី​ដំណើរ​ទាំង​នោះ ស្រាប់​តែ​មាន​មេ​សាលា​ម្នាក់​មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ថា កូន​ស្រី​របស់​ទូលបង្គំ​ទើប​នឹង​ស្លាប់​អម្បាញ់‌មិញ សូម​ទ្រង់​មេត្តា​យាង​ទៅ​ដាក់​ព្រះ‌ហស្ត​លើ​វា នោះ​វា​នឹង​រស់​ឡើង​វិញ ព្រះ‌យេស៊ូវ​ក៏​ក្រោក​ឡើង យាង​ទៅ​តាម ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ដែរ 

 

៩:១៨-១៩ មេសាលាប្រជុំម្នាក់នោះមានឈ្មោះថាយ៉ៃរ៉ុស (ម៉ាកុស ៥:២២)។ យ៉ៃរ៉ុស គឺជាអ្នកដឹកនាំម្នាក់នៅក្នុងសាលាប្រជុំ។ តួនាទីរបស់គាត់រួមមានទាំងការថែរក្សាអាគារ សាលាប្រជុំ រៀបចំកម្មវិធី ហើយនឹងការជ្រើសរើសបទគម្ពីរថ័រ៉ានៅក្នុងការអាន។  ​គាត់បានលុតជង្គង់ នៅចំពោះព្រះយេស៊ូវដើម្បីបង្ហាញពីការគោរពដល់ព្រះអង្គ (ចោទិយកថា ២៦:១០; ទំនុកដំកើង ៥:៧; ១ សាំយ៉ូអែល​២៤:៨; ១​ ពង្សាវតាក្សត្រ ១:១៦,២៣)។​ កូនស្រីរបស់គាត់មានអាយុ ១២ ឆ្នាំហើយជាកូន តែមួយរបស់គាត់ (លូកា​៨:៤២)។ គាត់ប្រហែលជាធ្លាប់បានឃើញការអស្ចារ្យមួយចំនួន ដែលព្រះយេស៊ូវបានធ្វើនៅក្នុងក្រុងកាពើណិមរួចទៅហើយ ព្រមទាំងមានសេចក្តីជំនឿថា ព្រះយេស៊ូវមានព្រះចេស្តា ទោះជាលើសេចក្តីស្លាប់ផង។​​

រីឯ​មាន​ស្ត្រី​ម្នាក់ នាង​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចូល​មក​ពី​ក្រោយ ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ ដោយ​គិត​ក្នុង​ចិត្ត​ថា បើ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ 

 

៩:២០ ដោយព្រោះតែជំងឺ របស់នាង​ធ្វើអោយនាង​ធ្លាក់ឈាម នាង​ជាមនុស្ស “មិនស្អាត” (លេវីវិន័យ ១៥:២៥​-​៣១)។​​​ អ្វីដែលនាង​ប៉ះ ពាល់នឹងប្រែទៅជាមិនស្អាត (ជនគណនា ១៩:២២)។ ជាលទ្ធផលនាង​មិនត្រូវបានអនុញ្ញាតអោយចូលទៅ ក្នុងសាលាប្រជុំ ហើយមិនអាចចូលទៅក្បែរមនុស្សនោះឡើយ ដូច្នេះហើយនាង​ជាមនុស្សឯកោ។ ​ស្រ្តីនោះរងទុក្ខ​ អស់​រយៈពេល ១២ឆ្នាំ មកហើយ។ 

 

៩:២១ នាងបានឮអំពីព្រះយេស៊ូវ ប៉ុន្តែជំងឺរបស់នាងមិនអាចអោយគាត់ចូលទៅក្បែរព្រះអង្គបានឡើយ។ នាងមិនត្រូវបានអនុញ្ញាតអោយចូលទៅក្នុងហ្វូងមនុស្សនោះឡើយ។ ​យ៉ៃរ៉ុសបានមកឯព្រះយេស៊ូវដោយផ្ទាល់  ​ស្រ្តីម្នាក់នេះបានមកឯព្រះយេស៊ូវដោយសំងាត់ពីក្រោយព្រះអង្គ។​ នាងបានលបចូលទៅក្នុងហ្វូងមនុស្សសង្ឃឹមថា នឹងបានពាល់ជាយអាវព្រះយេស៊ូវ។ នៅក្នុងវប្បធម៌ របស់សាសន៍យូដា ជាយអាវរបស់មនុស្សម្នាក់ដំណាងអោយ សិទ្ធិអំណាចរបស់គេ ដូច្នេះហើយនាងសង្ឃឹមថា នឹងទទួលបានអំណាចព្រះចេស្តាពីព្រះយេស៊ូវ។ ​
 

