មេរៀន ទី៤: សេចក្ដីពិតនៅក្នុងសេចក្ដីស្រឡាញ់
សេចក្ដីពិតដ៏សំខាន់មួយ : ការនិយាយល្អ គឺជាការនិយាយសេចក្ដីពិត ដោយសេចក្ដីស្រឡាញ់។
ការរៀនព្រះគម្ពីរ
យើងកំពុងតែរៀនប្រធានបទទាក់ទងនឹងអណ្ដាត និងសារៈសំខាន់នៃពាក្យសម្ដី។ កាលពីមេរៀនមុន យើងបានមើលឧទាហរណ៍មួយអំពី ការនិយាយមិនល្អ គឺការកុហក។ ថ្ងៃនេះ យើងនឹងមើលឧទាហរណ៍ នៃការនិយាយល្អវិញម្ដង គឺការនិយាយសេចក្ដីពិត ដោយសេចក្ដីស្រឡាញ់។ យើងនឹងចាប់ផ្ដើមដោយ លើកការណែនាំ ដែលលោកសាវ័កប៉ុល បានឱ្យទៅកាន់ក្រុមជំនុំ។
KCB [អេភេសូ 4:15] ផ្ទុយទៅវិញ ចូរយើងនិយាយសេចក្ដីពិតនៅក្នុងសេចក្ដីស្រឡាញ់ ហើយចូរចម្រើនឡើងក្នុងគ្រប់ការទាំងអស់ឲ្យដល់ព្រះអង្គដែលជាព្រះសិរ គឺជាព្រះគ្រិស្ដ។
តើអ្វីទៅដែលលោកប៉ុលលើកឡើងថា ជាពាក្យសម្ដីដែលយើងគួរនិយាយ?
សេចក្ដីពិតនៅក្នុងសេចក្ដីស្រឡាញ់
និយាយសេចក្ដីពិតនៅក្នុងសេចក្ដីស្រឡាញ់។ តើប្អូនៗគិតថា មានន័យដូចម្ដេច?
ទុកឱ្យសិស្សបញ្ចេញយោបល់
បានន័យថា ស្មោះត្រង់ជាមួយអ្នកដទៃ តែត្រូវធ្វើដោយចិត្តសុភាព។ គោលបំណងរបស់យើងគឺ ដើម្បី ជួយឱ្យពួកគេស្គាល់សេចក្ដីពិត។ យើងត្រូវធ្វើវាក្នុងរបៀបមួយដែល បង្ហាញថាអ្នកខ្វល់ខ្វាយ និងចង់ បានអ្វីដែលល្អសម្រាប់ពួកគេ។
តើមានអ្វីកើតឡើង ពេលយើងធ្វើបែបនេះ?
យើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ
នៅពេលសេចក្ដីពិតត្រូវនិយាយចេញដោយសេចក្ដីស្រឡាញ់ ទាំងអ្នកនិយាយ និងអ្នកស្ដាប់នឹងមាន ភាពចាស់ទុំ និងល្អប្រសើរជាងមុន ហើយប្រាកដណាស់គឺអ្នកទាំង២ នឹងដូចព្រះយេស៊ូគ្រីស្ទជាងមុន ដែរ។
ជាញឹកញាប់ យើងចាំបាច់និយាយសេចក្ដីពិតដោយសេចក្ដីស្រឡាញ់ នៅក្នុងស្ថានភាពលំបាកៗ។ ពេលខ្លះ យើងឃើញអ្នកដទៃសម្រេចចិត្តអ្វីមួយមិនបានល្អ នាំឱ្យអ្នកដទៃផ្សេងទៀតឈឺចាប់ ឬមួយពួក យើងឈឺចាប់ខ្លួនឯង។ ពេលនោះ យើងដឹងហើយថា យើងត្រូវនិយាយជាមួយគាត់អំពីវា ដើម្បីជាជំនួយ ដល់គាត់។ វាអាចការសន្ទនាដ៏ពិបាក។ មនុស្សភាគច្រើន មិនចូលចិត្តការកែតម្រូវទេ។ ប៉ុន្តែ បើយើងធ្វើវាដោយសេចក្ដីស្រឡាញ់ ពួកគេប្រហែលជាអាចទទួលអ្វីដែលយើងនិយាយច្រើនជាង។
ហេតុអ្វីបានជាប្អូនៗគិតថា ការនិយាយដោយមានទាំងសេចក្ដីពិត និងសេចក្ដីស្រឡាញ់ជាមួយគ្នា មាន សារៈសំខាន់?
