មេរៀន ទី៩: ព្រះអង្គគឺជាព្រះដ៏ល្អ
សេចក្តីពិតដ៏សំខាន់មួយ ៖ ព្រះអង្គល្អ ហើយគ្រប់យ៉ាងដែលទ្រង់ធ្វើសុទ្ធតែល្អ។
សកម្មភាព ៖ នោះទ្រង់ក៏ឃើញថាល្អ
របៀបលេង ៖
១) និយាយ៖ "តោះយើងលេងហ្គេមមួយ ដើម្បីឱ្យដឹងថា តើប្អូនៗអាចគិតអំពី របស់ល្អៗអ្វីខ្លះ។ ឥឡូវ សូមចូលក្រុម គ្នា ៣នាក់។"
២) នៅជុំទី ១ មនុស្សម្នាក់នឹងចាប់ផ្ដើម ដោយនិយាយរបស់មួយដែលព្រះបានបង្កើត ដែលមានរសជាតិ ឆ្ងាញ់ ដែលចាប់ផ្ដើមដោយអក្សរ "ក" ហើយអ្នកទី ២ នឹងនិយាយមួយទៀតដែលផ្ដើមដោយអក្សរ "ខ" ជាដើម។ ប្អូនៗមានពេល ៥ វិនាទី ក្នុងការគិតអំពី របស់នោះ។ បើប្អូនគិតមិនចេញ អ្នកលេងផ្សេងទៀត នឹងបាន ១ ពិន្ទុ។ រក្សាពិន្ទុរបស់ប្អូន។ បន្តរហូតដល់អក្សរ "អ"។
៣) នៅជុំទី ២ និយាយរបស់ដែលព្រះអង្គបង្កើត ដែលមើលទៅស្អាត។
៤) នៅជុំទី ៣ និយាយរបស់ដែលព្រះអង្គបង្កើត ដែលមានក្លិនក្រអូប។
៥) នៅជុំទី ៤ និយាយរបស់ដែលព្រះអង្គបង្កើត ដែលមានសម្លេងពិរោះ (និងធ្វើសម្លេងនោះ)។
៦) អ្នកណាដែលបានពិន្ទុច្រើនជាងគេ គឺជាអ្នកឈ្នះ។
ក្រោយបញ្ចប់ហ្គេម ៖
សួរ៖ "តើវាពិបាក ឬស្រួលក្នុងការគិតអំពី របស់ល្អដែលព្រះអង្គបានបង្កើត?"
ការរៀនព្រះគម្ពីរ
យើងកំពុងរៀនអំពី គុណលក្ខណៈរបស់ព្រះ។ ថ្ងៃនេះ យើងនឹងមើលអំពីសេចក្ដីពិតដែលថា ព្រះអង្គគឺ ជាព្រះដ៏ល្អ។ សេចក្ដីល្អរបស់ព្រះអង្គ គឺចិត្តសន្ដោសសប្បុរស ការផ្គត់ផ្គង់ និងព្រះពរ។
[ទំនុកតម្កើង 119:68] ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ សូមបង្រៀនបញ្ញត្តទ្រង់ ដល់ទូលបង្គំ។
ព្រោះព្រះអង្គល្អ ដូច្នេះអ្វីដែលទ្រង់ធ្វើក៏ល្អដែរ។ ដូច្នេះ គន្លឹះដើម្បីយល់អំពី សេចក្ដីល្អរបស់ព្រះអង្គ គឺ យើងត្រូវយល់ដឹងអំពី អ្វីដែលទ្រង់បានធ្វើ។
ទី ១ យើងគិតអំពី ការបង្កើតរបស់ព្រះអង្គ។ ឥឡូវយើងមើល លោកុប្បត្តិជំពូក ១។ តើប្រយោគអ្វីដែល មានដដែលរហូត នៅខាងចុងថ្ងៃនៃការបង្កើតនីមួយៗ។ (តម្រុយ៖ លោកុប្បត្តិ 1:10, 1:12, 1:18, 1:21, 1:25 និង 1:31)?
ហើយទ្រង់ឃើញថាល្អ។
យើងកត់សម្គាល់ថា គ្រប់យ៉ាងដែលព្រះអង្គបានបង្កើត គឺល្អ។ មានតែព្រះដែលល្អប៉ុណ្ណោះទេ ដែល អាចបង្កើតរបស់ល្អបាន។ នៅក្នុងហ្គេមដែលយើងទើបនឹងលេង ប្អូនៗមានគិតអំពី របស់ប្រហែលជា ១០០ ដែលព្រះអង្គបានបង្កើត ដែលមានរសជាតិឆ្ងាញ់ មើលទៅល្អស្អាត មានក្លិនក្រអូប និងមាន សម្លេងពិរោះ។ ព្រះអង្គបានបំពេញផែនដីនេះដោយអ្វីៗល្អៗជាច្រើនមែនទែន។
យកផ្លែឈើជាឧទាហរណ៍។ នរណាអាចទាយថា ផ្លែឈើមានប៉ុន្មានប្រភេទដែរទេ?
