
តើព្រះយេស៊ូវមានបន្ទូលអ្វីអំពី.. នគរព្រះ
តាំងពីគ្រានោះមក ព្រះយេស៊ូវក៏ចាប់តាំងប្រកាស ដោយបន្ទូលថា ចូរប្រែចិត្តឡើង ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ។ (ម៉ាថាយ 4:17)
ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ។ (ម៉ាកុស 1:15)
ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា នគរស្ថានសួគ៌ជិតដល់ហើយ (ម៉ាថាយ 10:7)
ឯពួកផារិស៊ី គេទូលសួរទ្រង់ពីនគរព្រះ ដែលត្រូវមកដល់នៅវេលាណា នោះទ្រង់មានបន្ទូលឆ្លើយថា នគរព្រះមិនមែនមកបែបឲ្យមើលឃើញទេ គ្មានអ្នកណានឹងថា មើល នៅទីនេះ ឬថា មើល នៅទីនោះបានឡើយ ដ្បិតមើល នគរព្រះក៏នៅកណ្តាលអ្នករាល់គ្នាហើយ។ (លូកា 17:20-21)
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ (យ៉ូហាន 3:3)
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ (យ៉ូហាន 3:5)
មានក្រិត្យវិន័យ នឹងទំនាយនៃពួកហោរា ដរាបមកដល់យ៉ូហាន តាំងពីនោះមក គេបានផ្សាយដំណឹងពីនគរព្រះទួទៅ ហើយមនុស្សទាំងអស់កំពុងតែខំប្រឹងចូល (លូកា 16:16)
ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង (ម៉ាថាយ 6:33)
ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះដូចជាកូនក្មេង១នេះ នោះមិនបានចូលទៅក្នុងនគរនោះឡើយ (ម៉ាកុស 10:15)
រួចមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ដូច្នេះ អ្នកណាដែលបន្ទាបខ្លួន ឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថាធំជាងគេក្នុងនគរស្ថានសួគ៌ហើយ (ម៉ាថាយ 18:3-4)
ដូច្នេះ អ្នកណាដែលនឹងរំលងបទណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងបញ្ញត្តទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះដែរ នោះនឹងត្រូវហៅជាអ្នកតូចបំផុតក្នុងនគរស្ថានសួគ៌ តែអ្នកណាដែលកាន់តាម ហើយបង្រៀនចំពោះបញ្ញត្តទាំងនេះ នោះនឹងបានហៅជាអ្នកធំក្នុងនគរស្ថានសួគ៌វិញ (ម៉ាថាយ 5:19)
ទ្រង់ងើបព្រះនេត្រឡើង ទតទៅពួកសិស្ស មានបន្ទូលថា មានពរហើយ អ្នករាល់គ្នាដែលក្រអើយ ដ្បិតនគរព្រះជារបស់ផងអ្នករាល់គ្នា (Luke 6:20)
ព្រះយេស៊ូវក៏ឃើញថា គាត់កើតមានចិត្តព្រួយ បានជាទ្រង់មានបន្ទូលថា មនុស្សអ្នកមានចូលទៅក្នុងនគរព្រះពិបាកណាស់ ដ្បិតដែលសត្វអូដ្ឋនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត (Luke 18:24-25)
ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង ហើយខាងត្បូង មកអង្គុយក្នុងនគរព្រះដែរ ហើយមើល នឹងមានមនុស្សក្រោយទៅជាមុន នឹងមនុស្សមុនទៅជាក្រោយវិញ។ (លូកា 13:29-30)
មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ។ (ម៉ាថាយ 13:44)
មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអ្នកឈ្មួញម្នាក់ ដែលរកកែវមុក្តាយ៉ាងល្អ កាលណាបានឃើញ១ដែលមានដំឡៃណាស់ នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់ មកទិញកែវមុក្តានោះ។ (ម៉ាថាយ 13:45-46)
មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអួន ដែលគេទំលាក់ទៅក្នុងសមុទ្រ ជាប់បានត្រីគ្រប់មុខ កាលបានពេញហើយ នោះគេទាញឡើងមកលើគោក រួចអង្គុយជ្រើសរើសត្រីល្អៗ ដាក់ក្នុងកញ្ឆេទុក តែត្រីអាក្រក់ៗគេចាក់ចោលចេញ (ម៉ាថាយ 13:47-48)
ទ្រង់ក៏មានបន្ទូលថា នគរព្រះធៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជនៅដី អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់ លុះដល់កាលណាផ្លែទុំហើយ ក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវច្រូតហើយ។ (ម៉ាកុស 4:26-29)