ទុកឱ្យពួកគេបញ្ចេញគំនិតយោបល់
សាកស្រម៉ៃថា ឥឡូវនេះ យើងមានសេចក្ដីពិត តែគ្មានសេចក្ដីស្រឡាញ់ដែរទេ។ តើប្អូនៗអាចឱ្យ ឧទាហរណ៍អំពី ការនិយាយសេចក្ដីពិត ដោយគ្មានសេចក្ដីស្រឡាញ់ដែរទេ?
ទុកឱ្យសិស្សបញ្ចេញគំនិតយោបល់
ហេតុអ្វីបានជាការនិយាយសេចក្ដីពិត ដោយគ្មានសេចក្ដីស្រឡាញ់ គឺជាបញ្ហា?
អ្នកដទៃអាចទទួលការឈឺចាប់ អាក់អន់ចិត្ត និងមិនទទួលសេចក្ដីពិតនោះ។
ចូរស្ដាប់អ្វីដែលលោកសាវ័កប៉ុល បានសរសេរ
[1 កូរិនថូស 13:1] ទោះបើខ្ញុំចេះនិយាយ ជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន និងភាសារបស់ពួក ទេវតាផង តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រ ហឹងប៉ុណ្ណោះ។
លោកប៉ុលនិយាយនេះ មានន័យថាទោះបីជាយើងចេះនិយាយភាសាអស្ចារ្យយ៉ាងណាក៏ដោយ បើសិន ជាយើងមិននិយាយវាដោយសេចក្ដីស្រឡាញ់ទេ យើងគឺតែសម្លេងទ្រហឹងគ្មានបានការប៉ុណ្ណោះ។ សាក ស្រម៉ៃថា មានមនុស្សម្នាក់គោះស្គរម្ដងហើយ ម្ដងទៀត ម្ដងហើយ ម្ដងទៀត មិនឈប់ ហើយយើងចង់ឱ្យ គេឈប់មើល! នោះហើយជា ពាក្យសម្ដីរបស់យើង នៅពេលយើងនិយាយចេញទៅ ដោយគ្មានសេចក្ដី ស្រឡាញ់។
ឥឡូវនេះ ចូរយើងគិតអំពី បញ្ហាផ្ទុយពីនេះមួយទៀត គឺមានសេចក្ដីស្រឡាញ់ តែគ្មានសេចក្ដីពិត។ តើ នរណាអាចឱ្យឧទាហរណ៍អំពី ការនិយាយដោយសេចក្ដីស្រឡាញ់ តែខ្វះសេចក្ដីពិត?
ទុកឱ្យសិស្សបញ្ចេញគំនិតយោបល់
ហេតុអ្វីបានជាការនិយាយដោយសេចក្ដីស្រឡាញ់ តែខ្វះសេចក្ដីពិតជាបញ្ហា?