ឯ​ព្រះ‌យេស៊ូវ ទ្រង់​បែរ​ទៅ​ឃើញ​នាង ក៏​មាន​បន្ទូល​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ សេចក្ដី​ជំនឿ​របស់​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ នាង​ក៏​បាន​ជា​ចាប់​តាំង​ពី​វេលា​នោះ​មក 

 

៩:២២ ​យើងឃើញពីព្រះហឫទ័យសុភាពរបស់ព្រះយេស៊ូវនៅត្រង់ចំនុចនេះ។ ព្រះអង្គបានហៅគាត់ថា “កូនអើយ” ហើយមានបន្ទូលទៅគាត់ថា “ចូរសង្ឃឹមឡើង” (ដូចដែលព្រះអង្គបានធ្វើចំពោះមនុស្សពិការ ក្នុង ខ២)។​ បន្ទាប់មកព្រះអង្គបានប្រកាសទៅគាត់ថា គាត់ត្រូវបានប្រោសឲ្យជាហើយ។ ភ្លាមនោះ ស្ត្រីនោះបានជាសះស្បើយពីជំងឺដែលមានអស់រយៈពេល១២ឆ្នាំ!​​ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថាសេចក្តី ជំនឿរបស់នាងបានប្រោសនាងឲ្យជា។ សេចក្តីជំនឿរបស់គាត់ត្រូវបានបង្ហាញតាមរយៈការដែលគាត់ បានឈោងដៃទៅពាល់ព្រះយេស៊ូវដោយព្រោះតែគាត់បានដឹងថាព្រះយេស៊ូវអាចសង្រ្គោះគាត់បាន។ ​ជាសេចក្តីជំនឿដែលគាត់មានលើព្រះយេស៊ូវ មិនមែនជាការដែលគាត់បានពាល់ជាយព្រះពស្តព្រះយេស៊ូវ ដែលមានសារៈសំខាន់នោះឡើយ។​ ការដែលគាត់បានយកសេចក្តីជំនឿមកដាក់លើព្រះយេស៊ូវនោះ ហើយដែលបានផ្លាស់ប្តូរជីវិតរបស់ស្រ្តីនេះជារៀងរហូត។​

រួច​មក កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មេ​សាលា បាន​ឃើញ​ពួក​អ្នក​ផ្លុំ​ខ្លុយ នឹង​មនុស្ស​សន្ធឹក​កំពុង​តែ​ឆោ‌ឡោ 24នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ថយ​ចេញ​ទៅ ដ្បិត​នាង​ក្រមុំ​នេះ​មិន​មែន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ តែ​គេ​សើច​ចំអក​ឲ្យ​ទ្រង់ 

 

៩:២៣ ​វាគឺជាទម្លាប់សម្រាប់មនុស្សនៅក្នុងការយំស្រែកខ្លាំងៗបន្ទាប់ពីមានអ្នកណាម្នាក់ស្លាប់។ ​មនុស្សទាំងនេះ គឺជាពួកអ្នកដែលគ្រួសារបានបង់ប្រាក់ជួលដើម្បីអោយយំចំពោះសាកសព។ នៅក្នុងវប្បធម៌សាសន៍យូដា យ៉ាងហោចណាស់មានអ្នកផ្លុំខ្លុយពីរនាក់ ហើយស្រ្តីម្នាក់សម្រាប់ស្រែកយំដែលត្រូវបានជួលសម្រាប់ ពិធីបុណ្យសព។  ការពិតនោះគឺថាពួកគេនៅទីនោះយ៉ាងឆាប់រហ័សបន្ទាប់ពីក្មេងស្រីនោះស្លាប់ ដែលបង្ហាញថា គ្រួសារបានត្រៀមខ្លួនសម្រាប់សេចក្តីស្លាប់ចំពោះកូនស្រីរបស់ពួកគេ ហើយក៏បានរៀបចំរួចរាល់ហើយ។

