
តើព្រះយេស៊ូវមានបន្ទូលអ្វីអំពី.. ក្មេងៗ
នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា (ម៉ាថាយ 19:14)
រួចមានគេនាំក្មេងតូចៗមកថ្វាយទ្រង់ពាល់ ប៉ុន្តែពួកសិស្សបន្ទោសដល់ពួកអ្នកដែលនាំវាមក កាលព្រះយេស៊ូវបានឃើញ នោះទ្រង់គ្នាន់ក្នុងព្រះហឫទ័យ ក៏មានបន្ទូលទៅគេថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះដូចជាកូនក្មេង១នេះ នោះមិនបានចូលទៅក្នុងនគរនោះឡើយ ទ្រង់ក៏ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង។ (ម៉ាកុស 10:13-16)
នៅវេលានោះឯង ពួកសិស្សមកឯព្រះយេស៊ូវទូលសួរថា តើអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌ តែទ្រង់ហៅកូនក្មេងតូច១មក ដាក់នៅកណ្តាលពួកគេ រួចមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ដូច្នេះ អ្នកណាដែលបន្ទាបខ្លួន ឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថាធំជាងគេក្នុងនគរស្ថានសួគ៌ហើយ (ម៉ាថាយ 18:1-4)
អ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំដែរ ប៉ុន្តែបើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំ រវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាជាង (ម៉ាថាយ 18:5-6)
ចូរប្រយ័ត កុំឲ្យមើលងាយចំពោះកូនតូចណាមួយនោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់វា ដែលនៅស្ថានសួគ៌តែងតែឃើញព្រះភក្ត្រព្រះវរបិតាខ្ញុំជានិច្ច ដែលទ្រង់គង់នៅស្ថានសួគ៌(ម៉ាថាយ 18:10)
ហើយគេទូលទ្រង់ថា តើអ្នកឮពាក្យដែលក្មេងទាំងនេះថាឬទេ ព្រះយេស៊ូវទ្រង់ឆ្លើយថា ឮហើយ តើអ្នករាល់គ្នាមិនដែលមើលសេចក្ដីទេឬអី ដែលថា «ទ្រង់បានធ្វើឲ្យសេចក្ដីសរសើរបានគ្រប់លក្ខណ៍ ដោយនូវមាត់កូនក្មេង នឹងកូនដែលនៅបៅ» (ម៉ាថាយ 21:16)