មេរៀន ទី៨: ព្រះអង្គ បរិសុទ្ធ
សេចក្តីពិតដ៏សំខាន់មួយ ៖ ព្រះអង្គជាព្រះដែលមានតែ ១ គ្មាន ២ទេ ហើយទ្រង់ខ្ពង់ខ្ពស់លើសពីអ្វីទាំងអស់ មិនថាជាគុណភាព និងសីលធម៌។
សកម្មភាព ៖ មានតែ ១ គ្មាន ២ និងត្រឹមត្រូវ
សម្ភារ៖ ប៊ិច និងក្រដាស
របៀបលេង ៖
១) បែងចែកយុវជនជា ក្រុមគ្នា ៣ នាក់ ហើយឱ្យប៊ិច និងក្រដាសទៅសិស្ស។
២) និយាយ៖ "ខ្ញុំនឹងសួរសំនួរមួយ។ ក្រុមរបស់ប្អូននឹងគិត ចម្លើយ។ ព្យាយាមគិតអ្វីដែលមានភាពច្នៃ ប្រឌិត ព្រោះបើក្រុមប្អូនៗឆ្លើយចម្លើយដូចគ្នា នោះក្រុមទាំង២ នឹងមិនបានពិន្ទុនោះទេ។ ដូច្នេះ សូមព្យា យាមគិត ចម្លើយដែលមានទាំងភាពត្រឹមត្រូវ និងមានដោយឡែក។ ប្អូនៗនឹងមានពេល ២០ វិនាទី ក្នុងការសរសេរចម្លើយ"។
៣) អានសំនួរទី ១ ឱ្យឮៗ។ ពេលចប់ ២០ វិនាទី ត្រូវនិយាយថា៖ "ឈប់!"។ ក្រុមនីមួយៗ លើកចម្លើយ ឡើងដើម្បីឱ្យគ្រប់គ្នាមើលឃើញ។ ចម្លើយណា ដែលត្រឹមត្រូវ និងមានភាពដោយឡែក នឹងទទួលបាន ១ ពិន្ទុ។
៤) លេងប្រហែល ១០ នាទី។ ក្រុមណាដែលមានពិន្ទុច្រើនជាងគេ គឺជាអ្នកឈ្នះ។
សរសេរ៖
. ផ្លែឈើមួយពណ៌ក្រហម។
. ប្រទេសដែលត្រជាក់ជាងប្រទេសកម្ពុជា។
. សត្វមួយដែលមានត្រចៀកធំ។
. កីឡាមួយដែលលេងជាមួយបាល់។
. ប្រភេទយានជំនិះមួយ។
. សៀវភៅ មួយ នៅក្នុងព្រះគម្ពីរ។
. កន្លែងល្អសម្រាប់ទៅដំណើរកំសាន្ត នៅក្នុងក្រុង ឬភូមិរបស់ប្អូន។
. អ្វីដែលចាស់មែនទែន។
ការរៀនព្រះគម្ពីរ
យើងកំពុងតែរៀនអំពី គុណលក្ខណៈរបស់ព្រះ។ ថ្ងៃនេះ យើងនឹងមើលអំពី សេចក្ដីពិតមួយទៀតគឺ ព្រះអង្គជាព្រះបរិសុទ្ធ។
ព្រះគម្ពីរបានប្រើពាក្យជាច្រើន ក្នុងការពណ៌នាអំពី ព្រះជាម្ចាស់។ ប៉ុន្តែពាក្យដែលប្រើច្រើនជាងគេនោះ គឺ "បរិសុទ្ធ"។ បើយើងអាចសួរទេវតា នៅស្ថានសួគ៌ថា៖ "តើព្រះអង្គមានលក្ខណៈយ៉ាងម៉េច?" នោះពួក គេនឹងឆ្លើយថា៖ "បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធគឺព្រះអង្គ"។ ចូរស្ដាប់អ្វីដែលហោរាអេសាយបានសរសេរ។
[អេសាយ 6:1-3] នៅឆ្នាំដែលស្តេចអ៊ូសៀសទ្រង់បានសុគត នោះខ្ញុំឃើញព្រះអម្ចាស់ទ្រង់ គង់លើបល្ល័ង្ក នៅទីខ្ពស់ ហើយបានដំកើងឡើង ឯរំភាយព្រះពស្ត្រទ្រង់សាយមកពេញក្នុង ព្រះវិហារ។ នៅពីលើទ្រង់ មានពួកសេរភីម គ្រប់គ្នាមានស្លាប៦ ក៏បាំងមុខដោយស្លាប២ បាំងជើងដោយស្លាប២ ហើយប្រើ ២ សំរាប់ហើរ មួយបន្លឺទៅកាន់១ថា បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បរិសុទ្ធ ផែនដី ទាំងមូលមានពេញដោយសិរីល្អនៃទ្រង់។
សេរភីម គឺជាទេវតា។ តើពួកគេនិយាយអ្វីខ្លះអំពីព្រះអង្គ?
បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បរិសុទ្ធ
ប្រហែលប្អូនៗឆ្ងល់ថា៖ "ហេតុអ្វីពួកគេនិយាយដូចនេះ ដល់ទៅ ៣ ដង? នៅក្នុងភាសាហេប្រឺរ ការ និយាយពាក្យផ្ទួន ជារបៀបមួយបង្ហាញថា យើងកំពុងនិយាយអ្វីដែលសំខាន់ មែនទែន។ ដូច្នេះ អ្វីដែល សំខាន់ជាងគេបង្អស់ ដែលត្រូវនិយាយអំពី ព្រះជាម្ចាស់ គឺព្រះអង្គបរិសុទ្ធ។"
តើព្រះកម្ពីរមានអត្ថន័យដូចម្ដេច ដែលថាព្រះអម្ចាស់បរិសុទ្ធ?
នៅក្នុងហ្គេមដែលយើងទើបនឹងលេង ប្អូនៗបានគិតអំពី ចម្លើយដែលមានទាំងភាពដាច់ដោយឡែក និងត្រឹមត្រូវ។ បរិសុទ្ធគឺដូច្នោះឯង។ បរិសុទ្ធមានន័យថា ទាំងភាពដាច់ដោយឡែក និងត្រឹមត្រូវ។
ព្រះអង្គមានភាពពិសេសដាច់ដោយឡែក។ ដើម្បីក្លាយជា "បរិសុទ្ធ" គឺត្រូវបែងចែកដាច់ពី និងខ្ពង់ខ្ពស់ជាងអ្វីគ្រប់យ៉ាងទាំងអស់។ ដូច្នេះ នៅពេលយើងនិយាយថា ព្រះអង្គ "បរិសុទ្ធ" យើងកំពុងតែស្គាល់ថា ព្រះអង្គគឺ ខុសដាច់ពីអ្វីៗគ្រប់យ៉ាង។ តើព្រះអង្គខុសដាច់ពីគេដូចម្ដេច?
ទុកឱ្យសិស្សបញ្ចេញគំនិត។ (កែគំនិតណាដែលមិនត្រឹមត្រូវ)
ព្រះអង្គ ជាព្រះអាទិករ។ គ្រប់ទាំងអស់ គឺជាការបង្កើត។ ដូច្នេះ ព្រះអង្គស្ថិតក្នុងចំណាត់ថ្នាក់ផ្សេង ពីអ្វី ផ្សេងៗទៀត។ ជាងនេះទៅទៀត គុណលក្ខណៈរបស់ព្រះអង្គ បង្ហាញថា ព្រះអង្គមានភាពពិសេសដាច់ ដោយ ឡែក។ មានតែព្រះអង្គទេ គង់នៅអស់កល្ប។ មានតែព្រះអង្គទេ មិនប្រែប្រួល។ មានតែព្រះអង្គទេ មានគ្រប់ទាំងអំណាចព្រះចេស្ដា។ មានតែព្រះអង្គទេ ជ្រាបគ្រប់ការទាំងអស់។ មានតែព្រះអង្គទេ គង់នៅគ្រប់ទីកន្លែង។ គ្មាននរណាដូចព្រះអង្គនោះឡើយ។
[និក្ខមនំ 15:11] ឱព្រះយេហូវ៉ាអើយ តើមានព្រះឯណាឲ្យដូចទ្រង់ តើមានអ្នកឯណាដែលមានសេចក្តី បរិសុទ្ធដ៏វិសេសដូចទ្រង់ ដែលគួរសរសើរដំកើង ហើយក៏ធ្វើការអស្ចារ្យផង។
[1 សាំយ៉ូអែល 2:2] មានព្រះណាបរិសុទ្ធ ដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីទ្រង់គ្មានព្រះឯណាទៀត សោះ ក៏គ្មានព្រះឯណាដែលទុកជាថ្មដា ឲ្យដូចព្រះនៃយើងខ្ញុំដែរ។
[អេសាយ 40:25] ដូច្នេះ ព្រះដ៏បរិសុទ្ធទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នានឹងប្រៀប ផ្ទឹមអញដូចជា អ្នកណា ឲ្យអញបានស្មើនឹងគេនោះ។
តើខរគម្ពីរទាំងនេះ ប្រាប់យើងអំពីអ្វី?
