top of page

មេរៀនទី ៥: ទំនាក់ទំនងជាមួយព្រះ

សេចក្តីពិតដ៏សំខាន់មួយ :   ភាពជាគ្រីស្ទបរិស័ទមិនមែនជាសាសនា ដែលយើងគ្រាន់តែសម្ដែងចេញនោះទេ

តែគឺជាទំនាក់ទំនងជាមួយព្រះវរបិតា!

ស្នើររកអ្នកស្ម័គ្រចិត្ត ៣ នាក់ និងឱ្យសៀវភៅទៅពួកគាត់ម្នាក់ ១ ក្បាល។ ប្រាប់អ្នកទី ១ ថា៖ "គ្រូនឹង អង្គុយចុះនៅទីនោះ។ ចូរយកសៀវភៅមកឱ្យគ្រូ ក្នុងរបៀបដែលមួយដែលលើកតម្កើងគ្រូ"។

បន្ទាប់ពីពួកគេធ្វើបែបនេះហើយ ប្រាប់អ្នកទី ២ ថា៖ "ចូរយកសៀវភៅមកឱ្យគ្រូ ក្នុងរបៀបមួយដែល ប្អូនទទួលបានចំណាប់អារម្មណ៍ និងការកោតសរសើរពីតអ្នកដទៃ"

បន្ទាប់ពីគេធ្វើបែបនេះហើយ ប្រាប់អ្នកទី ៣ ថា៖ "ចូរយកសៀវភៅមកក្នុងរបៀបមួយ ដែលបង្ហាញថាវា គ្រាន់តែជាកាតព្វកិច្ច ដែលប្អូនត្រូវតែធ្វើ ទោះបីជាប្អូនមិនចង់ធ្វើក៏ដោយ"

បន្ទាប់ពីពួកគេបានធ្វើដូចនេះអស់ហើយ និយាយថា៖ "ថ្ងៃនេះ យើងនឹងមើលពីកត្តាជំរុញចិត្ត ដែលជា មូលហេតុដែលនាំឱ្យយើងធ្វើអ្វី ដែលយើងធ្វើ?"

សកម្មភាព : កត្ដាជំរុញចិត្ត

សម្ភារ៖ កាតជំរុញចិត្ត ៣ សម្រាប់ក្រុមនីមួយៗ

របៀបលេង :

១) និយាយ៖ "ចូលទៅក្នុងក្រុមមានគ្នា ៤ នាក់។ គ្រូនឹងឱ្យកាតជំរុញចិត្ត ៣ សន្លឹកទៅក្រុមនីមួយៗ។ នៅ លើកាតមានសរសេរថា៖ "ការកោតសរសើរពីមនុស្ស” “កាតព្វកិច្ចនិងករណីយកិច្ច” និង “ទំនាក់ទំនងពិតប្រាកដ"។ កាតមួយសម្រាប់មនុស្សម្នាក់។ មានមនុស្សម្នាក់នៅក្នុងក្រុម ដែលនឹងមិនមានកាតទេ។"

២) និយាយ៖ "មនុស្សម្នាក់ដែលគ្មានកាត ជាអ្នកដែលមានបញ្ហាមួយ។ ប្អូនៗគឺជាមិត្តរបស់គាត់ ទើបប្អូន ព្យាយាមជួយគាត់។ ប៉ុន្តែ ប្អូនមានកត្ដាជំរុញចិត្តរៀងៗខ្លួន។ កាតដែលប្អូនមាន និយាយអំពីអ្វីដែលជា កត្តាជំរុញចិត្តប្រាកដរបស់ប្អូន។"

៣) ប្រាប់យុវជនអំពី បញ្ហាដំបូង។ និយាយ៖ "អ្នកដែលគ្មានកាត ទើបតែនឹងប្រឡងធ្លាក់នៅសាលា។ ឥឡូវចូរសម្ដែងស្ថានភាពនេះ នៅក្នុងក្រុមរបស់ប្អូន។ ប្អូនៗមានពេល ២ នាទី"។

៤) បន្ទាប់ពីនេះ ប្រាប់ពួកគាត់ឱ្យហុចកាតទៅអ្នកនៅខាងស្ដាំដៃរបស់គាត់។

៥) ឱ្យបញ្ហាថ្មី ១ ទៀតទៅគាត់។ និយាយ៖ "អ្នកដែលគ្មានកាត កំពុងឈឺនៅឯមន្ទីរពេទ្យ។"

៦) លេង ៤ ជុំ ដោយប្រើបញ្ហាផ្សេងៗពីគ្នា ដើម្បីឱ្យគ្នាអាចមានកាតជំរុញចិត្តទាំងអស់គ្នា។

ក្រោយបញ្ចប់ហ្គេម

សួរ៖ "នៅក្នុងហ្គេម នៅពេលប្អូនមានបញ្ហា តើនរណាជាមិត្តរបស់ប្អូនពិតប្រាកដ?"
តើអាកប្បកិរិយារបស់អ្នក ២ នាក់ទៀត មានបញ្ហាអ្វី?
តើកត្តាជំរុញចិត្តចំពោះសកម្មភាពរបស់ពួកយើង  សំខាន់ដែរទេ? ហេតុអ្វី?

