
តើព្រះយេស៊ូវមានបន្ទូលអ្វីអំពី.. បម្រើ
តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកចៅហ្វាយនៃសាសន៍ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ហើយអ្នកណាក្នុងពួកអ្នក ដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។ (ម៉ាថាយ 20:25-28)
តែអ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។ (ម៉ាថាយ 23:11-12)
ទ្រង់ក៏គង់ចុះ រួចហៅពួក១២មកមានបន្ទូលថា បើអ្នកណាចង់ធ្វើលេខ១ នោះត្រូវទៅជាចុងបង្អស់វិញ ហើយត្រូវបំរើគេទាំងអស់ដែរ (ម៉ាកុស 9:35)
អ្នកណាដែលឲ្យទឹក១កែវ ទៅអ្នករាល់គ្នាផឹក ដោយនូវឈ្មោះខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះខ្ញុំប្រាប់ជាប្រាកដថា អ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយ (ម៉ាកុស 9:41)
អ្នកណាដែលទទួលអ្នករាល់គ្នា នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ អ្នកណាដែលទទួលហោរា ពីព្រោះជាហោរា អ្នកនោះនឹងបានរង្វាន់ ដូចជារង្វាន់របស់ហោរា ឯអ្នកណាដែលទទួលមនុស្សសុចរិត ពីព្រោះជាមនុស្សសុចរិត នោះនឹងបានរង្វាន់ ដូចជារង្វាន់របស់មនុស្សសុចរិតដែរ អ្នកណាដែលឲ្យទឹកត្រជាក់តែ១កែវ ទៅកូនក្មេងតូច១នេះផឹក ពីព្រោះជាសិស្សខ្ញុំ នោះខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយ។ (ម៉ាថាយ 10:40-42)
រួចមានបន្ទូលថា អ្នកណាដែលទទួលក្មេងតូចនេះ ដោយនូវឈ្មោះខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ឲ្យខ្ញុំមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយ ជាអ្នកធំវិញ (លូកា 9:48)
ដូច្នេះ បើខ្ញុំ ដែលជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នា នោះគួរតែឲ្យអ្នករាល់គ្នាលាងជើង ដល់គ្នានឹងគ្នាដែរ ដ្បិតខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បាវមិនមែនធំជាងចៅហ្វាយទេ ហើយអ្នកបំរើក៏មិនធំជាងអ្នកដែលប្រើដែរ បើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយប្រព្រឹត្តតាម នោះមានពរហើយ (យ៉ូហាន 13:14-17)
ដ្បិតអ្នកណា ដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី ហើយជាម្តាយខ្ញុំវិញ។ (ម៉ាថាយ 12:50)
ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានបាវកំពុងតែភ្ជួរ ឬឃ្វាលសត្វ លុះកាលណាវាវិលមកពីចំការ តើនឹងនិយាយទៅវាភ្លាមថា មកអង្គុយស៊ីបាយសិន ឬអី គឺនឹងប្រាប់វាយ៉ាងនេះវិញទេតើ ថា ចូររៀបចំអាហារឲ្យអញ រួចក្រវាត់ខ្លួនមកបំរើអញដែលកំពុងតែស៊ី រួចសឹមឯងស៊ីជាក្រោយចុះ តើចៅហ្វាយដឹងគុណបាវនោះ ដោយព្រោះវាធ្វើតាមបង្គាប់ឬដូចម្តេច ខ្ញុំយល់ថា មិនមែនទេ ឯអ្នករាល់គ្នា ក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើតាមបង្គាប់គ្រប់ជំពូកហើយ នោះត្រូវរាប់ថា យើងជាបាវបំរើឥតកំរៃដល់ម្ចាស់ទេ ដ្បិតយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះ។ (លូកា 17:7-10)
កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះ ទ្រង់បានដៅចំណាំទុក (យ៉ូហាន 6:27)
អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយនេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ បើអ្នកណាបំរើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបើខ្ញុំនៅឯណាក្តី អ្នកបំរើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ។ (យ៉ូហាន 12:25-26)
ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន។ (យ៉ូហាន 15:8)
កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ កាលខ្ញុំកំពុងតែនៅក្នុងលោកីយនៅឡើយ នោះខ្ញុំជាពន្លឺនៃលោកីយ (យ៉ូហាន 9:4-5)
ចូរឲ្យចង្កេះអ្នករាល់គ្នានៅជាក្រវាត់ ហើយចង្កៀងនៅឆេះ ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្ស ដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារហៅ នោះឲ្យបានបើកឲ្យជា១រំពេច បើកាលណាចៅហ្វាយមកដល់ ឃើញពួកបាវកំពុងតែចាំយាមដូច្នោះ នោះគេមានពរណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងឲ្យអ្នកទាំងនោះ អង្គុយនៅតុ ហើយលោកនឹងក្រវាត់ខ្លួនលោក មកបំរើគេវិញ បើលោកមកដល់ក្នុងយាមទី២ ឬយាមទី៣ ហើយឃើញពួកបាវនៅចាំយាមដូច្នោះដដែល នោះគេមានពរហើយ តែត្រូវដឹងសេចក្ដីនេះថា បើម្ចាស់ផ្ទះដឹងជាចោរនឹងមកនៅវេលាថ្មើរម៉ាន នោះគាត់នឹងចាំយាម មិនឲ្យចោរទំលុះផ្ទះបានទេ ដូច្នេះ ចូរអ្នករាល់គ្នាបំរុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត។ (លូកា 12:35-40)
ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ ទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ ព្រះអម្ចាស់ទ្រង់មានបន្ទូលតបថា ចុះតើអ្នកណាជានាយដំរួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីនឹងបើកអាហារឲ្យគេបរិភោគតាមត្រូវពេល បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះវាមានពរហើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងតាំងអ្នកនោះ ឲ្យត្រួតត្រាលើរបស់ទ្រព្យលោកទាំងអស់ ប៉ុន្តែ បើអ្នកបំរើនោះគិតស្មានក្នុងចិត្តថា ចៅហ្វាយអញក្រមក ហើយក៏តាំងវាយពួកបាវប្រុសស្រី ទាំងស៊ីផឹកស្រវឹងវិញ ដូច្នេះ ដល់ថ្ងៃដែលអ្នកបំរើនោះមិននៅចាំ ហើយវេលាណាដែលមិនដឹង នោះចៅហ្វាយនឹងមកដល់ ក៏នឹងធ្វើទោសជាយ៉ាងធ្ងន់ ព្រមទាំងឲ្យមានចំណែកជាមួយនឹងពួកមនុស្សមិនជឿផង អ្នកបំរើណាដែលស្គាល់ចិត្តចៅហ្វាយ តែមិនបានរៀបចំ ឬធ្វើតាមចិត្តលោកសោះ នោះនឹងត្រូវរំពាត់ជាយ៉ាងច្រើន ឯអ្នកណាដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ នោះនឹងត្រូវវាយតិចវិញ ឯអស់អ្នកណាដែលគេប្រគល់ទុកជាច្រើនឲ្យ នោះគេនឹងទារជាច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង។ (លូកា 12:41-48)