
តើព្រះយេស៊ូវមានបន្ទូលអ្វីអំពី.. ជំនឿ
ព្រះយេស៊ូវទ្រង់ឆ្លើយថា ចូរមានសេចក្ដីជំនឿដល់ព្រះចុះ (ម៉ាកុស 11:22)
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក (យ៉ូហាន 6:29)
ព្រះយេស៊ូវទ្រង់បន្លឺឡើងថា អ្នកណាដែលជឿដល់ខ្ញុំ នោះមិនមែនជឿដល់ខ្ញុំ គឺជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកនោះវិញ ហើយអ្នកណាដែលឃើញខ្ញុំ នោះក៏ឃើញព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ ខ្ញុំបានមកក្នុងលោកីយជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្ដីងងឹតឡើយ (យ៉ូហាន 12:44-46)
កាលបានយាងចូលទៅក្នុងផ្ទះ នោះអ្នកខ្វាក់ទាំង២ក៏មកឯទ្រង់ ហើយទ្រង់មានបន្ទូលសួរថា តើអ្នកជឿថា ខ្ញុំអាចនឹងធ្វើការនេះបានឬទេ អ្នកទាំង២ទូលថា ជឿហើយ ព្រះអម្ចាស់អើយ នោះទ្រង់ក៏ពាល់ភ្នែកគេ ដោយបន្ទូលថា ចូរឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ ភ្នែកគេក៏បានភ្លឺឡើង (ម៉ាថាយ 9:28-30a)
ឯព្រះយេស៊ូវ ទ្រង់បែរទៅឃើញនាង ក៏មានបន្ទូលថា ចូរសង្ឃឹមឡើង កូនអើយ សេចក្ដីជំនឿរបស់នាង បានជួយសង្គ្រោះនាងហើយ នាងក៏បានជាចាប់តាំងពីវេលានោះមក (ម៉ាថាយ 9:22)
រួចទ្រង់មានបន្ទូលទៅអ្នកនោះថា ចូរក្រោកឡើងទៅចុះ សេចក្ដីជំនឿអ្នកបានសង្គ្រោះអ្នកហើយ។ (លូកា 17:19)
ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ឲ្យភ្លឺចុះ សេចក្ដីជំនឿអ្នកបានជួយសង្គ្រោះអ្នកហើយ (លូកា 18:42)
ទ្រង់មានបន្ទូលទៅគាត់ថា ទៅចុះ សេចក្ដីជំនឿអ្នកបានសង្គ្រោះអ្នកហើយ ស្រាប់តែភ្នែកក៏ភ្លឺឡើងភ្លាម រួចគាត់ដើរតាមទ្រង់ទៅ។ (ម៉ាកុស 10:52)
កាលទ្រង់បានយាងចុះទូកហើយ នោះពួកសិស្សក៏តាមទ្រង់ទៅ ឯសមុទ្រក៏កំរើកឡើងជាខ្លាំង ដល់ម៉្លេះបានជារលកឡើងគ្របលើទូក តែទ្រង់ផ្ទំលក់ ពួកសិស្សក៏ចូលទៅតើនទ្រង់ទូលថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះផង យើងខ្ញុំវិនាសហើយ ទ្រង់មានបន្ទូលថា ឱពួកអ្នកមានជំនឿតិចអើយ ហេតុអ្វីបានជាភ័យដូច្នេះ រួចទ្រង់ក្រោកឡើង កំហែងដល់ខ្យល់នឹងសមុទ្រ នោះក៏ស្ងប់ឈឹងអស់ទៅ (ម៉ាថាយ 8:23-26)
រួចទ្រង់មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្ដីជំនឿ (ម៉ាកុស 4:40)
ទ្រង់មានបន្ទូលថា ចូរមកចុះ ពេត្រុសក៏ចុះចេញពីទូកដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ តែកាលគាត់ឃើញខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ បានជាគាត់ស្រែកឡើងថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង ស្រាប់តែព្រះយេស៊ូវទ្រង់លូកព្រះហស្តទៅចាប់គាត់ភ្លាម ដោយបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ (ម៉ាថាយ 14:29-31)
នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា នាងស្រីអើយ នាងមានសេចក្ដីជំនឿជាខ្លាំងមែន ចូរឲ្យនាងបានដូចសេចក្ដីប្រាថ្នាចុះ ស្រាប់តែកូនស្រីរបស់នាងបានជា ចាប់តាំងពីវេលានោះឯងទៅ។ (ម៉ាថាយ 15:28)
