top of page

មេរៀន ទី៧: ដើរជាមួយព្រះ

សេចក្តីពិតដ៏សំខាន់មួយ :  កូនព្រះអាចដើរជាមួយទ្រង់ជារៀងរាល់ថ្ងៃ

សកម្មភាព : ដើរជាមួយព្រះ

 

សម្ភារៈ : របាំងបិទភ្នែក និងកៅអី

 

របៀបលេង :

ចែកសិស្សជាក្រុម មានគ្នា ៥នាក់។

 

ហ្គេមទី ១
ឱ្យមនុស្សម្នាក់នៅក្នុងក្រុមនីមួយៗ ពាក់រំបាំងបិទភ្នែក។ បន្ទាប់មកដាក់កៅអី ៣ នាក់នៅជុំវិញកន្លែង លេង។ ប្រាប់អ្នកដែលពាក់របាំងបិទភ្នែកឱ្យស្វែងរកកៅអី រួចអង្គុយពីលើវា។ មិនឱ្យនរណា ជួយពួក គាត់ឡើយ។ វាអាចពិបាកសម្រាប់ពួកគាត់ តែវាបង្រៀនមេរៀនដ៏សំខាន់មួយ។

 

ហ្គេមទី ២
១) និយាយ៖ "យើងនឹងលេងហ្គេមម្ដងទៀត តែហ្គេមលើកនេះ នឹងស្រួលជាងមុន ព្រោះប្អូនៗនឹងមាន <អ្នកគង្វាល> សម្រាប់នាំផ្លូវប្អូន។ ជ្រើសរើសសមាជិកម្នាក់ពីក្នុងក្រុម ឱ្យធ្វើជាអ្នកគង្វាល។ ហើយអ្នក ផ្សេងទៀតក្នុងក្រុមនឹងធ្វើជាចៀម"។


២) ចៀមដំបូងនៅក្នុងក្រុម នឹងពាក់របាំងបិទភ្នែក។ ឱ្យកៅអីទៅអ្នកគង្វាល ម្នាក់មួយ រួចប្រាប់ពួកគាត់ ឱ្យអង្គុយលើកៅអីនោះ នៅម្ខាងពីកន្លែងលេង។


៣) ភារកិច្ចរបស់អ្នកគង្វាល គឺនាំផ្លូវចៀមទៅកាន់ពួកគេ។ ចៀមស្ដាប់សម្លេងរបស់អ្នកគង្វាល និងដើរទៅ រកពួកគេ។ ពេលចៀមដើរដល់អ្នកគង្វាលរបស់គេ ចៀមដោះរបាំងបិទភ្នែកចេញ រួចរត់ត្រឡប់ ទៅបំ ពាក់របាំងបិទភ្នែកឱ្យចៀម ១ ទៀត នៅក្នុងក្រុមរបស់ខ្លួន។


៤) លេងរហូតដល់ចៀមទាំងអស់ ដើរទៅដល់អ្នកគង្វាល។

ហ្គេមទី ៣
លេងហ្គេមនេះ ម្ដងទៀត។ លើកនេះ ក្រុមនីមួយៗត្រូវជ្រើសរើសមនុស្សម្នាក់ ឱ្យធ្វើជា <អ្នកជំនួយ>។ <អ្នកជំនួយ> នឹងដើរជាមួយចៀម នាំផ្លូវគាត់ទៅរកអ្នកគង្វាល។

 

ក្រោយបញ្ចប់ហ្គេម: 

សួរ៖ "នៅក្នុងហ្គេមទី​ ១ តើវាពិបាក ឬស្រួលក្នុងការរកកៅអី ដោយគ្មានអ្នកជួយសោះ?"
"ចុះនៅក្នុងហ្គេមទី ២ តើវាពិបាក ឬស្រួលក្នុងការដើរតាមសម្លេងរបស់អ្នកគង្វាល និងដើរតាមទិសដៅ ដែលគាត់ប្រាប់យើងឱ្យដើរ?"
"តើមានអ្នកជំនួយ ពេលលេងហ្គេមទី ៣ ជួយឱ្យស្រួលលេងទេ?"

ការរៀនព្រះគម្ពីរ

បរិបទ៖ យើងកំពុងរៀនទាក់ទងនឹងប្រធានបទ "ទំនាក់ទំនងជាមួយព្រះ"។ យើងបានរៀនកន្លងមក ហើយថា យើងមានទំនាក់ទំនងជាមួយព្រះ ដ៏ជាព្រះបិតារបស់យើង ហើយយើងអាចនិយាយ និងស្ដាប់ ពីទ្រង់ជារៀងរាល់ថ្ងៃ។ ថ្ងៃនេះ យើងនឹងមើលថាតើយើងអាចដើរជាមួយព្រះអង្គយ៉ាងម៉េច វិញម្ដង។

 

[មីកា 6:8] ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្តី​ដែល​ល្អ តើ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ​ ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាបទាបប៉ុណ្ណោះ។

 

នៅក្នុងព្រះគម្ពីរ ការដើរ សម្ដៅលើ របៀបរស់នៅ របស់យើង។ ចូរស្រម៉ៃមើលថា ជីវិតរបស់យើង គឺ ជាដំណើរដ៏វែងឆ្ងាយ ដែលយើងត្រូវធ្វើដំណើរទៅ។ ចុះបើយើងចង់ដើរជាមួយព្រះ តើយើងត្រូវធ្វើដូច ម្ដេច?