 

៩:២៤ ព្រះយេស៊ូវមានបន្ទូលអំពីសេចក្តីស្លាប់ថា “ដេកលក់”។ ព្រះអង្គបានធ្វើការនេះម្តងទៀតពេលដែល ឡាសាស្លាប់ (យ៉ូហាន ១១:១១-១៣)។ ​សម្រាប់ពួកអ្នកជឿ សេចក្ដី​ស្លាប់​គឺ​គ្រាន់​តែ​ការដេកលក់ ដែល​ព្រះ​យេស៊ូវ​នឹង​ដាស់​យើង​ឲ្យ​ភ្ញាក់ឡើង​វិញ​ប៉ុណ្ណោះ (១​ ថែស្សាឡូនីច ៤:១៣-១៤)។ 

 

សំណើច​របស់​ពួកអ្នក​ស៊ីឈ្នួលកាន់ទុក្ខបង្ហាញថា​ការ​ស្លាប់​របស់​ក្មេង​ស្រី​នោះត្រូវបានបញ្ជាក់រួចទៅ ហើយ។​  គំនិតដែលថានាងគ្រាន់តែដេកលក់តែប៉ុណ្ណោះគឺគួរអោយសើចបានហើយ សូម្បីតែពួកអ្នកដែល ត្រូវបានជួលឲ្យកាន់ទុក្ខ។ ​ហេតុផលដែលព្រះយេស៊ូវមានបន្ទូលថានាងគ្រាន់តែដេកលក់តែប៉ុណ្ណោះ ដោយព្រោះតែព្រះអង្គទ្រង់នឹងប្រោសឲ្យនាងពី​សេចក្ដី​ស្លាប់។  ពួកគេដឹងថានាងបានស្លាប់ទៅហើយ។​ ប៉ុន្តែព្រះយេស៊ូវជ្រាបថា ដោយការប្រោសឲ្យនាងមានជីវិតឡើងវិញ ទ្រង់​នឹង​ធ្វើ​ឲ្យ​រយៈពេល​ នៃ​សេចក្តី​ស្លាប់​នេះ​ គ្មានអ្វីដែលលើសជាងការដែលគ្រាន់តែដេកលក់មួយភ្លេតនោះឡើយ។​​

លុះ​បណ្តេញ​មនុស្ស​ទាំង​នោះ ទៅ​ក្រៅ​ទាំង​អស់​ហើយ នោះ​ទ្រង់​យាង​ចូល​ទៅ​ចាប់​ដៃ​នាង រួច​នាង​ក៏​ក្រោក​ឡើង រឿង​នោះ​បាន​ល្បី​ខ្ចរ‌ខ្ចាយ​ទួទៅ ពេញ‌ពាស​ក្នុង​ស្រុក​នោះ​ឯង។

 

៩:២៥-២៦ ការអស្ចារ្យនោះត្រូវបានឃើញដោយឪពុកម្តាយរបស់ក្មេងស្រីនោះ រួមជាមួយ ពេត្រុស យ៉ាកុប និងយ៉ូហាន​ (លូកា ៨:៥១)។ ​ព្រះយេស៊ូវដាក់ព្រះហស្តលើនាងតាមដែលយ៉ៃរ៉ុសបានសូម (ខ ១៨)     ហើយក្មេងស្រីនោះបានភ្ញាក់ដឹងខ្លួនភ្លាម។ ​ការអស្ចារ្យនេះបង្ហាញពីព្រះចេស្តារបស់ព្រះយេស៊ូវលើ សេចក្តីស្លាប់។​

 

 

ព្រះយេស៊ូវប្រោសមនុស្សខ្វាក់ និងមនុស្សគ (៩:២៧-៣៤)

