top of page

មេរៀនទី ២: អំបិល និងពន្លឺ

សេចក្តីពិតដ៏សំខាន់មួយ :   អ្នកដើរតាមព្រះយេស៊ូ មានតម្លៃ និងតួនាទីដ៏សំខាន់ នៅក្នុងពិភពលោកនេះ។

សកម្មភាព :  វិញ្ញាសារអំបិល

សម្ភារៈ អំបិល

របៀបលេង :

១) ចែកក្រុមយុវជនជា ១ ក្រុម ៣ នាក់ រួចឱ្យអំបិលទៅពួកគេ។

២) និយាយ៖ "នេះគឺជា វិញ្ញាសារ។ គ្រប់សំនួរទាំងអស់នឹងទាក់ទងអំពី... អំបិល។ គ្រូនឹងបង្កើតប្រយោគ ១។ បើប្អូនគិតថា វាជាការពិតត្រូវនិយាយថា "អំបិល" និងលិតអំបិលរបស់ខ្លួនបន្តិច។ បើប្អូនគិតថាវា ខុស ត្រូវនិយាយថា "មិនមែនអំបិល" ហើយកុំលិតអំបិលឱ្យសោះ។ ប្អូននឹងទទួលបាន ១ ពិន្ទុ ពេល ឆ្លើយត្រូវម្ដង"។

៣) អានប្រយោគ។ ទុកពេលឱ្យសិស្ស ១០ វិនាទី ដើម្បីសម្រេចចិត្តអំពី ចម្លើយរបស់ក្រុម។ ក្រុមនីមួយៗ ត្រូវនិយាយចម្លើយរបស់ខ្លួន រួចគ្រូប្រាប់ពួកគាត់អំពី ចម្លើយត្រឹមត្រូវ។

  • ជួនកាលទាហ៊ានរ៉ូម៉ាំងទទួលបានអំបិលជាប្រាក់ខែ។ ត្រូវ

  • គ្រប់កោសិកាទាំងអស់ ដែលនៅក្នុងរាងកាយមនុស្សមានអំបិល។ ត្រូវ

  • រាងកាយរបស់មនុស្សម្នាក់ មានអំបិលប្រហែល ៥ គីឡូក្រាម។ ខុស មានតែប្រហែល ២៥០ ក្រាមទេ

  • អំបិលនៅក្នុងប្រទេសកម្ពុជាមកពី មណ្ឌលគិរី និងរតនគិរី។ ខុស គឹមកពី កែប និងកំពត

  • គេប្រើអំបិល ដើម្បីរក្សាសាកសពនៅអេស៊ីប។ ត្រូវ

  • នៅអាមេរិចខាងត្បូង មានសណ្ឋាគារមួយធ្វើពី អំបិល គឺមានគ្រែអំបិល និងកៅអីអំបិល។ ត្រូវ

  • សមុទ្រមរណៈនៅអ៊ីស្រាអែល ប្រៃខ្លាំងរហូតមនុស្សអាចអណ្ដែតពីលើបាន ហើយរុក្ខជាតិ និងត្រី មិនអាច រស់នៅក្នុងនោះទេ។ ត្រូវ

  • សត្វចូលចិត្តលិតអំបិល។ ពួកវាធ្វើដូចនេះ នៅកន្លែងខ្លះ ហើយវាហៅថា "ច្រាប"។ ត្រូវ

  • មានអបិយជំនឿថា ពេលយើងកំពប់អំបិល វានឹងនាំសំណាងល្អមក។ ខុស អបិយជំនឿនោះគឺ វានាំ សំណាងមិនល្អ

 

បន្ថែមសំនួរផ្សេង ដោយខ្លួនឯង

ក្រោយបញ្ចប់ហ្គេម

សួរទៅកាន់ក្រុម៖ ​​តើការពិតអ្វីអំពី អំបិលដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើល?
 

