
តើព្រះយេស៊ូវមានបន្ទូលអ្វីអំពី.. អំពើបាប
ខ្ញុំបានមកក្នុងលោកីយជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្ដីងងឹតឡើយ (យ៉ូហាន 12:46)
តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ ខ្ញុំមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ។ (លូកា 5:31-32)
ព្រះយេស៊ូវមានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ រីឯបាវបំរើ គេមិននៅជាប់ក្នុងផ្ទះជាដរាបទេ តែព្រះរាជបុត្រា ទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត (យ៉ូហាន 8:34-36)
រួចទ្រង់ហៅហ្វូងមនុស្សទាំងអស់មកមានបន្ទូលទៅគេថា ចូរអ្នកទាំងអស់គ្នាស្តាប់ខ្ញុំសិន ហើយឲ្យយល់ចុះ គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្ស ដែលអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ គឺជាសេចក្ដីដែលចេញពីមនុស្សមកទេតើ ដែលធ្វើឲ្យស្មោកគ្រោកវិញ (ម៉ាកុស 7:14-15)
ទ្រង់ក៏មានបន្ទូលថា គឺជាសេចក្ដីដែលចេញពីមនុស្សមកទេតើ ដែលធ្វើឲ្យស្មោកគ្រោកនោះ ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្ដីកំផិត សហាយស្មន់ កាប់សំឡាប់គេ លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ នឹងសេចក្ដីចំកួត គឺសេចក្ដីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សស្មោកគ្រោកវិញ។ (ម៉ាកុស 7:20-23)
ដ្បិតគ្មានដើមឈើល្អណា ដែលមានផលផ្លែអាក្រក់ទេ ក៏គ្មានដើមអាក្រក់ណា ដែលមានផលផ្លែល្អដែរ ពីព្រោះគេស្គាល់ដើមឈើនិមួយៗ ដោយសារតែផ្លែទេ គេមិនដែលបេះផ្លែល្វាពីគុម្ពបន្លា ឬផ្លែទំពាំងបាយជូរពីអញ្ចាញឡើយ ឯមនុស្សល្អ គេក៏យកសេចក្ដីល្អ ពីកំណប់ល្អ ដែលកប់ទុកក្នុងចិត្តគេ ហើយមនុស្សអាក្រក់ក៏យកសេចក្ដីអាក្រក់ ចេញពីកំណប់អាក្រក់ក្នុងចិត្តខ្លួនដែរ ដ្បិតមាត់គេពោលបញ្ចេញសេចក្ដីបរិបូរ ដែលនៅក្នុងចិត្តជានិច្ច (លូកា 6:43-45)
ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ (ម៉ាថាយ 26:41)
ប៉ុន្តែបើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំ រវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាជាង វេទនាដល់លោកីយ ដោយព្រោះអស់ទាំងហេតុដែលនាំឲ្យរវាតចិត្ត ដ្បិតសេចក្ដីនោះត្រូវតែមាន តែវេទនាដល់មនុស្សណាដែលបង្កើតហេតុឲ្យរវាតចិត្តនោះ (ម៉ាថាយ 18:6-7)
បើសិនជាដៃ ឬជើងអ្នក នាំឲ្យគេរវាតចិត្ត នោះចូរកាត់ចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃជើងវិញ ជាជាងមានដៃជើងទាំង២ នឹងត្រូវបោះទៅក្នុងភ្លើង ដែលឆេះនៅអស់កល្បជានិច្ច ហើយបើភ្នែកអ្នកនាំឲ្យគេរវាតចិត្ត ចូរខ្វែះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិត មានភ្នែកតែ១វិញ ជាជាងមានភ្នែកទាំង២ នឹងត្រូវបោះទៅក្នុងភ្លើងនរក (ម៉ាថាយ 18:8-9)
បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ តែបើគាត់មិនព្រមស្តាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់ បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ (ម៉ាថាយ 18:15-17)
ចូរប្រយ័តខ្លួន បើបងប្អូនធ្វើបាបនឹងអ្នក ត្រូវឲ្យអ្នកបន្ទោសដល់គាត់ បើគាត់ប្រែចិត្តមកវិញ នោះចូរអត់ទោសដល់គាត់ចុះ បើគាត់ធ្វើបាបនឹងអ្នក៧ដងក្នុង១ថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នក៧ដងថា ខ្ញុំប្រែចិត្តហើយ នោះត្រូវឲ្យអ្នកអត់ទោសដល់គាត់ជាកុំខាន (លូកា 17:3-4)
ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ។ (ម៉ាថាយ 6.14-15)
ហើយកាលណាអ្នកឈរអធិស្ឋាន បើអ្នកមានហេតុអ្វីនឹងអ្នកណា នោះត្រូវអត់ទោសឲ្យគេសិន ដើម្បីឲ្យព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ បានអត់ទោសគ្រប់ទាំងសេចក្ដីកំហុសរបស់អ្នករាល់គ្នាដែរ (ម៉ាកុស 11:25)
ព្រះយេស៊ូវក៏ឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ នៅទីនោះ មានអាចារ្យខ្លះអង្គុយរិះគិតក្នុងចិត្តថា ហេតុអ្វីបានជាមនុស្សនេះពោលពាក្យប្រមាថដល់ព្រះដូច្នេះ ក្រៅពីព្រះតែ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន តែព្រះយេស៊ូវទ្រង់ជ្រាបក្នុងវិញ្ញាណទ្រង់ជា១រំពេចថា គេរិះគិតក្នុងចិត្តយ៉ាងដូច្នោះ ទើបទ្រង់មានបន្ទូលទៅគេថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតក្នុងចិត្តយ៉ាងដូច្នេះ ដ្បិតដែលនិយាយនឹងមនុស្សស្លាប់ដៃស្លាប់ជើងនេះថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើង យកគ្រែឯងដើរទៅ នោះតើពាក្យណាងាយថាជាជាង ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន (នោះទ្រង់មានបន្ទូល ទៅមនុស្សស្លាប់ដៃស្លាប់ជើងថា) អញប្រាប់ឲ្យឯងក្រោកឡើង យកគ្រែឯងដើរទៅផ្ទះទៅ គាត់ក៏ក្រោកឡើងភ្លាម យកគ្រែចេញទៅ នៅមុខអ្នកទាំងអស់គ្នា បានជាគ្រប់គ្នាមានសេចក្ដីអស្ចារ្យ ហើយពណ៌នាសរសើរដំកើងដល់ព្រះ ដោយពាក្យថា យើងមិនដែលឃើញយ៉ាងដូច្នេះឡើយ។ (ម៉ាកុស 2:5-12)
