
តើព្រះយេស៊ូវមានបន្ទូលអ្វីអំពី.. ភ័យខ្លាច និង ព្រួយបារម្ភ
អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។ (ម៉ាថាយ 11:28-30)
ដោយហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ទេឬអី ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះមិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្ដីខ្វល់ខ្វាយបានឬទេ (ម៉ាថាយ 6:25-27)
ហើយពីដំណើរសំលៀកបំពាក់ តើអ្នករាល់គ្នាខំខ្វល់ខ្វាយធ្វើអី ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹង ដែលវាដុះជាយ៉ាងដូចម្តេច គឺវាមិននឿយហត់នឹងធ្វើការ ឬស្រាវរវៃទេ តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្ដីរុងរឿងរបស់ទ្រង់ នោះទ្រង់មិនបានតែងអង្គ ដូចជាផ្កា១នោះផង រីឯតិណជាតិ ដែលដុះនៅវាលក្នុងថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេដុតនៅជើងក្រាន បើព្រះទ្រង់តុបតែងស្មៅយ៉ាងដូច្នោះ នោះឱមនុស្សមានជំនឿតិចអើយ តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នា លើសជាងទៅទៀតទេឬអី (ម៉ាថាយ 6:28-30)
ដូច្នេះ កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ ដ្បិតគឺជាសាសន៍ដទៃទេតើ ដែលខំស្វែងរករបស់ទាំងនោះវិញ ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង ដូច្នេះ កុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយ ចំពោះការរបស់ថ្ងៃនោះឯង សេចក្ដីលំបាកនៅថ្ងៃណា នោះគឺល្មមត្រឹមថ្ងៃនោះហើយ។ (ម៉ាថាយ 6:31-34)
តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ យ៉ាងនោះ មិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន (ម៉ាថាយ 10:29-31)
ដល់យាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯពួកសិស្ស កាលគេឃើញទ្រង់យាងលើទឹកដូច្នោះ នោះក៏ភ័យវល់ ហើយនិយាយថា ខ្មោចលងហើយ រួចគេស្រែកឡើង ដោយសេចក្ដីតក់ស្លុត តែព្រះយេស៊ូវទ្រង់មានបន្ទូលដល់គេភ្លាមថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ (ម៉ាថាយ 14:25-27)
កាលគាត់កំពុងតែទូលនៅឡើយ នោះមានពពកយ៉ាងភ្លឺបានមកបាំងគេ ហើយមានឮសំឡេងចេញពីពពកនោះថា នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្តាប់តាមចុះ កាលបានឮហើយ នោះពួកសិស្សក៏ក្រាបផ្កាប់មុខនឹងដី ទាំងភ័យស្លុតជាខ្លាំង តែព្រះយេស៊ូវទ្រង់យាងទៅពាល់គេ ដោយបន្ទូលថា ចូរក្រោកឡើង កុំភ័យឡើយ កាលគេបានងើបឡើង នោះមិនបានឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវតែប៉ុណ្ណោះ។ (ម៉ាថាយ 17:5-8)
តែទ្រង់ផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សដាស់ទ្រង់ឡើងទូលថា លោកគ្រូអើយ យើងវិនាសហើយ លោកមិនរវល់ទេឬអី 39កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ រួចទ្រង់មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្ដីជំនឿ នោះគេមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ទាំងសួរគ្នាទៅវិញទៅមកថា ដូច្នេះ តើលោកនេះជាអ្វី បានជាខ្យល់ នឹងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។ (ម៉ាកុស 4:38-41)
កំពុងដែលទ្រង់នៅមានបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះមេសាលាប្រជុំ ជំរាបថា កូនស្រីលោកស្លាប់ហើយ នៅតែរំខានចិត្តលោកគ្រូធ្វើអ្វីទៀត កាលព្រះយេស៊ូវបានឮពាក្យគេប្រាប់ ស្រាប់តែទ្រង់មានបន្ទូលទៅមេសាលាប្រជុំថា កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ (ម៉ាកុស 5:35-36)
កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ (យ៉ូហាន 14:1-3)
ហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ នឹងសេចក្ដីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ (ម៉ាថាយ 13:22)
ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម (លូកា 21:34)
ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ (យ៉ូហាន 14:27)
ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយនេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយហើយ។ (យ៉ូហាន 16:33)
នៅថ្ងៃដំបូងក្នុងអាទិត្យនោះឯង លុះព្រលប់ហើយ កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ (យ៉ូហាន 20:19)
ដល់៨ថ្ងៃក្រោយមក ពួកសិស្សទ្រង់នៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ នោះព្រះយេស៊ូវទ្រង់យាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅបិទ ហើយមានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត (យ៉ូហាន 20:26)