ព្រោះវាបញ្ជោរអ្នកដទៃ ដោយសារវាមិនមែនជាការពិត ហើយធ្វើឱ្យពួកគេនៅតែមិនដឹងនឹងសេចក្ដីពិត ដដែល។
លោកប៉ុលបានសរសេរថា សេចក្ដីស្រឡាញ់ "មិនដែលអរសប្បាយចំពោះសេចក្តីទុច្ចរិតឡើយ គឺអរ សប្បាយតែនឹងសេចក្តីស្មោះត្រង់វិញ" (1កូរិនថូស 13:6)។ សេចក្ដីស្រឡាញ់ គឺអរសប្បាយជាមួយសេចក្ដីពិត។ សេចក្ដីស្រឡាញ់ និងសេចក្ដីពិត គឺដូចជាមិត្តសំឡាញ់ នឹងគ្នាយ៉ាងអ៊ី ចឹង។ ពួកវាចូលចិត្តនៅជាមួយគ្នា។ ដូច្នេះហើយ យើងមិនគួរបំបែកពួកវាទេ។ ឥឡូវ យើងលេងហ្គេម មួយ ដើម្បីជួយយើងឱ្យចងចាំមេរៀននេះបានល្អ។
សកម្មភាព : ហ្គេមសេចក្ដីពិត សេចក្ដីស្រឡាញ់
សម្ភារៈ : កាត ៣ សន្លឹក កាតមួយសរសេរពាក្យ <សេចក្ដីពិត> កាតមួយទៀតសរសេរពាក្យ <សេចក្ដីស្រឡាញ់> និងពាក្យ <សេចក្ដីពិតដោយសេចក្ដីស្រឡាញ់>លើកាតទី៣។
របៀបលេង :
១) រកអ្នកស្ម័គ្រ ៣ នាក់។ ឱ្យកាតទៅពួកគេម្នាក់១សន្លឹក។ នៅលើកាតមានពាក្យថា <សេចក្ដីពិត> <សេចក្ដីស្រឡាញ់> និង <សេចក្ដីពិតដោយសេចក្ដីស្រឡាញ់>។
ថា៖ "កុំឱ្យនរណាឃើញកាតរបស់ យើង"។ រួចពន្យល់៖
. បើប្អូនមានកាត <សេចក្ដីពិត> សូមនិយាយអ្វីដោយស្មោះត្រង់ (ត្រង់ៗ) ដោយមិនចាំបាច់បង្ហាញ ចិត្តល្អ។
. បើមានកាត <សេចក្ដីស្រឡាញ់> សូមប្អូននិយាយអ្វីដោយសេចក្ដីស្រឡាញ់ តែកុំនិយាយដោយភាព ស្មោះត្រង់។
. បើប្អូនមានកាត <សេចក្ដីពិតដោយសេចក្ដីស្រឡាញ់> ប្អុនត្រូវតែនិយាយដោយទាំងសេចក្ដីពិត និង សេចក្ដីស្រឡាញ់
២) អ្នកទាំង ៣ ជាមិត្តភក្តិខ្ញុំ។ អ្នកស្ដាប់ តើអាចឱ្យឧទាហរណ៍ពីស្ថានភាពណាមួយបានទេ? ឧទាហរណ៍៖ ខ្ញុំទើបតែដួលម៉ូតូ ឬខ្ញុំទើបតែបែកគ្នាជាមួយមិត្តស្រី ឬក៏អ្វីផ្សេងទៀត។
៣) នៅពេលយើងមានស្ថានភាព យើងមានពេល ១ នាទីសម្រាប់ការសម្ដែងឈុតឆាកនោះ។ នៅពេល បញ្ចប់ អ្នកស្ដាប់ត្រូវទាញថា នរណាមានកាតអី។ (ឧទាហរណ៍៖នរណានិយាយដោយសេចក្ដីស្រឡាញ់ នរណានិយាយដោយសេចក្ដីពិត និងនរណានិយាយដោយ សេចក្ដីពិត និងសេចក្ដីស្រឡាញ់)។ យល់អត់?
៤) ក្រោយពេលក្រុមទី ១ សម្ដែងរួច ហើយអ្នកស្ដាប់ទាយរួច និងបង្ហាញចម្លើយរួច ត្រូវរកអ្នកស្ម័គ្រចិត្ត ៣ នាក់ទៀត និងបន្តលេងហ្គេមក្នុងស្ថានភាពថ្មី។
ក្រោយបញ្ចប់ហ្គេម:
សួរ៖ តើវាពិបាក ឬស្រួលក្នុងការទាយថា នរណាមានកាតអី?
តើអ្នកណា ជាមិត្តល្អមកកាន់ខ្ញុំ នៅក្នុងស្ថានភាពអម្បាញ់មិញ?
តើប្អូនចង់មានមិត្តភក្តិបែបណា?
តើប្អូនចង់ធ្វើជាមិត្តភក្តិបែបណា?
អ៊ីចឹង ហេតុអ្វីបានជាយើងត្រូវនិយាយសេចក្ដីពិត ដោយសេចក្ដីស្រឡាញ់?