ការរៀនព្រះគម្ពីរ

នៅក្នុងមេរៀនមុន យើងចាប់ផ្ដើមបណ្ដុំរឿងដ៏ល្បីមួយ ដែលព្រះយេស៊ូបានបង្រៀន។ ព្រះយេស៊ូចាប់ ផ្ដើមដោយការនិយាយអំពី ជីវិតដែលមានពរ។បន្ទាប់មក ព្រះអង្គនិយាយអំពី តួនាទី និងការលំបាក ផ្សេងៗ ក្នុងការធ្វើជាគ្រីស្ទបរិស័ទនៅក្នុងលោកីយ៍នេះ។

 

អាន [ម៉ាថាយ 5:11-16]

 

សំនួរបង្កប់ន័យ

តើព្រះយេស៊ូប្រើ ពាក្យ ២ ឃ្លាអ្វីមកហៅ ពួកសិស្សរបស់ព្រះអង្គ?

អំបិលនៃផែនដី និងពន្លឺនៃលោកីយ៍។

 

អំបិលមានតម្លៃខ្លាំងណាស់ ក្នុងខណៈពេលនោះ មិនមែនមានតម្លៃថោកដូចសព្វថ្ងៃនេះទេ។ គេប្រើអំ បិលសុទ្ធដើម្បីរក្សាម្ហូបអាហារ ដាក់ក្នុងថ្នាំឬការពារដំបៅឱ្យស្អាត។ ប៉ុន្តែ វាមានការគ្រោះថ្នាក់មួយ។ តើព្រះយេស៊ូនិយាយថា អាចមានអ្វីកើតឡើងទៅកាន់អំបិល?

វាអាចបាត់បង់ជាតិប្រៃរបស់វា នោះវានឹងគ្មានប្រយោជន៍ទៀតឡើយ។

 

កាលពីពេលនោះ មនុស្សម្នាត្រូវបញ្ឆេះចង្កៀង ដើម្បីឱ្យបានពន្លឺ។ តើព្រះយេស៊ូមានបន្ទូលថា គេមិនត្រូវ យកវាទៅដាក់នៅឯណា?

ដាក់ក្រោមថាំង។

តើព្រះយេស៊ូមានបន្ទូលឱ្យគេយកចង្កៀងទៅដាក់នៅឯណា?
នៅលើជើងចង្កៀង។

ហេតុអ្វី?
ដើម្បីឱ្យវាបញ្ចេញពន្លឺទៅកាន់អ្នកដទៃ។

ដូច្នេះ អ្នកដើរតាមព្រះយេស៊ូគ្រីស្ទ ជា​អំបិល​នៃ​ផែនដី និង ជា​ពន្លឺ​នៃ​លោកីយ។ យើងអាចជ្រើសថា នឹងរក្សា ឬបាត់បង់ជាតិប្រៃរបស់យើង។ ហើយយើងក៏អាចជ្រើសដែរថា នឹងលាក់ ឬបញ្ចេញពន្លឺរបស់យើង។ ហេតុអ្វីបានជាព្រះយេស៊ូហៅ ពួកសិស្សរបស់ព្រះអង្គដូចនេះ? ចូរមើលឱ្យជ្រៅជាមួយគ្នា។
 

សំនួរមានអត្ថន័យ

ព្រះយេស៊ូមានបន្ទូលថា ពួកសិស្សរបស់ព្រះអង្គនឹងត្រូវគេបៀតបៀន។ ពេលការនេះកើតឡើង តើប្អូន គិតថា ពួកគេអាចនឹងធ្លាក់ខ្លួនធ្វើអ្វី?