ទុកឱ្យសិស្សទាយ។
ចម្លើយគឺ ២០០០! ព្រះអង្គមិនចាំបាច់បង្កើតផ្លែឈើ ២០០០ ប្រភេទផ្សេងៗគ្នា ដោយមានរសជាតិ វាយនភាព រូបរាង និងពណ៌ផ្សេងៗទេ។ ព្រះអង្គអាចបង្កើតតែ ខ្វិត មួយ ហើយមានព្រះបន្ទូល ថា "វាគ្រប់គ្រាន់ហើយ!"
ឬគិតអំពី ផ្កា។ តើប្អូនៗគិតថា ផ្កាមានប៉ុន្មានប្រភេទ?
ទុកឱ្យពួកគេឆ្លើយ។
ចម្លើយគឺ ១ លានប្រភេទ! ព្រះអង្គមិនចាំបាច់បង្កើត ផ្ការហូតដល់ ១ លានប្រភេទនោះទេ។ ជីវិតនៅលើ ផែនដី នៅតែបន្តរស់បាន ដោយមានផ្កាតែ ១ ប្រភេទ ប៉ុន្តែវានឹងមិនសូវស្អាត ឬគួរឱ្យចាប់អារម្មណ៍នោះទេ។ សេចក្ដីល្អរបស់ព្រះអង្គ អាចមើលឃើញនៅក្នុងភាពស្រស់ស្អាត នៃរបស់ជាច្រើនប្រភេទផ្សេងៗ ដែលទ្រង់ បានបង្កើត។ ដូច្នេះ ទី១ ព្រះអង្គបង្កើតអ្វីល្អៗ!
ទី ២ ព្រះអង្គប្រទានអំណោយទានល្អៗឱ្យទៅមនុស្ស។
[យ៉ាកុប 1:17] គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោល នៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ។
គ្រប់ទាំងអ្វីដែលល្អ និងឥតខ្ចោះ សុទ្ធតែជាអំណោយទាន គឺមកជាព្រះវរបិតនៃពន្លឺនៅស្ថានលើ។ តើទ្រង់ជានរណា?
ព្រះ។
ដូច្នេះ គ្រប់អ្វីៗទាំងអស់ដែលល្អសុទ្ធតែមកពីព្រះ។ព្រះអង្គស្រឡាញ់ការប្រទានឱ្យកូនៗរបស់ទ្រង់នូវ
អំណោយទាន ល្អៗ
[ម៉ាថាយ 7:9-11] ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី។ ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួន ដូច្នេះ នោះចំណង បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នក ដែលសូម តើជាងអម្បាលម៉ានទៅទៀត។
សូម្បីតែអ្នកដែលមិនស្គាល់ព្រះអង្គ ក៏នៅតែទទួលបានរបស់ល្អដែលមកពីទ្រង់។ ព្រោះព្រះអង្គជា ព្រះដ៏ ល្អ គ្រប់ការបង្កើតទទួលបទពិសោធន៍អំពី សេចក្ដីល្អ របស់ទ្រង់។
[ទំនុកតម្កើង 145:9] ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់ សន្តោសរបស់ ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន។
ព្រះអង្គបានប្រទានអំណោយទានល្អៗ ដល់មនុស្សគ្រប់ៗគ្នា។ តើអំណោយទានប្រភេទណា ដែលព្រះ អង្គបានប្រទានមក? មនុស្សទាំងអស់សុទ្ធតែមានអំណោយទាននៃជីវិត និងមានបទពិសោធន៍អំពី របស់ ល្អៗដូចជា មិត្តភាព ស្នេហា អាពាហិ៍ពិពាហិ៍ កូនៗ សំណើច ការហូបអាហារល្អៗ… ហើយមានអ្វីផ្សេង ទៀត?
ទុកឱ្យសិស្សបញ្ចេញគំនិត។
ដូច្នេះ ទី ១ ព្រះអង្គបង្កើតអ្វីល្អៗ ហើយទី ២ ព្រះអង្គប្រទានអំណោយទានល្អៗដល់មនុស្ស។
ទី ៣ ព្រះអង្គមានដំណឹងល្អសម្រាប់យើង។ ព្រះអង្គបានប្រទានរបស់ល្អៗជាច្រើនដល់យើង។ ប៉ុន្តែ អំណោយទានដ៏ល្អនោះគឺ ព្រះអង្គបានប្រទានព្រះរាជបុត្រទ្រង់ ជាអំណោយដល់យើង។ នៅក្នុងព្រះយេស៊ូវ ព្រះអង្គមានដំណឹងល្អសម្រាប់យើង។
តើមាននរណាអាចប្រាប់គ្រូបានទេ ថាដំណឹងល្អគឺជាអ្វី?