កំពុង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ទី​នោះ​ទៅ នោះ​មាន​មនុស្ស​ខ្វាក់​២​នាក់​តាម​ទ្រង់ ទាំង​ស្រែក​ថា ឱ​ព្រះ‌រាជ‌បុត្រា​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង

 

៩:២៧ ​ការដែលប្រោសឲ្យមនុស្សខ្វាក់បានភ្លឺគឺជាភស្តុតាងមួយអំពីព្រះមែស្ស៊ី (ទំនុកដំកើង ១៤៦:​៨; អេសាយ ២៩:១៨​; ៣៥:៥; ៤២:៧)។​ មនុស្សខ្វាក់នៅក្នុងអ៊ីស្រាអែលបានដងថាបទគម្ពីរចែងថា នៅពេលដែលព្រះមែស្ស៊ីយាងមកពួកអ្នកខ្វាក់នឹងបានភ្លឺ។ ​មនុស្សទាំងពីរនេះបានឮថា ព្រះយេស៊ូវ បានប្រកាសពីការមកដល់រាជ្យនគរនៃព្រះហើយថាព្រះអង្គបានធ្វើការអស្ចារ្យនៅក្នុងការប្រោសជំងឺ។ ​ហេតុនោះបានជាពួកគេស្វែងរកព្រះអង្គ ហើយ​ស្រែក​អង្វរ​ទ្រង់​សម្រាប់​សេចក្ដី​មេត្តា​។​​

 

នេះជាលើកដំបូងបំផុតដែលព្រះយេស៊ូវត្រូវបានហៅថា “ព្រះរាជបុត្រាហ្លួងដាវីឌ” (ជាព្រះនាមរបស់ ព្រះមែស្ស៊ី)។ អ្វីដែលគួរឲ្យកត់សំគាល់នោះគឺជាមនុស្សខ្វាក់ជាអ្នកដែលបានឃើញពីសេចក្តីពិត មុនគេបង្អស់។ ​លោកម៉ាថាយបង្ហាញពីពេលវេលាទាំងប្រាំមួយដែលមនុស្សបានហៅ ព្រះយេស៊ូវថា​ “ព្រះ‌វង្ស​ហ្លួង​ដាវីឌ” (១២:២៣; ១៥:២២; ២០:៣០-៣១; ​២១:៩, ២១:១៥)។​ គ្រប់ពេលទាំងអស់គឺ មិនមែនជាមនុស្សដែលមានដំណែងសំខាន់ណាមួយនៅក្នុងសង្គមនោះឡើយ:​មនុស្សខ្វាក់ ស្រ្តីសាសន៍ កាណាន ហ្វូងមនុស្សមកពីកាលីឡេ និងក្មេងៗនៅក្នុងព្រះវិហារ។ ​មនុស្សតូចទាបទាំងនេះ ទទួលសេចក្តីពិតប្រសើរជាងពួកអ្នកដឹកនាំសាសនាដែលមានសេចក្តីអំនួតទៅទៀត។​ អ្វីដែលច្បាស់លាស់ ហើយសំខាន់ចំពោះអ្នកសុំទានខ្វាក់ភ្នែកនោះគឺនៅតែជាការលាក់កំបាំងដល់ពួកអ្នកដឹកនាំអ៊ីស្រាអែល​ (១១:២៥)។​

 

មនុស្សខ្វាក់ភ្នែកនោះបានសូមអ្វីដែលប្រសើរបំផុតពីព្រះយេស៊ូវ:គឺជា សេចក្តីមេត្តា (៩:១៣)។ គ្មានការលើកឡើងពីអំពើល្អឬការរងទុក្ខពីមុខឬការស្បថសច្ចាសម្រាប់ពេលអនាគតនោះឡើយ; ផ្ទុយទៅវិញ “សូមទ្រង់មេត្តាដល់យើងខ្ញុំផង”។ ​មនុស្សម្នាក់នឹងមិនអាចទទួលបានព្រះពរពីព្រះបានឡើយប្រសិនបើគាត់ ទាមទារថាគាត់សក្តិសមនៅក្នុងការទទួល ឬដែលគាត់គួរតែទទួលបាននោះ។​