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងអំពើបាបនឹងបានអត់ទោសដល់ពួកកូនមនុស្ស ហើយអស់ទាំងពាក្យដែលគេពោលប្រមាថដែរ តែអ្នកណាដែលពោលពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនដែលបានអត់ទោសឲ្យឡើយ អ្នកនោះឯងនឹងត្រូវទោស នៅអស់កល្បជានិច្ចវិញ (ម៉ាកុស 3:28-29)
រួចពួកអាចារ្យ នឹងពួកផារិស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះ នៅកណ្តាលជំនុំហើយ នោះក៏ទូលថា លោកគ្រូ ស្ត្រីនេះគេចាប់បាន កំពុងដែលសហាយស្មន់នឹងគ្នា រីឯក្នុងក្រិត្យវិន័យ លោកម៉ូសេបានបង្គាប់ ឲ្យយើងខ្ញុំចោលស្ត្រីយ៉ាងនេះនឹងថ្ម ដូច្នេះ តើលោកគិតដូចម្តេច គេទូលដូច្នោះ ដើម្បីនឹងល្បងលទ្រង់ទេ ប្រយោជន៍ឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែ ព្រះយេស៊ូវទ្រង់ឱនទៅសរសេរនៅដី ដោយព្រះអង្គុលីវិញ តែដោយព្រោះគេចេះតែសួរ បានជាទ្រង់ងើបឡើង មានបន្ទូលថា អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ រួចទ្រង់ក៏ឱនសរសេរនៅដីម្តងទៀត កាលបានឮពាក្យទាំងនោះ ហើយបញ្ញាចិត្តគេបានចោទប្រកាន់ទោសខ្លួន នោះគេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ ដរាបដល់អ្នកក្រោយបង្អស់ សល់នៅតែព្រះយេស៊ូវ នឹងស្ត្រីនោះ ដែលនៅចំពោះទ្រង់ប៉ុណ្ណោះ ព្រះយេស៊ូវងើបឡើងវិញ ឃើញតែស្ត្រីនោះ ក៏មានបន្ទូលទៅថា នាងអើយ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី 11នាងទូលឆ្លើយថា គ្មានទេ លោកម្ចាស់ រួចព្រះយេស៊ូវមានបន្ទូលទៅថា ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។ (យ៉ូហាន 8:3-11)
ហេតុអ្វីបានជាមើលឃើញកំទេច ដែលនៅក្នុងភ្នែកប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែកខ្លួនវិញសោះ ធ្វើដូចម្តេចឲ្យអ្នក ដែលមើលធ្នឹមក្នុងភ្នែកខ្លួនមិនឃើញ អាចនិយាយទៅប្អូនបាន ថា ប្អូនអើយឲ្យអញយកកំទេច ពីភ្នែកឯងចេញដូច្នេះ ឱអ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែកអ្នកចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែកប្អូនអ្នកបានដែរ (លូកា 6:41-42)
នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរកំពុងដែលនៅមានពន្លឺចុះ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ អ្នកណាដែលដើរក្នុងសេចក្ដីងងឹត នោះមិនដឹងជាទៅឯណាទេ ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ។ (យ៉ូហាន 12:35-36)
ទ្រង់មានបន្ទូលថា អ្នករាល់គ្នាមកពីស្ថានក្រោម ឯខ្ញុំៗមកពីស្ថានលើវិញ អ្នករាល់គ្នាកើតពីលោកីយនេះ តែខ្ញុំមិនកើតពីលោកីយនេះទេ ហេតុនោះបានជាខ្ញុំប្រាប់ថា អ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួន ពីព្រោះបើមិនជឿថា ខ្ញុំនេះជាព្រះ នោះអ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនពិតមែន” (យ៉ូហាន 8:23-24)
តែទ្រង់បែរទៅមានបន្ទូលនឹងគាត់ថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ឯងជាសេចក្ដីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ (ម៉ាថាយ 16:23)
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ ហើយទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំកូនអ្នកមកឯណេះ? (លូកា 9:41)
ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំជំរះ គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ (យ៉ូហាន 16:7-9)
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅនៅជាមួយដែរ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ នោះមិនកាន់តាមពាក្យខ្ញុំទេ ឯពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យខ្ញុំ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលទ្រង់ចាត់ឲ្យខ្ញុំមកទេតើ។ (យ៉ូហាន 14:23-24)
តែអ្នកដែលឮ ហើយមិនប្រព្រឹត្តតាម នោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដី ឥតដាំជើងសសរសោះ លុះទឹកហូរគំហុកមកប៉ះត្រូវ ផ្ទះនោះក៏រលំទៅភ្លាម ហើយត្រូវខូចខាតជាច្រើនផង។ (លូកា 6:49)