ផ្នែកទី១៖ សេចក្តីអធិស្ឋានរបស់លោកប៉ុល
សំបុត្រប៉ុល ជាសិស្សរបស់ព្រះគ្រីស្ទយេស៊ូវ ដែលខ្ញុំជាប់គុកនេះ នឹងធីម៉ូថេ ជាបងប្អូន យើងខ្ញុំផ្ញើមកអ្នកភីលេម៉ូន ជាសំឡាញ់ស្ងួនភ្ងា ដែលធ្វើការជាមួយនឹងយើងខ្ញុំ ហើយមកនាងអាប់ភា ជាអ្នកស្ងួនភ្ងា នឹងអ្នកអើឃីព ជាគូកនតយុទ្ធជាមួយនឹងយើងខ្ញុំ ព្រមទាំងពួកជំនុំ ដែលប្រជុំនៅផ្ទះអ្នកដែរ
១ វាគឺជាទំនៀបទំលាប់នៅក្នុងសម័យនោះ ក្នុងការចាប់ផ្តើមផ្នែកដំបូងនៃសំបុត្រ ដោយសរសេរឈ្មោះរបស់អ្នកសរសេរសំបុត ហើយឈ្មោះរបស់អ្នកទទួល បន្ទាប់មកការសួរសុខទុក្ខ។
អ្នកសរសេរគឺជាលោកប៉ុល។ ពេលវេលាសរសេរ (៦១-៦២ គ.ស) លោកប៉ុលគឺជាអ្នកទោសនៅក្នុង ទីក្រុងរ៉ូមដោយសារការប្រកាសដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ (កិច្ចការ ២៨)។ លោកធីម៉ូថេគឺជាដៃគូព័ន្ធកិច្ច របស់លោកប៉ុល ហើយនៅជាមួយលោកនៅពេលគាត់សរសេរសំបុត្រនេះឡើង។
អ្នកទទួលសំបុត្រគឺជាលោកភីលេម៉ូន។ កាលពីប្រមាណជា ១៥ឆ្នាំមុន លោកភីលេម៉ូនបានទទួល ការសង្គ្រោះ នៅពេលគាត់បានឮដំណឹងល្អតាមរយៈលោកប៉ុល (ខ១៩)។ ឥឡូវនេះគាត់គឺជា សមាជិកម្នាក់ដែលមាន ទ្រព្យសម្បត្តិច្រើននៅក្នុងក្រុមជំនុំនៃទីក្រុងកូឡូស ដែលបានជួបគ្នានៅក្នុងផ្ទះរបស់គាត់។ លោកប៉ុល ចាត់ទុកគាត់ថាជា “ជាសំឡាញ់ស្ងួនភ្ងា ដែលធ្វើការជាមួយនឹងយើងខ្ញុំ” សម្រាប់ការប្រកាសដំណឹងល្អ និងជាមិត្តសម្លាញ់។
២ នាងអាប់ភាប្រហែលគឺជាប្រពន្ធរបស់លោកភីលេម៉ូន។ អើឃីពគឺជាសមាជិកអ្នកផ្ទះរបស់លោកភីលេម៉ូន ប្រហែលគឺជាកូនប្រុសរបស់គាត់ដែលមានព័ន្ធកិច្ចសម្រាប់ក្រុមជំនុំនៅក្នុងក្រុងកូឡូស (កូឡូស ៤:១៧)។
យ៉ាងណាមិញ នេះមិនមែនគ្រាន់តែជាសំបុត្រលក្ខណៈឯកជនទៅកាន់លោកភីលេម៉ូន និងគ្រួសាររបស់គាត់ ប៉ុណ្ណោះទេ។ លោកប៉ុលក៏ចង់ឱ្យអានសំបុត្រនេះទៅកាន់ក្រុមជំនុំដែលជួបប្រជុំគ្នានៅក្នុងផ្ទះរបស់ លោកភីលេម៉ូនដែរ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
៣ ការសួរសុខទុក្ខដោយ “ព្រះគុណ នឹងសេចក្ដីសុខសាន្ត” គឺមាននៅក្នុងសំបុត្រទាំង ១៣ របស់លោកប៉ុលនៅក្នុងគម្ពីរសញ្ញាថ្មី។ វាប្រាប់យើងពីរបៀបដែលយើងទទួលបានការសង្គ្រោះ (ដោយសារព្រះគុណរបស់ព្រះជាម្ចាស់) និងលទ្ធផលនៃការសង្គ្រោះ (សេចក្តីសុខសាន្តជាមួយព្រះជាម្ចាស់ និងចំពោះគ្នាទៅវិញទៅមក)។
ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ទាំងដំណាលពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំអធិស្ឋានផង ដោយបានឮនិយាយពីសេចក្ដីស្រឡាញ់ នឹងសេចក្ដីជំនឿ ដែលអ្នកមានដល់ព្រះអម្ចាស់យេស៊ូវ ហើយដល់ពួកបរិសុទ្ធទាំងអស់គ្នាដែរ
៤-៥ លោកប៉ុលអរព្រះគុណដល់ព្រះជាម្ចាស់ចំពោះភីលេម៉ូនដោយសារសេចក្តីស្រឡាញ់ និងជំនឿរបស់គាត់ នៅក្នុងព្រះយេស៊ូវបានជាប្រយោជន៍ដល់មនុស្សជាច្រើន។ ការពិតដែលថា សេចក្តីស្រឡាញ់របស់គាត់ “ដល់ពួកបរិសុទ្ធទាំងអស់គ្នា” មានសារៈសំខាន់ណាស់ ពីព្រោះលោកប៉ុលកំពុងតែសរសេរសុំឱ្យគាត់បង្ហាញសេចក្តីស្រឡាញ់ទៅកាន់ពួកបរិសុទ្ធម្នាក់ ដែលបានធ្វើខុសចំពោះលោកភីលេម៉ូន។