ចូរមើលអំពី អ្វីដែលព្រះយេស៊ូវមានបន្ទូលអំពី សារៈសំខាន់នៃកត្តាជំរុញចិត្តរបស់យើង។

ការរៀនព្រះគម្ពីរ

យើងកំពុងបន្តរៀនបណ្ដុំរឿងទាក់ទងនឹង សេចក្ដីអធិប្បាយនៅលើភ្នំ របស់ព្រះយេស៊ូវ។ សម្រាប់ជនជាតិយូដាពួកគេមានសកម្មភាព ៣ យ៉ាងដែលមានសារៈសំខាន់ ក្នុងការលើកតម្កើងព្រះ គឺ ការ​ធ្វើ​ទាន ការអធិស្ឋាន និងការតមអាហារ។ ព្រះយេស៊ូវបង្រៀនពួកសិស្សរបស់ព្រះអង្គអំពី កត្តាជំរុញត្រឹមត្រូវក្នុងការធ្វើទង្វើ ទាំងអស់នេះ។

អាន [ម៉ាថាយ 6:1-8, 6:16-18]

សំនួរបង្កប់ន័យ

នៅក្នុងខរ ១ តើព្រះយេស៊ូវមានបន្ទូលថា មានអ្វីកើតឡើងបើយើងធ្វើអំពើល្អ ដើម្បីឱ្យតែគេមើលឃើញ នោះ?
យើងនឹងមិនមានរង្វាន់មកពីព្រះទេ។

នៅក្នុងខរ ២ ដល់ ៤ ព្រះយេស៊ូវមានបន្ទូលអំពីការ​ធ្វើ​ទាន។ តាមពាក្យរបស់ព្រះយេស៊ូវ តើយើងគួរធ្វើ​ទានដោយ របៀបណា?
កុំឱ្យមានចំនាប់អារម្មណ៍មកកាន់ការធ្វើ​ទានរបស់អ្នកឡើយ (នោះ​កុំ​ឲ្យ​ផ្លុំ​ត្រែ​នៅ​មុខ​អ្នក)   គឺធ្វើវាដោយសម្ងាត់។

បន្ទាប់មកទៀត នៅក្នុងខរ ៥ ដល់ ៦ ព្រះយេស៊ូវមានបន្ទូលអំពី ការអធិស្ឋាន។ តើយើងគួរធ្វើអ្វីនៅពេល យើងអធិស្ឋាន?
ចូលទៅក្នុងបន្ទប់ និងបិទទ្វារ។

ចុះចំណែកការតមអាហារវិញ (ខរ ១៦ ដល់ ១៨) តើយើងគួរតមដូចម្ដេច?
រក្សារូបរាងឱ្យមើលទៅនៅតែល្អស្អាត ដើម្បីកុំឱ្យគេដឹងថា អ្នកកំពុងតម។

ហេតុអ្វីបានជាយើងចាំបាច់ ត្រូវធ្វើអំពើទាំងនេះដោយសម្ងាត់? (គន្លឹះ៖ ព្រះយេស៊ូវមានបន្ទូលផ្ទួនៗ នៅក្នុងខរ ៤ ៦ និង១៨)
ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សំងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់

សំនួរមានអត្ថន័យ

ព្រះយេស៊ូវមានបន្ទូលអំពី សេចក្ដីល្អ ៣ យ៉ាងដែលមនុស្សធ្វើ គឺការ​ធ្វើ​ទាន ការអធិស្ឋាន និងការតមអាហារ។ ព្រះអង្គយល់ស្របថា យើងគួរធ្វើវា តែព្រះអង្គបង្រៀនថាកត្តាជំរុញចិត្តរបស់យើងគឺ សំខាន់ណាស់។ យើង​ធ្វើ​ទាន យើងអធិស្ឋាន ហើយយើងតមអាហារ គឺដើម្បីលើកតម្កើងព្រះ ហើយដើម្បីឱ្យទំនាក់ទំនងរបស់យើងជាមួយទ្រង់រីកចម្រើន។ យើងមិនធ្វើការទាំងនេះ ដើម្បីទទួលការកោតសរសើរពីអ្នកដទៃឡើយ។ 

តើប្អូនៗគិតថា កត្តាជំរុញចិត្តអ្វី ដែលនាំឱ្យមនុស្សធ្វើអំពើល្អ ដើម្បីឱ្យតែអ្នកដទៃមើលឃើញ?
ពួកគាត់ចង់ឱ្យអ្នកដទៃសរសើរ។ វាដូចជាការសម្ដែង ដើម្បីផ្គាប់ចិត្តអ្នកដទៃ ហើយទទួលការសរសើរ សម្រាប់ខ្លួនប៉ុណ្ណោះ។