ទុកឱ្យសិស្សបញ្ចេញគំនិត។

 

រឿងមួយដែលយើងអាច ធ្លាក់ខ្លួនធ្វើគឺ ចុះញ៉ម។ នេះមានន័យថា យើងនឹងធ្វើជាគ្រីស្តបរិស័ទតិចជាង មុនហើយធ្វើជាដូចជាអ្នកដទៃច្រើនជាងមុនវិញ។ ប៉ុន្តែ នេះប្រៀបដូចជាអំបិលដែលបាត់បង់ជាតិប្រៃ យ៉ាងអ៊ីចឹង។ អំបិលបាត់បង់ជាតិប្រៃ នៅពេលវាលាយឡំជាមួយនឹងសារធាតុអ្វីផ្សេង (ដូចជាធូលី ដី ឬសត្វល្អិត) នាំឱ្យវាប្រៃពាក់កណ្ដាល មានជាតិផ្សេងពាក់កណ្ដាល។ ពេលនោះ គេមិនអាចដាក់វាទៅ ក្នុងម្ហូប ឬថ្នាំ ឬដំបៅបានឡើយ។ វាបានបាត់បង់គោលបំណងរបស់វាបាត់ទៅហើយ។

 

តើប្អូនៗគិតថា អ្នកជឿអាចបាត់បង់ "ជាតិប្រៃ" ដូចម្ដេច?

ទុកឱ្យសិស្សបញ្ចេញគំនិត។

អ្នកជឿព្រះ អាចបាត់បង់ជាតិប្រៃរបស់គេ នៅពេលគេព្យាយាមធ្វើតាមអាកប្បកិរិយារបស់អ្នកមិនជឿ ដើម្បីចូល ចុះក្នុងចំណោមអ្នកមិនជឿនោះ។ ពេលគាត់ធ្វើដូចនេះ គាត់នឹងមិនត្រូវគេបៀតបៀន តែគាត់ក៏មិនមាន ឥទ្ធិពលវិជ្ជមានទៅកាន់អ្នកដទៃដែរ។

 

រឿងមួយទៀត ដែលយើងអាចធ្លាក់ខ្លួនធ្វើគឺ លាក់បាំងសេចក្ដីជំនឿយើង។ តើប្អូនៗគិតថា អ្នកជឿអាច លាក់ពន្លឺខ្លួន ដោយរបៀបណា?

ទុកឱ្យពួកគេបញ្ចេញយោបល់។

 

ពួកយើងលាក់ពន្លឺរបស់យើង ដោយធ្វើជា គ្រិស្ទបរិស័ទសម្ងាត់។ យើងមិនប្រាប់នរណាអំពី ជំនឿរបស់ យើងទៅកាន់ព្រះយេស៊ូ។ ប៉ុន្តែនេះប្រៀបដូចជាដាក់ចង្កៀងនៅក្រោមថាំងអ៊ីចឹង។ តើមានរឿងអ្វីកើត ឡើងពេលយើងធ្វើដូច្នេះ?

គេមិនអាចមើលឃើញវាទេ (ហើយវានឹងរលត់)។

 

ប៉ុន្តែ បើយើងដាក់វានៅលើជើងចង្កៀង វានឹងបញ្ចេញពន្លឺ នោះអ្នកដទៃនឹងមើលឃើញវា។

សូមឱ្យ ឧទាហរណ៍មួយអំពីរបៀបដែលគ្រីស្ទបរិស័ទ បញ្ចេញពន្លឺរបស់ពួកគេ។

ចម្លើយផ្ទាល់ខ្លួន។ 

គ្រូឱ្យឧទាហរណ៍មួយពី ក្រុមជំនុំខ្លួនដើម្បីជួយឱ្យសិស្សយល់អំពី ការនេះ។

 

ហេតុអ្វីបានជាយើងត្រូវឱ្យពន្លឺរបស់យើង បញ្ចេញទៅក្រៅ?