ខ្ញុំសូមឲ្យសេចក្ដីប្រកបនៃសេចក្ដីជំនឿរបស់អ្នក បានកើតការឡើង ឲ្យបានយល់ព្រមតាមគ្រប់ទាំងការល្អ ដែលនៅក្នុងខ្លួនយើង សំរាប់ព្រះគ្រីស្ទយេស៊ូវ
៦ លោកប៉ុលប្រាប់លោកភីលេម៉ូនពីអ្វីដែលលោកបានអធិស្ឋានសម្រាប់គាត់។ ពាក្យនោះបកប្រែថា “សេចក្ដីប្រកប” (κοινωνία) ចង់សំដៅទៅលើការចែករំលែកជីវិតរួមគ្នានៅក្នុងសហគមន៍គ្រីស្ទបរិស័ទ ដែលអ្នកជឿធ្វើពីព្រោះយើងទាំងអស់គ្នាសុទ្ធតែនៅក្នុងព្រះគ្រីស្ទ។ សេចក្តីជំនឿនៅក្នុងព្រះគ្រីស្ទផ្សារភ្ជាប់ យើងទៅកាន់អ្នកដទៃទៀតដែលមានជំនឿដូចគ្នា។ យើងទាំងអស់គ្នា “ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ” (រ៉ូម ១២:៥)។ លោកប៉ុលចង់ឱ្យក្រុមជំនុំយល់ដឹងច្រើន បន្ថែមទៀតពីអត្ថន័យនៃការមានជំនឿរួមគ្នានៅក្នុងព្រះគ្រីស្ទ។
សេចក្តីអធិស្ឋានរបស់គាត់គឺថាបទពិសោធន៍រួមគ្នាននៃជំនឿនៅក្នុងព្រះគ្រីស្ទនេះនឹងមាន “បានកើតការឡើង” (ἐνεργὴς ត្រង់ៗ ‘ដើម្បីមានថាមពល’ ឬមាន ‘មានអំណាច’)។ នៅពេលក្រុមជំនុំមានការរួបរួមគ្នានៅក្នុងព្រះគ្រីស្ទ លទ្ធផលគឺថាយើងរីករាយជាមួយការយល់ដឹងកាន់តែស៊ីជម្រៅ ហើយមានបទពិសោធន៍នៃព្រះពរដែលជា កម្មសិទ្ធិរបស់យើងក្នុងនាមជាសមាជិកនៃរូបកាយរបស់ព្រះគ្រីស្ទ (“ឲ្យបានយល់ព្រមតាមគ្រប់ទាំងការល្អ ដែលនៅក្នុងខ្លួនយើង”)។
សូមកត់សម្គាល់ថា “គ្រប់ទាំងការល្អ” គឺ “នៅក្នុងខ្លួនយើង”។ ព្រះជាម្ចាស់កំពុងតែសម្រេចបានគ្រប់ទាំង ការល្អ នៅក្នុងប្រជារាស្ត្ររបស់ទ្រង់។ ទ្រង់ធ្វើការនៅក្នុងយើងដើម្បីបង្កើតបានជាការប្រកបគ្នារបស់គ្រីស បរិស័ទដ៏ពោរពេញ ព្រមទាំងការប្រព្រឹត្តិដែលព្រះហឫទ័យដល់ទ្រង់។ ការនេះរួមបញ្ចូលទាំង សេចក្តីស្រឡាញ់ និងការលើកលែងទោសរបស់យើងចំពោះគ្នាទៅវិញទៅមក។`
ដ្បិត ឱប្អូនអើយ យើងខ្ញុំមានសេចក្ដីអំណរ នឹងសេចក្ដីក្សាន្តចិត្តជាខ្លាំងដែរ ដោយសារសេចក្ដីស្រឡាញ់របស់អ្នក ពីព្រោះចិត្តនៃពួកបរិសុទ្ធ បានស្បើយល្ហែ ដោយសារអ្នក។
៧ សេចក្តីស្រឡាញ់របស់លោកភីលេម៉ូនទៅកាន់បងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទបង្ហាញថាគាត់មាន សេចក្តីមេត្តាករុណា ហើយការនេធ្វើឱ្យលោកប៉ុលទុកចិត្តថាគាត់អាចស្នើទៅកាន់គាត់ ហើយគាត់នឹងធ្វើការ អ្វីដែលល្អៗ។
ផ្នែកទី២៖ ការស្នើសុំរបស់លោកប៉ុល
ដូច្នេះ ទោះបើខ្ញុំមានអំណាចជាច្រើន ក្នុងព្រះគ្រីស្ទ នឹងអាចបង្គាប់ឲ្យអ្នកធ្វើការដែលគួរគប្បីនេះក៏ដោយ គង់តែខ្ញុំ ឈ្មោះប៉ុល ជាអ្នកមានវ័យចាស់ហើយ ដែលឥឡូវនេះ បានជាប់គុក ដោយព្រោះព្រះយេស៊ូវគ្រីស្ទផង ខ្ញុំសូមទូន្មានដល់អ្នក ដោយសេចក្ដីស្រឡាញ់វិញ ខ្ញុំអង្វរអ្នកជំនួសកូនខ្ញុំ គឺឈ្មោះអូនេស៊ីមនេះ ដែលខ្ញុំបានបង្កើតក្នុងវេលាជាប់ចំណង
៨ ឥឡូវនេះចូលដល់ហេតុផលដែលលោកប៉ុលសរសេរសំបុត្រនេះ។ លោកប៉ុលគឺជាអ្នកទោសនៅក្នុងទីក្រុងរ៉ូម មិត្តភក្តិរបស់គាត់គឺលោកភីលេម៉ូនស្ថិតនៅក្នុងក្រុងកូឡូស ហើយគាត់មានបាវបំរើម្នាក់ឈ្មោះថាអូនេស៊ីម។ អូនេស៊ីមរត់គេចចេញពីចៅហ្វាយរបស់គាត់ ហើយគេចខ្លួនទៅកាន់ទីក្រុងរ៉ូម។ នៅទីនោះដោយសារព្រះគុណ របស់ព្រះជាម្ចាស់ គាត់បានជួបជាមួយលោកប៉ុល ហើយបានក្លាយខ្លួនទៅជាគ្រីស្ទបរិស័ទ!