កាល​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​អ្នក​ខ្វាក់​ទាំង​២​ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ អ្នក​ទាំង​២​ទូល​ថា ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ

 

៩:២៨ ​សូមកត់សំគាល់ថាព្រះយេស៊ូវមិនបានប្រោសពួកគាត់នៅតាមផ្លូវនោះឡើយ ប៉ុន្តែបានរង់ចាំរហូត ទាល់តែពួកគាត់បានចូលដល់ក្នុងផ្ទះនៅក្នុងក្រុងកាពើណិម។ ព្រះអង្គសព្វព្រះទ័យឲ្យការអស្ចារ្យនៅជា ការសំងាត់ដដែល (៩:២៥-២៦)។​ ពួកសាសន៍យូដារំពឹងថា ព្រះមែស្ស៊ីធ្វើជាអ្នកប្រោសជំងឺ ដោយព្រោះតែ សេចក្តីដែលមានចែងនៅក្នុង  អេសាយ ៣៥:៥-៦។ ​ដូច្នេះហើយ ព្រះយេស៊ូវមាន​បន្ទូល​សួរ​ទៅពួកគាត់ថា ប្រសិនបើគេជឿថាព្រះអង្គអាចនឹងប្រោសគេបាន ហើយពួកមនុស្សខ្វាក់នោះបានឆ្លើយដោយសេចក្តីជំនឿ ដែលគេមានចំពោះព្រះមែស្ស៊ី។​

នោះ​ទ្រង់​ក៏​ពាល់​ភ្នែក​គេ ដោយ​បន្ទូល​ថា ចូរ​ឲ្យ​បាន​ដូច​សេចក្ដី​ជំនឿ​របស់​អ្នក​ចុះ ភ្នែក​គេ​ក៏​បាន​ភ្លឺ​ឡើង រួច​ទ្រង់​ហាម​ផ្តាច់​ថា នែ កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឲ្យ​សោះ​ហ្នះ

 

៩:២៩-៣០ ​ព្រះយេស៊ូវបានពាល់ភ្នែកពួកគាត់ហើយពួកគាត់ត្រូវបានប្រោសឲ្យភ្លឺឡើង។ ​ព្រះយេស៊ូវបានហាមពួកគាត់មិនត្រូវឲ្យប្រាប់អ្នកណាម្នាក់ពីការប្រោសនេះឡើយដោយព្រោះតែសេចក្តីរំពឹងខុសឆ្គងដែលមនុស្សមានចំពោះព្រះមែស្ស៊ី។ ព្រះយេស៊ូវត្រូវតែសុគតនៅលើឈើឆ្កាង មុនពេលដែល ព្រះអង្គអាចសោយរាជ្យជាស្តេចបាន ដូច្នេះហើយមិនទាន់ដល់ពេលដែលព្រះអង្គប្រកាសថា ទ្រង់ជាព្រះមែស្ស៊ីនោះឡើយ។​

តែ​កាល​គេ​ចេញ​ទៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​ពី​ទ្រង់ សុស​សាយ​ពេញ​ក្នុង​ស្រុក​នោះ។

 

៩:៣១ ​ពួកគេមានសេចក្តីជំនឿលើព្រះយេស៊ូវ ប៉ុន្តែពួកគាត់មិនទាន់បានរៀនឲ្យចេះស្តាប់បង្គាប់ ព្រះអង្គនៅឡើយទេ។ ​ដូច្នេះហើយបានជាគេផ្សាយសុសសាយពេញក្នុងស្រុកនោះ។​

 

កំពុង​ដែល​អ្នក​ទាំង​២​ចេញ​ទៅ នោះ​មាន​គេ​នាំ​មនុស្ស​គ ដែល​មាន​អារក្ស​ចូល មក​ឯ​ទ្រង់

 