ទុកឱ្យពួកគេចែកចាយអ្វីដែលពួកគេដឹង
[1 កូរិនថូស 15:1-5] បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមក ហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង។ អ្នករាល់គ្នាកំពុងតែបានសង្គ្រោះ ដោយសារដំណឹងល្អនោះផង គឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានថ្លែង ប្រាប់មក លើកតែ អ្នករាល់គ្នាបានជឿ ដោយឥតបើគិត។ ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំ បានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ ហើយថា ទ្រង់បានលេចមកឲ្យកេផាសឃើញ រួចដល់ពួក១២នាក់ដែរ។
ដំណឹងល្អ គឺថា ព្រះអង្គបានបញ្ជូនព្រះរាជបុត្រាព្រះអង្គ គឺព្រះយេស៊ូវ មកកាន់ពិភពលោកនេះ។ ព្រះអង្គ រស់នៅយ៉ាងល្អឥតខ្ចោះ និងបន្ទាប់មកទ្រង់សុគតនៅលើឈើឆ្កាង ដោយទទួលនូវរាល់ទាំងការដាក់ ទោស ទាំងអស់ ចំពោះអំពើបាបគ្រប់យ៉ាងដែលមនុស្សបានប្រព្រឹត្តិ។ ៣ ថ្ងៃក្រោយមកព្រះជាម្ចាស់ ប្រោសទ្រង់ឱ្យមានជីវិតរស់ឡើងវិញ ដើម្បីបង្ហាញថាព្រះអង្គទទួលយកយញ្ញបូជា របស់ទ្រង់សម្រាប់ យើង។ ឥឡូវនេះ អ្នកណាដែលជឿដល់ទ្រង់ នឹងត្រូវបានសង្គ្រោះ។ នេះមានន័យថា ពួកគេនឹងទទួល ព្រះពរទាំងឡាយនៃជីវិតអស់កល្បជានិច្ច រួមទាំងការរស់នៅរហូតអស់កល្បជាមួយព្រះជាម្ចាស់ នៅ កន្លែងដ៏ល្អឥតខ្ចោះ ក្នុងនាមជាកូនព្រះផងដែរ។
អនុវត្តន៍
ដូច្នេះ សេចក្ដីល្អរបស់ព្រះអង្គ ស្ដែងចេញតាមរយៈ អ្វីដែលព្រះអង្គបានធ្វើ។ នេះរាប់បញ្ចូលទាំងសេចក្ដី ល្អនៅក្នុងការបង្កើត គ្រប់អំណោយទានល្អៗដែលទ្រង់បានប្រទានឱ្យមនុស្ស និងអំណោយទានដ៏ អស្ចារ្យលើសជាងអ្វីទាំងអស់ គឺអំណោយទានជាព្រះរាជបុត្រារបស់ទ្រង់ និងអ្វីដែលព្រះអង្គ សម្រេចបានជួសយើង។ ដូច្នេះ តើព្រះអង្គជាព្រះដ៏ល្អ មានអត្ថន័យ៉ាងណាមកកាន់យើង?
ទុកឱ្យពួកគេបញ្ចេញគំនិត។
ចំនុចចម្បង គឺវាមានន័យថា យើងគួរតែអរព្រះគុណព្រះអង្គ ចំពោះអ្វីដែលទ្រង់បានធ្វើ និងរបស់ល្អៗ ដែលទ្រង់បានប្រទានមកកាន់យើង។ គ្រូនឹងឱ្យក្រដាស និងប៊ិចពណ៌ទៅប្អូន ដើម្បីឱ្យប្អូនៗធ្វើផុស្ទ័រអំពី របស់ល្អៗដែលព្រះអង្គបានប្រទានមកកាន់ប្អូន។ ពេលប្អូនគូរ ឬសរសេរអំពី របស់ល្អៗទាំងនោះ សូមអរ ព្រះគុណព្រះអង្គម្ដងមួយៗ។
ចាក់ភ្លេងតិច ពេលពួកគេធ្វើផុស្ទ័រអំពី "ព្រះអង្គគឺជាព្រះដ៏ល្អ"។
ក្រោយមក ប្រាប់ពួកគេឱ្យយកទៅផ្ទះ និងទុកនៅកន្លែងណាមួយ ដែលអាចរំឮកពួកគេថា ព្រះអង្គតែងតែជាព្រះដ៏ល្អមកកាន់ពួកគេ។
អធិស្ឋានបញ្ចប់