លោកប៉ុលស្រឡាញ់អូនេស៊ីបទុកដូចជាកូនប្រុស (ខ១២, ១៦) ហើយចង់ឱ្យគាត់ឋិតនៅក្នុងទីក្រុងរ៉ូម (ខ១៣) ដែលគាត់មានប្រយោជន៍ចំពោះលោកប៉ុលក្នុអំឡុងពេលគាត់ជាប់គុក (ខ១១)។ ប៉ុន្តែ ដោយសារតែការរត់ចេញពីលោកភីលេម៉ូន លោកអូនេស៊ីមបានបំពានទៅលើច្បាប់រ៉ូម។ លោកប៉ុលបានដឹងអំពីបញ្ហានេះ ដែលត្រូវតែ ដោះស្រាយ ហើយបានសម្រេចចិត្តបញ្ជូនអូនេស៊ីម ត្រឡប់ទៅកាន់ក្រុងកូឡូសវិញជាមួយ សំបុត្រនេះ។
ដោយសារតែអំណាចរបស់គាត់ក្នុងនាមជាសាវ័ក លោកប៉ុលអាចបង្គាប់ទៅកាន់លោកភីលេម៉ូនពី អ្វីដែលត្រូវធ្វើ។ ប៉ុន្តែគាត់ដឹងថាវាមិនសមនោះទេសម្រាប់ការធ្វើដូច្នេះនៅក្នុងស្ថានភាពបែបនេះ។ ផ្ទុយទៅវិញ លោកចង់ឱ្យ ភីលេម៉ូនជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវក្នុងនាមជាគ្រីស្ទបរិស័ទម្នាក់។ នោះគឺលោកភីលេម៉ូនគួរតែធ្វើ ការជ្រើសរើសបង្ហាញសេចក្តីស្រឡាញ់ មេត្តា និងការអត់ឱនទោស។ លោកប៉ុលជឿជាក់ថាភីលេម៉ូននឹងធ្វើការនេះ ដោយសារសេចក្តីស្រឡាញ់ដែលគាត់បានបង្ហាញទៅកាន់ ពួកបរិសុទ្ធទាំងអស់កាលពីអតីតកាល។
សំបុត្ររបស់លោកប៉ុលផ្តោតទៅលើទំនាក់ទំនងចំនួនបី៖
(១) ទំនាក់ទំនងរបស់លោកប៉ុលជាមួយនឹងអូនេស៊ីម។ លោកអូនេស៊ីមបានក្លាយទៅជាគ្រីស្ទបរិស័ទតាមរយៈព័ន្ធកិច្ចរបស់លោកប៉ុល (ខ១០) ហើយគឺ “មានប្រយោជន៍” ចំពោះលោកប៉ុល (ខ១១) ក្នុងអំឡុងពេលគាត់ជាប់គុកនៅក្នុងទីក្រុងរ៉ូម (ខ១៣)។ ប៉ុន្តែលើសពីនេះ អូនេស៊ីមគឺជា “កូនប្រុស” របស់លោកប៉ុល (ខ១០) និងជា ”ជាទីស្រឡាញ់” របស់គាត់ (ខ១២)។
(២) ទំនាក់ទំនងរបស់លោកប៉ុលជាមួយនឹងភីលេម៉ូន។ លោកភីលេម៉ូនក៏បានក្លាយជាគ្រីស្ទបរិស័ទតាមរយៈព័ន្ធកិច្ចរបស់លោកប៉ុលដែរ (ខ១៩) ហើយគឺជា “អ្នករួមការងារ” និងជា “ដៃគូ” ព័ន្ធកិច្ចរបស់គាត់ (ខ១៧)។
(៣) ទំនាក់ទំនងរបស់លោកភីលេម៉ូនជាមួយអូនេស៊ីម។ អូនេស៊ីមគឺជាបាវបំរើរបស់លោកភីលេម៉ូនដែលបានរត់គេចចេញពីគាត់ (ខ១៨)។ គាត់ «គ្មានប្រយោជន៍» ដល់ភីលេម៉ូនពីមុន (ខ១១) ហើយប្រហែលជាបានលួចពីគាត់ (ខ១៨) ប៉ុន្តែឥឡូវនេះ គាត់បានក្លាយទៅជាគ្រីស្ទបរិស័ទ ហើយបានក្លាយជា “មានប្រយោជន៍” ចំពោះលោកភីលេម៉ូន (ខ១១)។ សំខាន់បំផុតនោះឥឡូវនេះគាត់គឺជា “បងប្អូនដ៏ជាទីស្រឡាញ់” នៅក្នុងព្រះអម្ចាស់ (ខ១៦)។