ព្រោះ យើងត្រូវបានត្រាស់ឱ្យធ្វើជាមនុស្សនៃសេចក្ដីពិត និងសេចក្ដីស្រឡាញ់។
យើងស្គាល់ថាសេច ក្ដីពិត សំខាន់ណាស់។ ចូរស្ដាប់អ្វីដែលសាវ័ក ប៉ុលបានសរសេរទុក។
[អេភេសូរ 4:25] ដូច្នេះ ដែលបានដោះសេចក្តីកំភូតចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិត នឹងអ្នកជិតខាងរៀងខ្លួនវិញ ដ្បិតយើងរាល់គ្នាជាអវយវៈផងគ្នាទៅវិញទៅមក។
តើមានហេតុផលអ្វីខ្លះ ដែលសាវ័កប៉ុលលើកឡើងអំពី មូលហេតុដែលយើងត្រូវនិយាយសេចក្ដីពិត ទៅកាន់គ្នាទៅវិញទៅមក?
"ដ្បិតយើងរាល់គ្នាជាអវយវៈផងគ្នាទៅវិញទៅមក"
យើងជាគ្រួសារតែមួយ ជាបងប្អូននឹងគ្នាទៅវិញទៅមក។ យើងជាក្រុមតែមួយ។ សាកគិតពីក្រុមបាល់ ទាត់មួយក្រុម ដែលមានអ្នកលេងម្នាក់គិតតែពីយកឈ្នះមិត្តរួមក្រុមខ្លួនឯង មិនព្រមយកឈ្នះក្រុមម្ខាង ទៀតសោះ! នេះជារឿងមួយចម្លែកណាស់! ប៉ុន្តែ ជាញឹកញាប់ យើងប្រកួតប្រជែង បញ្ឆោត ឬកុហក ទៅកាន់មនុស្សដែលនៅក្រុមជាមួយយើង។
យើងក៏ដឹងដែរថា សេចក្ដីស្រឡាញ់សំខាន់ណាស់។ ចូរស្ដាប់អ្វីដែលព្រះយេស៊ូមានបន្ទូល៖
[យ៉ូហាន 13:34-35] ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តី ស្រឡាញ់ដល់គ្នាទៅវិញទៅមក។
យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ព្រះយេស៊ូមានបន្ទូលថា នេះគឺជារបៀបដែលជួយឱ្យអ្នកដទៃ ដឹងថា យើងជាសិស្សរបស់ព្រះអង្គ គឺយើងនឹងស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលព្រះអង្គស្រឡាញ់ យើង។ ប្អូនៗនឹងឃើញថា វាទាក់ទងនឹងដួងចិត្តរបស់យើងម្ដងទៀត។ ការស្រឡាញ់ព្រះ ស្រឡាញ់អ្នក ជិតខាង និងស្រឡាញ់សេចក្ដីនឹងជួយឱ្យយើងនិយាយពាក្យសម្ដីត្រឹមត្រូវ។
ពេលវេលាក្រុមតូច
ពិភាក្សាគ្នា នៅក្នុងក្រុមតូចអំពី:
-
តើអ្នកធ្លាប់ប្រាប់សេចក្ដីពិតទៅកាន់នរណាម្នាក់ ទោះបីជាអ្នកដឹងថាគេនឹងពិបាកស្ដាប់វាឬអត់? តើអ្នក បាននិយាយថាម៉េច?
-
តើការនិយាយសេចក្ដីពិតដោយសេចក្ដីស្រឡាញ់ ពិបាក ឬស្រួលធ្វើ? ហេតុអ្វី?
-
តើអ្នកចង់បន្តរីកចម្រើនការនិយាយដោយសេចក្ដីពិតនៅក្នុងសេចក្ដីស្រឡាញ់ទេ? តើអ្នកគិតថា មានអ្វីដែលអាចជួយអ្នកឱ្យធ្វើវាបានទេ?
-
អធិស្ឋានសម្រាប់គ្នាទៅវិញទៅមក អំពីការនេះ។
អធិស្ឋានបញ្ចប់