 

១) ដឹងថា ព្រះគង់នៅជាមួយយើង

ដើម្បីដើរជាមួយព្រះអង្គ យើងត្រូវដឹងអំពី សេចក្ដីពិត អំពីទ្រង់។

  •  ព្រះអង្គ គឺជាព្រះសព្វវត្តមាន៖ មានន័យថា គ្រប់ទីកន្លែងដែលយើងទៅ ព្រះអង្គគង់នៅទីនោះ។ ព្រះអង្គតែងតែគង់នៅជាមួយយើង។

  • ព្រះអង្គ ជ្រាបសព្វគ្រប់ទាំងអស់៖ ព្រះអង្គជ្រាបគ្រប់ការទាំងអស់អំពីយើង។ ទ្រង់ជ្រាបជាក់ច្បាស់អំពី អ្វីដែលកើតឡើងក្នុងស្ថានភាពនីមួយៗ។ ទ្រង់ស្គាល់ចំនុចខ្លាំង និងចំនុចខ្សោយរបស់យើង គំនិត ដួង ចិត្ត ក្ដីសង្ឃឹម និងភាពភ័យខ្លាចរបស់យើង។ ព្រះអង្គស្គាល់យើង ច្បាស់ជាងយើងស្គាល់ ខ្លួនឯងទៅ ទៀត។

  •  ព្រះអង្គ មានគោលបំណងសម្រាប់ជីវិតរបស់យើង៖ ព្រះអង្គបង្កើតយើងមក ដោយមានគោលបំណង ហើយទ្រង់បានត្រៀមទុកការល្អៗជាមុន ទុកឱ្យយើងធ្វើ។ 

  • ព្រះអង្គមានព្រះចេស្ដា៖ ព្រះអង្គមានអំណាច និងសមត្ថភាពឥតមានព្រំដែននោះឡើយ។

  • ព្រះអង្គស្មោះត្រង់៖ ព្រះអង្គមិនបោះបង់ចោលយើងទេ ពេលយើងធ្លាក់ចុះ។

ប្អូនៗមានព្រះ និងឪពុកដែលតែងតែគង់នៅជាមួយប្អូនៗ ដែលដឹងសព្វគ្រប់អំពី ប្អូន និងគ្រប់ទាំងស្ថាន ភាពទាំងអស់នៅក្នុងជីវិតរបស់ប្អូន ហើយមានគោលបំណងល្អរបស់ប្អូន ព្រមទាំងមានអំណាចព្រះ ចេស្ដា ក្នុងការសម្រេចគោលបំណងរបស់ព្រះអង្គទៀត។ ព្រះអង្គគង់នៅជាមួយប្អូន គ្រប់ហេតុការណ៍ ក្នុងជីវិតរបស់ប្អូន។ វាជារឿងមិនអាចទៅរួចទេ ដែលមិត្តភក្តិ ឬក្រុមគ្រួសាររបស់យើង នៅជាមួយយើង ជានិច្ចគ្រប់ពេលវេលា។ ប៉ុន្តែព្រះអង្គ សន្យាថានឹងគង់ជាមួយយើងគ្របពេលវេលា។

 

[ហេព្រើរ 13:5-6] ដ្បិត​ទ្រង់​មាន​ព្រះបន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង ​ឡើយ» បាន​ជា​យើង​រាល់​គ្នា​អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា «ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះអម្ចាស់​ ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន»។

 

២) ចំណាយពេលជាមួយព្រះ

យើងចូលចិត្តចំណាយពេលជាមួយមិត្តភក្តិ ត្រូវទេ? យើងនិយាយជាមួយ និងចែកចាយអ្វីដែលកើត ឡើងនៅក្នុងជីវិតរបស់យើងពេញមួយថ្ងៃ។ អ៊ីចឹង ពេញមួយថ្ងៃ​ ពេលយើងកំពុងបំពេញកិច្ចការផ្សេងៗ យើងចំណាយពេលជាមួយព្រះដែរ។ តើនេះ មានន័យថាម៉េច?

 

វាចាប់ផ្ដើមដោយការដែលយើងដឹងថា ព្រះអង្គមានវត្តមាននៅជាមួយយើង។ ដូច្នេះ កុំព្រងើយកន្តើយ ដាក់ទ្រង់! អរគុណទ្រង់ពេលមានការល្អកើតឡើង ក្នុងថ្ងៃនេះ។ ទូលសូមព្រះអង្គឱ្យប្រទានអ្វី ដែលយើង ត្រូវការក្នុងស្ថានភាពរបស់យើង ហើយវាអាចជាកម្លាំង ភាពអំនត់ភាពក្លាហ៊ាន ប្រាជ្ញា ការនាំផ្លូវ ឬសន្តិភាព។ ព្រះអង្គតែងតែគង់នៅជាមួយ និងចាំជួយយើង។

 

[យ៉ាកុប 4:8] ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ...