សូមកត់សម្គាល់ថាអ្វីដែលភ្ជាប់ទំនាក់ទំនងទាំងបីនេះគឺថាបុរសទាំងបីនាក់នេះសុទ្ធតែមានទំនាក់ទំនងជាមួយព្រះយេស៊ូវគ្រីស្ទ ហើយទំនាក់ទំនងនោះនាំឱ្យពួកគេមានការប្រកបជាមួយគ្នាទៅវិញ ទៅមកដែលជាសមាជិកនៃ គ្រួសារខាងវិញ្ញាណនៅក្នុងព្រះគ្រីស្ទ។ នៅក្នុងគ្រួសារខាងវិញ្ញាណថ្មីនេះ យើងត្រូវចេះប្រព្រឹត្តិចំពោះគ្នាទៅវិញ ទៅមកដោយក្តីស្រឡាញ់ និងគោរព។
តាមស្តង់ដាររបស់លោកីយ៍ អូនេស៊ីមនឹងមិនជ្រើសរើសត្រឡប់មករកចៅហ្វាយនាយរបស់គាត់វិញនោះទេ ភីលេម៉ូនអាចនឹងដាក់ទ័ណ្ឌកម្ម (ឬសម្លាប់) ដល់បាវបំរើដែលរត់ចេញពីគាត់ ហើយលោកប៉ុល អាចបង្គាប់ឱ្យលោកភីលេម៉ូនធ្វើអ្វីដែលគាត់ចង់ធ្វើ។ ប៉ុន្តែគ្មានការណាមួយក្នុងចំណោមការទាំងនេះ កើតឡើងទេ។ ផ្ទុយមកវិញដោយសារសេចក្តីស្រឡាញ់ និងការគោរពជាគ្រីស្ទបរិស័ទ អូនេស៊ីមស្មគ្រចិត្តត្រឡប់មក រកចៅហ្វាយរបស់គាត់វិញ ហើយលោកប៉ុលសរសេរសំបុត្រនេះមកជា ជំនួយដល់លោកភីលេម៉ូនឱ្យឆ្លើយតប តាមរបៀបរបស់គ្រីស្ទបរិស័ទ។
៩ លោកប៉ុលប្រាប់លោកភីលេម៉ូនអំពីស្ថានភាពដ៏លំបាករបស់គាត់។ លោកប៉ុលមានវ័យចាស់ហើយនៅក្នុង គុកដោយសារតែដំណឹងល្អ។ គាត់មានអាយុប្រមាណជា ៦០ឆ្នាំ ហើយទទួលការរងទុក្ខដោយសារ ការបៀតបៀនអស់ជាច្រើនឆ្នាំ មានជម្ងឺ ជាប់ឃុំឃាំង ពិបាកក្នុងការធ្វើដំណើរ និងបម្រើដល់ក្រុមជំនុំដែលគាត់បានដាំ (២ កូរិនថូស ១១:២៣-៣០)។ ខណៈដែលលោកភីលេម៉ូននឹកគិតដល់ការលំបាករបស់លោកប៉ុល គាត់គួរតែសុខចិត្តធ្វើតាមការស្នើសុំ របស់លោកប៉ុល។
១០ ឥឡូវនេះ លោកប៉ុលបញ្ជាក់យ៉ាងច្បាស់ថា ការស្នើសុំរបស់គាត់គឺជំនួសលោកអូនេស៊ីម។ គាត់ប្រាប់ទៅកាន់លោកភីលេម៉ូន ថាលោកអូនេស៊ីមបានក្លាយជាគ្រីស្ទបរិស័ទ។ លោកប៉ុលបាននាំលោកអូនេស៊ីមឱ្យមានជំនឿទៅលើព្រះគ្រីស្ទ។ ឥឡូវនេះលោកប៉ុល និងលោកអូនេស៊ីមគឺដូចជាឪពុក និងកូនប្រុស។ ហេតុដូច្នេះ លោកប៉ុលបានអំពាវនាវទៅកាន់ លោកភីលេម៉ូនជំនួសឱ្យកូនប្រុសខាងវិញ្ញាណរបស់គាត់។
ពីដើមជាអ្នកគ្មានប្រយោជន៍ដល់អ្នកទេ តែឥឡូវនេះ មានប្រយោជន៍ដល់ទាំងអ្នក នឹងខ្ញុំផង ខ្ញុំចាត់គាត់មកឯអ្នកវិញ
១១ វាហាក់ដូចជាលោកអូនេស៊ីមមិនមែនជាបាវបំរើដ៏ល្អចំពោះលោកភីលេម៉ូននោះទេមុនពេលដែលគាត់ រត់ចេញ។ ប៉ុន្តែការផ្លាស់ប្តូរដ៏អស្ចារ្យបានកើតមានឡើង។ លោកអូនេស៊ីមបានផ្លាស់ប្រែដោយសារព្រះគុណ របស់ព្រះជាម្ចាស់។ ឥឡូវនេះគាត់មានប្រយោជន៍ ទាំងសម្រាប់លោកប៉ុល និងលោកភីលេម៉ូន (ខ១៣)។ ឈ្មោះអូនេស៊ីមមានន័យថា “មានប្រយោជន៍” ជាភាសាក្រិច។ ដូច្នេះលោកប៉ុលនិយាយថាលោកអូនេស៊ីម (‘មានប្រយោជន៍’) គ្មានប្រយោជន៍ពីមុនមក ប៉ុន្តែឥឡូវគាត់ពិតជាបានក្លាយជាមនុស្សមានប្រយោជន៍ ពិតប្រកដមែន!
