
តើព្រះយេស៊ូវមានបន្ទូលអ្វីអំពី.. ព្រះវរបិតា
ទ្រង់មានបន្ទូលថា ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត (ម៉ាកុស 14:36)
ព្រះយេស៊ូវទ្រង់ទតទៅគេ ដោយបន្ទូលថា ការនោះមនុស្សលោកធ្វើមិនកើតទេ តែព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់។ (ម៉ាថាយ 19:26)
ព្រះយេស៊ូវទ្រង់ឆ្លើយថា ចូរមានសេចក្ដីជំនឿដល់ព្រះចុះ (ម៉ាកុស 11:22)
តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតា ដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់ ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ (យ៉ូហាន 4:23-24)
នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ (ម៉ាថាយ 22:37-38)
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯបញ្ញត្តដែលសំខាន់ជាងគេ នោះគឺថា «ចូរស្តាប់ចុះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ជាព្រះអម្ចាស់តែ១ព្រះអង្គទ្រង់ ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង» នោះហើយជាបញ្ញត្តទី១ (ម៉ាកុស 12:29-30)
នោះព្រះយេស៊ូវមានបន្ទូលតបថា នែ សាតាំង ចូរឯងថយចេញពីអញទៅ ដ្បិតមានសេចក្ដីចែងទុកមកថា «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ» (ម៉ាថាយ 4:10)
តែទ្រង់មានបន្ទូលតបថា មានសេចក្ដីចែងទុកមកដូច្នេះ «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ»។ (ម៉ាថាយ 4:4)
ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ (ម៉ាថាយ 6:9-10)
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ។ (ម៉ាថាយ 5:48)
ព្រះយេស៊ូវមានបន្ទូលទៅវាថា មានសេចក្ដីចែងទុកដូច្នេះទៀត «កុំឲ្យឯងល្បួងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ»។ (ម៉ាថាយ 4:7)
ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត (ម៉ាថាយ 7:11)
ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលទៅគេថា ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ (យ៉ូហាន 5:17)
នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ (យ៉ូហាន 6:40)
គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយបានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។ (យ៉ូហាន 17:23)
ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក (យ៉ូហាន 16:27)
នេះមិនមែនថា មានអ្នកណាដែលឃើញព្រះវរបិតានោះឡើយ មានតែព្រះអង្គ ដែលយាងមកពីព្រះប៉ុណ្ណោះ ព្រះអង្គនោះទើបទ្រង់បានឃើញព្រះវរបិតាមែន (យ៉ូហាន 6:46)
បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ អំពីនេះទៅមុខ អ្នករាល់គ្នាក៏ស្គាល់ ហើយបានឃើញទ្រង់ផង (យ៉ូហាន 14:7)
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យស្បថឲ្យសោះ ទោះនឹងស្ថានសួគ៌ក្តី ព្រោះជាបល្ល័ង្កនៃព្រះ ទោះនឹងផែនដីក្តី ព្រោះជាកំណល់កល់ព្រះបាទទ្រង់ ទោះនឹងក្រុងយេរូសាឡិមក្តី ព្រោះជាក្រុងនៃស្តេចធំ (ម៉ាថាយ 5:34-35)
នៅវេលានោះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលថា ឱព្រះវបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ដោយព្រោះទ្រង់លាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ ហ្នឹងហើយ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ (ម៉ាថាយ 11:25-26)