
តើព្រះយេស៊ូវមានបន្ទូលអ្វីអំពី.. អធិស្ឋាន
កាលណាអ្នកអធិស្ឋាន កុំឲ្យធ្វើដូចមនុស្សមានពុត ដែលចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ ហើយនៅជ្រុងផ្លូវ ឲ្យមនុស្សលោកឃើញនោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ តែឯអ្នក កាលណាអធិស្ឋាន នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅទីលាក់កំបាំងចុះ នោះព្រះវរបិតានៃអ្នក ដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកនៅទីប្រចក្សច្បាស់ ហើយកាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយ ដ្បិតព្រះវរបិតានៃអ្នក ទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា
ឱព្រះវរបិតានៃយើងខ្ញុំ
ដែលគង់នៅស្ថានសួគ៌អើយ
សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ
សូមឲ្យរាជ្យទ្រង់បានមកដល់
សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី
ដូចនៅស្ថានសួគ៌ដែរ
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ
សូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ
ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ
តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់វិញ
ដ្បិតរាជ្យ ព្រះចេស្តា នឹងសិរីល្អជារបស់ផងទ្រង់ នៅអស់កល្បជានិច្ច
អាម៉ែន (ម៉ាថាយ 6:5-13)
ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត (ម៉ាថាយ 7:7-11)
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ មួយទៀត ខ្ញុំប្រាប់ថា បើសិនជាមាន២នាក់ក្នុងពួកអ្នករាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់សូមក៏ដោយ នោះនឹងបានសំរេចដល់គេ អំពីព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ ដ្បិតកន្លែងណាដែលមាន២ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ។ (ម៉ាថាយ 18:18-20)
ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើមានសេចក្ដីជំនឿឥតសង្ស័យសោះ នោះអ្នករាល់គ្នានឹងអាចធ្វើបាន មិនត្រឹមតែការដែលកើតឡើងដល់ដើមល្វាប៉ុណ្ណោះទេ គឺទោះបើអ្នកនឹងនិយាយទៅភ្នំនេះថា ឲ្យឯងរើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រវិញ នោះគង់តែនឹងបានកើតដូច្នោះដែរ ហើយគ្រប់ទាំងសេចក្ដីអ្វី ដែលអ្នករាល់គ្នានឹងអធិស្ឋានសូម ដោយមានចិត្តជឿ នោះនឹងបានសំរេចទាំងអស់។ (ម៉ាថាយ 21:21-22)
លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនេះពុំបាន ទ្រង់មានបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋានហើយនឹងតមទេ។ (ម៉ាកុស 9:28-29)
ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន ហើយកាលណាអ្នកឈរអធិស្ឋាន បើអ្នកមានហេតុអ្វីនឹងអ្នកណា នោះត្រូវអត់ទោសឲ្យគេសិន ដើម្បីឲ្យព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ បានអត់ទោសគ្រប់ទាំងសេចក្ដីកំហុសរបស់អ្នករាល់គ្នាដែរ (ម៉ាកុស 11:24-25)
ចូរឲ្យចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យកើតមានសេចក្ដីល្បួងនាំចិត្តឡើយ វិញ្ញាណប្រុងស្រេចមែន តែសាច់ឈាមខ្សោយទេ (ម៉ាកុស 14:38)
លុះដល់កន្លែងហើយ ទ្រង់មានបន្ទូលថា ចូរអធិស្ឋានទៅ ដើម្បីកុំឲ្យត្រូវសេចក្ដីល្បួងឡើយ រួចទ្រង់ថយចេញពីគេទៅ ចំងាយទីប្រហែលជាគេចោលថ្ម១ទំហឹងដៃ ក៏លុតព្រះជង្ឃក្រាបចុះអធិស្ឋានថា ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ នោះមានទេវតាលេចមកឯទ្រង់អំពីស្ថានសួគ៌ មកចំរើនកំឡាំងថ្វាយ ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី រួចទ្រង់ក្រោកពីទីអធិស្ឋាន វិលទៅឯពួកសិស្សវិញ ក៏ឃើញគេដេកលក់ដោយព្រួយចិត្ត ទ្រង់មានបន្ទូលថា ហេតុអ្វីបានជាដេកលក់ដូច្នេះ ចូរក្រោកឡើងអធិស្ឋានចុះ ដើម្បីកុំឲ្យត្រូវសេចក្ដីល្បួងឡើយ។ (លូកា 22:40-46)
ដោយបន្ទូលថា មានសេចក្ដីចែងទុកមកថា «ដំណាក់អញជាទីសំរាប់អធិស្ឋាន» តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ (លូកា 19:46)