១២ លោកប៉ុលបញ្ជូនលោកអូនេស៊ីមត្រឡប់មកវិញបើទោះបីជាវាគឺជាការលំបាកសម្រាប់លោកប៉ុលក្នុង ការធ្វើកិច្ចការនេះក៏ដោយ ពីព្រោះលោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះលោកអូនេស៊ីម។ ការធ្វើខុស ក្នុងចំណោមអ្នកជឿត្រូវតែមានដំណោះស្រាយ (ខ១៦; ១ កូរិនថូស ៦:១-៨, ម៉ាថាយ ៥:២៣-២៤) ដូច្នេះលោកប៉ុលបញ្ជូនលោកអូនេស៊ីមត្រឡប់មកវិញដោយសង្ឃឹមថានឹងមានការផ្សះផ្សារគ្នាវិញជាមួយលោកភីលេម៉ូន។
ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយនឹងខ្ញុំណាស់ ដើម្បីឲ្យគាត់បំរើខ្ញុំជំនួសអ្នក ដែលខ្ញុំនៅជាប់ចំណង ដោយព្រោះដំណឹងល្អ
១៣ លោកប៉ុលដឹងថា ប្រសិនបើលោកភីលេម៉ូនស្ថិតនៅក្នុងក្នុងទីក្រុងរ៉ូម គាត់នឹងចង់ជួយដល់ លោកប៉ុលបាន។ ប៉ុន្តែលោកភីលេម៉ូនស្ថិតនៅក្នុងទីក្រុងកូឡូស ដែលមានចម្ងាយច្រើនជាង ២០០០ គីឡូមែត្រពីគ្នា។ ប៉ុន្តែ ជាបាវបំរើរបស់លោកភីលេម៉ូនស្ថិតនៅក្នុងទីក្រុងរ៉ូម ហើយគាត់បានបម្រើដល់ លោកប៉ុល។ ដូច្នេះ លោកប៉ូលនិយាយថា កិច្ចការរបស់លោកអូនេស៊ីមត្រូវបានធ្វើជំនួសលោកភីលេម៉ូន។ តាមរយៈការធ្វើដូច្នេះ លោកប៉ុលចង់ឲ្យលោកភីលេម៉ូនយល់ថា វាមានប្រយោជន៍សម្រាប់លោកប៉ុល (ហេតុដូច្នេះហើយ វាមានប្រយោជន៍សម្រាប់ ការរីកចម្រើនដល់ដំណឹងល្អ) ដែលលោកអូនេស៊ីម បានមកដល់ទីក្រុងរ៉ូម។
កិច្ចការរបស់លោកប៉ុលដើម្បីធ្វើឱ្យមានការរីកចម្រើនចំពោះដំណឹងល្អបន្តជានិច្ចបើទោះបីជាគាត់ជាប់នៅក្នុងគុកក៏ដោយ ហើយលោកអូនេស៊ីមបានជួយដល់លោកប៉ុលនៅក្នុងកិច្ចការនេះ។ ហេតុដូច្នេះ លោកអូនេស៊ីម មានប្រយោជន៍ច្រើនជាងសម្រាប់ការរីកចម្រើននៃដំណឹងល្អតាមរយៈការបម្រើលោកប៉ុលនៅក្នុងទីក្រុងរ៉ូម ជាជាងដែលគាត់ដែលគាត់ធ្លាប់ធ្វើបើគាត់ធ្វើជាបាវបំរើរបស់លោកភីលេម៉ូននៅក្នុងក្រុងកូឡូស។
តែខ្ញុំមិនចង់ធ្វើអ្វីទេ លើកតែអ្នកយល់ព្រមដែរ ដើម្បីកុំឲ្យអ្នកធ្វើគុណទាំងបង្ខំឡើយ គឺចង់ឲ្យបានធ្វើដោយស្ម័គ្រចិត្តវិញ
១៤ ជាថ្មីម្តងទៀត លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ៗថាគាត់ចង់ឱ្យលោកភីលេម៉ូនឆ្លើយតបដោយ “ការល្អ” (មិនការសងសឹក គ្មានកំហឹង ឬដាក់ទ័ណ្ឌកម្ម) ប៉ុន្តែវាអាស្រ័យទៅលើលោកភីលេម៉ូនធ្វើការសម្រេចចិត្តថា តើគាត់ចង់ធ្វើដូចម្តេចចំពោះស្ថានភាពនេះ។ លោកប៉ុលនឹងមិនបង្គាប់បញ្ជាលោកទេ ប៉ុន្តែលោកភីលេម៉ូនត្រូវតែពិចារណាឱ្យបានល្អិតល្អន់អំពីស្ថានភាព និងការឆ្លើយតមដោយការល្អ។
