
តើព្រះយេស៊ូវមានបន្ទូលអ្វីអំពី.. ព្រះយេស៊ូវ
អ្នករាល់គ្នាហៅខ្ញុំជាលោកគ្រូ ហើយជាព្រះអម្ចាស់ នោះក៏ត្រូវមែន ពីព្រោះគឺខ្ញុំនេះហើយ (យ៉ូហាន 13:13)
គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្សដែលនៅស្ថានសួគ៌នោះឯង (យ៉ូហាន 3:13)
តែទ្រង់មានបន្ទូលតបថា ចូរយើងទៅក្នុងអស់ទាំងភូមិនៅជុំវិញ ដើម្បីឲ្យខ្ញុំបានប្រកាសប្រាប់នៅភូមិទាំងនោះដែរ ដ្បិតគឺដោយហេតុនោះហើយ បានជាខ្ញុំមក (ម៉ាកុស 1:38)
ខ្ញុំមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ។ (លូកា 5:32)
ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ (យ៉ូហាន 6:35)
ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក (យ៉ូហាន 6:38)
រួចទ្រង់យាងមកដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ ក៏ចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក តាមទំលាប់ទ្រង់ ហើយឈរឡើង ដើម្បីអានមើលគម្ពីរ គេក៏យកគម្ពីរហោរាអេសាយមកថ្វាយទ្រង់ កាលទ្រង់បានបើកគម្ពីរហើយ នោះទ្រង់រកឃើញត្រង់កន្លែងដែលមានសេចក្ដីចែងទុកមកថា «ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះអម្ចាស់កំណត់ទុក» កាលទ្រង់បានបិទគម្ពីរ ប្រគល់ដល់អ្នករក្សាសាលាវិញហើយ នោះទ្រង់ក៏គង់ចុះ ឯពួកអ្នកដែលនៅក្នុងសាលា គេក៏សំឡឹងមើលទ្រង់ ទ្រង់ចាប់តាំងមានបន្ទូលទៅគេថា នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ (លូកា 4:16-21)
ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលទៅគេថា ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ (យ៉ូហាន 5:17)
នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង (យ៉ូហាន 4:34)
ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា កាលណាអ្នករាល់គ្នាបានលើកកូនមនុស្សឡើង នោះទើបនឹងដឹងថា គឺខ្ញុំនេះហើយជាព្រះ ហើយថា ខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំ គឺខ្ញុំនិយាយសេចក្ដីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញ ព្រះអង្គនោះ ដែលចាត់ឲ្យខ្ញុំមក ក៏គង់ជាមួយនឹងខ្ញុំ ទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេ ពីព្រោះខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប (យ៉ូហាន 8:28-29)
ដូច្នេះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ ពីព្រោះព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយក៏បង្ហាញ ឲ្យព្រះរាជបុត្រាឃើញអស់ទាំងការដែលទ្រង់ធ្វើដែរ ទ្រង់នឹងបង្ហាញឲ្យឃើញការធំ លើសជាងការទាំងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីអស្ចារ្យ ដ្បិតដែលព្រះវរបិតាទ្រង់ប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា នោះព្រះរាជបុត្រានឹងប្រោសដល់អ្នកណា ដែលទ្រង់សព្វព្រះហឫទ័យក៏យ៉ាងដូច្នោះដែរ ព្រះវរបិតាទ្រង់មិនជំនុំជំរះអ្នកណាទេ ទ្រង់បានប្រគល់គ្រប់ការជំនុំជំរះ ដល់ព្រះរាជបុត្រាវិញ ដើម្បីឲ្យមនុស្សទាំងអស់បានគោរពប្រតិបត្តិដល់ព្រះរាជបុត្រា ដូចជាគោរពប្រតិបត្តិដល់ព្រះវរបិតាដែរ អ្នកណាដែលមិនគោរពប្រតិបត្តិដល់ព្រះរាជបុត្រា នោះក៏មិនគោរពប្រតិបត្តិដល់ព្រះវរបិតា ដែលចាត់ឲ្យទ្រង់មកដែរ។ (យ៉ូហាន 5:19-23)