៩:៣២  តាមការយល់ឃើញរបស់ពួកសាសន៍យូដាអំពីការដែលមានអារក្សចូល គឺគ្មានអ្វីដែលអាចជួយ ដល់មនុស្សនេះបានទេ។ ​ការនេះដោយព្រោះតែពួកគ្រូបង្រៀនថាចំនុចដំបូងបំផុតនៅក្នុងការដេញ អារក្សនោះគឺត្រូវតែបង្ខំ ឬបញ្ឆោតអោយអារក្សប្រាប់ឈ្មោះវាដល់អ្នកជាមុនសិន។​ ប៉ុន្តែនៅក្នុងករណីនេះ អារក្សបានធ្វើអោយមនុស្សនេះគរួចទៅហើយ។​

 

រួច​កាល​បាន​ដេញ​អារក្ស​ចេញ​ហើយ នោះ​មនុស្ស​គ​បាន​និយាយ​ឡើង​បាន ឯ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​មាន​សេចក្ដី​អស្ចារ្យ​ថា មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​សោះ​ឡើយ

 

៩:៣៣ មនុស្សបានដឹងថាពួកគេបានឃើញនូវការអស្ចារ្យដែលមិនធ្លាប់បានកើតមានឡើងពីមុនមក នោះឡើយ។ ​ការអស្ចារ្យនេះបានធ្វើឲ្យមនុស្សមានសេចក្តីអស្ចារ្យដោយព្រោះតែបានបង្ហាញពីសិទ្ធិអំណាច របស់ព្រះយេស៊ូវលើអាណាចក្រព្រលឹងវិញ្ញាណ ហើយថាទំនៀមទំលាប់របស់ពួកគ្រូនោះសុទ្ធតែខុស។​

តែ​ពួក​ផារិស៊ី​និយាយ​ឡើង​ថា អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​តែ​មេ​អារក្ស​ទេ។

 

៩:៣៤ ​ពួកផារិស៊ីបានឃើញពីព្រះចេស្តារបស់ព្រះយេស៊ូវ ប៉ុន្តែពួកគេមានកំហឹងដោយព្រោះតែ ព្រះអង្គបានលាត​ត្រដាងពីភាពខុសឆ្គងនៅក្នុងទំនៀមទំលាប់របស់ពួកគេ។ ​ពួកគេមិនអាចបដិសេធចោល នូវ ការពិតនៃការអស្ចារ្យទាំងប៉ុន្មានបានទេ ដូច្នេះហើយពួកគេបាននិយាយថា ការអស្ចារ្យនោះជាអំណាច របស់សាតាំងទៅវិញ (១២:២៤-៣២, ម៉ាកុស ៣:២២, លូកា ១១:១៥)។​ ព្រះយេស៊ូវបានឆ្លើយតបចំពោះការចោទប្រកាន់នេះនៅក្នុង ១២:២៤-៣២។​

ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ 

ព្រះ‌យេស៊ូវ ទ្រង់​ក៏​យាង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺ​រោគា នឹង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា

 

៩:៣៥ នេះគឺជាបេសកកម្មទីបីនៅក្នុងស្រុកកាលីឡេ។ ជាថ្មីម្តងទៀត​ យើងបានឃើញចំនុចសំខាន់   ទាំងបីនៅក្នុងព័ន្ធកិច្ចរបស់ព្រះយេស៊ូវ: ការបង្រៀន ការប្រកាស និងការប្រោសជំងឺឲ្យជា (សូមមើលការបកស្រាយក្នុង ៤:២៣)។ ​នៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ព្រះអង្គ ព្រះយេស៊ូវប្រកាសដំណឹងល្អពីរាជ្យនគរ។​

កាល​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ហើយ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល

 

៩:៣៦ មនុស្សទាំងនោះគឺ “ខ្ចាត់ខ្ចាយ” (ἐσκυλμένοι) និង “ល្វើយ” (ἐρριμμένοι)។ ពាក្យនៅក្នុងភាសាក្រិចមានន័យថា ‘ត្រូវបាន​យាយី ត្រូវបានហែក និងបោះចុះ’ ដូចជាចៀម ដែលត្រូវបានវាយប្រហារដោយសត្វសាហាវ។​ 

 