ដ្បិតប្រហែលជាដោយហេតុនោះ បានជាគាត់ឃ្លាតចេញពីអ្នកទៅជាយូរបន្តិច ដើម្បីឲ្យអ្នកបានគាត់វិញ ឲ្យនៅជាប់ជាដរាបទៅ តែមិនមែនដូចជាបាវបំរើទៀតឡើយ គឺលើសជាងបាវបំរើទៅទៀត ទុកដូចជាប្អូនស្ងួនភ្ងាវិញ គឺដល់ខ្ញុំជាដើម ហើយដល់អ្នក តើលើសជាងយ៉ាងណាទៅ ទាំងខាងសាច់ឈាម នឹងក្នុងព្រះអម្ចាស់ផង
១៥ លោកប៉ុលប្រាប់លោកភីលេម៉ូនពីរបៀបដែលលោកអូនេស៊ីមរត់ចេញមកគឺពិតជាបានផ្តល់លទ្ធផល ដ៏ល្អមួយចំនួន។ លោកអូនេស៊ីមបានជួបជាមួយលោកប៉ុលនៅក្នុងទីក្រុងរ៉ូម បានឮដំណឹងល្អ បានក្លាយជាអ្នកដើរតាមព្រះយេស៊ូវ ហើយបានក្លាយជាមានប្រយោជន៍តាមរយៈការបម្រើលោកប៉ុល ក្នុងអំឡុងពេលគាត់ជាប់គុក។ ការនេះធ្វើឱ្យលោកប៉ុលគិតថាប្រហែលជាព្រះជាម្ចាស់កំពុងធ្វើការចំពោះរាល់ព្រឹត្តិការណ៍ ទាំងអស់នេះ ហើយមានបំណងល្អឱ្យលោកអូនេស៊ីមធ្វើការសម្រេចចិត្តរត់ចេញ។ តាមគោលការណ៍ ដូចគ្នានេះដែរ ចូរគិតពីរឿងរបស់លោកយ៉ូសែប និងបងប្អូនប្រុសៗរបស់គាត់ (ជាពិសេសនៅក្នុង លោកុប្បត្តិ ៥០:២០; ដូចគ្នានៅក្នុង រ៉ូម ៨:២៨)។
១៦ លោកប៉ុលមើលឃើញថាព្រះជាម្ចាស់កំពុងតែធ្វើការល្អនៅក្នុងព្រឹត្តិការណ៍ទាំងអស់នេះ ហើយគាត់ចង់ឱ្យ លោកភីលេម៉ូនមើលឃើញដូច្នេះដែរ។ លោកអូនេស៊ីមបានចាកចេញទៅទីក្រុងរ៉ូម ក្នុងនាមជាបាវបំរើ ប៉ុន្តែគាត់ត្រឡប់ទៅកាន់ក្រុងកូឡូសវិញក្នុងនាមជាបងប្អូននៅក្នុងព្រះអម្ចាស់។ ទំនាក់ទំនងរបស់ពួកគេជាបាវបំរើ និងជាចៅហ្វាយគឺគ្រាន់តែជាទំនាក់ទំនងបណ្តោះអាសន្នតែប៉ុណ្ណោះ នៅក្នុងពិភពលោកនេះ ប៉ុន្តែទំនាក់ទំនងជាបងប្អូនរបស់ពួកគេគឺជាទំនាក់ទំនងដ៏អស់កល្បជានិច្ចនៅក្នុង ព្រះគ្រីស្ទ។
ដូច្នេះ បើអ្នករាប់ខ្ញុំទុកជាគូកន នោះចូរទទួលគាត់ទុកដូចជាខ្លួនខ្ញុំចុះ
១៧ នេះគឺជាចំណុចសំខាន់នៅក្នុងសំបុត្រ។ វាបានចំណាយអស់ ៣/៤ នៃខ្លឹមសារនៅក្នុងសំបុត្រមុនពេល លោកប៉ុលធ្វើការស្នើសុំនេះ៖ “ចូរទទួលគាត់ទុកដូចជាខ្លួនខ្ញុំចុះ”។ លោកប៉ុលចង់ឱ្យលោកភីលេម៉ូនផ្តល់ ឳកាសឱ្យបាវបំរើដែលរត់គេចចេញនេះនូវការស្វាគមន៍ដូចគ្នាដែលគាត់នឹងផ្តល់ឱ្យដល់សាវ័កដែលបាននាំ គាត់មកកាន់ព្រះគ្រីស្ទ!