តែព្រះយេស៊ូវទ្រង់ជ្រាបក្នុងវិញ្ញាណទ្រង់ជា១រំពេចថា គេរិះគិតក្នុងចិត្តយ៉ាងដូច្នោះ ទើបទ្រង់មានបន្ទូលទៅគេថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតក្នុងចិត្តយ៉ាងដូច្នេះ ដ្បិតដែលនិយាយនឹងមនុស្សស្លាប់ដៃស្លាប់ជើងនេះថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើង យកគ្រែឯងដើរទៅ នោះតើពាក្យណាងាយថាជាជាង ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន (នោះទ្រង់មានបន្ទូល ទៅមនុស្សស្លាប់ដៃស្លាប់ជើងថា) អញប្រាប់ឲ្យឯងក្រោកឡើង យកគ្រែឯងដើរទៅផ្ទះទៅ គាត់ក៏ក្រោកឡើងភ្លាម យកគ្រែចេញទៅ នៅមុខអ្នកទាំងអស់គ្នា បានជាគ្រប់គ្នាមានសេចក្ដីអស្ចារ្យ ហើយពណ៌នាសរសើរដំកើងដល់ព្រះ ដោយពាក្យថា យើងមិនដែលឃើញយ៉ាងដូច្នេះឡើយ។ (ម៉ាកុស 2:8-12)
ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេម្តងទៀតថា ខ្ញុំជាពន្លឺលោកីយ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្ដីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ (យ៉ូហាន 8:12)
រួចទ្រង់បែរទៅមានបន្ទូលនឹងពួកសិស្សថា គ្រប់សេចក្ដីទាំងអស់សុទ្ធតែបានប្រទានមកខ្ញុំ ពីព្រះវរបិតានៃខ្ញុំ គ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនឹងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យ បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ (លូកា 10:22)
ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម (យ៉ូហាន 10:11)
ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ អំពីនេះទៅមុខ អ្នករាល់គ្នាក៏ស្គាល់ ហើយបានឃើញទ្រង់ផង (យ៉ូហាន 14:6-7)
ព្រះយេស៊ូវមានបន្ទូលទៅថា ភីលីពអើយ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម៉្លេះ ហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬ អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ ចុះធ្វើដូចម្តេចបានជាអ្នកថា សូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ ចូរជឿខ្ញុំថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ ពុំនោះសោត ឲ្យជឿខ្ញុំដោយព្រោះការទាំងនោះឯងចុះ (យ៉ូហាន 14:9-11)
ខ្ញុំ ហើយនឹងព្រះវរបិតា គឺតែ១ព្រះអង្គទេ។ (យ៉ូហាន 10:30)
ប៉ុន្តែ បើខ្ញុំធ្វើការរបស់ទ្រង់វិញ នោះទោះបើអ្នករាល់គ្នាមិនជឿខ្ញុំ គង់តែត្រូវជឿដល់ការទាំងនោះដែរ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយជឿថា ព្រះវរបិតាទ្រង់គង់នៅក្នុងខ្ញុំ ហើយខ្ញុំក្នុងទ្រង់ដែរ។ (យ៉ូហាន 10:38)
ខ្ញុំបានចេញពីព្រះវរបិតាមកមែន ហើយបានមកក្នុងលោកីយ ក៏នឹងចេញពីលោកីយ ទៅឯព្រះវរបិតាវិញទៀត។ (យ៉ូហាន 16:28)
ឥឡូវនេះ ឱព្រះវរបិតាអើយ សូមដំកើងទូលបង្គំឡើងជាមួយនឹងទ្រង់ផង ដោយសិរីល្អដែលទូលបង្គំមានជាមួយនឹងទ្រង់ ក្នុងកាលដែលលោកីយមិនទាន់បានកើតនៅឡើយ។ (យ៉ូហាន 17:5)