តើប្អូនៗគិតថា ហេតុអ្វីបានជាព្រះមិនប្រទានរង្វាន់ អ្នកណាដែលធ្វើអ្វីដើម្បីតែឱ្យអ្នកដទៃឃើញ?
ព្រោះអំពើរបស់គេ មិនមែនធ្វើដើម្បីព្រះនោះទេ។ រង្វាន់ដែលពួកគេចង់បានគឺ ការលើកសរសើរ​ពីមនុស្ស​។

តើប្អូនៗគិតថា កត្តាជំរុញចិត្តអ្វី ដែលនាំឱ្យមនុស្សធ្វើអំពើល្អ ដោយសម្ងាត់?
ពួកគេចង់ផ្គាប់ចិត្តព្រះ និងជួយមនុស្ស។ អំពើរបស់ពួកគេ ចេញពីចិត្តដ៏ល្អ។ ពួកគេចង់បានរង្វាន់ មកពីព្រះ មិនមែនមកពីមនុស្ស។

ហេតុអ្វីបានជាកត្តាជំរុញចិត្តយើងសំខាន់?
ទុកឱ្យពួកគេបញ្ចេញយោបល់។

ចម្លើយគឺ ព្រះទតឃើញដួងចិត្តយើង។ កត្តាជំរុញចិត្តយើង ស្ដែងចេញពីចរិតលក្ខណៈពិតរបស់យើង ព្រោះថា វាបង្ហាញពីអ្វីដែលសំខាន់ពិតប្រាកដសម្រាប់យើង។

អ៊ីចឹង តើអ្វីដែលយើងគួរធ្វើដោយសម្ងាត់ និងតើអ្វីដែលយើងគួរធ្វើជាសាធារណៈ?
ទុកឱ្យសិស្សបញ្ចេញគំនិត។

តើប្អូនចាំបានពីអ្វី ដែលព្រះយេស៊ូវមានបន្ទូលនៅក្នុង ម៉ាថាយ 5:16 ដែរទេ? ព្រះអង្គមានបន្ទូលថា៖ "ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌។"។ ដូច្នេះ យើងគួរធ្វើអំពើល្អ នៅទីសាធារណៈ ដោយកត្តាជំរុញចិត្តដែល ចង់ឱ្យគេសរសើរតម្កើងព្រះវរបិតា។

ប៉ុន្តែ ការភក្តីភាព និងការប្ដេជ្ញាជាមួយព្រះ (ដូចជា ការ​ធ្វើ​ទាន ការអធិស្ឋាន និងការតម) ជាធម្មតាគឺធ្វើឡើងដោយសម្ងាត់ ជាមួយនឹងកត្តាជំរុញចិត្ត ដែលចង់មានទំនាក់ទំនងជាមួយព្រះ។

ចំនុចគន្លឺះចុងក្រោយ៖ មាន​ពាក្យ​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​វិញ​ដប់​ដង​ នៅក្នុង​ខគម្ពីរ​ទាំង​នេះ។

តើប្អូនៗកត់សម្គាល់ទេ ថាវាជាអ្វី?

ពាក្យជា "ព្រះបិតា"។ នេះជាគន្លឹះដែលជួយឱ្យយល់អំពី អ្វីដែលព្រះយេស៊ូវកំពុងបង្រៀន។ ភាពជាគ្រីស្ទបរិស័ទ មិនមែនជាសាសនាដែលយើងសម្ដែងចេញនោះទេ។ វាគឺជាទំនាក់ទំនងជាមួយ ព្រះ ជាព្រះវរបិតាយើង! ព្រះយេស៊ូវមិនបានយាងមក ឱ្យយើងមានសាសនាថ្មីនោះឡើយ។ ព្រះអង្គ យាងមកឱ្យយើងមានទំនាក់ទំនងជាមួយព្រះ។ មូលហេតុដែលយើងអធិស្ឋាន តម ឱ្យ អានព្រះគម្ពីរ និងថ្វាយបង្គំគឺ ដើម្បីមានភាពជិតស្និទ្ធិជាមួយព្រះ ដ៏ជាព្រះវរបិតាយើង។ នេះហើយជាកត្តាជំរុញរបស់យើង។

 

ពេលវេលាក្រុមតូច

ពិភាក្សាគ្នា នៅក្នុងក្រុមតូច៖

  • តើមួយណាប្រសើរជាងរវាងការទទួលរង្វាន់ពីមនុស្សដែលសរសើរអ្នក និងរង្វាន់ដែលមកពីព្រះ?   ហេតុអ្វី? មួយណាដែលអ្នកចង់បាន?

  • គិតអំពី អ្វីដែលអ្នកធ្វើនៅព្រះវិហារ ដូចជាការបម្រើ ថ្វាយបង្គំ អធិស្ឋាន ឱ្យជាដើម។ តើកាតជំរុញចិត្តរបស់អ្នកជាអ្វី? ការកោតសរសើរពីមនុស្ស កាតព្វកិច្ច និងករណីយកិច្ចឬ ជាទំនាក់ទំនងពិតប្រាកដ?

អធិស្ឋានបញ្ចប់

bottom of page