“ចូរទទួលគាត់ទុកដូចជាខ្លួនខ្ញុំចុះ”។ អត្ថន័យទាក់ទងគ្នានេះមានលក្ខណៈច្បាស់លាស់ណាស់៖ កាលណាលោកភីលេម៉ូនឱ្យតម្លៃចំពោះទំនាក់ទំនងជាមួយលោកប៉ុលកាន់តែច្រើន លោកភីលេម៉ូនត្រូវឱ្យ តម្លៃចំពោះលោកអូនេស៊ីមកាន់តែច្រើនដែរ។ ប្រសិនបើលោកប៉ុលទៅផ្ទះរបស់លោកភីលេម៉ូន នោះលោកភីលេម៉ូននឹងប្រព្រឹត្តិយ៉ាងល្អចំពោះលោកប៉ុល។ ហេតុដូច្នេះ គាត់ត្រូវប្រព្រឹត្តិចំពោះ លោកអូនេស៊ីម (ដែលបានត្រឡប់មករកគាត់វិញជាមួយសំបុត្រនេះ) ឱ្យបានល្អដែរ។ ជាថ្មីម្តងទៀតចូរកត់សម្គាល់ថា មូលដ្ឋាននៃការអំពាវនាវគឺជាភាពជាដៃគូ (κοινωνόν)។
បើគាត់បានធ្វើអ្វីខុសឆ្គងនឹងអ្នក ឬជំពាក់អ្នក នោះត្រូវគិតលើខ្ញុំវិញ ប៉ុលខ្ញុំសរសេរដោយដៃខ្លួនថា ខ្ញុំនឹងសងអ្នក តែដែលអ្នកជំពាក់ខ្ញុំ ទាំងខ្លួនអ្នកផង នោះមិនថាទេ
១៨-១៩ លោកប៉ុលបាននាំទាំងលោកភីលេម៉ូន និងលោកអូនេស៊ីមមកកាន់ព្រះគ្រីស្ទ។ ឥឡូវនេះ លោកប៉ុលប្រើប្រាស់ទំនាក់ទំនងដែលគាត់មានជាមួយបុរសទាំងពីរនាក់នេះដើម្បីព្យាយាមផ្សះផ្សារពួកគេទៅវិញទៅមក។ លោកប៉ុលមិនចង់បានអ្វីទាំងអស់មករារាំងការផ្សះផ្សាររបស់ពួកគេ ដូច្នេះគាត់បានផ្តល់ឱ្យនូវការបង់ថ្លៃ ចំពោះបំណុលណាមួយដែលលោកអូនេស៊ីមជំពាក់លោកភីលេម៉ូន។
យើងទាំងអស់គ្នាគឺជាអូនេស៊ីម។ លោកប៉ុលអង្វរជំនួសបាវបំរើដែលមានទោស ដោយនិយាយថា “ខ្ញុំដឹងថាបុរសម្នាក់នេះបានធ្វើខុស ធ្វើបំពានច្បាប់ ហើយជាជនឧក្រិដ្ឋដែលសមនឹងទទួល ការដាក់ទោស។ ប៉ុន្តែ បាវបំរើម្នាក់នេះគឺជាមិត្តភក្តិរបស់ខ្ញុំ ដូច្នេះខ្ញុំនឹងសងបំណុលទាំងអស់របស់គាត់”។ នេះគឺជាអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ បើទោះបីជាយើងទាំងអស់គ្នាធ្វើខុស ហើយមានទោស ជាបាវបំរើអំពើបាបក៏ដោយ ក៏ព្រះយេស៊ូវសុំព្រះវរបិតាឱ្យ “សូមទទួលពួកគេទុក ដូចជាទ្រង់ទទួល ខ្ញុំទុកដែរ ហើយយកបំណុលរបស់ពួកគេ ដាក់ចូលក្នុងវិក័យប័ត្ររបស់ខ្ញុំចុះ”។
សំណេរដោយផ្ទាល់ដៃរបស់លោកប៉ុលគឺជាការធានាថាគាត់ទទួលយកទំនួសខុសត្រូវតាមផ្លូវច្បាប់ក្នុងការសងចំពោះអ្វីដែលអូនេស៊ីមជំពាក់ភីលេម៉ូន។ ប៉ុន្តែលោកប៉ុលក៏រំលឹកដល់លោកភីលេម៉ូនថា គាត់បានជំពាក់លោកប៉ុល នូវអ្វីម្យ៉ាងដែលមានតម្លៃលើជាងប្រាក់ដែលលោកប៉ុលស្មគ្រចិត្តសងទៅទៀត។ លោកប៉ុលបាននាំឱ្យលោកភីលេម៉ូនក្លាយជាគ្រីស្ទបរិស័ទ។ ហេតុដូច្នេះលោកភីលេម៉ូនជំពាក់លោកប៉ុលនូវ “ទាំងខ្លួនអ្នក” នោះគឺជាខ្លួនឯងពិតប្រាកដដែលគាត់បានក្លាយជាក្នុងព្រះគ្រីស្ទ។ ជីវិតថ្មីនៅក្នុងព្រះគ្រីស្ទ ដែលលោកភីលេម៉ូន បានទទួលមានតម្លៃលើសជាងហិរញ្ញវត្ថុដែលគាត់បាត់បង់ដែលលោកអូនេស៊ីម បានបណ្តាលឱ្យកើតមានចំពោះលោកភីលេម៉ូនទៅទៀត។
អើ ប្អូនអើយ សូមឲ្យខ្ញុំបានផលនេះអំពីអ្នក ក្នុងព្រះអម្ចាស់ សូមលំហែចិត្តខ្ញុំក្នុងព្រះគ្រីស្ទផង។
២០ ការស្នើសុំគឺមកពីបងប្អូនសម្រាប់បងប្អូន (ខ២០) ជំនួសឱ្យបងប្អូន (ខ១៦)។ មុននេះនៅក្នុងសំបុត្រ លោកប៉ុលបាននិយាយថាលោកភីលេម៉ូនគឺជាមនុស្សដែលធ្វើឱ្យដួងចិត្តរបស់ពួកបរិសុទ្ធទទួលបាន ភាពស្បើយល្ហែ (ខ៧)។ ឥឡូវនេះ គាត់មានឱកាសលំហែចិត្តរបស់លោកប៉ុលទទួលបាននូវ ភាពស្រស់ស្រាយ តាមរយៈការទទួលយកលោកអូនេស៊ីមដោយព្រះគុណ និងសេចក្តីសុខសាន្ត។