ទ្រង់ក៏មានបន្ទូលថា តើយើងនឹងធៀបនគរព្រះជាអ្វី ឬត្រូវយកពាក្យប្រៀបអ្វីមកប្រដូចនឹងនគរនោះ គឺដូចជាគ្រាប់ពូជ១ ដែលកាលណាគេព្រោះនៅដី ជាពូជយ៉ាងល្អិតជាងគ្រាប់ទាំងអស់នៅផែនដី តែកាលណាគេព្រោះចុះទៅ នោះក៏ដុះឡើងត្រឡប់ជាធំ លើសជាងតិណជាតិទាំងអស់វិញ ទាំងបែកមែកជាធំផង ដល់ម៉្លេះបានជាសត្វហើរនៅលើអាកាស មកទំនៅក្រោមម្លប់បាន (ម៉ាកុស 4:30-32)
ទ្រង់ក៏មានបន្ទូលទៀតថា តើគួរឲ្យខ្ញុំធៀបនគរព្រះដូចជាអ្វី នោះត្រូវធៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅ៣រង្វាល់ ទាល់តែដោរឡើងសព្វទាំងអស់។ (លូកា 13:20-21)
ដ្បិតនគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលចេញទៅពីព្រលឹម ដើម្បីនឹងជួលជើងឈ្នួល ឲ្យមកធ្វើការក្នុងចំការទំពាំងបាយជូររបស់ខ្លួន កាលបានព្រមគ្នានឹងបើកឲ្យ២កាក់ម្នាក់ក្នុង១ថ្ងៃហើយ នោះក៏បញ្ជូនឲ្យទៅធ្វើក្នុងចំការ ដល់ពេលម៉ោង៩ព្រឹក គាត់ចេញទៅឃើញមនុស្សខ្លះទៀតឈរទំនេរនៅទីផ្សារ ក៏ប្រាប់គេថា ចូរអ្នកទាំងឡាយ នាំគ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ ខ្ញុំនឹងបើកឲ្យ តាមត្រឹមត្រូវ គេក៏ទៅ ដល់ថ្ងៃត្រង់ ហើយពេលម៉ោង៣រសៀល គាត់ក៏ចេញទៅធ្វើដូច្នោះទៀត លុះដល់ពេលម៉ោង៥ គាត់ចេញទៅឃើញមានមនុស្សខ្លះទៀតនៅទំនេរ ក៏សួរគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរនៅទីនេះ តាំងពីព្រលឹមមកដូច្នេះ គេឆ្លើយថា ពីព្រោះគ្មានអ្នកណាជួលយើងខ្ញុំ រួចគាត់ប្រាប់ថា ចូរអ្នករាល់គ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ នោះអ្នកនឹងទទួលឈ្នួលតាមត្រឹមត្រូវ ដល់ល្ងាច ថៅកែចំការនោះប្រាប់ទៅនាយដំរួតការថា ចូរហៅពួកជើងឈ្នួលមកបើកឈ្នួលឲ្យគេ ចាប់តាំងពីមនុស្សក្រោយបង្អស់ រៀងទៅដល់អ្នកមុនដំបូង កាលពួកអ្នកដែលគាត់ជួលពីម៉ោង៥បានមកដល់ នោះគេបើកបាន២កាក់ម្នាក់ៗ រួចកាលពួកមុនបង្អស់បានមកដល់ គេស្មានថា នឹងបានលើសជាងនោះទៅទៀត តែអ្នកទាំងនោះក៏បានទទួល២កាក់ម្នាក់ដូចគ្នាដែរ គ្រាបានបើកប្រាក់ស្រេចហើយ នោះគេត្អូញត្អែរនឹងថៅកែថា ពួកអ្នកដែលមកក្រោយនេះ គេធ្វើការតែ១ម៉ោងសោះ ហើយលោកបានឲ្យគេស្មើនឹងយើងខ្ញុំ ដែលទ្រាំធ្វើការធ្ងន់ទាំងហាលថ្ងៃ តាំងពីព្រលឹមមកដែរ តែគាត់ឆ្លើយទៅម្នាក់នោះថា សំឡាញ់អើយ ខ្ញុំមិនធ្វើខុសនឹងអ្នកទេ តើអ្នកមិនបានសុខចិត្តព្រមទទួលតែ២កាក់ទេឬអី ដូច្នេះ ចូរយកប្រាក់របស់អ្នកទៅៗ ខ្ញុំបានសំរេចនឹងឲ្យដល់ពួកអ្នកដែលមកក្រោយនេះ ដូចជាបានឲ្យដល់អ្នកដែរ តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងរបស់ខ្ញុំ តាមអំពើចិត្តទេឬអី តើភ្នែកអ្នកឃើញអាក្រក់ ពីព្រោះខ្ញុំល្អឬអី គឺយ៉ាងនោះដែលអស់អ្នកក្រោយនឹងបានទៅជាមុន ហើយពួកអ្នកមុននឹងទៅជាក្រោយវិញ ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។ (ម៉ាថាយ 20:1-16)
ប៉ុន្តែ បើសិនជាខ្ញុំដេញអារក្ស ដោយសារព្រះវិញ្ញាណនៃព្រះវិញ នោះឈ្មោះថា នគរព្រះបានមកដល់អ្នករាល់គ្នាហើយ (ម៉ាថាយ 12:28)
កាលព្រះយេស៊ូវបានឃើញថា គាត់ឆ្លើយដោយប្រាជ្ញា នោះក៏មានបន្ទូលទៅគាត់ថា អ្នកមិនឆ្ងាយពីនគរព្រះទេ (ម៉ាកុស 12:34a)
ទ្រង់មានបន្ទូលទៅអ្នកនោះថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ។ (លូកា 9:62)
ព្រះយេស៊ូវមានបន្ទូលថា នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយនេះ នោះពួកអ្នកបំរើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យខ្ញុំត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះ នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ (យ៉ូហាន 18:36)
ទ្រង់ក៏មានបន្ទូលទៅគេថា កាលណាអ្នករាល់គ្នាអធិស្ឋាន នោះត្រូវថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់ បានសំរេច នៅផែនដី ដូចនៅស្ថានសួគ៌ដែរ (លូកា 11:2)