 

[អេម៉ុស 3:3] បើ​មនុស្ស​២​នាក់​មិន​ព្រម​ចិត្ត​គ្នា នោះ​តើ​នឹង​ដើរ​ជា​១​គ្នា​បាន​ឬ

 

ចូរចូលទៅជិតព្រះអង្គជានិច្ចពេញមួយថ្ងៃ ទាំងជួបទ្រង់ និងដើរជាមួយព្រះអង្គផង។

គ្រូបង្រៀន: សូមចែកចាយទីបន្ទាល់អំពី របៀបដែលអ្នកដើរជាមួយព្រះ ពេញមួយថ្ងៃ។

 

៣) ដើរដោយជំនឿទុកចិត្តព្រះ

នៅក្នុងហ្គេម យើងបានបិទភ្នែក ព្រោះនេះហើយជាលក្ខណៈជីវិតពិត។ យើងមិនអាចមើលឃើញ អ្វី ដែលនឹងមកនៅពេលអនាគតទេ។ ប៉ុន្តែព្រះអង្គជ្រាប។ អ៊ីចឹង តើយើងត្រូវធ្វើអ្វី? យើងត្រូវដើរដោយ ជំនឿ មិនមែនដោយការមើលឃើញនោះទេ។

 

[2 កូរិនថូស 5:7] ដ្បិត​យើង​ខ្ញុំ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ។

 

"ដើរដោយជំនឿ" មានន័យថា យើងជឿព្រះ និងចេញទៅតាមទិសដៅ ដែលព្រះអង្គដឹកនាំយើង។ ពេលយើងលេងហ្គេមដំបូង វាពិបាកណាស់ព្រោះយើងមិនបានដឹង កន្លែងដែលយើងត្រូវទៅនោះទេ។ ពេលលេងលើកទី ២ វាងាយស្រួលជាមុន ព្រោះយើងមាន "អ្នកគង្វាល" ចាំនាំផ្លូវយើងឱ្យនៅជាប់ ទិសដៅត្រឹមត្រូវ។ តើនរណាជាអ្នកគង្វាលដ៏ល្អរបស់យើង ដែលជួយនាំផ្លូវយើង? ព្រះយេស៊ូវ!

 

[យ៉ូហាន 10:14] ឯ​ខ្ញុំ ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ។

 

[យ៉ូហាន 10:27]  ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ។

 

ពេលយើងលេងហ្គេមលើកទី ៣ យើងមាន "អ្នកជំនួយ" ចាំជួយយើងឱ្យដើរស្រួលជាមុន ក្នុងទិសដៅ ត្រឹមត្រូវ។ ដូចគ្នាដែរ ព្រះអង្គប្រទានឱ្យយើងមានអ្នកជំនួយ។ តើនរណាដឹងថា ជានរណាទេ? ព្រះវិញ្ញាណបរិសុទ្ធ។

 

ព្រះវិញ្ញាណបរិសុទ្ធ គង់នៅជាមួយយើង ចាំជួយយើងឱ្យធ្វើអ្វី ដែលព្រះអង្គត្រាស់ហៅយើងឱ្យធ្វើ។ ចូរស្ដាប់អ្វីដែលព្រះយេស៊ូវមានបន្ទូល៖

 

[យ៉ូហាន 14:26]  តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តីដែល​ខ្ញុំ​បាន​ ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ។

 

ព្រះវិញ្ញាណបរិសុទ្ធ ជាអំណោយទានមកពីព្រះបិតា មកកាន់យើង។ ព្រះអង្គបង្រៀនយើង និងនាំផ្លូវ យើង ឱ្យយើងអាចដើរជាមួយព្រះជារៀងរាល់ថ្ងៃ។

 

ដូច្នេះ "ការដើរជាមួយព្រះ" មានន័យថា យើងដឹងថា ព្រះអង្គតែងតែគង់ជាមួយយើង ហើយយើង រស់នៅជារៀងរាល់ថ្ងៃជាមួយទ្រង់ និងដើរដោយជំនឿព្រោះទ្រង់ជាដឹកនាំ និងជាអ្នកនាំផ្លូវយើង ដោយ ព្រះវិញ្ញាណបរិសុទ្ធ។

ពេលវេលាក្រុមតូច

ពិភាក្សាគ្នា ក្នុងក្រុមតូច៖

  • តើអ្វីដែលជួយអ្នក ក្នុងការដើរជាមួយព្រះ ក្នុងជីវិតរបស់អ្នក?

  • តើអ្វីដែលជួយអ្នក ឱ្យដើរកាន់តែកៀកជាមួយព្រះ?

អធិស្ឋានបញ្ចប់

bottom of page