ខ្ញុំបានសរសេរសំបុត្រនេះផ្ញើមកអ្នក ដោយមានចិត្តជឿថា អ្នកនឹងស្តាប់តាមខ្ញុំ ហើយខ្ញុំក៏ដឹងជាក់ថា អ្នកនឹងធ្វើលើសអំពីសេចក្ដីដែលខ្ញុំសូមនេះទៅទៀត។
២១ លោកប៉ុលបានសុំឱ្យលោកភីលេម៉ូនប្រព្រឹត្តិចំពោះអូនេស៊ីមក្នុងនាមជាបងប្អូននៅក្នុងព្រះគ្រីស្ទ ហើយ “ចូរទទួលគាត់ទុកដូចជាខ្លួនខ្ញុំចុះ” (នោះគឺដោយសារសេចក្តីស្រឡាញ់ និងព្រះគុណជាគ្រីស្ទបរិស័ទ)។ ប៉ុន្តែគាត់មានចិត្តជឿថា លោកភីលេម៉ូននឹងធ្វើលើសពីនេះទៅទៀត។
តើមានអ្វីដែលលោកភីលេម៉ូនអាចធ្វើចំពោះអូនេស៊ីមលើសពីនេះទៀត? គាត់អាចបញ្ជូនអូនេស៊ីម ត្រឡប់មកកាន់ទីក្រុងរ៉ូមវិញដើម្បីបន្តជួយដល់លោកប៉ុល ឬគាត់អាចដោះឱ្យអូនេស៊ីមមានសេរីភាព ពីភាពជាបាវបំរើដើម្បីឱ្យគាត់អាចបម្រើព្រះតាមរបៀបណាដែលគាត់ត្រូវបានត្រាស់ហៅ។ ប៉ុន្តែជាថ្មីម្តងទៀត លោកប៉ុលបានទុកឱ្យលោកភីលេម៉ូនជាអ្នកធ្វើការសម្រេចចិត្ត។
ផ្នែកទី៣៖ ការលាគ្នារបស់លោកប៉ុល
សូមរៀបកន្លែងឲ្យខ្ញុំបាននៅផង ដ្បិតខ្ញុំសង្ឃឹមថា ព្រះទ្រង់នឹងប្រគល់ខ្ញុំមកឯអ្នកវិញ ដោយអ្នកអធិស្ឋានឲ្យខ្ញុំផង។
២២ លោកប៉ុលរំពឹងថានឹងត្រូវបានដោះលែងពីគុកឆាប់ៗ (ភីលីព ២:២៣-២៤) ហើយវាកើតឡើងមែន។ បន្ទាប់មកគាត់នឹងធ្វើដំណើរទៅកាន់ក្រុងកូឡូស។ លោកប៉ុលនឹងស្នាក់នៅផ្ទះរបស់លោកភីលេម៉ូនជា កន្លែងដែលគាត់រំពឹងថានឹងទទួលបានភាពរីករាយក្នុងការប្រកបគ្នាគ្រីស្ទបរិស័ទជាមួយទាំងលោកភីលេម៉ូន និងលោកអូនេស៊ីមបានផ្សះផ្សារគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូននៅក្នុងព្រះអម្ចាស់។
អ្នកអេប៉ាប្រាស ជាអ្នកជាប់គុកជា១នឹងខ្ញុំ ដោយព្រោះព្រះគ្រីស្ទយេស៊ូវ គាត់ជំរាបសួរមកអ្នកដែរ ព្រមទាំងអ្នកម៉ាកុស អ្នកអើរីស្តាក អ្នកដេម៉ាស នឹងអ្នកលូកា ជាគូកនធ្វើការជា១នឹងខ្ញុំ គេក៏សូមជំរាបសួរមកអ្នកផង។
២៣-២៤ លោកប៉ុលផ្ញើការនឹករលឹកពីមិត្តរួមការងាររបស់គាត់នៅក្នុងទីក្រុងរ៉ូម។ ចំណាំពិសេសគឺ លោកអេប៉ាប្រាស និងលោកម៉ាកុស។ លោកអេប៉ាប្រាសគឺជាសមាជិករបស់ក្រុមជំនុំនៅក្រុងកូឡូស (កូឡូស ៤:១២-១៣) ដែលត្រូវបានជាប់ឃុំ ជាមួយលោកប៉ុល។ លោកម៉ាកុសបានរត់ចេញពីលោកប៉ុលនៅពេលធ្វើដំណើរបេសកកម្មរបស់ពួកគេជាមួយគ្នាលើកដំបូង។ (កិច្ចការ ១២:២៥; ១៥:៣៦-៤១) ប៉ុន្តែលោកប៉ុលបានអត់ឱនទោសឱ្យលោកម៉ាកុស ហើយឥឡូវនេះ មានអំណរគុណចំពោះព័ន្ធកិច្ចរបស់គាត់ (២ ធីម៉ូថេ ៤:១១)។ ការនេះបង្ហាញថា លោកប៉ុលបានធ្វើការឆ្លង កាត់នូវបញ្ហាលំបាកៗ សម្រាប់ការលើកលែងទោសពីមុនមក។
សូមឲ្យវិញ្ញាណអ្នកបានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ អាម៉ែន។:៚
២៥ លោកប៉ុលបញ្ចប់ដោយការប្រទានពរនូវសេចក្តីសុខសាន្តដល់ក្រុមជំនុំនៅក្រុងកូឡូស។ ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទគឺតែងតែមានជានិច្ចដើម្បីជួយដល់អ្នកដើរតាមទ្រង់ ដើម្បីឲ្យមានការលើកលែងទោស សេចក្តីស្រឡាញ់ និងការប្រកបគ្នានៅក្នុងក្រុមជំនុំរបស់ព្រះអង្គ។