ទុកឱ្យសិស្សបញ្ចេញគំនិត។
កត់សម្គាល់ថា "ព្រះអង្គបរិសុទ្ធ" មានន័យថា គ្មាននរណាដូចព្រះអង្គនោះទេ។ គ្មាននរណាអាចប្រៀប ជាមួយទ្រង់ ហើយក៏គ្មាននរណាស្មើរនឹងព្រះអង្គដែរ។
គំនិតសំខាន់ទី២ នៃពាក្យ "បរិសុទ្ធ" គឺវាតែងតែ ល្អឥតខ្ចោះ និងវិសុទ្ធ នៅក្នុងផ្នែកសីលធម៌។ គឺ ល្អ ១០០% និងគ្មានបាប និងការអាក្រក់ទាល់តែសោះ។
[1យ៉ូហាន 1:5] នេះជាដំណឹង ដែលយើងខ្ញុំបានឮពីទ្រង់ ហើយក៏ប្រាប់មកអ្នករាល់គ្នា គឺថា ព្រះទ្រង់ជា ពន្លឺភ្លឺ គ្មានសេចក្តីងងឹតណា នៅក្នុងទ្រង់សោះ។
នៅក្នុងសំណេររបស់យ៉ូហាន សេចក្តីងងឹត តំណាងឱ្យការអាក្រក់។ ពន្លឺគឺជាសញ្ញាតំណាងឱ្យសេចក្ដីពិត និងភាពល្អ។ ដូច្នេះនៅក្នុងខនេះ បានប្រាប់យើងថា ព្រះអង្គជាព្រះល្អឥតខ្ចោះ ហើយគ្មានការអាក្រក់នៅក្នុងព្រះអង្គសោះឡើយ។ យើងទាំងអស់គ្នា សុទ្ធតែជាបណ្ដុំនៃភាពល្អ និងអាក្រក់។ យើងទាំងអស់គ្នា មានការល្អ និង ការអាក្រក់ នៅក្នុងលក្ខណៈរបស់ខ្លួន។ តែព្រះអង្គគឺ ល្អបរិសុទ្ធពេញទាំងស្រុង។ ព្រះអង្គល្អ ១០០% និងអាក្រក់ ០%។
អនុវត្តន៍
ដូច្នេះ នៅពេលដែលព្រះគ្មីពរប្រាប់យើងថា ព្រះអង្គបរិសុទ្ធ នោះមានន័យថា ព្រះអង្គមានភាពពិសេសដាច់ដោយ ឡែក និងល្អឥតខ្ចោះ ខ្ពង់ខ្ពស់ជាងគ្រប់អ្វីទាំងអស់ នៅក្នុងកម្រិតគុណភាព ភាពធំឧត្តម និងសីលធម៌។ តើនេះមានន័យដូចម្ដេចមកកាន់យើង?