កាលព្រះយេស៊ូវ ទ្រង់បានយាងចូលទៅក្នុងក្រុងកាពើណិមហើយ នោះមេទ័ពម្នាក់មកឯទ្រង់ទូលអង្វរថា ព្រះអម្ចាស់អើយ បាវទូលបង្គំវាស្លាប់ដៃស្លាប់ជើង ដេកនៅផ្ទះវេទនាខ្លាំងណាស់ ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ខ្ញុំនឹងទៅប្រោសឲ្យជា តែមេទ័ពទូលប្រកែកថា ព្រះអម្ចាស់អើយ ទូលបង្គំមិនគួរនឹងទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ សូមទ្រង់គ្រាន់តែមានបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបង្គាប់គេដែរ ហើយមានទាហាននៅក្រោមឱវាទទូលបង្គំ បើទូលបង្គំប្រាប់ទៅម្នាក់ថា ទៅ នោះវាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះ នោះវាក៏ធ្វើតាម កាលព្រះយេស៊ូវបានឮពាក្យនោះហើយ ទ្រង់មានសេចក្ដីអស្ចារ្យក្នុងព្រះហឫទ័យ រួចមានបន្ទូលទៅពួកអ្នកដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿជាខ្លាំងដល់ម៉្លេះទេ ទោះទាំងនៅក្នុងសាសន៍អ៊ីស្រាអែលផង (ម៉ាថាយ 8:5-10)
រួចទ្រង់មានបន្ទូលទៅមេទ័ពនោះថា ចូរទៅចុះ ឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ បាវគាត់ក៏បានជានៅវេលានោះឯង។ (ម៉ាថាយ 8:13)
តែព្រះអម្ចាស់មានបន្ទូលថា បើអ្នករាល់គ្នាមានសេចក្ដីជំនឿដូចគ្រាប់ពូជ១យ៉ាងល្អិត នោះនឹងនិយាយទៅដើមមននេះថា ចូរឯងរលើងទៅដុះក្នុងសមុទ្រទៅ នោះគង់តែនឹងស្តាប់បង្គាប់អ្នកដែរ (លូកា 17:6)
ទ្រង់មានបន្ទូលតបថា គឺដោយព្រោះតែអ្នករាល់គ្នាមានសេចក្ដីជំនឿតិចពេកប៉ុណ្ណោះ ដ្បិតខ្ញុំប្រាប់ជាប្រាកដថា បើមានសេចក្ដីជំនឿ ដូចគ្រាប់ពូជ១យ៉ាងល្អិត នោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅនៅទីនោះចុះ នោះនឹងបានដូច្នោះហើយ ក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេ (ម៉ាថាយ 17:20)
ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើមានសេចក្ដីជំនឿឥតសង្ស័យសោះ នោះអ្នករាល់គ្នានឹងអាចធ្វើបាន មិនត្រឹមតែការដែលកើតឡើងដល់ដើមល្វាប៉ុណ្ណោះទេ គឺទោះបើអ្នកនឹងនិយាយទៅភ្នំនេះថា ឲ្យឯងរើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រវិញ នោះគង់តែនឹងបានកើតដូច្នោះដែរ ហើយគ្រប់ទាំងសេចក្ដីអ្វី ដែលអ្នករាល់គ្នានឹងអធិស្ឋានសូម ដោយមានចិត្តជឿ នោះនឹងបានសំរេចទាំងអស់។ (ម៉ាថាយ 21:21-22)
ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា បើអាចនឹងជឿបាន នោះការទាំងអស់នឹងសំរេចបាន ដល់អ្នកណាដែលជឿ (ម៉ាកុស 9:23)
ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន (ម៉ាកុស 11:24)
ព្រះយេស៊ូវមានបន្ទូលទៅនាងថា តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី (យ៉ូហាន 11:40)
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា (យ៉ូហាន 14:12)
ដល់៨ថ្ងៃក្រោយមក ពួកសិស្សទ្រង់នៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ នោះព្រះយេស៊ូវទ្រង់យាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅបិទ ហើយមានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត រួចទ្រង់មានបន្ទូលទៅថូម៉ាសថា ចូរលូកម្រាមដៃអ្នកមក ស្ទាបមើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ នោះថូម៉ាសទូលឆ្លើយថា ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។ (យ៉ូហាន 20:26-29)
ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា ទ្រង់នឹងសងសឹកជំនួសអ្នកទាំងនោះ ជាប្រញាប់មិនខាន ប៉ុន្តែ កាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្ដីជំនឿនៅផែនដីដែរឬដូចម្តេច។ (លូកា 18:7-8)