
តើព្រះយេស៊ូវមានបន្ទូលអ្វីអំពី.. ព្រះវិញ្ញាណបរិសុទ្ធ
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ (យ៉ូហាន 3:5-6)
គឺជាវិញ្ញាណដែលឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីទេ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណនឹងជីវិតវិញ (យ៉ូហាន 6:63)
នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលលោកីយទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ (យ៉ូហាន 14:16-17)
ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដល់អ្នករាល់គ្នា កំពុងដែលនៅជាមួយគ្នានៅឡើយ តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ (យ៉ូហាន 14:25-26)
ប៉ុន្តែ កាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ (យ៉ូហាន 15:26)
ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំជំរះ គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ ពីសេចក្ដីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ នឹងពីសេចក្ដីជំនុំជំរះ ដោយព្រោះចៅហ្វាយរបស់លោកីយនេះត្រូវទោសហើយ។ (យ៉ូហាន 16:7-11)
ខ្ញុំនៅមានសេចក្ដីជាច្រើនទៀត នឹងប្រាប់ដល់អ្នករាល់គ្នា តែឥឡូវនេះ អ្នករាល់គ្នាពុំអាចនឹងទទួលបានទេ កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា គ្រប់ទាំងអស់ដែលព្រះវរបិតាមាន នោះជារបស់ផងខ្ញុំដែរ ហេតុនោះបានជាខ្ញុំប្រាប់ថា ទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់អ្នករាល់គ្នា។ (យ៉ូហាន 16:12-15)
ឯអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំបុ័ង តើអ្នកណានឹងឲ្យថ្មទៅវា ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ បើវាសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬអី បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត។ (លូកា 11:11-13)
ប៉ុន្តែ កាលណាគេចាប់បញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយ ពីព្រោះសេចក្ដីដែលត្រូវនិយាយ នឹងបានប្រទានមកអ្នករាល់គ្នានៅវេលានោះឯង ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណរបស់ព្រះវរបិតានៃអ្នកទេតើ ដែលទ្រង់មានបន្ទូលក្នុងខ្លួនអ្នកវិញ (ម៉ាថាយ 10:19-20)
កាលណាគេបណ្តើរអ្នករាល់គ្នាទៅនៅមុខពួកជំនុំគេ ឬចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំឲ្យបារម្ភព្រួយ ពីបែបយ៉ាងណា ឬពីពាក្យអ្វី ដែលនឹងត្រូវឆ្លើយដោះសា ឬនិយាយនោះឡើយ ដ្បិតគឺព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងបង្រៀនសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង។ (លូកា 12:11-12)
ប៉ុន្តែ បើសិនជាខ្ញុំដេញអារក្ស ដោយសារព្រះវិញ្ញាណនៃព្រះវិញ នោះឈ្មោះថា នគរព្រះបានមកដល់អ្នករាល់គ្នាហើយ (ម៉ាថាយ 12:28)
អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះជាអ្នកកំចាត់កំចាយវិញ ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អស់ទាំងបាប ហើយពាក្យប្រមាថ នឹងអត់ទោសឲ្យមនុស្សលោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិនដែលបានអត់ទោសដល់មនុស្សឡើយ អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅនាលោកីយនេះ ឬនៅបរលោកនាយក្តី (ម៉ាថាយ 12:30-32)
ខ្ញុំបានមក ដើម្បីនឹងបោះភ្លើងនៅលើផែនដី បើភ្លើងនោះឆេះហើយ តើខ្ញុំនៅចង់បានអ្វីទៀត (លូកា 12:49)
រួចព្រះយេស៊ូវមានបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ ទ្រង់មានបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេទាំងមានបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ (យ៉ូហាន 20:21-22)
រួចមក កាលបានប្រជុំទាំងអស់គ្នាហើយ នោះទ្រង់ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយបន្ទូលថា
ត្រូវឲ្យនៅចាំសេចក្ដីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ ដ្បិតពិតជាលោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅបន្តិចទៀត អ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។
ដូច្នេះ កាលពួកសាវកបានប្រជុំគ្នា នោះក៏ទូលសួរថា ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ តែទ្រង់មានបន្ទូលឆ្លើយថា មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង (កិច្ចការ 1:4-8)