អ្វីដែលសំខាន់ជាងគេបង្អស់នោះ គឺវាមានន័យថា យើងគួរតែស្គាល់ថា ព្រះអង្គបរិសុទ្ធ។ បើយើងដឹងថា ព្រះអង្គបរិសុទ្ធ គឺព្រះអង្គជាម្ចាស់គ្រប់គ្រង និងខ្ពង់ខ្ពស់ជាងអ្វីៗគ្រប់ទាំងអស់ នោះជីវិតរបស់យើង នឹងឆ្លុះបញ្ជាំងការនេះ។ យើងមិនគួរចាត់ទុកព្រះអង្គជាអ្វីដែលធម្មតាទេ ដូចយើងធ្វើជាមួយអ្វី ផ្សេងៗនោះ ឡើយ។ ផ្ទុយទៅវិញ យើងគួរតែដឹងថា ព្រះអង្គសាកសមនឹងទទួលអ្វីដែលល្អបំផុតពីយើង មិនថាជាការបម្រើ ការសរសើរតម្កើងនិងការខិតខំប្រឹងប្រែងធ្វើការអស់ពីសមត្ថភាពនោះឡើយ។
តើអ្វីទៅដែលយើងធ្លាប់ឃើញមនុស្សធ្វើ ដើម្បីសម្គាល់ថា ព្រះអង្គបរិសុទ្ធ?
ទុកឱ្យសិស្សបញ្ចេញគំនិតអំពី អ្វីដែលពួកគេធ្លាប់ឃើញ។ បន្ទាប់មកគ្រូប្រាប់អំពី អ្វីដែលខ្លួនដឹង រួមទាំងរបៀបដែលគ្រិស្តបរិស័ទគួរនិយាយ សរសើរ និងបម្រើព្រះ។
ការស្គាល់ថា ព្រះអង្គបរិសុទ្ធ គឺការដឹងអំពី ព្រះអង្គតម្លៃដ៏អស្ចារ្យរបស់ព្រះអង្គ។ សាកគិតថា បើប្ដីទិញនំ ខេកឱ្យប្រពន្ធនៅថ្ងៃខួបកំណើត និងនិពន្ធបទចម្រៀងស្នេហាមួយបទ សម្រាប់គាត់។ តើគាត់ជាប្ដីល្អ អត់? ប្ដីល្អ។
១ សប្ដាហ៍ក្រោយមក ជាថ្ងៃខួបកំណើតរបស់នារីម្នាក់ផ្សេង ដែលគាត់ស្គាល់។ ដូច្នេះ គាត់ទិញនំខេកឱ្យ នាង និងនិពន្ធបទចម្រៀងស្នេហាមួយបទឱ្យដែរ! ហើយនំខេកនោះធំជាង និងបទចម្រៀងនោះមាន អត្ថន័យអន្លង់អន្លោចជាង របស់សម្រាប់ប្រពន្ធគាត់! តើគាត់នៅតែជាប្ដីល្អអត់? អត់។ ហេតុអ្វី?
ព្រោះគាត់មិនបានឱ្យតម្លៃប្រពន្ធគាត់ បានល្អដូចនារីម្នាក់ទៀតនោះទេ។
ការស្គាល់ថា ព្រះអង្គបរិសុទ្ធ មានន័យថា យើងមិនបានឱ្យអ្វីផ្សេងសំខាន់ជាងព្រះអង្គនោះឡើយ។ ផ្ទុយ ទៅវិញ យើងយកព្រះអង្គជាទី ១។ ពេលយើងស្គាល់ជាក់អំពី ព្រះ នោះយើងស្គាល់ថា ព្រះអង្គអស្ចារ្យ មានតម្លៃ និងគួរឱ្យរំភើបសម្រាប់យើង ជាងអ្វីៗទាំងអស់។ បើយើងស្គាល់ការនេះ យើងគួរតែរស់នៅក្នុង របៀបមួយ ដែលបង្ហាញពីវា និងធ្វើឱ្យវាច្បាស់ទៅកាន់អ្នកដទៃដែរថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអង្គ!
ពេលវេលាក្រុមតូច
ពិភាក្សាគ្នា នៅក្នុងក្រុមតូច
-
តើយើងរៀនបានអ្វីពីព្រះ តាមរយៈមេរៀនថ្ងៃនេះ?
-
តើរបៀបណាខ្លះ ដែលយើងអាចស្គាល់ថា ព្រះអង្គបរិសុទ្ធ?
អធិស្ឋានបញ្ចប់