រួចទ្រង់មានបន្ទូលទៅគេថា កូនមនុស្សក៏ជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។ (លូកា 6:5)
ព្រះយេស៊ូវមានបន្ទូលតបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ (លូកា 9:58)
កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ឲ្យគេឆ្កាង ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ (លូកា 24:7)
ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង។ (ម៉ាកុស 10:45)
ព្រះយេស៊ូវមានបន្ទូលទៅនាងថា ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្ដីនេះឬទេ (យ៉ូហាន 11:25-26)
ដល់ព្រឹកឡើង នោះពួកចាស់ទុំនៃបណ្តាជន ព្រមទាំងពួកសង្គ្រាជ នឹងពួកអាចារ្យ ក៏ប្រជុំគ្នា ហើយគេនាំទ្រង់មកក្នុងក្រុមជំនុំ សួរថា បើឯងជាព្រះគ្រីស្ទមែន ចូរប្រាប់មកយើងចុះ តែទ្រង់មានបន្ទូលទៅគេថា បើសិនជាខ្ញុំជំរាបដល់លោករាល់គ្នា នោះលោកក៏មិនព្រមជឿ ហើយបើខ្ញុំសួរលោកវិញ នោះក៏មិនព្រមឆ្លើយមកខ្ញុំ ឬលែងឲ្យខ្ញុំទៅដែរ អំណឹះទៅមុខ កូនមនុស្សនឹងអង្គុយខាងស្តាំព្រះចេស្តានៃព្រះ នោះទាំងអស់គ្នានិយាយឡើងថា ដូច្នេះ ឯងជាព្រះរាជបុត្រានៃព្រះឬអី ទ្រង់មានបន្ទូលឆ្លើយថា លោករាល់គ្នាមានប្រសាសន៍ដូច្នោះ នោះគឺខ្ញុំនេះហើយ គេក៏និយាយថា តើចាំបាច់ត្រូវការនឹងទីបន្ទាល់អ្វីទៀត ព្រោះយើងបានឮចេញពីមាត់ខ្លួនវាមកស្រាប់ហើយ។ (លូកា 22:66-71)
តែទ្រង់នៅតែស្ងៀម មិនបានឆ្លើយអ្វីសោះ រួចសំដេចសង្ឃពិចារណាសួរទ្រង់ទៀតថា តើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានពរឬអី ព្រះយេស៊ូវមានបន្ទូលថា គឺខ្ញុំនេះហើយ មួយទៀត អ្នករាល់គ្នានឹងឃើញកូនមនុស្ស អង្គុយនៅខាងស្តាំនៃព្រះចេស្តា ហើយទាំងមកក្នុងពពកនៅលើមេឃផង (ម៉ាកុស 14:61-62)
លោកពីឡាត់ក៏សួរទ្រង់ថា ដូច្នេះ អ្នកជាស្តេចមែនឬ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត អស់អ្នកណាដែលកើតពីសេចក្ដីពិត នោះក៏ឮសំឡេងខ្ញុំ (យ៉ូហាន 18:37)
នោះទ្រង់មានបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្ដី ដែលពួកហោរាបានទាយទុកមកអើយ តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី រួចទ្រង់ក៏ស្រាយន័យសេចក្ដី ដែលដំរូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ នឹងគម្ពីរពួកហោរារៀងមក (លូកា 24:25-27)
ក៏មានបន្ទូលថា នេះហើយជាសេចក្ដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសំរេចគ្រប់ទាំងសេចក្ដីដែលចែងទុកពីខ្ញុំ ទោះក្នុងក្រិត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកដំកើងផង នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ ទ្រង់មានបន្ទូលទៅគេថា គឺសេចក្ដីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត នឹងសេចក្ដីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ ចាប់តាំងពីក្រុងយេរូសាឡិមទៅ . (លូកា 24:44-47)
ឯព្រះយេស៊ូវ ទ្រង់យាងមកមានបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។ (ម៉ាថាយ 28:18-20)
ផ្ទៃមេឃ ហើយផែនដី នឹងកន្លងបាត់ទៅ តែពាក្យខ្ញុំ នឹងមិនដែលកន្លងបាត់ឡើយ (ម៉ាកុស 13:31)