
តើព្រះយេស៊ូវមានបន្ទូលអ្វីអំពី.. ភាពជាសិស្ស
ទ្រង់មានបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ គេក៏ទុកអួនចោល ហើយដើរតាមទ្រង់ជា១រំពេចទៅ (ម៉ាកុស 1:17-18)
សិស្សមិនមែនលើសជាងគ្រូទេ តែអ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរ (លូកា 6:40)
រួចទ្រង់មានបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ (ម៉ាថាយ 16:24-25)
អ្នករាល់គ្នាជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ (ម៉ាថាយ 5:13)
តាមតែគេចុះ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ បើមនុស្សខ្វាក់នាំមនុស្សខ្វាក់ដូច្នេះ នោះទាំង២នាក់នឹងធ្លាក់ទៅក្នុងរណ្តៅហើយ រួចពេត្រុសទូលថា សូមស្រាយន័យពាក្យប្រៀបនេះ ឲ្យយើងខ្ញុំយល់ផង ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬអី (ម៉ាថាយ 15:14-16)
នោះព្រះយេស៊ូវមានបន្ទូល ទៅពួកសាសន៍យូដាដែលជឿដល់ទ្រង់ថា បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច (យ៉ូហាន 8:31-32)
អ្នកណាដែលកើតអំពីព្រះ នោះក៏ស្តាប់តាមព្រះបន្ទូលនៃព្រះដែរ ឯអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ។ (យ៉ូហាន 8:47)
ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ ដូចជាព្រះវរបិតា ទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំនឹងចៀម ខ្ញុំក៏មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ នោះនឹងមានហ្វូងតែ១ នឹងអ្នកគង្វាលតែ១វិញ (យ៉ូហាន 10:14-16)
ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់យកវាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបានឡើយ (យ៉ូហាន 10:27-29)
ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ (យ៉ូហាន 15:5)
ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន។ (យ៉ូហាន 15:8)
ឯពួកអ្នកដែលទទួលពូជក្នុងដីល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយទទួល រួចបង្កើតផល ម្នាក់បាន៣០ម្នាក់បាន៦០ ម្នាក់ទៀតបាន១រយ។ (ម៉ាកុស 4:20)
មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅជាប់ផង ដើម្បីឲ្យព្រះវរបិតាបានប្រោសប្រទានឲ្យអ្នករាល់គ្នាបានអ្វីៗ ដែលនឹងសូមពីទ្រង់ ដោយនូវឈ្មោះខ្ញុំ ខ្ញុំបង្គាប់សេចក្ដីនេះដល់អ្នករាល់គ្នា គឺឲ្យស្រឡាញ់គ្នាទៅវិញទៅមកចុះ។ (យ៉ូហាន 15:16-17)
តែព្រះយេស៊ូវមានបន្ទូលឆ្លើយថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចំការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្តាយហើយកូន នឹងស្រែចំការ ព្រមទាំងសេចក្ដីបៀតបៀនដែរ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង តែនឹងមានមនុស្សមុនទៅជាក្រោយជាច្រើន ហើយមនុស្សក្រោយទៅជាមុនវិញ។ (ម៉ាកុស 10:29-31)
មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ។ (ម៉ាថាយ 7:21-23)
កាលព្រះយេស៊ូវ ទ្រង់ឃើញហ្វូងមនុស្សកកកុញនៅជុំវិញទ្រង់ នោះទ្រង់បង្គាប់ឲ្យឆ្លងទៅឯត្រើយម្ខាងទៅ ខណនោះ មានអាចារ្យម្នាក់ចូលមកទូលទ្រង់ថា លោកគ្រូអើយ ខ្ញុំនឹងតាមលោកទៅដែរ ទោះបើលោកទៅឯណាក៏ដោយ ព្រះយេស៊ូវទ្រង់តបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាស ក៏មានសំបុក តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ មានសិស្សទ្រង់ម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំ បានទៅកប់ខ្មោចឪពុកទូលបង្គំសិន តែព្រះយេស៊ូវមានបន្ទូលទៅអ្នកនោះថា ចូរមកតាមខ្ញុំវិញ ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ។ (ម៉ាថាយ 8:18-22)
សិស្សមិនមែនលើសជាងគ្រូទេ ហើយបាវក៏មិនលើសជាងចៅហ្វាយខ្លួនដែរ បើសិស្សបានស្មើនឹងគ្រូ ហើយបាវបានស្មើនឹងចៅហ្វាយ នោះល្មមហើយ បើសិនជាគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល នោះចំណង់បើពួកអ្នកនៅផ្ទះនោះទាំងប៉ុន្មាន តើគេនឹងហៅយ៉ាងនោះលើសជាងអម្បាលម៉ានទៅទៀត។ ដូច្នេះ មិនត្រូវឲ្យខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកសំដែងចេញ ឬអ្វីលាក់លៀប ដែលមិនត្រូវបង្ហាញឲ្យគេស្គាល់នោះទេ ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង នឹងរូបកាយវិនាសទៅក្នុងនរកផង តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ យ៉ាងនោះ មិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន ដូច្នេះ អស់អ្នកណាដែលទទួលថ្លែងប្រាប់ពីខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំនឹងទទួលថ្លែងប្រាប់ពីអ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ នោះខ្ញុំក៏មិនព្រមទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ។ (ម៉ាថាយ 10:24-33)
មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត។ (ម៉ាកុស 13:13)
ហេតុអ្វីបានជាហៅខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តែមិនធ្វើតាមពាក្យខ្ញុំវិញដូច្នេះ ឯអស់អ្នកដែលមកស្តាប់ពាក្យខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះធៀបដូចជាអ្វី គឺធៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ គាត់បានជីកយ៉ាងជ្រៅ ដាក់ជើងសសរនៅលើថ្ម កាលមានទឹកជន់ឡើង ហូរគំហុកមកប៉ះនឹងផ្ទះនោះ នោះធ្វើឲ្យរញ្ជួយមិនបានឡើយ ពីព្រោះបានសង់នៅលើថ្ម តែអ្នកដែលឮ ហើយមិនប្រព្រឹត្តតាម នោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដី ឥតដាំជើងសសរសោះ លុះទឹកហូរគំហុកមកប៉ះត្រូវ ផ្ទះនោះក៏រលំទៅភ្លាម ហើយត្រូវខូចខាតជាច្រើនផង។ (លូកា 6:46-49)
ទ្រង់ក៏បែរទៅមានបន្ទូលនឹងពួកសិស្សដោយឡែកថា មានពរហើយ ភ្នែកណាដែលឃើញអស់ទាំងការដែលអ្នករាល់គ្នាឃើញ ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា មានហោរា នឹងស្តេចជាច្រើន បានប្រាថ្នាចង់ឃើញការដែលអ្នករាល់គ្នាឃើញដែរ តែមិនបានឃើញទេ ក៏ចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮសោះ។ (លូកា 10:23-24)
ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន ដែលទទួលកិត្តិសព្ទតែពីគ្នាឯង ឥតស្វែងរកកិត្តិសព្ទ ដែលមកពីព្រះអង្គដ៏ជាព្រះតែ១អង្គទ្រង់ដូច្នេះ (យ៉ូហាន 5:44)
កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះ ទ្រង់បានដៅចំណាំទុក (យ៉ូហាន 6:27)
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក (យ៉ូហាន 6:29)
អ្នកណាដែលនិយាយដោយអាងខ្លួនឯង នោះចង់តែលើកដំកើងដល់ខ្លួនទេ តែអ្នកដែលចង់លើកដំកើងថ្វាយព្រះ ដែលចាត់ឲ្យខ្លួនមក នោះទើបពិតវិញ ហើយឥតមានសេចក្ដីទុច្ចរិតណានៅក្នុងខ្លួនឡើយ (យ៉ូហាន 7:18)
កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ កាលខ្ញុំកំពុងតែនៅក្នុងលោកីយនៅឡើយ នោះខ្ញុំជាពន្លឺនៃលោកីយ (យ៉ូហាន 9:4-5)
អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយនេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ បើអ្នកណាបំរើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបើខ្ញុំនៅឯណាក្តី អ្នកបំរើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ។ (យ៉ូហាន 12:25-26)
បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលលោកីយទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ បន្តិចទៀត លោកីយនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំវិញ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នានឹងរស់ដែរ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំ អ្នករាល់គ្នាក៏នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរ អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសំដែងខ្លួនឲ្យអ្នកនោះស្គាល់ផង (យ៉ូហាន 14:15-21)
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅនៅជាមួយដែរ (យ៉ូហាន 14:23)
ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ (យ៉ូហាន 15:9)
បើសិនជាលោកីយស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយ ថាគេបានស្អប់ខ្ញុំជាមុន បើអ្នករាល់គ្នាជារបស់ផងលោកីយ នោះលោកីយនឹងស្រឡាញ់អ្នករាល់គ្នា តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយមក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយទៀត នោះបានជាលោកីយស្អប់អ្នករាល់គ្នាវិញ ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ (យ៉ូហាន 15:18-20)
មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំងកាត់កាល់ ត្មះតិះដៀល ហើយចោលឈ្មោះអ្នករាល់គ្នាចេញ ទុកដូចជាអាក្រក់ ដោយព្រោះកូនមនុស្ស ចូរអ្នករាល់គ្នាអរសប្បាយឡើងនៅថ្ងៃនោះ ហើយលោតកញ្ឆេងចុះ ដ្បិតមើល អ្នករាល់គ្នាមានរង្វាន់ជាយ៉ាងធំនៅឯស្ថានសួគ៌ ឯពួកឰយុកោរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ (លូកា 6:22-23)
រួចព្រះយេស៊ូវមានបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ ទ្រង់មានបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេទាំងមានបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ (យ៉ូហាន 20:21-22)
ឯព្រះយេស៊ូវ ទ្រង់យាងមកមានបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។ (ម៉ាថាយ 28:18-20)