ដើម្បីឱ្យអ្នកដទៃមើលឃើញ ហើយគេសរសើរព្រះ។

 

បានន័យថា គោលដៅរបស់គ្រីស្ទបរិស័ទ គឺរស់នៅក្នុងរបៀបមួយ ដែលនាំឱ្យអ្នកដទៃសរសើរព្រះ។

 

ចំនុចចុងក្រោយ យើងកត់សម្គាល់ថា ព្រះយេស៊ូមិនបានមានបន្ទូលថា ចូរ ព្យាយាមធ្វើដូចជា អំបិល និងពន្លឺទេ។ ព្រះអង្គមានបន្ទូលថា អ្នករាល់គ្នា ជា អំបិល និងពន្លឺ។ វាមានន័យថាអ្នកមានតម្លៃ។ វាមានន័យថាអ្នកមានគោលបំណងនៅក្នុងពិភពលោកនេះ។ បើអ្នកជាសិស្សរបស់ព្រះយេស៊ូ អ្នក ជាអំបិល និងពន្លឺរួចមកហើយ។ គ្រាន់តែធ្វើជាខ្លួនឯង (ដែលជា អ្នកដើរតាមព្រះយេស៊ូ និងជាកូនរបស់ព្រះ) អ្នកមានតម្លៃ និងគោលបំណង សំខាន់ហើយ នៅក្នុងលោកីយ៍នេះ។ ពិភពលោកនេះត្រូវការ អ្នកដែលស្គាល់ព្រះ អ្នកដែលមានជំនឿ សង្ឃឹម និងសេចក្ដីស្រឡាញ់។

 

ដូច្នេះ ចូរដឹងថា អ្នកខ្លួនឯងជាអ្វី និងដឹងអំពី តម្លៃ និងសារៈសំខាន់របស់អ្នក។ អ្នកជាអំបិលនៃផែនដី។ អ្នកជាពន្លឺនៃលោកីយ៍។ អំបិល និងពន្លឺ ផ្ដល់ការផ្លាស់ប្ដូរដ៏វិជ្ជមាន មកកាន់ជីវិតមនុស្ស។ លោកីយ៍នេះ ត្រូវការអំបិល និងពន្លឹ។ ចូរឱ្យតម្លៃវា រក្សាវា និងបញ្ចេញវាឱ្យអ្នកដទៃបានឃើញ។

ពេលវេលាក្រុមតូច

ពិភាក្សាគ្នា នៅក្នុងក្រុមតូច

  • តើអ្នកកំពុងតែលាយឡំជាមួយរបស់ដែលនៅជុំវិញខ្លួនអ្នក ដែលអ្នកដឹងថាមិនល្អមែនទេ? បើអ្នកគិត ថា អ្នកកំពុងតែបាត់បង់ជាតិប្រៃរបស់ខ្លួន សូមអធិស្ឋានសុំជំនួយពីព្រះ។

  • តើអ្នកកំពុងលាក់ពន្លឺរបស់ខ្លួន មែនទេ? កំពុងធ្វើជា គ្រីស្ទបរិស័ទសម្ងាត់ មែនទេ? បើអ្នកដឹងថាខ្លួនអ្នក បែបនោះ ហើយចង់ឈប់ធ្វើដូចនេះ ចូរសុំឱ្យក្រុមតូចរបស់អ្នកអធិស្ឋានសម្រាប់អ្នក។

  • គិតអំពី របៀបដែលអ្នកអាចបញ្ចេញពន្លឺរបស់អ្នក។ សុំជំនួយមកពីព្រះ ដើម្បីអាចបន្តធ្វើការនេះបាន ទោះបីជាជួបប្រទះការលំបាកពេលខ្លះក៏ដោយ។

  • ក្នុងអំឡុងពេលរៀនមេរៀននេះ បើអ្នកមានគំនិតថា "ខ្ញុំមិនទាន់ជាសិស្សរបស់ព្រះយេស៊ូនៅឡើយទេ តែខ្ញុំចង់ធ្វើជាសិស្សរបស់ព្រះអង្គ"នោះ សូមសុំឱ្យក្រុមរបស់អ្នកអធិស្ឋានឱ្យអ្នក។

អធិស្ឋានបញ្ចប់

bottom of page