
តើព្រះយេស៊ូវមានបន្ទូលអ្វីអំពី.. លុយ
កុំឲ្យប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅផែនដី ជាកន្លែងដែលមានកន្លាត នឹងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ ត្រូវប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ។ (ម៉ាថាយ 6.19-21)
គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ នឹងទ្រព្យសម្បត្តិផងបានទេ (ម៉ាថាយ 6:24)
រួចទ្រង់មានបន្ទូលទៅគ្រប់គ្នាថា ចូរប្រយ័ត ហើយខំចៀសពីសេចក្ដីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ (លូកា 12:15)
ទ្រង់ងើបព្រះនេត្រឡើង ទតទៅពួកសិស្ស មានបន្ទូលថា មានពរហើយ អ្នករាល់គ្នាដែលក្រអើយ ដ្បិតនគរព្រះជារបស់ផងអ្នករាល់គ្នា (លូកា 6:20)
តែវេទនាដល់អ្នករាល់គ្នា ជាអ្នកមាន ដ្បិតអ្នករាល់គ្នាកំពុងតែមានសេចក្ដីកំសាន្តចិត្តក្នុងសម័យនេះ (លូកា 6:24)
នោះព្រះយេស៊ូវ ទ្រង់មានបន្ទូលនឹងពួកសិស្សថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សអ្នកមាននឹងចូលទៅក្នុងនគរស្ថានសួគ៌ពិបាកណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា ដែលសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយ ជាជាងឲ្យមនុស្សអ្នកមានចូលទៅក្នុងនគរនៃព្រះវិញ (ម៉ាថាយ 19:23-24)
ដូច្នេះ សូមប្រាប់យើងខ្ញុំដែលលោកគិតដូចម្តេច តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ តែព្រះយេស៊ូវ ទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូលតបថា មនុស្សកំពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងខ្ញុំដូច្នេះ ចូរបង្ហាញប្រាក់ដែលបង់ពន្ធមកឲ្យខ្ញុំមើលចុះ គេក៏យកប្រាក់កាក់ធំមកថ្វាយទ្រង់ទត រួចទ្រង់មានបន្ទូលសួរថា រូបនេះ នឹងឈ្មោះនេះ តើជារបស់អ្នកណា គេទូលឆ្លើយថា របស់សេសារ នោះទ្រង់មានបន្ទូលឆ្លើយថា ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ (ម៉ាថាយ 22:17-21)
ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប ហើយកាលណាអ្នករាល់គ្នាចង់ធ្វើគុណនឹងគេ នោះចេះតែធ្វើបាន តែចំណែកខ្ញុំ មិននៅជាមួយជាដរាបទេ (ម៉ាកុស 14:7)
ចូរប្រយ័ត កុំឲ្យអ្នករាល់គ្នាធ្វើទាននៅមុខមនុស្ស ឲ្យតែគេឃើញឡើយ បើធ្វើដូច្នោះ នោះអ្នករាល់គ្នាគ្មានរង្វាន់ នៅនឹងព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ទេ ដូច្នេះ កាលណាអ្នកធ្វើទាន នោះកុំឲ្យផ្លុំត្រែនៅមុខអ្នក ដូចពួកមានពុត ដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំ ហើយតាមផ្លូវ ដើម្បីឲ្យបានមនុស្សលោកសរសើរខ្លួននោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ ប៉ុន្តែ កាលណាអ្នកធ្វើទាន នោះកុំឲ្យដៃឆ្វេងដឹងការដែលដៃស្តាំធ្វើឡើយ ដើម្បីឲ្យអំពើទានរបស់អ្នក បានស្ងាត់កំបាំង នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញក្នុងទីសំងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់។ (ម៉ាថាយ 6:1-4)
ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកឲ្យទៅជាទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់សំរាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ដែលជាស្ថានគ្មានចោរចូលទៅជិតឡើយ ហើយកន្លាតក៏មិនកាត់បំផ្លាញដែរ ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា នោះចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះឯង។ (លូកា 12:33-34)
ទ្រង់ក៏មានបន្ទូលជាពាក្យប្រៀបធៀបទៅគេថា មានស្រែចំការរបស់អ្នកមានម្នាក់បានកើតផលចំរើនជាបរិបូរ
ហើយអ្នកនោះរិះគិតក្នុងចិត្តថា តើត្រូវឲ្យអញធ្វើដូចម្តេច ដ្បិតអញគ្មានកន្លែងណានឹងដាក់ផលរបស់អញទាំងនេះទេ ទើបយល់ថា អញត្រូវធ្វើយ៉ាងនេះ គឺអញនឹងរុះជង្រុកអញ ពង្រីកឲ្យធំជាងទៅទៀត រួចប្រមូលផល នឹងទ្រព្យសម្បត្តិទៅផ្ទុកនៅទីនោះ នោះអញនឹងប្រាប់ដល់ចិត្តថា ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសំរាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សំរាកទៅ ហើយស៊ីផឹកសប្បាយចុះ ប៉ុន្តែព្រះទ្រង់មានបន្ទូលទៅអ្នកនោះថា ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបំរុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ។ (លូកា 12:16-21)