ចៀមដែលគ្មានអ្នកណាមើលថែទាំពួកវានឹងវង្វេងពីផ្លូវដែលត្រឹមត្រូវ។ ​ដូចគ្នានេះដែរមនុស្សទាំងនេះ គ្មានអ្នកណាដឹកនាំពួកគេក្នុងការបញ្ឈប់មិនអោយវង្វេងចេញពីព្រះនោះឡើយ។ ពួកអាចារ្យ ហើយនឹងពួកផារិស៊ី គឺជាពួកអ្នកគង្វាលអាក្រក់ដែលមិនបានមើលថែចៀមរបស់ពួគេនោះឡើយ (អេសេគាល ៣៤:៤​-​៦)។ 

ដោយព្រោះតែភាពបរាជ័យរបស់ពួកអ្នកគង្វាលអ៊ីស្រាអែលនោះហើយ បានជាពេលនេះវាចាំបាច់សម្រាប់ ព្រះយេស៊ូវនៅក្នុងការស្វែងរកនិងសង្រ្គោះដល់ចៀមដែលបាត់បង់ (១១:៣៨​-​៤០, លូកា ១៥:១​-​៧)។ ព្រះយេស៊ូវជាអ្នកគង្វាលល្អ (យ៉ូហាន ១០:១១) ដេលមាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត​ដល់មនុស្ស (ម៉ាកុស ១:៤១, ៦:៣៤, ៨:២, ៩:២២)។ ​ព្រះយេស៊ូវពេញដោយព្រះហឫទ័យ ក្តួលអាណិត (εσπλαγχνισθη) ដល់ពួកគេ (១៤:១៤; ១៥:៣២; ២០:៣៤)។ ពាក្យនេះគឺជាពាក្យដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់សេចក្តីអាណិតអាសូរនៅក្នុងភាសាក្រិច។​ វា​ជា​អារម្មណ៍​ខ្លាំង ​និង​ជ្រៅ​ដែល​នាំ​ឱ្យ​មាន​ ការ​យកចិត្តទុកដាក់ ​ហើយនឹងការប្រព្រឹត្តដោយ​ប្រសិទ្ធភាព​ដើម្បីជាប្រយោជន៏ដល់អ្នកដទៃ។ នៅក្នុងករណីនេះកិច្ចការនោះគឺជា ការដែលចាត់ពួកសិស្សឲ្យចេញទៅឯមនុស្ស (១០:១)។​

 

បាន​ជា​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់។

 

៩:៣៧-៣៨  ព្រះយេស៊ូវបានបង្ហាញយ៉ាងច្បាស់ថាសេចក្តីអធិស្ឋានរបស់យើងរួមចំណែកនៅក្នុង       ការសម្រេចតាមផែនការណ៏របស់ព្រះជាម្ចាស់។​ ព្រះអង្គបានប្រើពាក្យដែលខ្លាំងទាំងពីរនេះ: ក្នុងការ “អង្វរ” (δεήθητε) គឺជាការសុំជាបន្ទាន់ ហើយការដែល “ចាត់” (εκβαλλω)  មានន័យថា 'រុញចេញ' ឬការ “បោះចេញ”។ ​​ពួកអ្នកជឿទាំងអស់ត្រូវតែអធិស្ឋានសូមឲ្យព្រះ ទ្រង់ចាត់ពួកអ្នកច្រូតទៅក្នុង ចំរូតរបស់ព្រះអង្គ។​ “ចំរូត” គឺជាមនុស្សដែលនឹងត្រូវនាំមកក្នុងរាជ្យនគរស្ថានសួគ៌ តាមរយៈការប្រែចិត្ត និងសេចក្តីជំនឿនៅក្នុងព្រះគ្រីស្ទ។​ មនុស្សនៅក្នុងពិភពលោកត្រូវការអ្នកអធិប្បាយ និងអ្នកបម្រើ នៃដំណឹងល្អបន្ថែមទៀត ហើយព្រះយេស៊ូវចាត់សិស្សរបស់ព្រះអង្គឲ្យទៅឈោងចាប់គេ។​ 

 

bottom of page